
ទិដ្ឋភាពយន្តហោះនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៣។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) ដើម្បីឆ្លើយតបទៅនឹងការវិវត្ត ការរីកចម្រើន និងការប្រែប្រួលបច្ចេកវិទ្យាអាកាសចរស៊ីវិលដែលកាន់តែទំនើប និងស៊ីជម្រៅ រួមទាំងរចនាសម្ព័ន្ធគ្រប់គ្រង ជាពិសេសដើម្បីឆ្លើយតបនឹងលក្ខខណ្ឌតម្រូវបន្ថែមមួយចំនួនក្នុងនាមជាសមាជិក ICAO។
ការសម្រេចនេះបានធ្វើឡើងកាលពីថ្ងៃទី ២០ ខែកញ្ញា ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលត្រូវបានរៀបចំឡើងចំនួន ១១ មាត្រា ហើយត្រូវបានសម្រេចឯកភាពដោយអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។
បើយោងតាមសេចក្តីប្រកាសព័ត៌មានលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដោយទទួលបានការគាំទ្រ និងចង្អុលបង្ហាញផ្ទាល់ពីអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន SSCA មានការអភិវឌ្ឍដូចបណ្តាប្រទេសជិតខាង និងក្នុងតំបន់លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូនតាមតាមផ្លូវអាកាស ប្រកបដោយសន្តិសុខ សុវត្ថិភាព មានទំនុកចិត្តដល់អ្នកធ្វើដំណើរ និងមានលក្ខណៈសេដ្ឋកិច្ច ជាពិសេសកិច្ចការពារបូរណភាពដែនអាកាសនៃប្រទេសកម្ពុជា។
សេចក្តីប្រកាសដដែលលើកឡើងថា ក្នុងនាមជាសមាជិក ICAO រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) ត្រូវភ្ជាប់ខ្លួនទៅនឹងបទដ្ឋានស្តង់ដាអន្តរជាតិ ដែលក្នុងនោះក្របខ័ណ្ឌនៃកាតព្វកិច្ចអន្តរជាតិអង្គការ ICAO បានធ្វើសវនកម្មលើវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា និងបានរកឃើញចំណុចដែលត្រូវបំពេញបន្ថែមពាក់ព័ន្ធនឹងគោលការណ៍ រចនាសម្ព័ន្ធគ្រប់គ្រង និងការចាត់ចែងការងារអាកាសចរណ៍ស៊ីវិល។
«រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលជំនួសច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលឆ្នាំ ១៩៩៦ នៅក្នុងគោលបំណងលើកកម្ពស់ និងធានាដល់ដំណើរការគ្រប់គ្រង ចាត់ចែង និងអភិវឌ្ឍន៍វិស័យអាកាសចរណ៍ស៊ីវិលនៃប្រទេសកម្ពុជា ស្របតាមស្ថានភាពវិវឌ្ឍន៍ប្រទេសដែលកំពុងមានការរីកចម្រើន និងការប្រែប្រួលខាងបច្ចេកវិទ្យាអាកាសចរណ៍ស៊ីវិលកាន់តែទំនើប និងស៊ីជម្រៅរួមទាំងរចនាសម្ព័ន្ធគ្រប់គ្រងផងដែរ ជាពិសេសដើម្បីឆ្លើយតបនឹងលក្ខខណ្ឌតម្រូវបន្ថែមមួយចំនួនក្នុងនាមជាសមាជិកអង្គការ ICAO»។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដដែល។
លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យ SSCA បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ២១ ខែកញ្ញាថា តាមរយៈច្បាប់ថ្មីនេះស្ថាប័នរបស់លោកនឹងលែងស្ថិតក្រោមទីស្តីការគណៈរដ្ឋមន្ត្រីទៀតហើយ គឺត្រូវមកស្ថិតក្រោមគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីដោយមានការដឹកនាំដោយរដ្ឋមន្ត្រី ១ រូប។
លោកថ្លែងថា៖ «ពិតណាស់ ជាមួយសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលនេះនឹងមានការធ្វើបច្ចុប្បន្នភាពមួយចំនួនដើម្បីឆ្លើយតបនឹងការវិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិល និងបច្ចេកវិទ្យាក្នុងការធានាសុវត្ថិភាពក្នុងការធ្វើដំណើរនិងស្របតាមស្តង់ដារបស់ ICAO»។
ប្រទេសកម្ពុជាបានបង្កើតជាដំបូងនូវការិយាល័យអាកាសចរណ៍ស៊ីវិល នៅឆ្នាំ ១៩៥៥ និងចូលជាសមាជិកអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) នៅឆ្នាំ ១៩៥៦។ បន្ទាប់ពីវិវឌ្ឍខ្លួនជាបន្តបន្ទាប់ការិយាល័យអាកាសចរណ៍ស៊ីវិលត្រូវបានប្តូរទៅជាអាជ្ញាធរអាកាសចរណ៍ស៊ីវិលដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៣។ ក្រោយមក អាជ្ញាធរអាកាសចរណ៍ស៊ីវិលត្រូវបានប្តូរឈ្មោះទៅជារដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅឆ្នាំ ១៩៩៦។
បច្ចុប្បន្នប្រទេសកម្ពុជាមានអាកាសយានដ្ឋានអន្តរជាតិសំខាន់ៗចំនួន ៣ កំពុងដំណើរការ គឺភ្នំពេញ សៀមរាប និងព្រះសីហនុ។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីគ្រោងនឹងដំណើរការនៅពាក់កណ្តាលខែតុលា ឆ្នាំ ២០២៣ និងអាចផ្ទុកអ្នកដំណើរពី ៧-១០ លាននាក់ ក្នុង ១ ឆ្នាំ និងអាចស្វាគមន៍ការហោះហើរពីទីឆ្ងាយៗ។ ចំណែកអាកាសយានដ្ឋានអន្តរជាតិតារាសាគរនៅខេត្តកោះកុង ដែលមានទុនវិនិយោគ ២០០ លានដុល្លារ និងអាចផ្ទុកអ្នកដំណើរបាន ២ លាននាក់ ក្នុង ១ ឆ្នាំ ក៏គ្រោងនឹងចាប់ផ្តើមនៅឆ្នាំនេះផងដែរ៕