កំពង់ធំៈ ម្ចាស់​សហគ្រាស​ផលិត​ត្រីងៀត​ ១ ​កន្លែង​នៅ​ភូមិ​កំពង់​ចិន ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ គ្រោង​បង្កើន​សមត្ថភាព​ផលិត​ពី​ ៥០០ គីឡូក្រាម ទៅ​ ២ ៥០០​ គីឡូក្រាម ​ក្នុង​ ១ ​ខែ នៅពេល​បានទទួល​វិញ្ញាបនបត្រ​បញ្ជាក់​ពី​សុវត្ថិភាព ម្ហូបអាហារ CQS​។ នេះ​ជាការ​លើកឡើង​របស់ លោក សួង សោ​ភ័​ណ្ឌ ម្ចាស់​សហគ្រាស​ផលិត​ត្រីងៀត សួង សោ​ភ័​ណ្ឌ ក្នុងពេល​ទទួល​ដំណើរ​​ទស្សនកិច្ច​សិក្សា និង​ផ្សព្វផ្សាយ​ពី​សហគ្រាស​ជលផល ដែល​ទទួលផល​ពី​គម្រោង​អភិវឌ្ឍន៍​ជលផល​ក្រោយ​ប្រមូល​ផល CAPFish-Capture ដែល​រៀបចំ​ដោយ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ថ្ងៃទី​ ១៨ ខែកញ្ញា ឆ្នាំ​ ២០២៣​។

​លោក សួង សោ​ភ័​ណ្ឌ បានឱ្យដឹងថា សហគ្រាស​របស់លោក​ប​ង្កើ​ត​ឡើង​នៅ​ឆ្នាំ​ ២០១១ និង​បាន​ចុះបញ្ជី​ជា​មួយ​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ខេត្តកំពង់ធំ នៅ​ឆ្នាំ ​២០១៧​។ លោក​ថា ពីមុន​ការ​ផលិត​ត្រីងៀត​ធ្វើឡើង​តាម​ប្រពៃណី ប្រើប្រាស់​ពេលវេលា​ច្រើន​ក្នុងការ​ហាល​ឱ្យ​ស្ងួត​ដោយ​ពន្លឺព្រះអាទិត្យ ដែល​ការ​ហាល​ម្តងៗ មាន​រយៈពេល​ ២​ ថ្ងៃ ឬ​ ២​ ថ្ងៃ​កន្លះ ជួប​ការលំបាក​នៅពេល​ភ្លៀង សា​មិនទាន់​ត្រីងៀត​ខូច ធ្វើឱ្យ​ខាតបង់​ពេលវេលា និង​ថវិកា ផ្គត់​ផ្គង់​ទីផ្សារ​មិនបាន​តាម​តម្រូវការ​។

​ផ្ទុយ​ខុសពី​មុន​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​ចុង​ក្រោយនេះ បន្ទាប់ពី​បាន​កែលម្អ​ទីតាំង សម្ភារ និង​បរិក្ខារ​កែច្នៃ ឱ្យ​ស្របតាម​ស្តង់ដា ​CQS លោក សោ​ភ័​ណ្ឌ ប្រាប់ថា ការផលិត​ត្រីងៀត​មាន​អនាម័យ​ល្អ ធ្វើបាន​លឿន​ជាង​មុន​ដែល​ចំណាយពេល​តែ​ ១ ​ថ្ងៃ​ជាង អាច​ហាល​ត្រី​ស្ងួត ហើយ​ធ្វើការ​វេច​ខ្ចប់​បាន ចំណេញ​ពេលវេលា​តិចជាង​មុន ហើយ​ការផលិត​មានការ​កើនឡើង​ច្រើនជាង​មុន ពី ​៥០០ ទៅ​ ៧០០ គីឡូក្រាម​ក្នុង ​១​ ខែ បន្ថែម​លើ​នេះ​នៅក្រោយពេល​ទទួលបាន​ស្តង់ដា CQS លោក​រំពឹងថា ការផលិត​នឹង​ឡើងដល់​ជាង ​២ ០០០​ គីឡូក្រាម​ក្នុង​ ១ ​ខែ​។

​លោក​ថ្លែងថា​៖ «​មុន​ចូល​គម្រោង រានហាល​របស់ខ្ញុំ​នៅ​កណ្តាលវាល ហើយ​មាន​រុយ​មាន​សត្វ​អី​ផ្សេងៗ ពេល​ភ្លៀង​ម្តងៗ​គឺ អីវ៉ាន់​ខ្ញុំ បើ​មិន​ខូច​ក៏​អត់​មានអី​ផ្ញើឱ្យ​ម៉ូយ​ដែរ ហើយ​ខ្ញុំ​ខាត​លើ​ខាត​ក៏មានដែរ​។ បុគ្គលិក​ខ្ញុំ​អត់​មាន​ឯកសណ្ឋាន​គ្រប់គ្រាន់ អត់​មាន​កន្លែង​លាងដៃ​ត្រឹមត្រូវ អត់​មានបាន​យល់​គោលការណ៍​អនាម័យ​ត្រឹមត្រូវ​មុន​ចូលធ្វើការ​»​។

​លោក​បញ្ជាក់ថា ក្រោយពី​ដឹង​ព័​ត៌​មាន​អំពី​គម្រោង CAPFish-Capture លោក​ក៏បាន​ដាក់ពាក្យ​ជាប់ ហើយ​ទទួលបាន​ការគាំទ្រ​ពី​គម្រោង​ដែលមាន​ឡស​ម្ងួ​ត ប្រព័ន្ធ​ចម្រោះ​ទឹក​ស្អាត តុ​លាង​ត្រី ទូ​ក្លាស្សេ និង​ជា​បន្ត​បន្ទាប់​ទទួលបាន​ម៉ាស៊ីន​វេច​ខ្ចប់​ស្វ័យ​​ប្រវត្តិ ម៉ាស៊ីន​ក្រឡុក​គ្រឿង ព្រមទាំង​ទូ​ក្លាស្សេ​ទ្វារ​៣​ផងដែរ​។ បើតាម​លោក សោ​ភ័​ណ្ឌ ការផលិត​បាន​ត្រីងៀត​ដែលមាន​គុណភាព​ល្អ ស្របតាម​ស្តង់ដា​បច្ចេកទេស គឺជា​ការជួយ​ដល់​សុខភាព​អ្នក​ទទួលទាន និង​ចូលរួម​កាត់បន្ថយ​ការពុល​អាហារ​។

​អ្នកស្រី​ ស៊ីម សេរី​រ័ត្ន សហ​ស្ថាបនិក​សហគ្រាស Home Taste Food នៅ​ខេត្តសៀមរាប ដែល​ផលិត​ត្រីងៀត​ដែរនោះ បានឱ្យដឹងថា ក្រោយ​សហ​គ្រាស​អ្នកស្រី​បានទទួល​វិញ្ញាបនបត្រ CQS បច្ចុប្បន្ន​អ្នកស្រី​កំពុង​បង្កើន​ផលិតកម្ម​ឱ្យបាន​ច្រើនជាង​មុន ខណៈ​បរិមាណ​ផលិត​ជា​មធ្យម ៣ ២៣២​គីឡូក្រាម​ក្នុង​ ១ ​ខែ​។ អ្នកស្រី​លើក​ឡើង​ថា ថ្មីៗ​នេះ​មាន​អ្នក​កុម្ម៉ង់​ទិញ​ម្នាក់​មកពី​ខាង​ប្រទេស​អូស្ត្រាលី ចង់​ទិញ​ត្រីងៀត​កម្ពុជា ប្រមាណ​ ៥​ តោន​ក្នុង​១​ទូ​កុងតឺន័រ ដោយ​គ្រោង​កុម្ម៉ង់​ ២ ​ខែ​ឬ​ ៣ ​ខែម្តង​បើ​អាច​ផ្គត់ផ្គង់​គ្រប់គ្រាន់​។

​អ្នកស្រី​ថ្លែងថា​៖« ​តម្រូវការ​របស់​អ្នក​ទិញ​ដែល​នៅ​ប្រទេស​អូស្ត្រាលី​គឺ​ដាក់​ក្នុង​កុងតឺន័រ​កក គាត់​ថា បើសិនជា​ផលិតភាព​ផលិត របស់​យើង​អត់​ទាន់​ដល់​កម្រិត​ទេ កន្លះ​កុងតឺន័រ​ក៏​គាត់​ព្រមយក​ដែរ គាត់​ថា កន្លះ​កុងតឺន័រ​គឺ​ ៥០០ ​កេស​ប្រហែលជា​ ៥​ តោន​»​។​

​អ្នកស្រី​បញ្ជាក់ថា ស្តង់ដា CQS គឺជា​គ្រឹះ ​១ ​សម្រាប់​ស្នើសុំ​យក​ស្តង់ដា​ផ្សេងៗ​ទៀត ដែល​ស្តង់ដា​នេះ​ប្រហាក់​​ប្រហែល​នឹង​ស្តង់ដា HACCP ហេតុនេះ​ការអនុវត្ត CQS បាន​នោះ​ស្តង់ដា​ផ្សេងៗ​ក៏​អាច​នឹង​អនុវត្តបាន​ដូចគ្នា​។

​អ្នកស្រី ឃឹម ចរិយា អ្នក​សម្រប​​សម្រួល​កម្មវិធី CAPFish បានឱ្យដឹងថា ការធ្វើការ​ជាមួយ​វិស័យ​ឯកជន​បាន​ជួយ​ឱ្យ​ម្ចាស់​សហគ្រាស អាច​កែប្រែ​អាជីវកម្ម ហើយ​មាន​ទាំង​លទ្ធភាព​ពង្រីក​អាជីវកម្ម​ផងដែរ​។​ទន្ទឹមនេះ​ដើម្បី​ពង្រីក​អាជីវ​កម្មបាន ម្ចាស់​សហគ្រាស​ត្រូវការ​បន្ថែមចំនួន​បុគ្គលិក និង​ឈានដល់​ការដំឡើង​ប្រាក់​ឈ្នួល​ដល់​បុគ្គ​លិ​ល​នៅពេល​ផលិតផល​ធ្វើបាន​កាន់តែច្រើន​។

​អ្នកស្រី​ថ្លែងថា​៖ «​នៅពេល​ទទួល​បានការ​សហការ​ពី​គម្រោង គឺ​គាត់​មាន​ទីតាំង មានការ​យល់ដឹង មាន​បង្រៀន​ពី​ចំណេះដឹង​ទៅ ធ្វើឱ្យ​សុខុមាលភាព​បុគ្គលិក​គាត់​ល្អប្រសើរ​ជាង​មុន​។ ទាក់ទង​ជាមួយ​ការជួយ​ដល់​សង្គម គឺ​គាត់​ផលិត​បាន​ផលិត​ផល​ដែលមាន​សុវត្ថិភាព សម្រាប់​ចែកចាយ​លើ​ទីផ្សារ​»​។

ក្រសួង​​កសិកម្ម និង​អង្គការ UNIDO បាន​បើក​ដំណើរការ​ទស្សនកិច្ច​សិក្សា និង​ផ្សព្វផ្សាយ​អំពី​សហគ្រាស​ជលផល​ក្រោយ​ប្រមូល​ផល​ដែល​ទទួលផល​ពី​គម្រោង CAPFish នៅ​ព្រឹក​ថ្ងៃទី​ ១៧ ខែកញ្ញា នៅ​ក្រសួងកសិកម្ម​។ ទស្ស​ន​កិច្ច​សិក្សា​នេះ ធ្វើ​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពង់ធំ និង​ខេត្ត​សៀម​​រាប ពីថ្ងៃ​ទី​ ១៧ ​ដល់ ​២០ ខែកញ្ញា ឆ្នាំ ២០២៣៕