ភ្នំពេញៈ ក្រុមហ៊ុន​ប្រមាណ​ជាង ២៩ ​ពាន់ ដែលមាន​ដើមទុន​សរុប​ជិត ៨,៦ ​ពាន់​លាន​ដុល្លារ បានទទួល​ជោគជ័យ​លើ​ការចុះបញ្ជី​អាជីវកម្ម​តាមរយៈ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ ដំណាក់កាល​ទី​១ ខណៈ​កាលពីដើមឆ្នាំ​២០២៣ ចំនួន​ដើមទុន​មាន​ប្រមាណ​ជាង ៥,៨១​ ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម Online Business Registration Service (OBRS)​។​

​តារាង​វឌ្ឍនភាព​នៃ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដំណាក់កាល​ទី​១ បាន​បង្ហាញថា គិត​ត្រឹម​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២៣ (​ម៉ោង ២៣:៥៩​នាទី​) ចំនួន​ក្រុមហ៊ុន​ ដែល​បាន​ចុះបញ្ជី​ដោយ​ជោគជ័យ​តាម​ប្រព័ន្ធ Single Portal មាន​ចំនួន​សរុប ២៩ ៣១១​ក្រុមហ៊ុន​ស្មើនឹង​ដើមទុន​ចុះបញ្ជី​សរុប ៨,៥៨​ ពាន់​លាន​ដុល្លារ​។ ៣៨​ភាគរយ​នៃ​ក្រុមហ៊ុន​ទាំងអស់នោះ​គឺមាន​ម្ចាស់​ជា​ស្ត្រី ស្មើនឹង ៦២​ ភាគរយ ​មាន​ម្ចាស់​ជា​បុរស​។ កាលពីដើមឆ្នាំ​២០២៣ (​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២៣) ក្រុមហ៊ុន​ដែល​ទទួលបាន​ជោគជ័យ​លើ​ការចុះបញ្ជី មាន​ចំនួន ២០ ៦៩៣​ក្រុមហ៊ុន និង​មាន​ដើមទុន​ចុះបញ្ជី ៥,៨១ ​ពាន់​លាន​ដុល្លារ​។​

​យោងតាម OBRS ក្នុង​ចំ​ណោ​យ​ទុនវិនិយោគ​ទាំង ៨,៥៨ ​ពាន់​លាន ​ដុល្លារ គឺ​ផ្នែក​សាងសង់ មាន​ដើមទុន​ប្រមាណ ១,០៩​ ពាន់​លាន​ដុល្លារ ស្មើនឹង ១២,៦​ភាគរយ​, សកម្មភាព​សេវាកម្ម​ស្នាក់នៅ ៩៤២​ លាន​ដុល្លារ ស្មើនឹង ១១​ភាគរយ​, ផ្នែក​អចលនទ្រព្យ​ (​ប្រើ​អចលនទ្រព្យ​ផ្ទាល់ខ្លួន ឬ​ជួ​លពី​គេ​) មាន​ដើមទុន ៩៣៩​លាន​ដុល្លារ ស្មើនឹង ១០,៩ ​ភាគរយ​, សកម្មភាព​ពិគ្រោះ​យោបល់​ផ្នែក​គ្រប់គ្រង ៤៨៣​ លាន​ដុល្លារ ស្មើ​ប្រមាណ ៥,៦​ ភាគរយ​, កម្មន្ត សាល​​សម្លៀកបំពាក់ ​(​លើកលែង​សម្លៀកបំពាក់​ធ្វើ​ពី​រោមសត្វ​) ៤៣៩​ លាន​ដុល្លារ ស្មើ​ ៥,១​ ភាគរយ​, និង​ផ្នែក​ផ្សេងៗ មាន​ដើមទុន​ប្រមាណ ៤,៧​ ពាន់​លាន​ដុល្លារ ស្មើ ៥៤,៧​ ភាគរយ​។​

​ក្រៅពីនេះ​ក្រុមហ៊ុន​ដែល​ទទួលបាន​ជោគជ័យ​លើ​ការចុះឈ្មោះ​ខាងលើ ក៏មាន​ក្រុមហ៊ុន​ចំនួន ១៦ ៥៧៨ ដែល​ទទួលជោគជ័យ​លើ​ការសុំ​នាម​ករ​ណ៍​បម្រុង​ទុក​និង​មាន​ចំនួន ២ ត្រូវបាន​បដិសេធ​។

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការកើនឡើង​នៃ​ចំនួន​ក្រុមហ៊ុន​ ដែល​បាន​ចុះបញ្ជី​តាម​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន គឺ​ដោយសារ​កត្តា​ចម្បងៗ​មួយចំនួន​ដូចជា ការជំរុញ និង​ការសម្រួល​នីតិវិធី​ចុះបញ្ជី​អាជីវកម្ម​ពី​សំណាក់​អាជ្ញាធរ ព្រមទាំង​ការយល់ដឹង​របស់​ម្ចាស់​អាជីវកម្ម​ចំពោះ​កាតព្វកិច្ច​របស់ខ្លួន​។

នៅពេល​គ្រប់​អាជីវកម្ម​សុទ្ធតែ​ត្រូវបាន​ចុះបញ្ជី វា​នឹង​ជួយ​ឱ្យ​ការធ្វើ​អាជីវកម្ម​ប្រកបដោយ​ភាពស្មើគ្នា ក៏​អាចជួយ​ឱ្យ​រដ្ឋាភិបាល​មាន​ភាពងាយស្រួល​ក្នុងការ​គ្រប់គ្រង និង​ជួយ​អន្តរាគមន៍​ចំពោះ​អាជីវក​ម្មណា ​ដែលមាន​បញ្ហា​ដែរ​។ លោក​បន្តថា ក្រៅពីនេះ​រដ្ឋាភិបាល​ក៏​អាច​រៀបចំ និង​គ្រប់គ្រង​ប្រព័ន្ធ​បង់ពន្ធដា​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​តម្លាភាព​ជាង​មុន​។​

​លោក​បន្ថែមទៀតថា​៖«​បន្ទាប់ពី​ដាក់ឱ្យអនុវត្ត​ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០២០ មក គឺ​ចំនួន​ក្រុមហ៊ុន​ដែល​មក​ចុះបញ្ជី​បាន​កើន​ឡើងជា​បន្តបន្ទាប់​។ កំណើន​ក្រុមហ៊ុន​ចុះបញ្ជី អាចឱ្យ​យើង​ដឹងថា សកម្មភាព​អាជីវកម្ម​នៅ​កម្ពុជា​គឺមាន​ដំណើរ​ទៅមុខ​ល្អប្រសើរ​»​។​

​លោក​បានលើកឡើង​ទៀតថា ទន្ទឹមនឹង​ចំនួន​ក្រុមហ៊ុន​ចុះបញ្ជី​អាជីវកម្ម​តាមរយៈ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​កើនឡើង ចំនួន​ក្រុមហ៊ុន​វិនិយោគ​ជាតិ និង​អន្តរជាតិ​ដែល​ទទួលបាន​ការយល់​ព្រម​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) ឱ្យ​វិនិយោគ​នៅ​កម្ពុជា​ក៏​កំពុងមាន​និន្នាការ​កើនឡើង​ច្រើន​ដែរ​នាពេល​ថ្មីៗ​នេះ​។​

​យោងតាម CDC កាលពី​សប្តាហ៍​មុន មាន​គម្រោង​វិនិយោគ​ចម្រុះ​ចំនួន ៦ ដែលមាន​ទុនវិនិយោគ​សរុប ៣៤,៦​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន ៧ ៥៨៤​កន្លែង​ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) អនុម័ត​ឱ្យ​វិនិយោគ ដោយ​ក្នុងនោះ ៣ ស្ថិតក្នុង​រាជធានី​ភ្នំពេញ​។​

​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដំណាក់កាល​ទី​១ ត្រូវបាន​រដ្ឋាភិបាល​ប្រកាស​ដាក់ឱ្យ​ដំណើរការ កាលពី​ថ្ងៃទី​១៥​ ខែមិថុនា ​ឆ្នាំ​២០២០ ​ដែល​រួមមាន​ក្រសួង​-​ស្ថាប័នរដ្ឋ​ចំនួន​៦​ចូលរួម គឺ​ក្រសួងមហាផ្ទៃ​, ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​, ក្រសួងពាណិជ្ជកម្ម​, ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​, អគ្គនាយកដ្ឋាន​ពន្ធដា​រ​និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។​ ក្រោយមក​រដ្ឋាភិបាល​ក៏បាន​ប្រកាស​ដាក់ឱ្យ​ដំណើរការ​ដំណាក់​កាលពី​២​នៅ​ថ្ងៃទី​១៥​ខែកញ្ញា​ឆ្នាំ​២០២១ និង​ដំណាក់កាល​ទី​៣ កាលពី​ថ្ងៃទី​២២ ខែមិថុនា​ដោយបាន​បន្ថែម​ក្រសួង​-​ស្ថាប័ន​មួយចំនួន​បន្ថែមទៀត​៕