ភ្នំពេញ​: ស្ថាប័ន​អន្តរជាតិ​ចំនួន​ ២ ​បាន​ទម្លាក់​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​រប​ស់​ប្រទេស​កម្ពុជា​ឆ្នាំនេះ ដោយសារតែ​វិស័យ​ឧស្សាហកម្ម និង​កសិកម្ម​មាន​កំណើន​តិចជាង​ការរំពឹងទុក​នៅ​ឆមាស​ទី​១ បណ្តាលមកពី​ការធ្លាក់ចុះ​សេដ្ឋកិច្ច​សកល​។​

​ធនាគារអភិវឌ្ឍន៍អាស៊ី​ ADB នៅ​ថ្ងៃទី ​២០ ខែកញ្ញា បាន​ទម្លាក់​ការ​ព្យាករ​កំណើន​សម្រាប់​ឆ្នាំ ២០២៣ ​ពី​ ៥,៥​ ភាគរយ​ដែល​ព្យាករ​កាលពី​ខែមេសា ២០២៣ មក​នៅត្រឹម ៥,៣ ភាគរយ​។ ការទម្លាក់​ចំណាត់ថ្នាក់​នេះ​ឆ្លុះបញ្ចាំង​ពី​ឧស្សាហកម្ម និង​កសិកម្ម​ដែល​រីកលូតលាស់​តិចជាង​ការរំពឹងទុក​នៅ​ឆមាស​ទី​១​។ ការ​ព្យាករ​អតិផរណា​ត្រូវបាន​រក្សា​នៅ​ដដែល​សម្រាប់​ឆ្នាំនេះ និង​ឆ្នាំក្រោយ ទោះបីជា​មានការ​ប្រែប្រួល​ប្រចាំត្រីមាស​នៃ​តម្លៃ​ប្រេងឥន្ធនៈ​អន្តរ​ជាតិ​ក៏ដោយ​។​

​យោងតាម​ធនាគារ​មួយ​នេះ ការ​នាំចេញ​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​បាន​ធ្លាក់ចុះ ១៨,៦​ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​នៅ​ឆមាស​ទី​១​។ ការធ្លាក់ចុះ​នេះ​ត្រូវបាន​ប៉ះប៉ូវ ១​ ផ្នែក​ដោយ​ការ​កើន​ឡើង ២២,៩​ ភាគរយ​នៃ​ការនាំចេញ​ផលិតផល​ផ្សេងទៀត​ក្រៅពី​សម្លៀក​បំពាក់ ជាពិសេស​គ្រឿងបន្លាស់​រថយន្ត សូ​ឡា និង​គ្រឿងសង្ហារិម និង​ការ​នាំចូល​សម្ភារ​សំណង់​ធ្លាក់ចុះ ៦,៣​ ភាគរយ​។​

«​ចក្ខុវិស័យ​កំណើន​ល្អប្រសើរ​នៅក្នុង​បណ្តា​ប្រទេស​អភិវឌ្ឍន៍​សំខាន់ៗ គួរតែ​បង្កើន​ការនាំចេញ​របស់​កម្ពុជា​នៅ​ឆមាស​ទី​២​។ ការ​ព្យាករ​កំណើន​ទិន្នផល​ឧស្សា​ហ​កម្ម​នៅ​ឆ្នាំ ២០២៣ ត្រូវបាន​កាត់បន្ថយ​ពី ៥,៨ ​ភាគរយ មក​នៅត្រឹម ៤,៨ ភាគរយ ប៉ុន្តែ​ទិន្នផល​ត្រូវបាន​គេ​រំពឹងថា​នឹង​កើនឡើង ៨,០​ ភាគរយ​នៅ​ឆ្នាំ ២០២៤»​។

ធនាគារ​មួយ​នេះ​បន្តថា​៖ «​ហានិភ័យ​ចំពោះ​ចក្ខុវិស័យ​នៅតែ​លម្អៀង​ទៅរក​ការធ្លាក់ចុះ​។ ហានិភ័យ​ទាំងនោះ រួមមាន​កំណើន​ចុះខ្សោយ​នៅ​បណ្ដា​ប្រទេស​អភិវឌ្ឍន៍ ការមកដល់​នៃ​ភ្ញៀវទេសចរ និង​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​កាន់តែ​តិច ការ​រឹតបន្តឹង​លក្ខខណ្ឌ​ហិរញ្ញវត្ថុ​សកល​រយៈពេល​វែង ការកើនឡើង​តម្លៃ​ថាមពល ក្តីបារម្ភ​ដោយសារតែ​បំណុល​ឯកជន​ខ្ពស់ និង​ស្ថិរភាព​ហិរញ្ញវត្ថុ​ក្នុងស្រុក និង​បញ្ហា​ប្រែប្រួល​អាកាសធាតុ​»​។​

​ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន​+៣ ដែលមាន​មូលដ្ឋាន​នៅ​សិង្ហ​បុរី កាលពី​ថ្ងៃទី ​១៩ ខែកញ្ញា បាន​ព្យាករ​ថា កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នឹង​កើនឡើង ៥,៣​ ភាគរយ​នៅ​ឆ្នាំ ២០២៣ កើនឡើង​ពី ៥,២ ​ភាគរយ​កាលពី​ឆ្នាំ ២០២២​។ ស្ថាប័ន​នេះ គូសបញ្ជាក់​ផងដែរ​ថា សេដ្ឋកិច្ចកម្ពុជា​បន្ត​ស្ទុះ​ងើប​ឡើងវិញ​យ៉ាងរឹងមាំ នៅក្នុង​វិស័យ​សេវាកម្ម​។ ទោះជា​យ៉ាងណា វិស័យ​ផលិតកម្ម ជាពិសេស​វិស័យ​កាត់ដេរ​បាន​ជួបនឹង​បញ្ហា​ខាងក្រៅ​។

​លោក​ Jinho Choi សេដ្ឋវិទូ​ជាន់ខ្ពស់​នៅ​ស្ថាប័ន​នេះ បាន​ថ្លែងថា​៖ «​សេដ្ឋកិច្ច​កម្ពុជា​ត្រូវបាន​គេ​ព្យាករ​ថា នឹងមាន​កំណើន ៥,៣​ ភាគរយ​នៅ​ឆ្នាំ​ ២០២៣ កើនឡើង​ពី ៥,២ ​ភាគរយ​នៅ​ ២០២២​។​ការ​ស្ទុះ​ងើបឡើង​វិញ​ដ៏​រឹងមាំ​នៃ​វិស័យ​ទេសចរណ៍ រួម​ជាមួយនឹង​ការប្រើប្រាស់​ក្នុងស្រុក​ដ៏​ច្រើន នឹង​ជួយ​ទ្រទ្រង់​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ដែល​កំពុង​បន្ត​»​។

លោក​បន្តថា​៖ «​កំណើនសេដ្ឋកិច្ច ត្រូវបាន​គេ​រំពឹងថា នឹង​កើន​ឡើងដល់ ៦,២ ភាគរយ​នៅ​ឆ្នាំ​ ២០២៤ ដោយសារតែ​ការប្រើប្រាស់​ប្រកបដោយ​ភាព​ធន់ និង​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​ការនាំចេញ​សម្លៀកបំពាក់​ឆ្លុះបញ្ចាំង​ពី​ផល​ចំណូល​នៅក្នុង​ផលិតកម្ម​ពិភពលោក​»​។​

​យោងតាម​ធនាគារ​ ADB វិស័យ​កសិកម្ម​មានកំ​ណើ​ន​យឺត​នៅ​ឆ្នាំនេះ ដែល​កំណើន​ត្រូវបាន​កែតម្រូវ​ទម្លាក់​ពី ១,១​ ភាគរយ មក​នៅត្រឹម ០,៩ ភាគរយ និង​នៅ​ឆ្នាំ​ ២០២៤ ពី ១,២ ភាគរយ មក​នៅត្រឹម ១,១​ ភាគរយ​។​

​ទន្ទឹមនឹងនេះ សម្រាប់​វិស័យ​សេវាកម្ម​បាន​លើសពី​ការរំពឹងទុក​នៅក្នុង​ឆ្នាំ ២០២៣ ដែល​ភាគច្រើន​ដោយសារតែ​វិស័យ​ទេសចរណ៍​បាន​ស្ទុះ​ងើបឡើង​វិញ​យ៉ាងខ្លាំង ដែល​គាំទ្រ​ដោយ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​អាស៊ីអាគ្នេយ៍ ខណៈដែល​ឥណទាន​រប​ស់​ធនាគារ​ក្នុង​រយៈពេល ៥ ខែ​ដំបូង​សម្រាប់​ពាណិជ្ជ​កម្ម​លក់ដុំ និង​លក់រាយ​បាន​កើនឡើង ១២,៥​ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ការដឹកជញ្ជូន​កើនឡើង ៩,៦ ​ភាគរយ សណ្ឋាគារ និង​ភោជនីយដ្ឋាន​កើនឡើង ៧,៤​ ភាគរយ​។

​ការ​ព្យាករ​កំណើន​សេវាកម្ម​នៅ​ឆ្នាំ ២០២៣ ត្រូវបាន​កែតម្រូវ​ពី ៧,៣ ភាគរយ ដល់ ​៨,០​ ភាគរយ ប៉ុន្តែ​កំណើន​វិស័យនេះ ត្រូវបាន​គេ​រំពឹងថា នឹង​ធ្លាក់​ចុះមក​ត្រឹម ៦,៥​ ភាគរយ​នៅ​ឆ្នាំ ២០២៤​។ ការ​នាំចូល​ទំនិញ​បាន​ធ្លាក់ចុះ ២២,៩ ​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ដោយ​ការ​នាំចូល​ក្រណាត់​ធ្លាក់ចុះ ១៧,៩ ភាគរយ ប្រេងឥន្ធនៈ ១០,០ ​ភាគរយ និង​យានយន្ត ២៦,៩​ ភាគរយ​៕