​ភ្នំពេញៈ CHINT ដែលជា​ក្រុមហ៊ុន​ដំណោះស្រាយ​ថា​ម​ពល​ឆ្លាត​វៃ​លំដាប់​ពិភពលោក នឹង​ពង្រីក​សមត្ថភាព​ផលិតកម្ម​របស់ខ្លួន​ប​ន្ថែ​ម​មក​កម្ពុជា​ដើម្បី​គាំទ្រ​ដល់​កំណើន​ដ៏​ឆាប់រហ័ស​នៃ​តម្រូវការ​ឧបករណ៍​ថាមពល​កម្លាំង​វ៉ុល​មធ្យម​នៅ​កម្ពុជា​។​

​ក្រុមហ៊ុន CHINT និង SchneiTec បានរួម​គ្នា​បើក​រោងចក្រ​ផលិត​ឧបករណ៍​ថាមពល​កម្លាំង​វ៉ុល​មធ្យម​ដំបូង​គេ​នៅ​កម្ពុជា​លើ​ផ្ទៃដី​ទំហំ ២០ ០០០​ ម៉ែត្រ​ការ៉េ​នៅ​ខេត្តពោធិ៍សាត់​។ ការ​វិនិយោគ​រួមគ្នា​របស់​ក្រុមហ៊ុន CHINT Cambodia និង SchneiTec ដែលមាន​ទុន​វិ​និ​យោគ​រួម ២,៥ ​លាន​ដុល្លារ​នេះ​បាន​ពង្រីក​សមត្ថភាព​ផលិតកម្ម​របស់​ក្រុមហ៊ុន CHINT ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ឧបករណ៍​ថា​ម​ពល​កម្លាំង​វ៉ុល​មធ្យម​នេះ​គឺ​មិន​ត្រឹមតែ​សម្រាប់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​ប្រទេសជិតខាង​ដូចជា ថៃ ឡាវ និង​មី​យ៉ាន់​ម៉ា​ផងដែរ​។ នេះ​បើ​យោងតាម​ការ​ប្រកាស​របស់​ក្រុមហ៊ុន​ កាលពី​ថ្ងៃទី​ ១១ ខែកញ្ញា​។​

​ជាមួយនឹង​ការបណ្តាក់ទុន​រួម​នេះ ក្រុមហ៊ុន CHINT និង SchneiTec-CHINT Co., Ltd. ក៏​កំពុង​សហការគ្នា​យ៉ាង​ជិតស្និទ្ធ​ក្នុងនាម​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ដ៏​សំខាន់​នៃ​ប្រព័ន្ធ​សូ​ឡា​តាម​លំនៅឋាន​កម្លាំង ៥០០ Wp និង ៥០ Wp សម្រាប់​អគ្គិ​ស​នី​កម្ពុជា ​(EDC)​។ គម្រោង​គួរឱ្យកត់សម្គាល់​មួយទៀត​នៅក្នុង​ប្រទេស​កម្ពុជា​រប​ស់​ក្រុមហ៊ុន CHINT គឺ​ការផ្គត់ផ្គង់​ម៉ាស៊ីន​បំប្លែង​ថាមពល​កម្លាំង ២៣០​ គីឡូវ៉ុល និង ២៤០ ​មេ​ហ្គា​វ៉ុល​អំពែ ដល់ EDC សម្រាប់​អនុ​ស្ថានីយ​ក្រុង​សួង ដែលជា​អនុ​​ស្ថានីយ​ដ៏​សំខាន់​មួយ​នៅក្នុង​បណ្តាញ​អគ្គិសនី​ជាតិ​របស់​ប្រទេស​កម្ពុជា​។​

​ក្រុមហ៊ុន CHINT បានឱ្យដឹងថា​៖ «​ចាប់តាំងពី​ចូល​ទីផ្សារ​កម្ពុជា​មក ក្រុមហ៊ុន CHINT កំពុងតែ​គាំទ្រ​យុទ្ធសាស្ត្រ​របស់ EDC ក្នុងការ​ពង្រីក​លទ្ធភាព​ទទួលបាន​អគ្គិសនី​ប្រើប្រាស់​នៅ​តំបន់​ជនបទ និង​ផ្តល់ឱ្យ​ប្រជាជន​ក្នុង​តំបន់​នូវ​ការ​ផ្គត់​​ផ្គង់​អគ្គិសនី​ដែល​អាច​ទុកចិត្តបាន និង​សុវត្ថិភាព​តាមរយៈ​គម្រោង​របស់​ពួកគេ​»​។​

​លោក Liu Bin នាយក​ក្រុម​ហ៊ុន CHINT Cambodia ឱ្យដឹងថា ដោយសារ​កំណើន​តម្រូវ​​ការ​រហ័ស ក្រុមហ៊ុន​កំពុងផ្តល់​យ៉ាងសកម្ម​នូវ​ផលិតផល​ថា​ម​ពល​ឆ្លាត​វៃ​សម្រាប់​អគ្គិសនី​ប្រកបដោយ​ភាពជឿជាក់ និង​សុវត្ថិភាព​។​

​លោក Liu Bin បាន​ថ្លែងថា​៖ «​មានការ​កើនឡើង​យ៉ាងខ្លាំង​នៃ​តម្រូវការ​ផលិតផល និង​សេវាកម្ម​ថាមពល​ឆ្លាត​វៃ​នៅក្នុង​ប្រទេស​កម្ពុជា​ដោយសារ​កំណើនប្រជាជន​យ៉ាង​ឆាប់​រហ័ស​របស់​ប្រទេស​នេះ​។ ក្រៅពីនេះ​ការផលិត​ឧបករណ៍​ដែល​ធានាបាន​ថាមពល​អគ្គិសនី​ប្រ​កប​ដោយ​សុវត្ថិភាព និង​អាច​ទុកចិត្តបាន ក្រុមហ៊ុន CHINT នឹង​បន្ត​រៀបចំ​សិក្ខាសាលា​ដើម្បី​សហការ និង​ចូលរួម​ជាមួយ​សហគម​ន៍​មូលដ្ឋាន​ក្នុងការ​បង្កើន​ការទទួលបាន​អគ្គិសនី​ប្រើប្រាស់​ដើម្បី​លើកកម្ពស់​ថាមពល​ប្រកបដោយ​ប្រសិទ្ធ​ភាព និង​ស្តង់ដា​»​។​

​យោងតាម​ក្រុមហ៊ុន ក្រៅពី​ការអនុវត្ត​គម្រោង​ក្នុងប្រទេស​កម្ពុជា ក្រុមហ៊ុន CHINT Cambodia ក៏​កំពុង​ជំរុញ​យ៉ាងសកម្ម​ពី​សារៈសំខាន់​នៃ​ប្រសិទ្ធ​ភាព​ថាមពល និង​សុវត្ថិភាព​ដល់​ប្រជាជន​នៅក្នុង​តំបន់​ផង​ដែរ​។ ការណ៍​នេះ​រួមបញ្ចូល​ទាំង​វគ្គ​បណ្ដុះបណ្ដាល​អន្ត​រក​ម្ម​ដោយផ្ទាល់​ជាមួយ​សហគមន៍​ជនបទ​ដើម្បី​បង្កើន​ការយល់ដឹង​របស់​ពួកគេ​អំពី​អត្ថប្រយោជន៍​អេកូឡូស៊ី​នៃ​ថាមពល​សូ​ឡា និង​ផ្តល់​ការណែនាំ​អំពី​កម្មវិធី​ប្រកបដោយ​សុវត្ថិភាព​។​

​រដ្ឋសភា​កម្ពុជា កាលពី​ថ្ងៃទី​ ២៣ ខែមិថុនា បានអនុម័ត​លើ​ការសាងសង់ ក៏ដូចជា​ការធានា​លើ​ការទូទាត់​សម្រាប់​រោងចក្រ​ថាមពល​ស្អាត​ចំនួន ៦ ដែលមាន​កម្លាំង​ថាមពល​សរុប​ចំនួន​ ៦៧០ ​មេ​ហ្គា​វ៉ា​ត់ ​(MW) ជា​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​រក្សា​ស្ថិរភាព​ការផ្គត់ផ្គង់ និង​កាត់​បន្ថយ​តម្លៃ​ថាមពល​៕