រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ បានប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ២១ ខែកញ្ញា​ថា ប្រទេស​រុស្ស៊ី ​​បានធ្វើ​ការផ្អាក​ជាបណ្តោះ​អាសន្ន​នូវការនាំចេញ​ប្រេង​សាំង និងប្រេង​ម៉ាស៊ូត​ទៅកាន់​បណ្ដាប្រទេស​ទាំងអស់​ក្រៅពី​អតីតរដ្ឋ​ចំណុះ​ចំនួន ៤ កាលពី​សម័យ​សហភាព​សូវៀត។ ហើយវិធានការ​នេះ​ផងដែរ គឺបានដាក់​ចេញ​ឱ្យ​អនុវត្ត​ភ្លាមៗ ក្នុងគោលបំណង​ដើម្បី​រក្សាស្ថិរភាព​ទីផ្សារ​ក្នុង​ស្រុក​របស់​រុស្ស៊ី។

រុស្ស៊ី​បានបញ្ជាក់​ថា ការផ្អាក​ការនាំចេញ​នេះ​មិនអនុវត្ត​ទៅលើ​បណ្ដា​ប្រទេស​សមាជិក​នៃសហភាព​សេដ្ឋកិច្ច​អឺរ៉ាស៊ី ដែលដឹកនាំ​ដោយ​ម៉ូស្គូ​នោះទេ ក្នុងនោះ​រួមមាន​ប្រទេស​បេឡារុស្ស កាហ្សាក់ស្ថាន អាមេនី និងកៀហ្ស៊ីស៊ីស្ថាន។

ទីក្រុង​ម៉ូស្គូ​បានបន្ថែមនៅ​ក្នុងសេចក្តី​ថ្លែងការណ៍​ថា «ការរឹត​បន្តឹង​បណ្តោះ​អាសន្ន​នេះ នឹងជួយ​ធ្វើឱ្យ​ទីផ្សារ​ប្រេង​ឥន្ធនៈ​មានលំនឹង ពោលគឺ​នឹងធ្វើ​ឱ្យ​តម្លៃ​ប្រេង​ឥន្ធនៈ​មានការធ្លាក់​ចុះ​សម្រាប់​អ្នក​ប្រើប្រាស់»។ ក្រសួង​ថាមពល​របស់​រុស្ស៊ី​បានលើកឡើង​ថា វិធានការនេះ​មានគោលបំណង​បញ្ឈប់​ការនាំចេញ​ប្រេង​ឥន្ធនៈ​ដោយគ្មាន​ការអនុញ្ញាត។

ការផ្អាក​ការនាំចេញ​នេះ​គឺគ្មាន​ពេល​កំណត់ទេ ហើយការសម្រេច​បែបណាទៀត​នាពេល​ខាងមុខ គឺអាស្រ័យ​ទៅលើ​ភាពជាក់ស្ដែង​នៃទីផ្សារ​ប្រេង នេះ​បើយោងតាម​អនុរដ្ឋមន្ត្រី​ថាមពល​ទីមួយ​របស់​រុស្ស៊ី លោក ផាវ៉េល សូរ៉ុគីន (Pavel Sorokin)។ លោកបាននិយាយ​ថា «យើង​រំពឹង​ថា​វានឹង​ជះឥទ្ធិពល​ទៅលើ​ទីផ្សារ​ភ្លាមៗ ប៉ុន្តែ​លទ្ធផល​ចុងក្រោយ​គឺអាស្រ័យ​ទៅលើ​ថា​តើ​តម្រូវការ​ទីផ្សារ​គ្រប់គ្រាន់​ហើយ​ឬនៅ ហើយ​តើវា​នឹងផ្ដល់​លទ្ធផល​បែបណា»។

ក្នុងរយៈពេល​ប៉ុន្មានខែ​ចុងក្រោយនេះ ប្រទេស​រុស្ស៊ី​បានជួប​ប្រទះ​នឹងការខ្វះខាត​ប្រេង​សាំង និងម៉ាស៊ូត ដែលធ្វើ​ឱ្យ​តម្លៃ​ប្រេង​លក់រាយ​បានកើនឡើង​គួរ​ឱ្យកត់​សម្គាល់ បើទោះបីជា​តម្លៃ​លក់រាយ​ទាំងនោះ​ត្រូវបាន​កំណត់​ពីរដ្ឋាភិបាល​ដើម្បី​ព្យាយាម​ធ្វើយ៉ាងណា​ឱ្យ​ស្របទៅ​តាមអត្រា​អតិផរណា​ជាផ្លូវការ​ក៏ដោយ។

ការកើនឡើង​នៃតម្លៃ​ប្រេងនេះ បានធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​តំបន់​ខ្លះ​នៃប្រទេស​រុស្ស៊ី ជាពិសេស​តំបន់​ភាគខាងត្បូង​ដែលជា​តំបន់​ផលិត​ស្រូវ ហើយប្រជាជន​រុស្ស៊ី​នៅទីនោះ ត្រូវការ​ប្រេង​សម្រាប់​យានយន្ត​ដើម្បី​ប្រមូល​ផលស្រូវ។ វិបត្តិ​ដ៏ធ្ងន់ធ្ងរ​មួយនេះ អាច​ជាឧបសគ្គ​សម្រាប់​វិមាន​ក្រឹមឡាំង​ដែលត្រូវ​ដោះស្រាយ ដោយសារតែ​ការបោះឆ្នោត​ប្រធានាធិបតី​នឹង​ឈានមក​ដល់​នៅខែ​មីនា​ខាងមុខ​នេះ។

ក្រុមពាណិជ្ជករ​បានអះអាង​ថា ទីផ្សារ​ឥន្ធនៈ​ត្រូវបាន​រង​ផលប៉ះពាល់​ដោយ​កត្តា​ជាច្រើន ក្នុងនោះ​រួមមាន​បញ្ហាការ​ថែទាំ​រោងចក្រ​ចម្រាញ់​ប្រេង ការស្ទះ​លើ​ផ្លូវ​រថភ្លើង និងការធ្លាក់​ចុះ​នៃតម្លៃ​ប្រាក់​រូប​ល (រូបិយប័ណ្ណ​របស់​រុស្ស៊ី) ដែលជា​កត្តា​ជំរុញ​ឱ្យ​មានការនាំចេញ​ប្រេង​ឥន្ធនៈ​កាន់តែ​ច្រើន។

ប្រទេស​រុស្ស៊ី​បានកាត់​បន្ថយការ​នាំចេញ​ប្រេង​ម៉ាស៊ូត និងប្រេង​សាំង​តាមសមុទ្រ​របស់​ខ្លួន​រហូត​ដល់​ទៅ​ជិត ៣០% មកនៅ​ត្រឹមប្រហែល ១,៧ លាន​តោន​ក្នុង​រយៈពេល ២០ ថ្ងៃ​ដំបូង​នៃ​ខែកញ្ញា ធៀបនឹង​រយៈពេល​ដូចគ្នា​ក្នុង​ខែសីហា នេះបើយោង​តាម​ក្រុមពាណិជ្ជករ និងទិន្នន័យ​របស់​ក្រុមហ៊ុន LSEG ។

សេចក្តីថ្លែង​ការណ៍​របស់​រដ្ឋាភិបាល​ខាងលើ​បានបន្ថែម​ថា «ពីមុន ដើម្បី​រក្សា​ស្ថិរភាព​ទីផ្សារ​ឥន្ធនៈ រដ្ឋាភិបាល​បានដំឡើង​បរិមាណ​ផ្គត់ផ្គង់​ប្រេងសាំង និងប្រេង​ម៉ាស៊ូត ទៅក្នុង​ការទិញ​លក់​នៅលើ​ទីផ្សារ។ ឥឡូវ​នេះ យើង​កំពុង​តាមដាន​យ៉ាង​យក​ចិត្តទុក​ដាក់ទៅ​លើ​តម្រូវការ​ទិញ​ប្រេង​ឥន្ធនៈ​របស់​កសិករ និង​ធ្វើការ​កែតម្រូវ​ឱ្យបាន​ឆាប់​រហ័ស​ទៅតាម​តម្រូវ​ការ​របស់​ពួកគេ»។ គួរដឹងដែរ​ថា កាលពី​ឆ្នាំ​មុន ប្រទេស​រុស្ស៊ី​បាននាំចេញ​ប្រេង​សាំង​ចំនួន ៤,៨១៧ លាន​តោន និងប្រេង​ម៉ាស៊ូត​ជិត ៣៥ លាន​តោន៕