ភ្នំពេញៈ ប្រា​ក់ជាង ៥២​ លាន​ដុល្លារ​ត្រូវបាន​អគ្គនាយកដ្ឋាន​ពន្ធដារ​រកបាន​ពី​ការប្រមូល​ពន្ធ​លើ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ក្នុង​រយៈ​ពេល ៨​ ខែ ឆ្នាំ​ ២០២៣ ខណៈ​អាជីវកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​ទូទាំង​ពិភពលោក រួមទាំង​ប្រទេស​កម្ពុជា​បាន​រីកចម្រើន​កាន់តែ​លឿន​។​

​សេចក្តីប្រកាស​ព័ត៌មាន​កិច្ច​​ប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​ (GDT) ឱ្យដឹងថា ចាប់ពី​ខែមករា ដល់​ខែសីហា ឆ្នាំ​ ២០២៣ ការប្រមូល​ចំណូល​ពន្ធ​ពី​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ (E-Commerce) សម្រេចបាន ២១១,២៤​ ពាន់​លាន​រៀល ស្មើនឹង​ប្រមាណ ៥២,១៦ ​លាន​ដុ​ល្លារ​។

ក្នុងនោះ​ខែសីហា មាន​ទឹកប្រាក់ ២៤,៤៥​ ពាន់​លាន​រៀល ​(៦,០៤ ​លាន​ដុល្លារ​)​។ សម្រាប់​ប្រាក់​ពន្ធ​ដែល GDT ប្រមូលបាន​សរុប​ក្នុង​រយៈពេល ៨​ ខែ​ឆ្នាំ​ ២០២៣ គឺមាន​ចំនួន ១០ ៣២៩,៧៨​ ពាន់​លាន​រៀល ឬ​ប្រមាណ​ ២ ៥៥០,៥៦​ លាន​ដុល្លារ ស្មើនឹង ៧១,៤១ ​ភាគរយ​នៃ​ផែនការ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២៣​។​

​ចំនួន​ប្រាក់​ពន្ធ​ពី​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​បាន​កើន​កាន់តែច្រើន​ពី​ ១​ ឆ្នាំទៅ​ ១ ​ឆ្នាំ ដោយ​កាលពី​ឆ្នាំ ២០២២ ការប្រមូល​ពន្ធ​ពី​ប្រ​​តិ​ប​ត្តិ​ការ​នេះ​មាន​សរុប​ត្រឹមតែ ៣៧,៦២​ លាន​ដុល្លារ ក្នុង​ចំ​ណោម​ប្រាក់​ដែល GDT រកបាន​ ៣ ៤៥៥,១១​ លាន​ដុល្លារ​។​

​ក្នុង​កិច្ចប្រជុំ​នៅ​ទីស្នាក់ការ​អគ្គនាយកដ្ឋាន​ពន្ធដា​រ កាល​ពីថ្ងៃ​ទី​ ១៤ ខែកញ្ញា លោក គង់ វិបុល អគ្គនាយក GDT បានឱ្យដឹងថា អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្តេជ្ញា​នឹង​អនុវត្ត​គោ​លន​យោ​​បាយ​របស់​រដ្ឋាភិបាល និង​បន្ត​អនុវត្ត​ការងារ​កំណែទម្រង់ និង​ធ្វើ​ទំនើបកម្ម​រដ្ឋបាល​សារពើពន្ធ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។​

​លោក​បន្តថា​៖«​កំណែទម្រង់ និង​ទំនើបកម្ម​ពន្ធដារ​ចាប់​តាំង​ពី​ឆ្នាំ​ ២០១២ រហូតមក​បានធ្វើឱ្យ​ប្រព័ន្ធ​ពន្ធដារ​មាន​ភាពរឹងមាំ ដែល​[​រដ្ឋបាល​កិច្ច​ល្អ គឺជា​ឆ្អឹង​ខ្នង​នៃ​កំណែទម្រង់​] ហើយ​ថ្នាក់​ដឹកនាំ និង​មន្ត្រី​ពន្ធដារ​គ្រប់​លំ​ដាប់​ថ្នាក់​ខិតខំ​ប្រឹងប្រែង ស្រុះ​ដៃ​គ្នា អនុវត្ត​ការងារ​ដោយ​ស្មារ​​តី​បុ​រេ​សកម្ម និង​កាន់តែ​សកម្ម​ថែមទៀត ដើម្បី​បន្ត​ធានាបាន​និរន្តរភាព ចំណូល​ពន្ធ និង​បន្ត​ចូលរួម​អនុវត្ត​ការងារ​កំណែ​ទម្រង់ និង​ទំនើបកម្ម​រដ្ឋបាល​សារពើពន្ធ​»​។​

​លោក ហុង វណ្ណៈ អ្នក​សេដ្ឋ​កិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា កាលពី​ថ្ងៃទី ​១៩ ខែកញ្ញា បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ការរីក​​ចម្រើន​ប្រព័ន្ធ​បច្ចេកវិទ្យា​ដែល​អនុញ្ញាតឱ្យ​មនុស្ស​អាច​ស្វែង​រក​ទំនិញ​តាម​ប្រព័ន្ធ​អន​ឡាញ ភាព​មមាញឹក​នៃ​ពេលវេលា និង​បញ្ហា​ចរាចរណ៍ បាន​ជួយ​ធ្វើឱ្យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​​ត្រូ​និក​បន្ត​ការរីកចម្រើន​ជា​បន្ត​បន្ទាប់ និង​ពេញនិយម​កាន់តែខ្លាំង​នៅ​កម្ពុជា ក៏ដូចជា​ពិភព​លោក​ទាំងមូល​។ លោក​បន្តថា កំណើន​ប្រាក់​ពន្ធ​ដែល GDT ប្រមូលបាន​ពី​ប្រតិបត្តិ​ការពា​ណិ​ជ្ជ​កម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​​និក​បញ្ជាក់ថា ទីផ្សារ​អន​ឡាញ​នៅ​កម្ពុជា​កំពុងមាន​ភាព​មមា​​ញឹក​ខ្លាំង ពិសេស​អ្នកមាន​វ័យ​កណ្តាល​។​

​លោក​ថ្លែងថា​៖ «​ចំណូល​ពន្ធ​នេះ នឹងមាន​កាន់តែច្រើន​នៅពេល​អនាគត ខណៈ​ប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​តាម​អន​ឡាញ​នឹងមាន​សកម្មភាព​កាន់តែខ្លាំង​ឡើងៗ​ជា​រៀងរាល់ថ្ងៃ​»​។​

​បើតាម​លោក វណ្ណៈ ចំណូល​ពី E-Commerce នឹង​កើន​ខ្ពស់​ថែមទៀត ប្រសិនបើ​រដ្ឋា​ភិ​បាល​ពង្រឹង​ការអនុវត្ត​ច្បាប់​។​

​ប្រធាន​សមាគម​បច្ចេកវិទ្យា​ឌីជីថល នៃ​កម្ពុជា លោក ឈិន កេ​ន បាន​និយាយថា បច្ចេក​វិទ្យា​ទំនើប ​(Digitalization)​ ពិតជា​បាន​ចូលរួមចំណែក​ច្រើន​នៅ​គ្រប់​ចង្វាក់​ផលិតកម្ម​នៅ​កម្ពុជា​ដោយ​រាប់​ចាប់តាំងពី​ការ​ធ្វើ​អាជីវកម្ម​ខ្នាតតូច រហូតដល់​ការដោះដូរ​ពាណិជ្ជកម្ម​ជា​អន្តរ​ជាតិ​។ កំណើន​នៃ​ការប្រើប្រាស់​ស្មា​ត​ហ្វូ​ន បានធ្វើឱ្យ​ចរន្ត​នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​នៅ​កម្ពុជា​កើនឡើង​យ៉ាង​លឿន​។​

​លោក​បាន​បន្តថា បច្ចេកវិទ្យា​ទំនើប​ធ្វើឱ្យ​អ្នកប្រើប្រាស់​ទទួល​បាន​ផលចំណេញ​ជាច្រើន​ដូចជា ជួយ​កាត់បន្ថយ​ការ​ចំ​​ណាយ​ថវិកា​ផ្សេងៗ រយៈពេល​ធ្វើដំណើរ និង​មាន​ភាព​ឆាប់​​រហ័ស​ជាង​មុន​។​

​លោក​បាន​ប្រាប់ថា​៖ «​បច្ចេក​​វិទ្យា​ទំនើប​កំពុងតែ​ចូលរួម​ជួយ​លើកកម្ពស់​ទីផ្សារ​ផលិតផល​កសិកម្ម​បាន​យ៉ាងច្រើន ព្រោះ​តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ​នេះ អ្នក​ផលិត និង​អ្នកបញ្ជា​ទិញ គឺអាច​ផ្ញើ​រូបភាព​ពី​ផលិត​ផល​របស់ខ្លួន​ដោយផ្ទាល់​ទៅកាន់​ភាគី​ម្ខាង​ទៀត​បាន​ដោយ​ឆាប់រហ័ស និង​ចំណាយ​តិច​បំផុត​។ ប្រព័ន្ធ​បច្ចេកវិទ្យា​ក្លាយជា​ផ្នែក​សំខាន់​នៅក្នុង​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឱ្យមាន​សម្ទុះ​ទៅមុខ​កាន់តែ​លឿន​»​។​

​រដ្ឋាភិបាល​កម្ពុជា​បាន​ព្យាករ​ថា សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២៣ នឹង​សម្រេចបាន​កំណើន​ប្រមាណ ៥,៦ ​ភាគរយ​ដូចគ្នា​ទៅនឹង​ការ​ព្យាករ​កាលពីដើមឆ្នាំ គឺ​ខ្ពស់ជាង​ឆ្នាំ​ ២០២២ ដែល​សម្រេចបាន​កំណើន​ត្រឹម​ ៥,២​ ភាគរយ​៕