ភ្នំពេញៈ ប្រទេស​ឥណ្ឌូនេស៊ី​ នឹង​នាំចូល​អង្ករ ២៥០ ០០០ ​តោន​ ក្នុង ​១​ ឆ្នាំ​ពី​កម្ពុជា ដែលជា​វិធានការ​ដើម្បី​ធានា​សុវត្ថិភាព​ស្បៀងអាហារ​នៅក្នុង​ប្រទេស ខណៈ​ឥណ្ឌូនេស៊ី ក៏បាន​សន្យា​នឹង​គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​សន្តិសុខ​ស្បៀងអាហារ​កម្ពុជា តាមរយៈ​ការផ្គត់ផ្គង់​ជី និង​ផ្តល់​ការបណ្តុះបណ្តាល​ដល់​ប្រជា​កសិករ​ផងដែរ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន ប្រទេស​ឥណ្ឌូនេស៊ី ដែល​បាន​ដកស្រង់​សម្តី​លោក​ប្រ​ធានា​ធិបតី ចូ​កូ វី​ដូ​ដូ កាលពី​ថ្ងៃទី​ ៤ ខែកញ្ញា នៅក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត នៅ​វិមាន Merdeka ក្នុង​ទីក្រុង​ហ្សា​ការ​តា លោក​បាន​សម្តែង​ការដឹងគុណ​ចំពោះ​កម្ពុជា​ដែល​បាន​ស្វាគមន៍​ផែនការ​សហប្រតិបត្តិកា​រល​ទ្ធ​​កម្ម​អង្ករ​។ កិច្ចប្រជុំ​ទ្វេភាគី​នេះ​ធ្វើឡើង​នៅមុន​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៤៣ ដែល​នឹងធ្វើ​ចាប់ពី​ថ្ងៃទី​ ៥-៧ ខែកញ្ញា នៅ​ទីក្រុង​ហ្សា​ការ​តា​។​

​លោក វី​ដូ​ដូ បាន​អបអរសាទរ​ចំពោះ​លោក ហ៊ុន ម៉ា​ណែ​ត ដែល​បាន​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​​ចក្រ​កម្ពុជា ហើយ​លោក​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​គាំ​​ទ្រ​របស់​កម្ពុជា​សម្រាប់​ការធ្វើជា​ប្រធាន​អាស៊ាន​របស់​ឥណ្ឌូ​នេ​ស៊ី​នៅ​ឆ្នាំនេះ​ផងដែរ​។​

​លោក​ប្រធានាធិបតី​ត្រូវបាន​ដកស្រង់​សម្ដី​ដោយ​លើកឡើងថា​៖«​ខ្ញុំ​សូម​កោតសរសើរ​ចំពោះ​ការស្វាគមន៍​របស់​កម្ពុ​ជា​ចំពោះ​បំណង​របស់​ឥណ្ឌូនេស៊ី​ក្នុងការ​នាំចូល​អង្ករ​ពី​កម្ពុជា​ប្រមាណ ២៥ ​ម៉ឺន​តោន ​ក្នុង ​១​ ឆ្នាំ​»​។​

​លោក​ប្រធានាធិបតី​ក៏បាន​បញ្ជាក់ដែរថា ប្រទេស​ឥណ្ឌូនេស៊ី​ បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការគាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​សន្តិសុខ​ស្បៀងអាហារ​របស់​កម្ពុជា តាមរយៈ​ការផ្គត់ផ្គង់​ជី និង​ផ្តល់​ការបណ្តុះបណ្តាល​ដល់​កសិក​រ​។ លោក​បាន​បញ្ជាក់ថា​៖ «​ប្រទេស​ឥណ្ឌូនេស៊ី​ក៏បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​គាំទ្រ​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​សន្តិ​សុខ​ស្បៀងអាហារ​របស់​កម្ពុ​ជាតា​មរយៈ​ការផ្គត់ផ្គង់​ជី និង​ការ​​បណ្តុះបណ្តាល​»​។​

​លោក លន់ យ៉េ​ង អគ្គលេខា​​ធិ​ការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា លោក​មិន​បានទទួល​ព័ត៌មាន​ណាមួយ​អំពី​កិច្ចព្រមព្រៀង​នេះ​ទេ ខណៈ​ដំណើរការ​នៃ​ការនាំ​ចេញ​អង្ករ​ទៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ដែល​តាម​ធម្មតា​ត្រូវបាន​អនុវត្តតាម​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល និង​រដ្ឋាភិបាល​។​

​លោក​ថ្លែងថា​៖ «​នៅពេលនេះ ខ្ញុំ​មិនអាច​ផ្តល់ព័ត៌មាន​លម្អិត​បាន​ទេ ព្រោះ​ខ្ញុំ​មិនទាន់​ឃើញ​កិច្ចព្រមព្រៀង​ដែល​បានធ្វើ​រវាង​ថ្នាក់ដឹកនាំ​ទាំង ​២​។ ជាធម្មតា​ឥណ្ឌូនេស៊ី តែង​អនុវត្តតាម​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល និង​រដ្ឋាភិបាល​។ ដូច្នេះមានតែ​ក្រុមហ៊ុន Green Trade ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ប៉ុណ្ណោះ​ដែល​នឹង​ធ្វើការ​ទៅលើ​កិច្ចព្រមព្រៀង​មួយ​នេះ​»​។​

​កាលពី​ថ្ងៃទី​ ២០ ខែកក្កដា រដ្ឋាភិបាល​ឥណ្ឌា​បានប្រកាសថា នឹង​បញ្ឈប់​ការនាំចេញ​អង្ករ​​ស​ដើម្បី​កាត់បន្ថយ​តម្លៃ​អង្ករ​ក្នុងស្រុក ក៏ដូចជា​ធានា​សន្តិ​សុខ​ស្បៀងអាហារ​របស់ខ្លួន​។​

​រដ្ឋលេខាធិការ​ក្រសួង​ពា​ណិ​​ជ្ជ​កម្ម លោក ប៉ែន សុ​វិជាតិ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ៥ ខែកញ្ញា​ថា ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា និង​ក្រសួង​ពាណិជ្ជ​កម្ម​ឥណ្ឌូនេស៊ី បាន​ឯកភាព​ឱ្យមាន​ការរៀបចំ​ឡើងវិញ MoU ស្តីពី​ការធ្វើ​ពាណិជ្ជកម្ម​អង្ករ​ក្នុង​បរិមាណ​ដល់ ២៥​ ម៉ឺន​តោន​ក្នុង ១​ ឆ្នាំ​សម្រាប់​រយៈពេល​ ៤ ​ឆ្នាំ​។​

​លោក​ថ្លែងថា​៖ «​ភាគី​ឥណ្ឌូ​​នេ​ស៊ី បាន​ឯកភាព​ទិញ​អង្ករ​ពី​កម្ពុជា​នៅក្នុង​បរិមាណ​ ២៥ ​ម៉ឺន​តោន ក្នុងនោះ​អង្ក​រស ១០ ​ម៉ឺន​តោន​ ដោយ​ប្រើប្រាស់​យន្តការ ក្រុមហ៊ុន ប៊ូ​លុក (​ក្រុមហ៊ុន​រដ្ឋ​​ឥណ្ឌូនេស៊ី​)​ និង​ក្រុមហ៊ុនហ្រ្គីន​ត្រេ​ដ ​(​ក្រុមហ៊ុន​រដ្ឋ​នៅ​កម្ពុជា​) និង​បរិមាណ​ដែល​នៅសល់ ជា​ប្រភេទ​អង្ករ​ប្រណីត​ដោយ​អនុ​​វត្ត​រវាង​ក្រុមហ៊ុន ID food និង សមាជិក​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​(CRF)​។ ចំពោះ​តម្លៃ​អង្ករ និង​លក្ខខណ្ឌ​ផ្សេងៗ​ភាគី​ទាំង​ ២ នឹង​បន្ត​ពិភាក្សាគ្នា​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។​

CRF បានឱ្យដឹងថា ចាប់ពី​ខែមករា​-​ខែមិថុនា ឆ្នាំ​ ២០២៣ កម្ពុជា​បាន​នាំចេញ​អង្ករ ៣២៩ ៦៣៣​ តោន ដែលមាន​តម្លៃ ២២៩,២ ​លាន​ដុល្លារ ទៅ ៥២ ​ប្រទេស និង​ដែនដី​តាមរយៈ​ក្រុមហ៊ុននាំចេញ ៥០​។ រហូតមកដល់​ពេលនេះ​ចំនួន​សរុប​សម្រេចបាន ៤៧,០៩​ ភាគរយ​នៃ​ទិសដៅ​កំណត់ ៧០ ​ម៉ឺន​តោន ​សម្រាប់​ឆ្នាំ​ ២០២៣​។​

​ទិន្នន័យ​បានឱ្យដឹង​ទៀតថា​សម្រាប់​តួលេខ​នាំចេញ​នេះ​គឺ​អង្ករ​ក្រអូប​មាន​ចំនួន ៨៥,០៨ ភាគរយ អង្ក​រស​គ្រាប់​វែង​ចំនួន ១១,៣​ ភាគរយ​, អង្ករ​ចំហុយ ២,៤ ​ភាគរយ​, អង្ករ​សរីរាង្គ​មាន​ ១,០២​ ភាគរយ និង​អង្ក​រស​គ្រាប់ខ្លី ០,១៤​ ភាគរយ​៕