ភ្នំពេញៈ បើ​ទោះ​បី​ចំនួនទឹកប្រាក់​​​នៃ​​​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​​ទ្វេភាគី​កម្ពុជា​ ជា​មួយ​នឹងបណ្តា​ប្រទេស​​មួយ​ចំនួន​​​ធ្លាក់​ចុះ ប៉ុន្តែ​សម្រាប់​ទំហំ​ពាណិជ្ជ​កម្ម​កម្ពុជា-​ឥណ្ឌា​ នៅ​តែ​បង្ហាញ​ភាព​​វិជ្ជមាន​​ដដែល ដោយ​រយៈ​ពេល ៨​ ខែ​ ដើម​ឆ្នាំ​២០២៣ សម្រេច​បាន​ជិត ៣០៧ ​លាន​ដុល្លារកើនជិត ៧ ​ភាគ​រយ​ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុងឆ្នាំ​២០២២ ក្នុង​នោះ​ទំនិញ​កម្ពុជា​ នាំ​ទៅ​ឥណ្ឌា ​កើន​ឡើង​​​ជិត ៤០​ ភាគ​រយ។ នេះ​បើ​តាម​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)។

តារាង​ស្ថិតិ​ជញ្ជីង​ពាណិជ្ជ​កម្ម​ទំនិញ​អន្តរ​ជាតិ​របស់ GDCE ឱ្យ​ដឹង​ថា ពី​ខែ​មករា-​​​ខែ​សីហា ឆ្នាំ​២០២៣ ការ​ធ្វើ​ពាណិ​ជ្ជ​កម្ម​រវាង​ប្រទេស​ទាំង ២ មាន​ទឹកប្រាក់​សរុប ៣០៦,៩២ ​លាន​ដុល្លារ កើន​ឡើង ៦,៦​ភាគ​រយ​បើធៀប​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២២ ដែល​មាន ២៨៧,៧៨ លាន​ដុល្លារ នៅ​ក្នុង​នោះ​ទំនិញ​កម្ពុជា​នាំ​ទៅ​ឥណ្ឌា មានចំនួន​ ១៦១,៣៥​ លាន​ដុល្លារ កើន​៣៨,៧​ភាគ​រយ និងទំនិញ​នាំ​ពី​ឥណ្ឌា​ មក​កម្ពុជា ១៤៥,​៥៧ ​លាន​ដុល្លារ ធ្លាក់​ ១៥,១​ ភាគ​រយ​។​ ផ្អែក​តាម​តួលេខ​ខាង​លើ គឺ​ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា​ មាន​​ឧត្តម​ភាព​ប្រមាណ ១៥,៧៨​ លាន​ដុល្លារ​។ ​ប្រទេស​ឥណ្ឌា គឺ​ជា​ដៃគូ​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​ធំ​ទី​១៩ របស់​កម្ពុជា។

អនុ​ប្រធាន​សភា​ពាណិជ្ជ​កម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អាយុកាល​​ដ៏​យូរ​អង្វែង​នៃ​ទំនាក់​ទំនង​វប្បធម៌​ប្រពៃណី ការ​ទូត និង​ពាណិ​ជ្ជ​កម្ម​កម្ពុជា-​ឥណ្ឌា បាន​ធ្វើ​ឱ្យ​ចរន្ត​នាំ​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជ​កម្ម​ប្រទេស​ទាំង ២ កើន​ឡើង​ជា​បន្ត​​បន្ទាប់​ ពិសេស​ការ​នាំ​ចេញ​របស់​កម្ពុជា។ កំណើន​ទឹកប្រាក់​នាំ​ចេញ​របស់​កម្ពុជា ​ភាគ​ច្រើន​បាន​មកពី​ផលិត​ផល​កសិ​កម្ម។ លោក​បន្ត​ថា ដោយ​សារ​បច្ចុប្បន្ន​​សមត្ថ​ភាព​ផលិត​ប្រទេ​ស​ទាំង ២ កំពុង​កើន​ឡើង​ដូច​គ្នា ដូច្នេះ​នៅ​ពេល​វិបត្តិ​អន្តរ​ជាតិ​នានា​ដែល​កំពុង​កើត​មាន​​ពេល​នេះ​​បញ្ចប់ គឺ​សម្ទុះ​នៃ​ការ​ផ្លាស់​ប្តូរ​ទំនិញ​ប្រទេស​ទាំង ២ ប្រាកដ​​ជា​នឹង​ហក់​ឡើង​បន្ថែម​ទៀត​។

លោក​​អះអាង​ថា៖«ភាព​​វិជ្ជ​មាន​នៃ​ទំហំ​ពាណិជ្ជ​កម្ម​ប្រទេស​ទាំង ២ នឹង​កើន​​ទៀត​នៅ​ពេល​ខាង​មុខ​។ ឥណ្ឌា ​ជា​ប្រទេស​ធំ និង​មាន​ប្រជាជន​ច្រើន​ជាង​គេ​លើ​ពិភព​លោក ដូច្នេះ​កម្ពុជា​ត្រូវ​​តែ​ខិត​ខំ​បន្ថែម​ទៀត​ដើម្បី​ជំរុញ​ការ​នាំ​ចេញ​ទំនិញ​របស់​ខ្លួន​ឱ្យ​បាន​កាន់​តែ​ច្រើន»។

យោង​តាម​គេហទំព័រ worldometers.info បច្ចុប្បន្ន​នេះ​ឥណ្ឌា​ ជា​ប្រទេស​​មាន​ប្រជាជន​ច្រើន​ជាង​គេ​លើ​​ពិភព​លោក​ ​គឺ​ចំនួន​ ១ ៤២៨,៦៣ ​លាន​នាក់ នាំ​មុខ​ប្រទេស​ចិន​ ដែល​មាន​​

១ ៤២៥,៦៧​ លាន​នាក់​។​

ទំនិញ​ដែល​កម្ពុជា​នាំ​ទៅ​ប្រទេស​ឥណ្ឌា​ រួម​មាន ផលិតផល​វាយន​ភណ្ឌ និង​កសិកម្ម​ ចំណែក​​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ឥណ្ឌា មាន​ដូច​ជា ​ផលិត​ផល​បច្ចេក​វិទ្យា សម្ភារ​វេជ្ជសាស្រ្តឱសថ ជា​ដើម​។ ក្រៅ​ពី​ការ​នាំ​ចេញនាំ​ចូល​ទំនិញ ប្រទេស​ទាំង ២ ក៏​​មាន​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក​ច្រើន​ផង​ដែរ​ជា​រៀង​រាល់​ឆ្នាំ​។ ​នេះ​បើ​យោង​តាម​លោក លឹម ហេង​។

លោក កុយ គួង ឯក​អគ្គ​រាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌា បាន​ប្រាប់​សារ​ព័ត៌មាន​ឥណ្ឌា ANI កាល​ពី​ថ្ងៃទី​២៦ ខែ​សីហា ថា ទំនាក់​ទំនង​ការទូត​​​ឥណ្ឌា-​​កម្ពុជា បាន​ឈាន​ដល់​កម្រិត​ខ្ពស់​គួរ​ឱ្យ​កត់​សម្គាល់។ លោក​សង្ឃឹម​ថា ជើង​ហោះ​ហើរ​ត្រង់​រវាង​ឥណ្ឌា និង​កម្ពុជា​នឹង​អាច​ចាប់​ផ្តើម​នៅ​ដើម​ឆ្នាំ​២០២៤​។​

លោក កុយ គួង ត្រូវ​បាន​​ដក​ស្រង់​សម្ដី​ដោយ​លើក​ឡើង​ថា​៖​​«​ទំនាក់​ទំនង​រវាង​កម្ពុជា និង​ឥណ្ឌា នៅ​ពេល​នេះ​បាន​ឈាន​ដល់​កម្រិត​ថ្មី​មួយ ជា​ពិសេស​នៅ​ពេល​ដែល​ប្រទេស​ទាំង​ ២ ​​ប្រារព្ធ​ខួប​លើក​ទី៧០​នៃ​ទំនាក់ទំនង​ការ​ទូត​​ប្រទេស​ទាំង២​»​។​

លោក​ថ្លែង​ថា​៖​«​ឥណ្ឌា​​ មាន​ជើង​ហោះហើរ​ត្រង់​ពី​ឥណ្ឌា​ទៅ​កាន់​សមាជិក​អាស៊ាន​ ៩​ ផ្សេង​ទៀត​លើក​លែង​​​កម្ពុជា​។ ដូច្នេះ​នៅ​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ យ៉ាង​ហោច​ណាស់​នៅ​ដើម​ឆ្នាំ​២០២៤ ឥណ្ឌា​នឹង​បើក​លទ្ធ​-​ភាព​​ការហោះ​ហើរ​ត្រង់​ពី​ទីក្រុង​​ញូវដែលី​ មក​​​ប្រទេស​កម្ពុជា​។ ដូច្នេះ​យើង​សង្ឃឹម​ថា នៅ​ដើមឆ្នាំ​ក្រោយ​អាច​នឹង​មាន​ជើងហោះ​ហើរ​ត្រង់​។ ដូច្នេះ វា​នឹង​ងាយ​ស្រួល​សម្រាប់​ប្រជាជន​នៃ​​ប្រទេស​ទាំង​២​ ក្នុង​ការ​ធ្វើដំណើរ​ក្នុង​នាម​ជា​ភ្ញៀវ​ទេសចរ ឬ​វិនិយោ​គិន​»​។​

ក្នុង​ឆ្នាំ​២០២២ ការ​ផ្លាស់​ប្តូរ​ពាណិជ្ជ​កម្ម​កម្ពុជា-​ឥណ្ឌា មាន​ទឹក​ប្រាក់​សរុប ៤៤០លាន​ដុល្លារ កើន​ ៤១,៣៧​ភាគ​រយ​បើ​ធៀប​​​នឹង​ឆ្នាំ​២០២១ ក្នុង​នោះ​កម្ពុជា​នាំ​ទំនិញ​ទៅ​ឥណ្ឌា​ ចំនួន ១៩៦,៦៣​លាន​ដុល្លារ កើន ៥៦​ភាគ​រយ និង​ឥណ្ឌា​នាំ​​មក​វិញ ២៤៣,៣៧​លាន​ដុល្លារ កើន ៣១,៤​ភាគ​រយ​។ នេះ​បើ​​តាម​ទិន្នន័យ​ពី​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕