​ភ្នំពេញៈ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ចិន ត្រូវ​រំពឹងថា​នឹង​កើន​ឡើង​បន្ថែមទៀត ខណៈ​ទីប្រឹក្សា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​អម​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​សន្យា​នឹង​ខិតខំ​ណែ​នាំឱ្យ​វិនិយោគិន​របស់ខ្លួន​មក​បណ្តាក់ទុន​នៅ​កម្ពុជា​ថែមទៀត​។​

​ការសន្យា​នេះ​ត្រូវបាន​លោក​ស្រី ចុង ជី លើកឡើង​ក្នុងជំនួប​ជាមួយនឹង​លោក ជា វុទ្ធី អគ្គ​លេខាធិការ​គណៈកម្មាធិកា​រវិ​និ​យោគ​កម្ពុជា នៅ​ទីស្តីការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC)​ កាលពី​ថ្ងៃទី​ ៦ ខែកញ្ញា​។​

​ជា​កិច្ច​ចាប់ផ្តើម​លោកស្រី ចុង ជី បាន​សាទរ និង​កោតសរសើរ​ចំពោះ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ពេលកន្លងមក និង​សន្យា​ជួយ​គាំទ្រ​កំណើនសេដ្ឋកិច្ច​កម្ពុ​ជាតា​មរយៈ​ការធ្វើការ​ឱ្យបាន​ស្អិតល្មួត​ជាមួយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សំដៅ​ទាក់ទាញ​វិនិយោគិន​ចិន​បន្ថែមទៀត​ឱ្យមក​បណ្តាក់ទុន​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា​។​

​លោកស្រី​ថ្លែងថា​៖ «​ខ្ញុំ​សូម​សម្តែង​ការគាំទ្រ​ចំពោះ​ការប្រឹងប្រែង​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហើយ​សន្យា​នឹង​ខិតខំ​ណែនាំ​វិនិយោគិន​ចិន​ធ្វើការ​ឱ្យបាន​ស្អិតល្មួត​ជាមួយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សំដៅ​បណ្តាក់ទុន​វិ​និ​យោគ​បន្ថែមទៀត​លើ​គ្រប់​វិស័យ​ដើម្បី​សម្រេចបាន​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»​។​

លោក ជា វិ​ទ្ធី សង្ឃឹមថា កិច្ច​សហ​ប្រតិបត្តិ​ការវិនិយោគ​កម្ពុជា​-​ចិន នឹង​សម្រេចបាន​ផ្លែផ្កា​ល្អ​ថែមទៀត ខណៈ​កន្លងមក​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ក្រសួងពាណិជ្ជកម្ម​ចិន ក៏មាន​អនុ​ស្សរណៈ​នៃ​ការយោគយល់​គ្នា​លើ​ការបង្កើត​យន្តការ​ពង្រឹង​កិច្ច​សហ​ប្រតិ​​ប​ត្តិ​ការវិនិយោគ និង​សេដ្ឋកិច្ច​។​

​យោងតាម CDC នៅពេល​ខាងមុខ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​អាជ្ញា​ធរ​ចិន ក៏​គ្រោង​នឹង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ចំនួន ៦ បន្ថែមទៀត ដើម្បី​បង្កើន​កិច្ច​សហ​ប្រតិប​ត្តិ​ការវិនិយោគ​គ្រប់​ជ្រុងជ្រោយ​ដែលមាន​វិសាលភាព​គ្របដណ្តប់​លើ​ការជំរុញ​វិនិយោគ​នៅក្នុង​វិស័យ​ឌីជីថល​, ឧស្សាហូបនីយកម្ម​ប្រភេទ​ថ្មី​, ការ​អភិ​វ​ឌ្ឍ​បៃតង និង​ការកសាង​របៀង​អភិ​​វឌ្ឍន៍​ឧស្សាហកម្ម​។ កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ​គឺ​ដើម្បី​រៀបចំ​ថ្នាល​ផ្តល់​កិច្ច​សម្រួល​វិនិយោគ​ប្រកបដោយ​ប្រសិទ្ធ​ភាព និង​ប្រសិទ្ធ​ផល​ដល់​វិនិយោគិន ជាពិសេស​វិនិយោគិន​ចិន​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា បើទោះបី​ស្ថានភាព​សេដ្ឋកិច្ច​សកល​ពេលនេះ​មិនសូវ​ល្អ ប៉ុន្តែ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ការទូត និង​ពា​ណិ​ជ្ជ​កម្ម​កម្ពុជា​-​ចិន គឺ​នៅតែ​ដំណើរ​ការល្អ ពិសេស​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ចិន​បាន​កើន​ឡើងជា​បន្តបន្ទាប់​។ ទោះយ៉ាងណា​ដោយសារ​ចំនួន​ប្រាក់​នៃ​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​នៅ​ទាប​ជាង​ច្រើន​ធៀប​ការនាំ​ចូល​របស់​ចិន ដូច្នេះ​កម្ពុជា​ត្រូវតែ​ខិតខំ​ធ្វើ​ពិពិធ​កម្ម​ទំនិញ​របស់ខ្លួន​ឱ្យមាន​លក្ខណៈ​ចម្រុះ និង​គុណ​ភាពល្អ​បន្ថែមទៀត​ដើម្បី​អាចឆ្លើយតប​បាន​ទៅនឹង​គ្រប់​តម្រូវការ​។​

​លោក​អះអាងថា​៖ «​ការទាក់ទាញ​វិនិយោគិន​ចិន​ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​នឹង​ផ្តល់​ផល​ល្អ​ច្រើន​សម្រាប់​សេដ្ឋកិច្ច ព្រោះ​ក្រៅពី​បង្កើត​ការងារ និង​កាត់បន្ថយ​ការនាំ​ចូល វា​ក៏​នឹង​ជួយ​ធ្វើឱ្យ​វត្តមាន​ទំនិញ​កម្ពុ​ជាមាន​កាន់តែ​ច្រើន​នៅលើ​ទីផ្សារ​អន្តរជាតិ រួមទាំង​ប្រទេស​ចិន​ផងដែរ​»​។​

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​លោក វ៉ាង យី អំឡុងពេល​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា កាលពី​ថ្ងៃទី​ ១២-១៣ ខែសីហា បាន​និយាយថា កិច្ច​សហ​ប្រតិ​ប​ត្តិ​ការល្អ​រវាង​ចិន​-​កម្ពុជា នឹង​ផ្តល់​ផល​វិជ្ជមាន​កាន់តែច្រើន​ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជា តាមរយៈ​ការប្រើប្រាស់​យន្តការ​សម្របសម្រួល កិច្ចសន្ទនា​ទ្វេភាគី និង​ការផ្លាស់ប្ដូរ​ទស្សនកិច្ច​សិក្សា ដែល​ឆ្លើយតប​យ៉ាង​វិជ្ជមាន​ទៅនឹង​ក្របខ័ណ្ឌ​នៃ​ការអនុវត្ត​គំនិត​ផ្តួច​​ផ្តើម​«​ខ្សែក្រវាត់​និង​ផ្លូវ​»​។​

​ស្ថិតិ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE) ឱ្យដឹងថា ចាប់ពី​ខែមករា ដល់​ខែកក្កដា ឆ្នាំ​ ២០២៣ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ចិន មានទឹក​ប្រាក់​សរុប ៧ ០៩៣,៥៩​ លាន​ដុល្លារ កើនឡើង ១,៨​ ភាគរយ​បើ​ធៀប​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ដោយ​ទំនិញ​កម្ពុជា​នាំទៅ​ប្រទេស​ចិន ៨១៤,៧៤​លាន​ដុល្លារ កើន ១៦,២ ​ភាគរយ និង​ទំនិញ​ចិន​នាំមក​កម្ពុជា ៦ ២៧៨,៨៥ ​លាន​ដុល្លារ កើន ០,១​ ភាគរយ​។​

​ផ្អែកលើ​តារាង​ស្ថិតិ​ខាងលើ​គឺ​ជញ្ជីងពាណិជ្ជកម្ម​របស់​កម្ពុ​ជាមាន​ឱនភាព ៥ ៤៦៤,១១ ​លាន​ដុល្លារ ខណៈ​រយៈ​​ពេល​ដូចគ្នា​ឆ្នាំ ​២០២២ មាន​ចំនួន ៥ ៥៦៩,០៩ លាន​ដុល្លារ​។ ប្រទេស​ចិន គឺជា​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​ធំជាងគេ​របស់​កម្ពុជា ដោយមាន​ចំណែក ២៥,៦១ ​ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា រយៈពេល ៧ ​ខែ ឆ្នាំ​ ២០២៣ ដែលមាន​ចំនួន ២៧ ៧០០,៣៦​ លាន​ដុល្លារ​៕