ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំដល់បណ្ដាថ្នាក់ដឹកនាំរាជធានីខេត្តទាំងអស់ ត្រូវប្រកួតប្រជែងគ្នា ដើម្បីទាក់ទាញ ឬទាក់ម៉ូយរកអ្នកវិនិយោគ មកវិនិយោគក្នុងខេត្តរបស់ខ្លួន ដើម្បីអភិវឌ្ឍឱ្យកាន់តែរីកចម្រើនថែមទៀត ស្របទៅតាមសក្តានុពលរបស់ខេត្តដែលមានស្រាប់ ខណៈរាជរដ្ឋាភិបាលបានធ្វើវិមជ្ឈការប្រគល់អំណាចទៅដល់ថ្នាក់ក្រោមជាតិរួចអស់ហើយ។
លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ណែនាំបែបនេះនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនិយោជិត ប្រមាណជិត ២ ម៉ឺននាក់ ក្នុងស្រុកបាទី ខេត្តតាកែវ។
លោក ហ៊ុន ម៉ាណែត បានថ្លែងថា៖ «ឥឡូវ និយាយរឿងទាក់ម៉ូយ ខេត្តនីមួយៗគួរប្រកួតប្រជែងគ្នាដើម្បីទាក់ម៉ូយមកវិនិយោគក្នុងខេត្ត។ឥឡូវយើងវិមជ្ឈការថ្នាក់ក្រោមជាតិហើយសិទ្ធិច្រើនណាស់ ខេត្តមួយៗគួរតែចេញគោលការណ៍ណាមួយទាក់ម៉ូយ គោលការណ៍អនុគ្រោះ ឬគោលការណ៍កម្រិតណា យើងអាចជជែកគ្នាក្នុងក្របខ័ណ្ឌទៅ»។
លោកបន្ថែមទៀតថា៖ «ខេត្តខ្លះមានសក្តានុពលទេសចរណ៍ ក្រៅពីការអនុគ្រោះរបស់រដ្ឋាភិបាលហើយ ខេត្តអាចផ្តល់ការអនុគ្រោះអ្វីបន្ថែមទៀតដើម្បីឱ្យវិស័យទេសចរណ៍ ហើយរោងចក្រក៏ដូចគ្នាដែរ។មើលជួយគិតគ្នាបន្តិចមើល ព្រោះប្រទេសខ្លះ ខេត្តខ្លះប្រកួតគ្នាទាក់ម៉ូយ រាជរដ្ឋាភិបាលដើរទាក់ម៉ូយម្នាក់ឯងហត់ណាស់។ យើងត្រូវទាក់ម៉ូយនេះគឺដើម្បីបានផលប្រយោជន៍ប្រជាពលរដ្ឋយើងទាំងអស់គ្នា»។
លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់ឱ្យដឹងនៅថ្ងៃទី១៩ ខែកញ្ញាថា តាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតនេះ គឺជាយុទ្ធសាស្ត្រមួយដ៏ល្អដែលត្រូវឱ្យអភិបាលរាជធានីខេត្តនីមួយៗ ធ្វើការទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុននៅក្នុងខេត្តរបស់ខ្លួន ប៉ុន្តែរាជធានីខេត្តនីមួយៗគួរតែរៀបចំសៀវភៅសក្តានុពលនៃការវិនិយោគ និងច្បាប់ ជាពិសេសមានលេខទំនាក់ទំនង និងច្រកចេញចូលតែមួយឱ្យបានល្អ និងច្បាស់លាស់។
ទោះជាយ៉ាងណា លោកថា ផែនការនេះអាចទាក់ទាញ ឬបង្ហាញពីសក្តានុពលសម្រាប់បានតែវិនិយោគិននៅក្នុងស្រុកទេ ខណៈវិនិយោគិននៅក្រៅស្រុក រាជធានីខេត្តទាំងនោះមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការទាក់ទាញ លុះត្រាតែមានការជំរុញឱ្យមានការផ្សព្វផ្សាយរបស់ស្ថានទូតរបស់កម្ពុជា នៅក្រៅប្រទេសជួយបង្ហាញផងដែរ។
លោកគី សេរីវឌ្ឍន៍ ថ្លែងថា៖ «អ៊ីចឹងហើយបានជាខ្ញុំលើកឡើងថាទាមទាមឱ្យខាងខេត្តនីមួយៗ ធ្វើផែនការវិនិយោគ សេចក្តីលម្អិតនៃផែនការវិនិយោគរបស់ខេត្តនីមួយៗ បង្ហាញពីសក្តានុពលហ្នឹងទុកជូនស្ថានទូតដើម្បីដឹងថាតើខេត្តនីមួយៗ មានសក្តានុពលអ្វីខ្លះក្នុងការទាក់ទាញអ្នកវិនិយោគ?»។
ជុំវិញរឿងនេះដែរលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ប្រាប់ឱ្យដឹងដែរថា លោកស្វាគមន៍ និងអបអរសាទរចំពោះអនុសាសន៍ណែនាំរបស់លោកនាយករដ្ឋមន្ត្រី ដែលឱ្យអភិបាលខេត្តនីមួយៗទាក់ទាញវិនិយោគិន ឱ្យមកអភិវឌ្ឍនៅក្នុងខេត្តរបស់ខ្លួន។
លោកថា រដ្ឋបាលខេត្តព្រះសីហនុនឹងអនុវត្តទៅតាមការណែនាំនេះខណៈខេត្តព្រះសីហនុ កាលពីកន្លងមកនេះ មានវិនិយោគិនច្រើនមកចូលរួមហើយបច្ចុប្បន្ននេះ វិនិយោគិនជាច្រើនក៏បានបន្តចាប់អារម្មណ៍មកបណ្តាក់ទុនវិនិយោគនៅក្នុងខេត្តព្រះសីហនុជាច្រើនផងដែរ។
លោកថ្លែងថា៖ «យើងខ្ញុំតែងតែធ្វើការសហការ ដោយទី១ ធ្វើការយ៉ាងស្អិតល្មួតជាមួយសភាពាណិជ្ជកម្មខេត្ត ទី២ ធ្វើការជាមួយបណ្តាសភាពាណិជ្ជកម្មបរទេស មានបារាំង អឺរ៉ុប អាមេរិកាំង រីឯក្រុមវិនិយោគិនរបស់បរទេស មានជនជាតិចិន ជនជាតិកូរ៉េ ជាដើម យើងបាននិងកំពុងធ្វើកិច្ចការជាមួយគ្នាយ៉ាងល្អ ហើយវេទិការធុរជន និងសេដ្ឋកិច្ច ក៏យើងតែងតែជួបគ្នាជាប់ជានិច្ចដែរ»។
លោកបន្ថែម ជាមួយនឹងអនុសាសន៍របស់លោក ហ៊ុន ម៉ាណែតនេះ រដ្ឋបាលខេត្តនឹងបន្តខិតខំប្រឹងប្រែងធ្វើការងារនេះ បន្ថែមទៀត ដោយក្នុងនោះខេត្តនឹងរៀបចំធ្វើបទបង្ហាញនូវចំណុចសំខាន់ៗជាគោលនយោបាល សក្តានុពល និងឱកាសផ្សេងៗធ្វើយ៉ាងណាឱ្យវិនិយោគិនជាតិ និងអន្តរជាតិ អាចមើលឃើញនូវសក្តានុពល និងឱកាសវិនិយោគនៅក្នុងខេត្ត ជាពិសេសអាជ្ញាធរគ្រប់លំដាប់ថ្នា់ក់នឹងត្រៀមសហការ និងសម្របសម្រួលលើការងារផ្សេងៗ ឱ្យកាន់តែល្អប្រសើរថែមទៀត។
ចំណែក អភិបាលខេត្តកំពង់ស្ពឹ លោក វ៉ី សំណាង ក៏បានឱ្យដឹងដែរថា លោកធ្លាប់បានទទួលបទបញ្ជាពីលោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា កាលពីអាណត្តិមុនដែរ ដែលបានជំរុញឱ្យបណ្តាខេត្តនីមួយៗទាក់ទាញវិនិយោគិនមកអភិវឌ្ឍនៅក្នុងខេត្តរបស់ខ្លួន។
លោក វ៉ី សំណាង បានប្រាប់ថា ៖ «នៅពេលនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រាប់ខ្ញុំថា កាំភ្លើងធំបាញ់ហើយ យើងកាំភ្លើងតូចត្រូវតែប្រឹងប្រែងបន្ត មិនមែនយើងប្រើប្រាស់កាំភ្លើងធំតែមួយមុខនេះទេ»។
អភិបាលខេត្តកំពង់ស្ពឺបានបន្តថា ដោយទទួលបាននូវបណ្តាំនេះ លោកតែងតែយកចិតុ្តទុកដាក់ និងខិតខំប្រឹងប្រែងកៀរគរវិនិយោគិនទាំងនៅក្នុងស្រុក និងក្រៅស្រុក ឱ្យមកបណ្តាក់ទុនវិនិយោគនៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺជាបន្តបន្ទាប់ រហូតមកទល់នឹងអាណត្តិថ្មីនេះ។
លោកបានបញ្ជាក់ថា៖ «ដោយឡែកតាមប្រសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជារឿងត្រឹមត្រូវហើយខ្ញុំនឹងបន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីទាក់ទាញវិនិយោគិនមកកាន់ខេត្តកំពង់ស្ពឺឱ្យកាន់តែច្រើនថែមទៀត»៕