​គ្រឹះស្ថាន​ឯកជន​ចំនួន ​៣ បាន​សហការគ្នា​ផ្តល់ប្រាក់​កម្ចី​បន្ថែមទៀត​ ដល់​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) ដែលជា​កិច្ចខិតខំ​ប្រឹងប្រែង​មួយ ដើម្បី​បង្កើន​លទ្ធភាព​នៃ​ការទទួលបាន​ហិរញ្ញវត្ថុ​សម្រាប់​ការពង្រីក​អាជីវកម្ម និង​និរន្តរភាព​របស់​ពួកគេ ស្របពេល​នៃ​ការធ្លាក់ចុះ​សេដ្ឋកិច្ច​នៃ​សេដ្ឋកិច្ច​សកល​។​

​កាលពី​ថ្ងៃទី​២២ ខែសីហា ២០២៣ សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា (CGCC)​ សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា (FASMEC) ​និង​ធនាគារ​វី​ង បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា លើ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ ក្នុង​គោលបំណង​បង្កើន​លទ្ធភាព​ទទួលបាន​កម្ចី​ដែលមាន​ការធានា សម្រាប់​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច​និង​មធ្យម (SMEs) នៅ​កម្ពុជា​។ នេះ​បើ​យោងតាម​ CGCC​។​

​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ការិយាល័យ​កណ្ដាល​ធនាគា​រ​វី​ង នឹង​ត្រូវបាន​ចូលរួម​ចុះហត្ថលេខា​ដោយ លោក Wong Keet Loong អគ្គនាយក CGCC លោក​ឧកញ៉ា តែ តាំង​ប៉ ប្រធាន​ក្រុមប្រឹក្សាភិបាល FASMEC និង​លោក Han Peng Kwang នាយក​ប្រតិបត្តិ​របស់​ធនាគារ​វី​ង​។​កិច្ចសហប្រតិបត្តិការ​នេះ នឹង​ផ្តល់​ការគាំទ្រ​ដល់​សមាជិក​-​សមាជិកា FASMEC ក្នុង​ការទទួល​ហិរញ្ញប្បទាន ចាំបាច់ ឆ្លើយតប​ទៅនឹង​បញ្ហា​ខ្វះ​ទ្រព្យ​ធានា តាមរយៈ​ការធានា​ឥណទាន និង​ជាពិសេស​ចូលរួម​លើកស្ទួយ​ចំណេះដឹង​ហិរញ្ញវត្ថុ ជូន​ដល់​សមាជិក​-​សមាជិកា​របស់ FASMEC នៅ​ទូទាំងប្រទេស​»​។ នេះ​បើ​យោងតាម​សេចក្ដីជូនដំណឹង​។​

​សេចក្ដីជូនដំណឹង​បាន​បន្ថែមថា​៖ «​ភាពជា​ដៃគូ​រវាង CGCC, FASMEC, និង​ធនាគារ​វី​ង នេះ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​រួមគ្នា​ក្នុងការ​លើកកម្ពស់​ការ​អភិវឌ្ឍ​កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា​។ តាមរយៈ​ស្មារតី​រួមគ្នា​នេះ ស្ថាប័ន​ទាំង​៣ នឹង​រួមគ្នា​សម្រួល​ដល់​ក្រុមហ៊ុន​/​អាជីវកម្ម ដោយ​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​ហិរញ្ញប្បទាន និង​ចំណេះដឹង​ហិរញ្ញវត្ថុ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ក្នុងប្រទេស​»​។​

​លោក តែ តាំង​ប៉ ប្រធាន FASMEC បានឱ្យដឹងថា​កិច្ចសហការ​នេះ​គឺជា​ជំហាន​មួយ​ដ៏​សំខាន់ និង​ការគាំទ្រ​ដ៏​ល្អ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុងស្រុក ដែល​កំពុង​ប្រឈម​កង្វះ​ទ្រព្យ​ធានា ដើម្បី​ទទួលបាន​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​បន្ថែមទៀត​ដើម្បី​គាំទ្រ​អាជីវកម្ម​របស់​ពួកគេ​។​

​លោក​ថ្លែងថា​៖ «​យើង​ពិតជា​សប្បាយរីករាយ​ក្នុងការ​ចាប់​ដៃគូ​ជាមួយនឹង​ធនាគារ​វី​ង និង​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា (CGCC)​ ព្រោះ​វា​ជាការ​ផ្តល់ឱកាស​ដល់​ស​ហ​គ្រាស​ធុន​តូច​និង​មធ្យម​ដែលជា​សមាជិក​-​សមាជិការ​របស់ FASMEC ដែល​កំពុង​តែមាន​បញ្ហា​ប្រឈម​កង្វះ​ទ្រព្យ​ធានា អាច​ទទួលបាន​ហិរញ្ញវត្ថុ​សម្រាប់​ពង្រីក​អាជីវកម្ម​របស់​ពួកគេ ឱ្យបាន​កាន់តែ​រីកចម្រើន​»​។​

​លោក Han Peng Kwang នាយក​ប្រតិបត្តិ​របស់​ធនាគារ​វី​ង បាន​ថ្លែងថា​៖ តាមរយៈ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាព​ច្នៃប្រឌិត ក៏ដូចជា​ភាពជា​ដៃគូ​សហការ​ជាមួយ CGCC និង FASMEC ដោយ​ធនាគារ​លោក​មាន​ការតាំង​ចិត្ត​ជួយ​សម្រួល​ទៅដល់ SMEs ដើម្បី​អាច​ទទួលបាន​ហិរញ្ញវត្ថុ​កាន់តែ​ប្រសើរ​ជាង​មុន​។​

​លោក​លើកឡើងថា​៖ «​តាមរយៈ​ការផ្តល់សេវា​ធនាគារ​ដែ​ល​មាន​ភាពបត់បែន និង​ការគាំទ្រ​ផ្នែក​ឥណទាន​ដ៏​ល្អប្រសើរ យើង​នឹង​អាចជួយ​ទៅដល់ SMEs ក្នុងការ​ចាប់យក​កាលានុវត្តភាព​រីកលូតលាស់ នវានុវត្តន៍​ភាព និង​រួមចំណែក​ដល់​វិបុលភាព​ទាំងមូល​នៅក្នុង​ប្រទេស​កម្ពុជា​»​។​

​លោក Wong Keet Loong អគ្គនាយក CGCC បានឱ្យដឹងថា​ក្នុងនាម​ជា​ដៃគូ​ជាមួយ​ធនាគារ Wing និង FASMEC នឹង​គាំទ្រ​ដល់​សមាជិក​សហគ្រាស​ធុន​តូច និង​មធ្យម​របស់ FASMEC ដើម្បី​បង្កើន​លទ្ធភាព​ទទួលបាន​ប្រាក់កម្ចី​ជាមួយ​ធនាគារ Wing ដែល​គាំទ្រ​ដោយ​ការធានា​ពី CGCC​។

លោក​បញ្ជាក់ថា​៖ «​យើងខ្ញុំ​ជឿជាក់ថា តាមរយៈ​កិច្ចសហប្រតិបត្តិការ​នេះ នឹង​អាចឱ្យ​CGCC ជួយ​ដល់ SMEs ជាច្រើន​ទៀត​ក្នុងអំឡុងពេល​នៃ​កម្មវិធី​ផ្សព្វផ្សាយ​នានា​របស់​យើងខ្ញុំ ជាពិសេស​ការរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ការអភិវឌ្ឍ​សហគ្រាស​ខ្នាតតូច និង​មធ្យម (SMEs) នៅ​ទូទាំង​ខេត្ត​-​ក្រុង ដែលជា​ផ្នែក​មួយ​នៃ​គោលដៅ​រយៈពេល​វែង​រប​ស់ CGCC ដើម្បី​ជំរុញ​ការអភិវឌ្ឍ​របស់ SMEs»​។​

CGCC ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២០ ហើយ​ផែន​ការធានា​ការ​ស្ទុះ​ងើបឡើង​របស់​អាជីវកម្ម​ (BRGS) ចំនួន ២០០​លាន​ដុល្លារ​របស់ខ្លួន​ត្រូវបាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី ២៩ ខែមីនា ឆ្នាំ​២០២១ ក្នុង​គោលបំណង​ពង្រីក​លទ្ធភាព​ទទួលបាន​ប្រាក់កម្ចី​ផ្លូវការ​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ចូលរួម (PFI) សម្រាប់​ទុន​បង្វិល ការវិនិយោគ និង​ការពង្រីក​អាជីវកម្ម​។​

​សហគ្រាស​មួយ​នេះ​បានប្រកាសថា​ខ្លួន​បានចេញ​លិខិតធានា (LG) សរុប​ចំនួន ១ ២៧៥ សម្រាប់​ប្រាក់កម្ចី​ដែលមាន​តម្លៃ ១១៣,៦ ​លាន​ដុល្លារ គិត​ត្រឹម​ថ្ងៃទី​៣១ ខែមីនា កើនឡើង ៨ ភាគរយ​ធៀប​នឹង​ចុងខែ​កុម្ភៈ និង​កើនឡើង ២៥៨​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន បើ​គិតពី​តម្លៃ​។ MSMEs មាន​ចំនួន ១ ១៧៣ ឬ ៩២​ភាគរយ​នៃ LGs​។​

​គិត​ត្រឹម​ថ្ងៃទី​៣១ ខែមីនា ចំនួន​ទឹកប្រាក់​ដែល​បាន​ធានា​មាន​ចំនួន ៦៥,៤​ លាន​ដុល្លារ​ ក្នុងចំណោម​ប្រាក់កម្ចី​ចំនួន ៩០,៧ ​លាន​ដុល្លារ​ដែល​ធានា​ដោយ LGs ដូចដែល​បានកត់សម្គាល់​ដោយ CGCC ដែល​នៅ​សេសសល់​ចំនួន​កំណត់​ពី​៧០ ទៅ ​៨០​ ភាគរយ​ត្រឹមតែ​ជាង ៧២ ​ភាគរយ​ប៉ុណ្ណោះ​៕