​ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក នេត្រ ភក្ត្រា​ជំរុញ​ពាណិជ្ជ​ករ និង​អ្នកវិនិយោគ​កម្ពុជា​ឱ្យ​យល់​ដឹង​ពី​យុទ្ធសាស្ត្រ​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ ក្នុង​តំបន់ (RCEP)​ដែល​នឹង​ជួយ​ឱ្យ​បណ្ដា​វិ​និ​យោ​​គិ​ន និង​ក្រុមហ៊ុន​ក្នុងស្រុក​កម្ពុជា អាច​អភិវឌ្ឍ​ខ្លួន និង​បង្កើន​ភាព​ប្រកួតប្រជែង​។​

RCEP គឺជា​កិច្ចព្រមព្រៀង​ពា​ណិ​ជ្ជ​កម្ម​សេរី (FTA) ដ៏​ធំ​មួយ ដែលមាន​សមាជិក​ចំនួន ១៥ ប្រទេស​ដែល​ក្នុងនោះ​មាន​រដ្ឋ​សមាជិក​អាស៊ាន​ចំនួន​ ១០​ប្រទេស និង​ដៃគូ FTA ចំនួន​៥​ប្រទេស​ផ្សេងទៀត រួមមាន អូស្ត្រាលី ចិន ជប៉ុន នូ​វែ​ល​សេ​ឡង់ និង​កូរ៉េ​ខាងត្បូង​។

RCEP បាន​ចូល​ជា​ធរមាន​នៅ​កម្ពុជា​នៅ​ថ្ងៃទី​ ១ ខែមករា ឆ្នាំ ២០២២​ ស្រប​ពេលដែល​កម្ពុជា​បានចាប់ផ្តើម​ធ្វើជា​ប្រធាន​អាស៊ាន​លើក​ទី ​៣ ​នាពេលនោះ​។ លោក នេត្រ ភក្ត្រា ថ្លែង​ដូច្នេះ ក្នុង​កម្មវិធី​បាឋកថា​ស្តីពី «​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​៖​ទិដ្ឋភាព​ភូមិសាស្ត្រ​នយោបាយ និង​ភូមិសាស្ត្រ​សេដ្ឋកិច្ច​» នា​ថ្ងៃទី​ ១៣ ខែកញ្ញា នៅ​ទីស្តីការក្រសួង​ព័ត៌មាន​។

លោក​រដ្ឋមន្ត្រី ថ្លែងថា​៖«RCEP​មាន​សារៈ​សំខាន់​ខ្លាំងណាស់​សម្រាប់​ប្រទេស​កម្ពុជា​យើង ដែល​សាធារណជន​ទូទៅ ជាពិសេស ពាណិជ្ជករ និង​អ្នកវិនិយោគ​ទាំង​ជាតិ​និង​អន្តរជាតិ​ចាំបាច់​ត្រូវ​យល់ដឹង​អំពី​យុទ្ធសាស្ត្រ ក្នុងការ​ទាញយក​អត្ថប្រយោជន៍​នៃ​កិច្ចព្រមព្រៀង​នេះ​។

​ហេតុនេះ អ្នកសារព័ត៌មាន មាន​តួនាទី​សំខាន់​ណាស់​ក្នុងការ​នាំយក​នូវ​ដំណឹង​ទាំងអស់នេះ​ដើម្បី​ផ្សព្វផ្សាយ​បន្ត​ជូន​ដល់​សាធារណជន​»​។ លោក​លើកឡើងថា សក្តានុពល​ដែល​កើតចេញពី RCEP នៅក្នុង​ដំណាក់កាល​ស្តារឡើងវិញ​ក្រោយ​វិបត្តិ​កូ​វីដ ​១៩ ពិតជា​មាន​សារៈសំខាន់​សម្រាប់​កម្ពុជា​តាមរយៈ​កា​រព​ន្លឿ​ន​ដំណើរ​ការ​ឧស្សាហូបនីយកម្ម និង​ឌី​ជី​ថ​លូ​ប​នី​យ​កម្ម និង​ការផលិត​ដែល​វៃឆ្លាត ដោយ​ជំរុញ និង​ពង្រឹង​សក្តានុពល​វិស័យ​ឧស្សាហកម្ម បច្ចេកវិទ្យា​ក្នុងស្រុក​ឱ្យ​ក្លាយជា​ផ្នែក​មួយ​នៃ​ខ្សែចង្វាក់​ផលិតកម្ម​ក្នុង​តំបន់​ក្នុង​ការនាំ​កម្ពុជា​ឈានឆ្ពោះ​ទៅ​សម្រេចបាន​ចក្ខុវិស័យ​ដើម្បី​ក្លាយជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ​២០៣០ ​និង​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០​។​

​លោក​បន្ថែមថា ការសម្រេចបាន​កិច្ចព្រមព្រៀង​នេះ​បានបង្ហាញ​យ៉ាងច្បាស់​ពី​ការវិល​ត្រឡប់មកវិញ​នូវ​ពហុភាគី​និយម ដោយ​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​របស់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ក្នុងការ​ចូលរួម និង​លើកកម្ពស់​ការធ្វើ​ពាណិជ្ជកម្ម​ដោយ​សេរី និង​ការប្រាស្រ័យ​ទាក់ទង​គ្នា​កាន់តែ​ជិតស្និទ្ធ ដើម្បី​ជំរុញ​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​សកល​នៅក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ ​១៩​។

«​ការយល់​ច្បាស់​គោលបំណង​អំពី​កិច្ច​ព្រម​ព្រៀង​នេះ​នឹង​ជួយ​ឱ្យ​បណ្ដា​វិនិយោគិន​និង​ក្រុមហ៊ុន​ក្នុងស្រុក​របស់​កម្ពុជា អាច​អភិវឌ្ឍ​ខ្លួន​ស្របតាម​ការវិវត្ត នៃ​សភាពការណ៍​នៅលើ​សកលលោក និង​បង្កើន​នូវ​ភាព​ប្រកួតប្រជែង​របស់ខ្លួន​»​។

លោក​​មាន​ជំនឿ​«​យ៉ាង​មុតមាំ​»​ទៅលើ​អ្នក​សារព័ត៌​​មាន​ទាំងអស់ ក្នុង​ការជួយ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​អំពី ​RCEP នេះ​ទៅដល់​សាធារណជន ជាពិសេស វិនិយោគិន និង​ធុ​រ​ជនបរទេស​ដែលមាន​បំណង​ចង់​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា ដើម្បីឱ្យ​កម្ពុជា​អាច​ទាញយក​អត្ថ​ប្រយោជន៍​ពេញលេញ​ពី​កិច្ចព្រមព្រៀង​នេះ​។​

​លោក​ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស​ថ្លែង​ក្នុង​កម្មវិធី​នេះ​ថា RCEP គឺជា​កិច្ចព្រមព្រៀង ដែល​នឹង​ផ្ដល់​ប្រភព​កំណើនសេដ្ឋកិច្ច សម្រាប់​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ ១០ ឆ្នាំ​ទៅមុខទៀត​យ៉ាង​ស្រួល​។ លោក​បន្ថែមថា​៖«​ខ្ញុំ​ថា យើង​មានឱកាស​ក្នុង​រយៈពេល​ ១០​ ឆ្នាំ​ ទៀត ដើម្បី​ទាញយក​ផលប្រយោជន៍​នៃ RCEP ហ្នឹង​សម្រាប់​ជូន​សេដ្ឋកិច្ច​របស់​យើង​ហ្នឹង​»​។​

​យោងតាម​ក្រសួងពាណិជ្ជកម្ម កិច្ច​ព្រម​ព្រៀង RCEP គ្របដណ្តប់​ប្រជាជន​ប្រមាណ ២,២ ពាន់​លាន​នាក់ ឬ ៣០% នៃ​ប្រជាជន​ពិភពលោក និង​មាន​ទំហំ​ផលិតផល​ក្នុងស្រុក​សរុប​ប្រមាណ ២៦,២ ទ្រី​លាន​ដុល្លារ ឬ​ ៣០%​ នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក​៕