​ភ្នំពេញៈ កម្ពុជា និង​ចិន​កំពុង​ពិភាក្សាគ្នា​លើ​គម្រោង​បង្កើត​មណ្ឌល ឬ​វិទ្យាស្ថាន​បណ្តុះ​បណ្តាល​បច្ចេកទេស​ពាណិជ្ជ​កម្ម E-commerce នៅ​កម្ពុជា ខណៈ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​កំពុងមាន​សម្ទុះ​កើនឡើង​ខ្លាំង​នៅ​គ្រប់​ប្រទេស​លើ​ពិភពលោក​។​

​យោងតាម​ក្រសួង​ពាណិជ្ជ​កម្ម ការពិភាក្សា​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ជំនួប​ទ្វេភាគី​រវាង​លោក អ៊ុក ប្រជា រដ្ឋលេខា​ធិ​​ការ​ក្រសួងពាណិជ្ជកម្ម ជាមួយ​លោក Zhang Hailong ប្រ​ធាន​សភាពាណិជ្ជកម្ម​នៃ​ក្រុង​ថៃ​ចូ​វ ​(​ប្រទេស​ចិន​) ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​ ៨ ខែកញ្ញា ឆ្នាំ​ ២០២៣ ដែលមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ពាណិជ្ជ​កម្ម និង​លោក Lu Chunyang ប្រធាន​គណៈកម្មាធិការ​ជាតិ បណ្តុះបណ្តាល ការអប់រំ វិជ្ជា​ជីវៈ​នៃ​ក្រសួង​អប់រំ​ចិន អម​ដំ​ណើ​រ​ដោយ​លោក លោកស្រី​ជា​តំណាង​ប្រធាន​ក្រុមហ៊ុន​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជាច្រើនរូប​។​

​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ​(E-commerce) ត្រូវបាន​គេ​ដឹងថា​កំពុងមាន​ការវិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នៅ​ពាសពេញ​ពិភពលោក រួមទាំង​ប្រទេស​កម្ពុជា​ដែរ​នាពេលនេះ​។​

​ប្រធាន​សមាគម​បច្ចេកវិទ្យា​ឌីជីថល​នៃ​កម្ពុជា លោក ឈិន កេ​ន បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា E-commerce ត្រូវបាន​គេ​ប្រើ​​ប្រាស់​កាន់តែ​ទូលំទូលាយ​ទូ​ទាំង​ពិភពលោក​នាពេលនេះ​។ E-commerce បាន​ក្លាយជា​ផ្នែក​មិនអាច​ខ្វះ​បាន​សម្រាប់​ការធ្វើទំនាក់ទំនង និង​ការចរចា​ទិញ​-​លក់ទំនិញ​ដ៏​ពេញនិយម​នាពេលនេះ​។

លោក​បាន​បន្តថា ទោះយ៉ាងណា​ដោយសារ​ការវិវឌ្ឍ​ដ៏​លឿន​នៃ​បច្ចេកវិទ្យា ស្របពេល​សមត្ថភាព​ប្រើប្រាស់ និង​ចំណេះដឹង​របស់​ប្រជាជន​កម្ពុជា​នៅមានកម្រិត​នោះ គឺ​ត្រូវ​តែ​ទាមទារ​ឱ្យមាន​ការបណ្តុះ​បណ្តាលឱ្យ​កាន់តែ​ធំ​ទូលាយ​បន្ថែមទៀត ដើម្បី​អនុញ្ញាតឱ្យ​ធនធានមនុស្ស​កម្ពុជា​អាច​ដើរ​ទាន់​ប្រទេស​នានា​។​

​លោក​ថ្លែងថា​៖ «​កូន​ខ្មែរ​ទាំង​អស់ ត្រូវតែ​ព្យាយាម​អភិវឌ្ឍ​ខ្លួន​លើ​ជំនាញ​បច្ចេកវិទ្យា​ឱ្យបាន​កាន់តែ​ប្រសើរ​បន្ថែមទៀត ដើម្បី​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង ក្នុង​តំប​ន់ និង​ពិភពលោក​ទាំងមូល​»​។​

​លោក​លើកឡើង​ទៀតថា បើសិន​កម្ពុជា​មិន​ខិតខំ​ពង្រឹង និង​ពង្រីក​សមត្ថភាព​នៅក្នុង​ការធ្វើ​ពាណិជ្ជកម្ម​តាម E-commerce នោះ គឺ​ប្រាកដជា​ដើរ​យឺត​ជាងគេ​។​

​អតីតរដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​​កម្ម លោក ប៉ាន សូរ​ស័ក្តិ កាល​ពី​ខែមិថុនា ឆ្នាំ​ ២០២៣ បានឱ្យដឹងថា វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក គឺជា​និ​ន្នា​ការ​ពាណិជ្ជកម្ម​ថ្មី​ដ៏​មាន​សក្តា​នុ​ពល​សម្រាប់​ពិភពលោក​នៅក្នុង​យុគសម័យ​សេដ្ឋកិច្ច​ឌីជីថល ឬ​បដិវត្តន៍​ឧស្សាហកម្ម ៤.០​។​

​លោក​បាន​ថ្លែងថា​៖«​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​​ត្រូ​និក គឺជា​និន្នាការ​ពាណិជ្ជកម្ម​ថ្មី​ដ៏​មាន​សក្តានុពល​សម្រាប់​ពិភពលោក​ទាំងមូល​នៅក្នុង​យុគសម័យ​សេដ្ឋកិច្ច​ឌីជីថល ឬ​បដិវត្តន៍​ឧស្សាហកម្ម ៤.០​។ នាពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប្រតិបត្តិការ​អាជីវក​ម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដូចជា​ការ​ទិញ​-​លក់ទំនិញ និង​សេវាកម្ម នៅក្នុង​ប្រទេស​កម្ពុជា​កំពុងមាន​សម្ទុះ​កើនឡើង​ខ្លាំង​គួរឱ្យ​កត់​​សម្គាល់​»​។​

​ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​កម្ពុជា ត្រូវបាន​ព្រះមហាក្សត្រ​កម្ពុជា​ឡាយ​​ព្រះហស្ត​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី ​២ ខែវិច្ឆិកា ឆ្នាំ ២០១៩ ដោយ​ច្បាប់​នេះ​មាន ១២​ ជំពូក ស្មើនឹង ៦៧​ មាត្រា​។​

​របាយការណ៍​ពី​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ ​(GDT) បានឱ្យដឹងថា ប្រាក់ចំណូល​ពន្ធ​លើ​តម្លៃបន្ថែម​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក នៅក្នុង​ត្រីមាស​ទី ១ ឆ្នាំ ​២០២៣ មាន​ប្រមាណ ២០,៩១ លាន​ដុល្លារ ខណៈ​ប្រាក់ចំណូល​នេះ​បានរួម​​ចំណែក​ដល់​ការបង្កើត​ប្រាក់​ចំ​ណូ​ល​ពន្ធ​របស់​រាជរដ្ឋាភិបាល​ពី​អាជីវកម្ម​បច្ចេកវិទ្យា ដែលជា​ប្រភព​ចំណូល​ថ្មី​៕