ភ្នំពេញៈ ក្រុមហ៊ុន Capital A ដែល​ជា​ក្រុមហ៊ុន​មេ​របស់ Air​Asia មាន​មូលដ្ឋាន​នៅប្រទេស​​ម៉ាឡេស៊ី និង Sivilai Asia ជា​ក្រុមហ៊ុន​ដៃគូ​នៅ​ប្រទេសកម្ពុជា​បាន​សហការ​គ្នា​បង្កើត​មុខងារ​អាជីវ​កម្ម​ថ្មី​មួយ​លើ​ផ្នែក​ថែទាំ ជួសជុល និង​ប្រតិបត្តិ​ការ​ (MR-​O)​ ក្នុង​វិស័យ​អាកាសចរណ៍នៅ​​​កម្ពុជា ខណៈ​វា​បាន​ក្លាយ​ជា​ផ្នែក​កាន់​តែ​សំខាន់​នៃ​យុទ្ធសា-ស្ត្រ​អាកាស​ចរណ៍​ពាណិជ្ជ​កម្ម​របស់​ក្រុមហ៊ុន​ Capital A ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​។​

យោង​តាម Aviation Week Network ដែល​បាន​ដក​ស្រង់​ឯកសារ​របស់​ក្រុមហ៊ុន​ផ្ញើ​ទៅ​ផ្សារ​ហ៊ុន​ម៉ាឡេស៊ី​ នា​​ថ្ងៃទី​២០​ខែ​កញ្ញា ស្ថិត​ក្រោម​ការ​វិនិយោគ​​រួម​ថ្មីនេះ ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ Capital A Asia Digital Eng-​ineering (ADE) នឹង​កាន់កាប់​ភាគ​ហ៊ុន ៦០​ភាគ​រយ​ក្នុង​ការ​វិនិយោគ​រួម​ ខណៈ​ក្រុមហ៊ុន Sivilai Asia នឹង​កាន់​កាប់​ភាគហ៊ុន​​​នៅ​សល់ ៤០​ភាគរយ​នៃ​អាជីវកម្ម​របស់​ MRO។​

ក្រុមហ៊ុន Asia Digital Engineering នឹង​ចាក់បញ្ចូល​​ប្រាក់ ១,២​លាន​ដុល្លារ​ក្នុង​ការ​វិនិ​យោគ​រួម​នេះ​ជា​ឥណទាន​២ ដែល​ទី​១ ក្នុង​អំឡុង​ពេល​មុន​ការ​ចាប់​ផ្តើម​អាជីវ​កម្ម និង​ទី​២ បន្ទាប់​ពី​ចាប់​ផ្តើម​ដំណើរ​ការ​អា-​ជីវ​កម្ម​។ នេះ​បើ​​​តាម​ឯកសារ​។​

ការ​បង្កើត​ក្រុមហ៊ុន Capital A-Sivilai MRO រួម​នេះ ផ្នែក​ថែទាំ ជួសជុល និង​ប្រតិបត្តិការ​ (MRO) ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ-​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​រវាង​​ក្រុមហ៊ុន​ទាំង២​កាល​ពី​ខែធ្នូ ឆ្នាំ​២០២២ ដើម្បី​បើក​ដំណើរ​ការ​ក្រុម​ហ៊ុន AirAsia Cambodia​។ ក្រុមហ៊ុន Capital A គ្រប់​គ្រង​ភាគហ៊ុន​ភាគ​ច្រើនចំ-នួន ៥១​ភាគរយ​​ក្នុង​អាជីវ​កម្ម​នោះ ខណៈ​ក្រុមហ៊ុន​ Sivilai គ្រប់​​គ្រង ៤៩​ ភាគរយ​។ ក្រុមហ៊ុន AirAsia Cambodia គ្រោង​នឹង​ហោះ​ហើរ​លើ​ផ្លូវ​ក្នុង​រង្វង់​​​ពេល ៤​ម៉ោង​នៃ​ប្រទេស​​កម្ពុជា ហើយ​នឹង​ផ្តោត​លើ​ការ​ហោះ​ហើរ​ទៅ​កាន់​មជ្ឈ​មណ្ឌល AirAsia ដែល​មាន​ស្រាប់​ពី​ខេត្ត​សៀមរាប ព្រះសីហនុ និង​រាជធានី​ភ្នំពេញ​។​

ឯកសារ​នេះ​ត្រូវ​បាន​ដក​ស្រង់​​ដោយ​លើក​ឡើង​ថា​៖​«​ការណ៍​នេះ​នឹង​បង្កើត​ឱកាស​​​សម្រាប់ ADE [Asia Digital Engineering] ដើម្បី​បង្កើត​ប្រតិ​បត្តិ​​ការ​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា ដោយ​ផ្តល់​សេវា​កម្ម​ដល់​ក្រុមហ៊ុន AirAsia Cambodia និង​ក្រុមហ៊ុន​អាកាស​ចរណ៍​ភាគី​​ទី​៣ ផ្សេង​ទៀត​ដែល​ប្រតិបត្តិការ​ចូល​ក្នុង​ព្រលាន​យន្ត​ហោះ​ធំៗ​នៅ​កម្ពុជា​»​។ ការ​វិនិយោគ​រួម​នឹង​អាច​ឱ្យ​ក្រុមហ៊ុន​ Capital A ទាញ​យក​ប្រយោជន៍​ពី​ឱកាស​សន្សំ​ថ្លៃ​ដើម និង​អាច​ចាប់​យក​អតិរេក​ប្រកបដោយ​សក្តានុ​ពល​ពី​លំហូរ​​​ចំណូល​ថ្មី​ដែល​រកបាន​ពី​ការ​បង្កើត​នេះ​។​

នៅក្នុង​កិច្ច​ប្រជុំ​ទូទៅ​ប្រចាំ​ឆ្នាំ​​របស់​ក្រុមហ៊ុន​ Capital A នា​​ថ្ងៃទី​១៥ ខែមិថុនា លោក Tony Fernades ​អគ្គ​នាយក​ក្រុមហ៊ុន​បាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុននេះ​​កំពុង​ពង្រីក​នៅ​ទូទាំង​អាស៊ី​អាគ្នេយ៍ ហើយ​ក្រុមហ៊ុន AirAsia Cambodia ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចាប់​ផ្តើម​ប្រតិបត្តិការ​នៅ​ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២៣​។​

លោក Fernandes បាន​បន្ត​​ថា MRO គឺជា «​អាជីវ​កម្ម​ដែល​មាន​ផល​ចំណេញ​ច្រើន​» ហើយ​ក្នុង​រយៈ​ពេល​ពី ៤-៥​ឆ្នាំ ​​បើ​ក្រុម​ហ៊ុន​នេះ ​រក្សា​បាន​ដូច​ពេល​នេះ Asia Digital Engineering នឹង​រួម​ចំណែក​ពី ៣០​ភាគរយ ទៅ ៤០ ភាគ​រយ​នៃ​​​ប្រាក់​ចំណេញ​របស់​ក្រុម​ហ៊ុន​ Capital A​។​

លោក ស៊ិន ចាន់​សេរី​វុត្ថា អ្នក​​នាំ​ពាក្យ​រដ្ឋ​លេខាធិការ​ដ្ឋាន​អាកាសចរស៊ីវិល​(SSCA) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ថា បច្ចុប្បន្ន​ក្រុមហ៊ុន​អាកាសចរណ៍​នេះដំណើរ​ការ​ជើង​ហោះ​ហើរ​ ទៅ​ប្រទេស​ម៉ាឡេស៊ី​ចំនួន​៣ ជើង​ក្នុង​១​ថ្ងៃ ទៅ​​​ប្រទេស​ថៃ​ដោយ​មាន​ជើង​ហោះហើរ​ ២ និង​ទៅ​កាន់​ប្រទេស​ឥណ្ឌូនេស៊ី​មាន​ជើង​ហោះហើរ​ ១ ក្នុង​១​ថ្ងៃ​។​

លោកប្រាប់​​​ថា​៖​«​បច្ចុប្បន្ន​ក្រុម​ហ៊ុន​អាកាស​ចរណ៍​​​នេះមិន​​​ទាន់​បង្កើន​ជើង​ហោះហើរ​ណាមួយ​​​ទេ​។ យើង​ស្វាគមន៍​ចំពោះ​អាជីវកម្ម​ថ្មី​របស់​ពួក​គេ ព្រោះ​វា​អាច​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​វិស័យ​អាកាស​ចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​»​។​កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ ២០២៣ ក្រុមហ៊ុន AirAsia បាន​​ប្រកាស​សម្រាប់​ការ​ហោះហើរ​របស់​ពួក​គេ​នៅ​ខេត្ត​សៀមរាប ផ្លាស់ប្តូរ​ទីតាំង​ប្រតិបត្តិ​ការ​របស់​ខ្លួន​ទៅ​កាន់​ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាប​-​អង្គរ (SAI) ដែល​ចាប់​ផ្ដើម​អនុវត្ត​​ពី​ថ្ងៃទី​១៦ ខែតុលា តទៅ៕