ភ្នំពេញ: លោកស្រី Kristalina Georgieva នាយក​គ្រប់គ្រង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ជំរុញ​ឱ្យ​មេដឹកនាំ​អាស៊ាន​វិនិយោគ​លើ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ក៏ដូចជា​ការវិនិយោគ​លើ​កំណែទម្រង់​ជំរុញ​កំណើន​ដ៏​រឹងមាំ ដើម្បី​ការ​ស្ទុះ​ងើបឡើង​វិញ​យ៉ាងពេញលេញ និង​បន្ត​នៅលើ​ផ្លូវ​កំណើន​ដូច​មុន​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩​ ឆ្ពោះទៅរក​ភាពរីកចម្រើន ចំពេល​មានការ​ធ្លាក់ចុះ​ចក្ខុវិស័យ​សកល​។​

​ថ្លែង​នៅ​ក្នុងកិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៣ នៅ​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី នា​ថ្ងៃទី​ ៥ ខែកញ្ញា លោកស្រី Kristalina ​ បានឱ្យដឹងថា សេដ្ឋកិច្ច​ពិភព​លោក​បាន​បង្ហាញ​ពី​ភាព​ធន់​វិបត្ដិ​អវិជ្ជមាន​ជា​បន្តបន្ទាប់​ដូចជា ការរីក​រាលដាល​ជំងឺ សង្គ្រាម ព្រឹត្តិការណ៍​អាកាស​ធាតុ និង​វិបត្តិ​តម្លៃ​នៃ​ការរស់នៅ ហើយ​ការ​ស្ទុះ​ងើប ឡើង​វិញ​ពី​វិបត្តិ​ទាំងនេះ​នៅតែ​បន្ត​។ ប៉ុន្តែ​វា​មាន​ល្បឿន​យឺត​និង​មិន​ស្មើគ្នា​នោះទេ​។​ ទិន្នផល​សកល​រាប់ពាន់​ពាន់​លាន​ដុល្លារ​ត្រូវបាន​បាត់បង់​ បើ​ធៀប​នឹង​និន្នាការ​មុន​ការរីករាលដាល​ជំងឺ​ជាស​កល​។​

​លោកស្រី​បន្តថា ប្រទេស​សំខាន់ៗ​មួយចំនួន​មានតែ​អាមេរិក​ប៉ុណ្ណោះ​ដែល​បាន​ស្ទុះ​ងើបឡើង​វិញ​យ៉ាង​ពេញលេញ​។ តំបន់​អឺរ៉ូ​នៅតែមានកំណើន​ប្រហែល ២ ភាគរយ ខណៈពេល​​ប្រទេស​ចិន និង​បណ្តា​ប្រទេស​ដែលមាន​ទីផ្សារ​កំពុង​រីក​ចម្រើន​ផ្សេងទៀត និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​មាន​ប្រហែល ៥ ភាគ​រយ​​ទាប​ជាង​ការរំពឹងទុក និង​បណ្ដា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប​បាន​ជួប​ការលំបាក​កាន់តែខ្លាំង​។​

​ទន្ទឹមនឹងនេះ អាស៊ាន​នៅតែ​មាន​ភាព​ធន់​នឹង​កត្តា​ខាងក្រៅ ខណៈដែល IMF បាន​ព្យាករ​ថា តំបន់​នេះ​មាន​កំណើន​ប្រហែល ៤,៥ ភាគរយ​នៅ​ឆ្នាំនេះ និង​ឆ្នាំ​ក្រោយ​។​ បណ្តា​ប្រទេស​អាស៊ាន​កំពុង​រួមចំណែក ១០ ភាគរយ​ដល់​កំណើន​សេដ្ឋកិច្ច​ពិភពលោក ដែល​ច្រើនជាង​ ២ ដង​ក្នុង​សេដ្ឋកិច្ចពិភពលោក​។ ​

លោកស្រី​បានលើកឡើងថា​៖ «​អាស៊ាន​ត្រូវការ​កំណើន​កាន់តែ​រឹងមាំ​ជាង​មុន ដើម្បី​ការ​ស្ទុះងើបឡើង​វិញ​យ៉ាង​ពេញលេញ និង​បន្ត​នៅលើ​ផ្លូ​វដូច​​មុន​ការរីក​រាលដាល​ជំងឺ ឆ្ពោះទៅរក​ការរីកចម្រើន​។ នេះ​មិនមែនជា​កិច្ចការ​ងាយស្រួល​នោះទេ​។ ប្រសិនបើ​ពិភពលោក​ត្រូវ​បំបែក​ទៅជា​ប្លុក​សេដ្ឋកិច្ច​គ្នា ការណ៍​នេះ​នឹងមាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​ល្បឿន​សេដ្ឋកិច្ច ដូច​អាស៊ាន​។ ដូច្នេះ​វា​ចាំបាច់​ណាស់​ដែល​យើង​ធ្វើការ​រួមគ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​គំរាមកំហែង​នេះ​»​។​

​លោកស្រី​បាន​ផ្តល់​អនុ​សស​ន៍​​ថា​ អ្នកបង្កើត​គោល​នយោបាយ​គួរតែ​ផ្តោតលើ​អាទិភាព​សំខាន់​ ២ ទី១ ​វិនិយោគ​លើ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ «​ដែល​នេះ​មានន័យថា​ ការ​ជំរុញ​ទប់​ទល់នឹង​កម្លាំង​នៃ​ការ​បែងចែក​។ អាស៊ាន​អាចជា​ឧទាហរណ៍​មួយ និង​ជាការ​តស៊ូ​មតិ​មួយ សម្រាប់​ផលប្រយោជន៍​នៃ​កិច្ចសហប្រតិបត្តិការ​ ​ហើយ​អ្នក​អាច​ពឹង​ផ្អែកលើ IMF ជា​ដៃគូ​របស់​អ្នក​ក្នុង​ការគាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនេះ​ជា​មួយនឹង​សមាជិក​រប​ស់​យើង​»​។​

ទី​២ វិនិយោគ​លើ​កំណែទម្រង់​កំណើន​។ នៅក្នុង​បរិយាកាស​ដែលមាន​ចក្ខុវិស័យ​កំណើន​​មធ្យម​ខ្សោយ កំណែទម្រង់​ក្នុងស្រុក​មាន​សារៈសំខាន់​ណាស់​ ​មានន័យថា វិនិយោគ​លើ​វិស័យ​សុខាភិបាល វិស័យ​អប់រំ និង​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ដូច្នេះ​មាន​សារៈសំខាន់​ណាស់​ក្នុងការ​ធានាថា​ បច្ចេក​​វិទ្យា​ថ្មី​ដំណើរការ​សម្រាប់​ប្រជា​ជន​របស់​អ្នក។ ​

ការអនុវត្ត​គោល​នយោបាយ​សេដ្ឋកិច្ច​ត្រឹមត្រូវ ដើម្បី​បង្កើត​ការ​ទប់ទល់នឹង​វិបត្តិ និង​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថ និង​ធ្វើឱ្យមាន​វឌ្ឍ​ន​ភាព​បន្ថែមទៀត​លើ​អា​កា​ស​ធាតុ និង​ការផ្លាស់ប្តូរ​ថាមពល រួមទាំង​តាមរយៈ​ការជំរុញ​ហិរញ្ញវត្ថុ​បៃតង និង​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន ដើម្បី​អនុវត្ត​ការងារ​របស់ខ្លួន​។ នេះ​បើ​យោងតាម លោកស្រី ​Kristalina​។​

​លោក ហ៊ុន ម៉ា​ណែ​ត នាយក រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា ក្នុង​កិច្ចប្រជុំ​កំពូល​ធុរកិច្ច និង​ការវិនិយោគ​អាស៊ានឆ្នាំ ២០២៣ នៅ​ទីក្រុង​ហ្សា​ការ​តា កាលពីថ្ងៃទី ៤ ខែកញ្ញាបាន​ថ្លែងថា ក្នុង​បរិបទ​តំបន់ និង​ពិភពលោក​បច្ចុប្បន្ន ដើម្បី​សម្រេចបាន​នូវ​វិបុលភាព​រួម​ជាការ​ចាំបាច់​ដែល​ការពង្រឹង និង​ការធ្វើឱ្យ​ស៊ីជម្រៅ​នៃការធ្វើ​សមាហ​រណកម្ម​សេដ្ឋកិច្ច​អាស៊ាន រួមចំណែក​បន្ថែមទៀត​ដល់​ការ​ភ្ជិត​គម្លាត​នៃ​ការ​អភិវឌ្ឍនៅក្នុង​អាស៊ាន​ខ្លួនឯង​។​

​លោក​បន្តថា​៖ «​ដើម្បី​សម្រេច បាន​នូវ​ចក្ខុ​វិស័យនេះ អាស៊ាន​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​រួមគ្នា ដើម្បី​ធានាបាន​នូវ​ការបញ្ចប់​ទាន់ពេលវេលា​នៃ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទំនិញ​អាស៊ាន​ដែល​កាន់តែ​ប្រសើរ សម្លឹង​ឆ្ពោះទៅ​មុខបន្ថែមទៀត​»​។​

​លោក​ថា ​អាស៊ាន​គួរតែ​ប្រើប្រាស់​​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​​​ក្នុង​តំបន់ឲ្យបាន​យ៉ាង​ពេញលេញ និង​​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​ដែលមាន​ស្រាប់ និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​ដៃគូ​សន្ទនា​អាស៊ាន​ទាំងអស់​​។​

​ជាមួយគ្នានេះដែរ លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ចង្អុល​បង្ហាញថា អាស៊ាន​គួរតែ​ទាញយក​អត្ថប្រយោជន៍​ពេញលេញ​ពី​ការផ្លាស់ប្តូរ​និម្មាបនកម្ម​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​មាន​ភាពធន់ តាមរយៈ​កា​រព​ន្លឿ​ន​បរិវត្តកម្ម​ឌីជីថល​អាស៊ាន​ប្រកបដោយ​បរិ​យា​ប័ន្ន លើក​កម្ពស់​ការចូលរួម​របស់ MSMEs នៅក្នុង​ខ្សែចង្វាក់​ផ្គត់​ផ្គង់​ក្នុង​តំបន់ និង​ពិភព​លោក​។​

​រដ្ឋាភិបាល​កម្ពុជា​បាន​ព្យាករ​ជា​មូលដ្ឋាន​របស់ខ្លួន​សម្រាប់​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​នៅ​ឆ្នាំនេះ​ក្នុង​កម្រិត ៥,៦ ភាគរយ៕