ភ្នំពេញៈ ការបិទ​បញ្ចប់​ស្ទើរ​ទាំងស្រុង​នៃ​វិបត្តិ​ដែល​បណ្តាលមកពី​ជំងឺ​កូ​វីដ​ ១៩ បានធ្វើឱ្យ​ចំនួន​ភ្ញៀវ​បរទេស​ចូលមក​កម្ពុជា​កើន​ជា​លំដាប់ ជាក់ស្តែង​រយៈពេល ៨ ​ខែ​ដើមឆ្នាំ​ ២០២៣ មាន​ភ្ញៀវទេសចរ​បរទេស​ជិត ៥០ ​ម៉ឺន​នាក់​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយ​ដ្ឋា​ន​អង្គរ ដោយ​ថវិកា​ទទួលបាន​ពី​ការលក់​សំបុត្រ​មាន​ជាង ២៣ ​លាន​ដុ​​ល្លារ​។ នេះ​បើតាម​គ្រឹះស្ថាន​អង្គរ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ្រឹះ​ស្ថាន​អង្គរ ដែល ​ភ្នំពេញ ​ប៉ុស្តិ៍​ ទើប​ទទួលបាន​ក្នុង​ថ្ងៃទី​ ៤ ខែកញ្ញា បង្ហាញថា ពី​ខែមករា​-​ខែសីហា​ឆ្នាំ ​២០២៣ ភ្ញៀវ​បរទេស​ដែល​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​សរុប ៤៩៨ ៥១៣ ​នាក់ កើនឡើង ៣៥០,៨៦​ ភាគរយ​ បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២​។ ចំណែក​ថវិកា​បាន​ពី​ការលក់​សំបុត្រ គឺ ២៣,០៩​ លាន​ដុល្លារ កើន ៤១៩,៥៨​ ភាគរយ​។​

​តម្លៃ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ត្រូវបាន​ចែកចេញជា ៣​ ប្រភេទ គឺ​សំបុត្រ​ចូល​ទស្សនា ១​ ថ្ងៃ​មានតម្លៃ ៣៧ ​ដុល្លារ​, រយៈពេល ៣ ថ្ងៃ​តម្លៃ ៦២ ​ដុល្លារ និង ៧​ ថ្ងៃ មានតម្លៃ ៧២ ​ដុល្លារ​។ ដោយឡែក​ក្រៅពី​ចំណូល​បាន​លក់​សំបុត្រ​ឱ្យទៅ​ភ្ញៀវ​បរទេស​ចូល​រម​ណី​យ​ដ្ឋា​ន​អង្គរ គ្រឹះស្ថាន​អង្គរ ក៏​រកបាន ៤៩០ ៩០៧​ ដុល្លារ​ផងដែរ​ពី​ការលក់​សំបុត្រ​ឱ្យ​ភ្ញៀវ​បរទេស​ចូល​ទស្សនា​ប្រា​សាទ​កោះកែរ និង​សំបុត្រ​ទូក​នៅ​កំពង់ផែ​ចុង​ឃ្នៀ​ស​។​

​ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ លោក ខៀវ ធី បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ចំនួន​ភ្ញៀវទេសចរ​បរទេស​ដែល​ធ្វើ​ដំណើរ​មក​កម្សាន្ត​តាម​ប្រាសាទ​នានា​ក្នុង​ខេត្តសៀមរាប​បាន​កើនឡើង​ដោយ​សន្សឹមៗ​តាំង​ពី​ចុងឆ្នាំ​ ២០២២ ដោយ​ភាគ​​ច្រើន​ជា​ភ្ញៀវ​មកពី​ប្រទេស​ជិត​ខាង ឬ​ក្នុង​ទ្វីបអាស៊ី​។

លោក​បន្តថា ទោះ​ការគំរាមកំហែង​ពី​ជំងឺ​កូ​វីដ​ ១៩ ស្ទើរតែ​លែងមាន ប៉ុន្តែ​វិបត្តិ​សេដ្ឋកិច្ច​ដែល​បង្កឡើង​ពី​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន និង​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​រវាង​ប្រទេស​ធំៗ គឺ​បាន​បន្ត​ដាក់​សម្ពាធ​យ៉ាងខ្លាំង​លើ​ផ្នែក​ហិ​​រញ្ញ​វត្ថុ​សម្រាប់​មនុស្ស​ម្នាក់ៗ​។ បញ្ហា​ហិរញ្ញវត្ថុ ធ្វើឱ្យ​វិស័យ​ទេសចរណ៍​នៅ​គ្រប់​ប្រទេស​មិនទាន់​អាចមាន​សម្ទុះ​ល្អ​ដូច​មុន​ឆ្នាំ​ ២០២០ ឡើយ​។​

​លោក​បញ្ជាក់ថា​៖ «​ទោះ​ការ​ធ្វើដំណើរ​ឆ្លង​ប្រទេស​នៅពេល​នេះ​មិន​មានការ​រឹតត្បិត​ដូច​អំ​ឡុង​ឆ្នាំ ​២០២០-២០២២ ប៉ុន្តែ​ហិរញ្ញវត្ថុ​បាន​ក្លាយជា​បញ្ហា​ថ្មី​មួយ​សម្រាប់​ការធ្វើដំណើរ​កម្សាន្ត​រប​ស់​ភ្ញៀវ​»​។​

​ទោះយ៉ាងណា​លោក​អះអាងថា អ្វីៗ​អាច​នឹង​ប្រែប្រួល​នៅ​ត្រី​មាស​ទី៤ ព្រោះ​ជា​រដូវ​កាល​តែងមាន​ភ្ញៀវ​មក​កម្សាន្ត​តាម​ប្រាសាទ​នានា​ច្រើន​។​

​ប្រធាន​សមាគម​មគ្គុទេសក៍​ទេសចរណ៍​ភាសា​ចិន​កម្ពុជា​លោក ធៀ​ម ធឿ​ង បានឱ្យដឹងថា ភ្ញៀវ​ដែល​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប គឺមាន​ដូចជា ថៃ វៀតណាម ចិន និង​អាមេរិក ជា​​ដើម ដោយមាន​ទាំង​តាមផ្លូវ​​អាកាស និង​ផ្លូវគោក​។ ភ្ញៀវ​បរ​ទេស​ត្រូវ​រំពឹងថា​នឹងមាន​កំណើន​ខ្ពស់​ចាប់ពី​ខែក្រោយ​ទៅ ខណៈ​ព្រលានយន្តហោះ​សៀមរាប​ថ្មី គ្រោង​នឹង​បើក​ដំណើរការ​នៅ​ត្រីមាស​ទី ៤ ខាងមុខ​។ លោក​បន្តថា វិស័យ​ទេសចរណ៍ គឺ​បាន​ចូលរួមចំណែក​យ៉ាងច្រើន​ក្នុង​ការជួយ​បង្កើត​ការងារ និង​ប្រាក់ចំណូល​យ៉ាងច្រើន​ដល់​ប្រជាជន​ក្នុង​ខេត្តសៀមរាប​។​

​លោក​លើកឡើងថា​៖ «​ក្នុងនាម​ជា​អ្នក​នៅក្នុង​វិស័យ​ទេស​ចរណ៍ គឺ​យើង​នឹងមិន​ទៅណា​ឆ្ងាយ​ពី​វិស័យ​នេះឡើយ​។ យើង​រំពឹងថា នឹងមាន​ភ្ញៀវទេសចរ​ច្រើន​ធ្វើដំណើរ​ចូលមក​កម្ពុជា ពិសេស​មក​ទស្សនា​តំបន់​ប្រា​សាទ​ក្នុង​ខេត្តសៀមរាប​»​។​

​នៅក្នុង​ឆ្នាំ ​២០២២ គ្រឹះស្ថាន​អង្គរ​រក​ថវិកា​ពី​ការលក់​សំបុត្រ​ឱ្យ​ភ្ញៀវ​បរទេស​បាន ១១, ៧៨​ លាន​ដុល្លារ ក្នុងនោះ​ចំណូល​ពី​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន ១១,៥៣​ លាន​ដុល្លារ​, ចំណូល​ពី​ប្រាសាទ​កោះកែរ ៩០ ៤៥០​ ដុល្លារ និង​ចំណូល​ពី​កំពង់ផែ​ចុង​ឃ្នៀ​ស ចំនួន ១៦៥ ៣០៨ ​ដុល្លារ​។ នេះ​បើ​យោងតាម​គ្រឹះ​ស្ថាន​អង្គរ​៕