​ភ្នំពេញៈ ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា លោក Takahashi Fumiaki បាន​ប្តេជ្ញា​ជួយ​កៀរគរ​វិនិយោគិន​ជប៉ុន​ឱ្យមក​បណ្តាក់ទុន​នៅ​ប្រទេស​កម្ពុជា​កាន់តែច្រើន ស្របពេល​ប្រទេស​ជា​សមាជិក​អាស៊ាន​មួយ​នេះ​កំពុង​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទាំង​ក្នុង​តំបន់ និង​ទ្វេភាគី​ជាមួយ​ចិន និង​កូរ៉េ​ខាងត្បូង​។​

​ការលើកឡើង​របស់ លោក Takahashi Fumiaki បាន​ធ្វើឡើង​ក្នុងជំនួប​ជាមួយ​លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពា​ណិ​ជ្ជ​កម្ម នៅ​ទីស្តីការក្រសួង​កាលពី​ថ្ងៃទី​ ១១ ខែកញ្ញា​។​

​រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុ​វិជាតិ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ក្នុងជំនួប​រវាង​លោកស្រី ចម និម្មល និង​លោក Takahashi Fumiaki ភាគី​ទាំង ​២ ​បាន​ប្តេជ្ញា​នឹង​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ដើម្បី​ពង្រឹង​ទំនាក់​​ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​ដោយមាន​សមាគម​ជា​អ្នក​ជួយ​ជំរុញ​ផ្នែក​ឯកជន ខណៈ​ក្រសួង​ពា​ណិ​ជ្ជ​កម្ម​នឹង​ជួយ​សម្រប​សម្រួល​លើ​បទដ្ឋាន​គតិយុត្ត​នានា​ដើម្បី​ធានា​ការនាំចេញ​នាំចូល​ប្រព្រឹត្ត​ទៅដោយ​រលូន​។​

​លោក​បាន​ថ្លែងថា​៖ «​ក្រសួងពាណិជ្ជកម្ម​តែង​ចាត់ទុក​ផ្នែក​ឯកជន​ជា​ដៃគូ​ដែល​មិនអាច​ខ្វះ​បាន​ក្នុង​ការជួយ​លើកកម្ពស់​ការធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​នានា​។ យើង​ដឹង​ហើយ​ថា ប្រ​ទេស​ជប៉ុន​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​មាន​សក្តានុពល​របស់​ក​ម្ពុ​ជា​។ យើង​បាន​នាំចេញ​ជាង​រាប់រយ​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំៗ​។ ដូច្នេះ​តាមរយៈ​ការតាំង​ចិត្ត​នេះ​នឹង​កាន់តែ​កសាង​នូវ​ទំនុកចិត្ត​ដល់​ផ្នែក​ឯកជន​ក្នុងការ​បោះទុន​វិនិយោគ​នៅ​កម្ពុជា ដើម្បី​ធ្វើ​ការនាំ​ចេញទៅ​ប្រទេស​ជប៉ុន​ក៏ដូចជា​ទៅ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​»​។​

​បើ​យោងតាម​លោក សុ​វិជាតិ តាមរយៈ​ការអនុវត្ត​នូវ​កិច្ច​ព្រម​​ព្រៀង​ពាណិជ្ជកម្ម​សេរី​ទាំង​ក្នុង​តំបន់ ទ្វេភាគី និង​ពហុភាគី​ដែល​កម្ពុជា​កំពុង​ធ្វើ នឹង​ក្លាយទៅជា​កាតាលីករ​ដ៏​ទាក់ទាញ​ដល់​វិ​និ​​យោគិន​ជប៉ុន​ក្នុងការ​ពង្រីក​អា​​ជីវ​កម្ម និង​មក​បណ្តាក់ទុន​ដើម្បី​ផលិត​នាំចេញ​។​

​លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​មាន​ក្តី​រំពឹង​យ៉ាង​មុតមាំ​ថា តាមរយៈ​ការប្តេជ្ញាចិត្ត​រវាង​ក្រសួង​និង​ផ្នែក​ឯកជន​នេះ ការដោះដូរ​ទំនិញ​រវាង​ប្រទេស​ទាំង​ ២ ​នឹង​កាន់​តែមាន​កំណើន​បន្ថែម​ទៀត​នៅពេល​ខាងមុខ​»​។​

​កម្ពុជា​-​ជប៉ុន​គ្រោង​នឹង​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​កម្រិត​គោលនយោបាយ​លើក​ទី១៤ រវាង​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង ២ នៅ​អំឡុង​ខែវិច្ឆិកា​ខាងមុខ ក្រោយពី​មាន​កិច្ចប្រជុំ​មួយ​នៅ​ទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC)​ កាលពី​ថ្ងៃទី​ ៣១ ខែសីហា ឆ្នាំ ​២០២៣ ជាមួយ​តំណាង​នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា និង​តំណាង​ទី​ភ្នា​ក់​ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​។​

​អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ការធ្លាក់ចុះ​ព្រម​គ្នា​នៃ​ចំនួន​ទឹកប្រាក់​នាំចេញ​ទំនិញ​នៃ​ប្រទេស​ទាំង​ ២ ​ក្នុង​រយៈ​ប៉ុន្មាន​ខែ​ដើម​ឆ្នាំនេះ គឺ​ដោយសារតែ​ឥទ្ធិពល​វិបត្តិ​សេដ្ឋកិច្ច​សកល​។

​លោក​និយាយថា​៖ «​បើ​ស្ថាន​ភាព​នយោបាយ និង​សេដ្ឋកិច្ចពិភពលោក​មាន​ភាពរលូន​ឡើងវិញ ការធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ជប៉ុន ប្រាកដជា​ស្ទុះ​ឡើងវិញ​លឿន ព្រោះ​ក្រៅពី​មាន​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ការទូត ប្រទេស​ទាំង​ ២ ក៏​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ​(RCEP) ​ផងដែរ​»​។​

​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋា​ករ​កម្ពុជា ​(GDCE) ឱ្យដឹងថា ការផ្លាស់ប្តូរ​ទំនិញ​រវាង​កម្ពុជា និង​ប្រទេស​ជប៉ុន នៅក្នុង​រយៈ​​ពេល ៧​ ខែ​ដំបូង​ឆ្នាំ​ ២០២៣ មាន​សរុប​ជាង ១​ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៩,៩​ ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ដែលមាន ១,១៣ ​ពាន់​លាន​ដុល្លារ​។ ក្នុង​ចំនួន​នេះ គឺ​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ជប៉ុន មាន​ទឹកប្រាក់​ជាង ៦៥៥ ​លាន​ដុល្លារ ធ្លាក់ចុះ ១,៩​ ភាគ​​រយ និង​ជប៉ុន​នាំ​ចូលមក​កម្ពុជា ជាង​ ៣៦៩​ លាន​ដុល្លារ ធ្លាក់​​ចុះ ២១,៣​ ភាគរយ​។​

​ធនាគារជាតិ​នៃ​កម្ពុជា ​(NBC) ឱ្យដឹងថា គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ ​២០២៣ ជប៉ុន​ គឺជា​ប្រ​​ទេស​ដែលមាន​វិនិយោគិន​របស់ខ្លួន​មក​បណ្តាក់ទុន​នៅ​កម្ពុជា​ច្រើនជាងគេ​ទី៤ ដោយមាន​ទឹកប្រាក់​សរុប ១១,៣​ ទ្រី​លាន​រៀល​ (​កើន ១១,៦ ​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​ ២០២២) គឺ​បន្ទាប់ពី​ប្រទេស​ចិន កូរ៉េ និង​សិង្ហ​បុរី​។ វិ​និ​យោ​​គិ​ន​ជប៉ុន​ភាគច្រើន​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ក្នុង​វិស័យ​ហិរញ្ញវត្ថុ សំណង់ សណ្ឋាគារ និង​អចលនទ្រព្យ ជាដើម​៕