​ភ្នំពេញៈ សភាពាណិជ្ជកម្ម​កម្ពុជា បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ជាមួយ​សភាពាណិជ្ជកម្ម​មកពី​ប្រទេស​ហ្វីលីពីន​ដើម្បី​កិច្ច​សហប្រតិបត្តិការ​កសិក​ម្ម និង​ការអភិវឌ្ឍ​សហគ្រាស​មីក្រូ សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ពិធី​ចុះហត្ថលេខា​នេះ​បានធ្វើ​ឡើង​នៅ​រដ្ឋធានី​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី នា​ល្ងាច​ថ្ងៃទី ​៥ ខែកញ្ញា ឆ្នាំ​ ២០២៣​។​

​ពិធី​ចុះហត្ថលេខា​លើ​អនុ​ស្សរណៈ​យោគយល់​នេះ​ក៏មាន​ការចូលរួម​ជា​សក្ខីភាព​ពី​លោក ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក​ ហ្វឺ​ឌី​ណាន ប៊ុង​ប៊ុង រ៉ូ​មូល​ដេ​ស ម៉ា​កូ​ស ជេ​.​អ ​(FERDINAND "BON-GBONG" ROMUALDEZ MARCOS JR.)​ ប្រធានាធិបតី​ហ្វីលីពីន​ផងដែរ​។​

​អនុប្រធាន​សភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង ដែល​កំពុងមាន​វត្តមាន ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន លើក​ទី៤៣ (​កិច្ចប្រជុំពេញអង្គ​)​ នៅ​ទីក្រុង​ហ្សា​ការ​តា សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ៥ ខែកញ្ញា​ថា ក្នុងពេល​អមដំណើរ​នា​យក​រដ្ឋមន្ត្រី​កម្ពុជា​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នេះ​ខាង​វិស័យ​ឯកជន ដែល​តំណាង​ដោយ​សភាពាណិជ្ជកម្ម​កម្ពុ​ជា បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​វិនិយោគ និង​ធុរកិច្ច​អាស៊ាន​មួយ ដែលមាន​ក្រុមហ៊ុន​ចូលរួម​ប្រ​មាណ ២ ០០០ ​ក្រុមហ៊ុន​។​

​កិច្ចប្រជុំ​វិនិយោគ និង​ធុរកិច្ច​អាស៊ាន រៀបចំឡើង​ក្នុង​គោល​បំណង ជំរុញ​ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម រវាង​វិស័យ​ឯកជន និង​វិស័យ​ឯកជន ក្នុង​ការកសាង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ឱ្យ​ឆ្ពោះទៅមុខ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​។

​បើតាម​លោក លឹម ហេង សភាពាណិជ្ជកម្ម ក៏បាន​ចុះ​​ហត្ថលេខា​លើ​អនុស្សរណៈ​​យោគយល់​គ្នា ជាមួយ​វិស័យ​ឯកជន​មកពី​ប្រទេស​ហ្វីលីពីន ដើម្បី​កិច្ចសហប្រតិបត្តិការ​ក​សិ​កម្ម និង​ការអភិវឌ្ឍ​សហ​គ្រាស​មីក្រូ សហគ្រាស​ធុន​តូច និង​មធ្យម​។​

​លោក​បន្តថា​៖ «​គោលបំណង​សំខាន់​នៃ MoU នេះ គឺ​ដើម្បី​ជំរុញ​កំណើន​វិនិយោគ និង​ធុរកិច្ច នៃ​ប្រទេស​ទាំង​ ២ ពិសេស​លើ​វិស័យ​កសិកម្ម និង​សហគ្រាស​មីក្រូ សហគ្រាស​ធុន​តូច និង​មធ្យម ក្នុងឋានៈ​ដែល​យើង​ជា​ប្រទេស​នៅក្នុង​សហគមន៍​សេដ្ឋ​​កិច្ច​អាស៊ាន​ជាមួយគ្នា​។ ម្យ៉ាង​ការចុះ MoU​នេះ​មិនមែន​ផ្តល់​ប្រយោជន៍​ចំពោះតែ​ប្រទេស​ទាំង​ ២ វា​ក៏​ជា​ការតភ្ជាប់​ទំនាក់ទំនង​គ្នា​រវាង​វិស័យ​ឯកជន​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ផងដែរ​»​។​

​លោក​ ហ៊ុន ម៉ា​ណែ​ត នៅក្នុង​កិច្ចប្រជុំ​កំពូល​ធុរកិច្ច និង​វិ​និ​យោគ​អាស៊ាន ឆ្នាំ ​២០២៣ កាល​ពីថ្ងៃ​ទី​ ៤ ខែកញ្ញា នៅ​ទីក្រុង​ហ្សា​ការ​តា ក៏បាន​ថ្លែង​ដែរ​ថា ក្នុងនាម​ជា​សេដ្ឋកិច្ច​លំដាប់​ទី៥ ​ក្នុង​សកល​, អាស៊ាន​ចាំបាច់​ត្រូវមាន​កិច្ចសហប្រតិបត្តិការ​ស្អិតល្មួត​,​ប្រកាន់ខ្ជាប់​គោល​ការណ៍​ឯកភាព និង​ម​ជ្ឈ​ភាព​អាស៊ាន និង​ត្រូវ​ពង្រឹង​ឱ្យ​កាន់​តែ​ស៊ីជម្រៅ​នូវ​សមាហរណកម្ម​សេដ្ឋកិច្ច​នៅក្នុង​តំបន់​។

លោក​ថា​៖ «​ការជំរុញ​ពាណិជ្ជកម្ម​ទៅ​​វិញ​ទៅមក​ជាពិសេស នៅក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចព្រមព្រៀង​ពា​ណិ​ជ្ជ​កម្ម​ផ្សេងៗ​ដូចជា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន (AFTA) និង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់ (​អា​សិប​-RCEP) ព្រមទាំង​ការផ្សារភ្ជាប់​នៃ​ខ្សែចង្វាក់​ផលិតកម្ម​ក្នុង​តំបន់​»​។​

​លោក ហ៊ុន ម៉ា​ណែ​ត បន្តថា យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់​កាល​ទី​១ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ បាន​យកចិត្ត​ទុក​ដាក់​លើ​ការអភិវឌ្ឍ​វិស័យ​ឯកជន​ជាពិសេស​តាមរយៈ​ការផ្តល់​ការ​លើកទឹកចិត្ត និង​ការ​គាំពារ ក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់​ស្តីពី​វិនិយោគ​, ច្បាប់​ស្តីពី​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី​ជាច្រើន ដែល​កម្ពុជា​កំពុងមាន​៕