ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជំរុញអាស៊ាន-ចិនខិតខំបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការបង្កើនសកម្មភាពវិនិយោគទៅវិញទៅមក ដោយបន្តបើកច្រកទីផ្សារការពង្រឹងការតភ្ជាប់និងការពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម ខណៈអាស៊ាន និងចិនកំពុងតែជួបប្រទះនឹងបញ្ហានៃការកើនឡើងនៃថ្លៃទំនិញយុទ្ធសាស្ត្រ។
លោកថ្លែងថា នៅពេលដែលវិបត្តិជំងឺរាតត្បាតកូវីដ១៩បានថមថយទៅ អាស៊ាន និងចិនកំពុងតែជួបប្រទះនឹងបញ្ហាប្រឈមផ្សេងទៀត ដូចជា ការកើនឡើងនៃថ្លៃទំនិញយុទ្ធសាស្ត្រ សន្តិសុខស្បៀង និងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ជាដើម។
នេះបើយោងតាមសុន្ទរកថា លោកហ៊ុន ម៉ាណែត ដែលលោកបានថ្លែងក្នុងពិធីសម្ពោធបើកពិព័រណ៍ចិន-អាស៊ាន លើកទី ២០ ឆ្នាំ ២០២៣ ក្រោមប្រធានបទ «រួមអ្នកសាងសហគមន៍មួយ ប្រកបដោយភាពសុខដុម និង វាសនាតែមួយ» នៅខេត្តណាននីង ប្រទេសចិន នាថ្ងៃទី១៦ ខែកញ្ញា ក្រោមវត្តមានលោក លី ឈាង (LI Qiang) នាយករដ្ឋមន្ត្រីចិន។
លោក ហ៊ុន ម៉ាណែត បានលើកឡើងថា តួនាទីរបស់ពាណិជ្ជកម្មគឺមានសារៈសំខាន់ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមសកល ដើម្បីធានាថា ការពឹងផ្អែកទៅវិញទៅមក និងសកលភាវូបនីយកម្ម គឺជាការផ្តល់ផលប្រយោជន៍ទៅវិញទៅមក ហើយថា ការធ្វើពាណិជ្ជមិនគួរត្រូវបានប្រើប្រាស់ជាអាវុធដែលបំផ្លាញដល់សន្តិសុខសេដ្ឋកិច្ចពិភពលោកនោះទេ។
លោកថ្លែងថា៖ «ក្នុងន័យនេះអាស៊ាន និង ចិន គឺជាតួអង្គដ៏សំខាន់ ដែលយើងអាចបង្ហាញឧទាហរណ៍ដល់ពិភពលោកពីផលប្រយោជន៍ដែលកើតចេញពីការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដោយមិនទោរទន់ទៅរកនិន្នាការគាំពារនិយមឯកតោភាគីនិយម ឬ គំនិតជាតិនិយមសេដ្ឋកិច្ចនោះទេ»។
លោកនាយករដ្ឋមន្ត្រីបន្ថែមថា៖ «ក្នុងទិសដៅខាងមុខ អាស៊ាន និងចិន ត្រូវខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ និងការពឹងពាក់គ្នា ទៅវិញទៅមកបន្ថែមទៀត តាមរយៈការបន្តបើកច្រកទីផ្សារការពង្រឹងការតភ្ជាប់ ការពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ ការពង្រឹងសមត្ថភាពផលិតកម្មតភ្ជាប់ទៅនឹងការផ្គត់ផ្គង់ ការពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម និងរួមគ្នាជំរុញសកម្មភាពវិនិយោគទៅវិញទៅមក»។
លោកហ៊ុន ម៉ាណែត ជំរុញដល់ភាគីទាំង២ ពង្រឹងការគាំទ្រផ្នែកបច្ចេកទេស ជាពិសេសទាក់ទងនឹងអនុលោមភាពនៃលក្ខខណ្ឌទីផ្សារ និងតម្រូវការទីផ្សារ ដោយលោកបញ្ជាក់ថា ការគាំទ្រទាំងនេះ អាចធានាបានថា ប្រទេសកំពុងអភិវឌ្ឍន៍អាចទាញផលប្រយោជន៍បានដោយពិតប្រាកដពីការបើកចំហទីផ្សារ ដែលកើតចេញពីយន្តការពាណិជ្ជកម្មពហុភាគី៕