ភ្នំពេញៈ ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អាមេរិក​នៅក្នុងរ​យៈ​ពេល ៨ ​ខែ​ដើមឆ្នាំ​ ២០២៣ មានតម្លៃ​ជាង ៦,១ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ​តិចតួច​បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២ ខណៈ​ពាណិជ្ជកម្ម​សរុប​រវាង​ប្រទេស​ទាំង ២ មាន​ជិត ៦,៣​ ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

GDCE បានឱ្យដឹងថា ចន្លោះ​ពី​ខែមករា​-​សីហា ឆ្នាំ​ ២០២៣ ការនាំចេញ​-​នាំចូល​ ទំនិញ​រវាង​កម្ពុជា​-​អាមេរិក មាន​ទឹកប្រាក់​សរុប ៦,២៧​ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៥,៦​ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២ ដែលមាន ៦,៦៤​ ពាន់​លាន​ដុ​ល្លារ​។ ក្នុង​ចំនួន​ខាងលើ គឺ​ការ​នាំចេញ​របស់​កម្ពុ​ជាមាន​ចំនួន ៦,១១​ ពាន់​លាន​ដុល្លារ ថយចុះ ៤,៨ ភាគរយ និង​ទំនិញ​អា​មេ​រិ​ក​នាំមក​កម្ពុជា ១៦០,៤៤ ​លាន​ដុល្លារ ធ្លាក់ចុះ ២៨,៤​ ភាគរយ​។​

​សម្រាប់​រយៈពេល​ខាងលើ គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា​មាន​ឧត្តមភាព ៥,៩៥​ ពាន់​លាន​ដុល្លារ​។​ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​អាមេរិក ស្ថិតនៅ​លេខ​រៀង​ទី​ ២ បន្ទាប់​ពី​ប្រទេស​ចិន ដែលមាន ៨,០៩​ ពាន់​លាន​ដុល្លារ​។​

​ដោយឡែក​ក្នុង​ខែសីហា ឆ្នាំ ​២០២៣ ការផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង​ ២ គឺមាន​ទឹកប្រាក់​សរុប ៩៥២,៦៨​ លាន​ដុល្លារ កើនឡើង ២៦,៥៦ ភាគរយ​ ធៀប​ខែសីហា ឆ្នាំ​ ២០២២ ដែលមាន​ ៧៥២,៧២ លាន​ដុល្លារ ក្នុងនោះ​ទំនិញ​កម្ពុជា​នាំទៅ​អាមេរិក ៩៣៣,៧៩​ លាន​ដុល្លារ កើន ២៨,៨ ​ភាគរយ និង​ទំនិញ​អាមេរិក​នាំមក​កម្ពុជា ១៨,៨៩ ​លាន​ដុល្លារ ធ្លាក់ចុះ ៣១,៣ ​ភាគរយ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១២ ខែកញ្ញា​ថា ទោះបី​ការនាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​អាមេរិក​មិនទាន់មាន​សកម្មភាព​ខ្លាំង​ដូច​អំឡុង​ដើមឆ្នាំ ​២០២២ ប៉ុន្តែ​ភាព​វិជ្ជមាន​ពី​ការនាំចេញ​ទំនិញ​កម្ពុជា​ទៅ​អន្តរជាតិ រួមទាំង​ទីផ្សារ​អាមេរិក​បានចាប់ផ្តើម​បង្ហាញ​សញ្ញា​វិ​ជ្ជ​មាន​ឡើងវិញ​ខ្លះៗ​ហើយ​។ និន្នាការ​ការ​នាំចេញ​របស់​កម្ពុជា​ត្រូវបាន​រំពឹងថា​នឹង​បង្ហាញ​សញ្ញា​វិជ្ជមាន​ទៅកាន់​គោលដៅ​នាំចេញ​កាន់តែច្រើន​ថែមទៀត​។

លោក​បន្តថា កំណើន​ក្រុមហ៊ុន​ដែល​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC)​ បានអនុម័ត​ក៏​នឹង​ជួយ​លើកកម្ពស់​សមត្ថភាព​នាំចេញ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អាមេរិក​បាន​កាន់តែច្រើន​ថែមទៀត​»​។​

​លោក​ថ្លែងថា​៖ «​ភាព​ធូរស្រាល​នៃ​វិបត្តិ​សកល ព្រមទាំង​ការ​កម្រើក​ឡើងវិញ​នៃ​វិស័យសេដ្ឋកិច្ច និង​ទេសចរណ៍ នឹង​ជួយ​ធ្វើឱ្យ​បរិមាណ​នៃ​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​អាមេរិក បន្ត​ងើប​ឡើងវិញ​ជា​បន្តបន្ទាប់​»​។​

​បើតាម​លោក លឹម ហេង ការធ្លាក់ចុះ​ទឹកប្រាក់​នាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អាមេរិក និង​ទីផ្សារ​ប្រទេស​មួយចំនួនទៀត​ដែល​កើតមាន​ចាប់តាំងពី​ឆមាស​ទី​២ ឆ្នាំ​ ២០២២ រហូតមកដល់​ពេលនេះ គឺ​បណ្តាលមកពី​មូលហេតុ​មួយចំនួន​ដូចជា វិបត្តិ​នៃ​ភាពយឺតយ៉ាវ​នៃ​កំណើនសេដ្ឋកិច្ច​ពិភពលោក ផលិតផល​នៅសល់​ស្តុក​ច្រើន ​(​បញ្ជា​ទិញ​កាលពីដើមឆ្នាំ ​២០២២) និង​វិបត្តិ​សង្គ្រាម​រវាង​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន ជាដើម​។​

​ភាគច្រើន​នៃ​ទំនិញ​ដែល​កម្ពុជា​នាំទៅ​ទីផ្សារ​អាមេរិក គឺ​សម្លៀកបំពាក់ ស្បែក​ជើង កាបូប​ធ្វើដំណើរ បន្ទះ​សូ​ឡា កង់ និង​ផលិតផល​កសិកម្ម ចំណែក​ទំនិញ​ដែល​អាមេរិក​នាំមក​កម្ពុជា​មានដូចជា រថយន្ត គ្រឿងចក្រ ឧបករណ៍​អេ​ឡិច​ត្រូ​និក និង​បរិក្ខារ​ពេទ្យ ជាដើម​។ នេះ​បើតាម​លោក លឹម ហេង​។​

​ក្នុងជំនួប​ទ្វេភាគី​រវាង​លោក W.Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា ជាមួយ​លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី​ ១១ ខែ​កញ្ញា ឆ្នាំ​ ២០២៣ ភាគី​កម្ពុជា​ក៏បាន​ស្នើឱ្យ​អាមេរិក​ជួយ​ជំរុញ​ក្រុមហ៊ុន​របស់ខ្លួន​ឱ្យ​ដាក់​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា​ឱ្យបាន​ច្រើន ព្រមទាំង​ចូលមក​វិនិយោគ​ឱ្យបាន​កាន់តែច្រើន ដើម្បី​ធ្វើយ៉ាងណា​ជំរុញ​ពាណិជ្ជកម្ម និង​កំណើនសេដ្ឋកិច្ច​រវាង​ក​ម្ពុ​ជា និង​អាមេរិក​។​

​ក្នុង​ឆ្នាំ​ ២០២២ ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​អាមេរិក មាន​ទឹកប្រាក់​សរុប ៩ ២៨១,២១​ លាន​ដុល្លារ កើន​​ឡើង ១៨,៦​ ភាគរយ​ធៀប​ឆ្នាំ​ ២០២១ ដែលមាន ៧ ៨២៦,៤៩​ លាន​ដុល្លារ​។ ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា មាន ​៨ ៩៦៨,៧៣​ លាន​ដុល្លារ កើន ១៩,៧​ ភាគរយ និង​នាំចូល ៣១២,៤៨​លាន​ដុល្លារ ធ្លាក់ចុះ ៧,១​ ភាគរយ​។ ជញ្ជីងពាណិជ្ជកម្ម​កម្ពុ​ជាមាន​ឧត្តមភាព ៨ ៦៥៦,២៤​ លាន​ដុល្លារ​។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ​៕