ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​ទទួល​បាន​ប្រាក់កម្ចី​ចំនួន ១៤០ ​លាន​ដុល្លារ​ពី​ធនាគារ​អភិវឌ្ឍន៍​​អាស៊ី ​(ADB) សម្រាប់​បង្កើន​សមត្ថភាព​កម្លាំង​ពលកម្ម​ដើម្បី​ប្រែក្លាយ​ប្រទេស​ទៅជា​សេដ្ឋ​កិច្ច​ឧស្សាហកម្ម​ដែល​ផ្អែកទៅលើ​ចំណេះដឹង និង​ជំរុញ​ដោយ​បច្ចេកវិទ្យា និង​ដើម្បី​លើកកម្ពស់​ការផ្តល់សេវា​សាធារណៈ​ដោយ​រដ្ឋបាល​មូលដ្ឋាន​តាមរយៈ​កំណែ​ទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​និង​វិមជ្ឈការ​។​

​កិច្ចព្រមព្រៀង​កម្ចី​នេះ​ត្រូវបាន​ចុះហត្ថលេខា​រវាង​លោក ​អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា ជាមួយនឹង​លោកស្រី Jyotsana Varma នាយិកា​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​ ២៦ ខែកញ្ញា នៅ​រាជធានី​ភ្នំពេញ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ ADB ក្រោម​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ដើម្បី​ជំនាញ​សម្រាប់​សេដ្ឋកិច្ច​នាពេល​អនាគត ADB នឹង​ផ្តល់ប្រាក់​កម្ចី​ដល់​កម្ពុជា​ចំនួន ១០០​ លាន​ដុ​ល្លារ (​កម្ចី​ផ្អែកលើ​គោលនយោបាយ ២០​ លាន​ដុល្លារ និង​គម្រោង​វិនិយោគ​ ៨០ លាន​ដុល្លារ​) ដើម្បី​ជួយ​ប្រែក្លាយ​ប្រទេស​ទៅជា​សេដ្ឋកិច្ច​ឧស្សាហកម្ម ដែល​ផ្អែកលើ​ចំណេះដឹង និង​ជំរុញ​ដោយ​បច្ចេកវិទ្យា​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់ ADB ឱ្យដឹងថា​៖ «​ការគាំទ្រ​នេះ​បាន​ជួយ​រាជ​​រដ្ឋាភិបាល​ដាក់ចេញ​កំណែទម្រង់​គោលនយោបាយ​គន្លឹះៗ​ដែលមាន​សារៈសំខាន់​សម្រាប់​ការដោះស្រាយ​ឧបសគ្គ​នៃ​ការអភិវឌ្ឍ​ជំនាញ​ដើម្បី​ពង្រឹងសមត្ថភាព​ប្រកួតប្រជែង​។ កម្ម​​វិធី​នេះ​ក៏​នឹង​ពង្រឹង​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ការអភិវឌ្ឍ​ជំនាញ​របស់​ប្រទេស លើក​កម្ពស់​ការបណ្តុះបណ្តាល​ប្រកបដោយ​បរិ​យា​ប័ន្ន និង​នាំមុខ​ដោយ​ឧស្សាហ​កម្ម​សម្រាប់​ការពង្រឹង និង​បន្ថែម​ជំនាញ​ដល់ក​ម្មករ​ក្នុង​ផ្នែក​អាទិភាព និង​ពង្រីក​ការផ្តល់​ហិរញ្ញប្បទាន​ពី​វិស័យ​ឯកជន​ដោយ​ប្រើ​គំរូ​នៃ​ការបណ្តុះបណ្តាល​ផ្អែកលើ​តម្រូវការ និង​ដែលមាន​ការរួម​ចែករំលែក​ការចំណាយ​ក្រោម​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​ដែល​រដ្ឋាភិបាល​បាន​សាកល្បង​ដោយ​ជោគជ័យ​»​។​

​លោកស្រី Varma ថ្លែងថា​៖ «ADB មាន​សេចក្តី​រីករាយ​ក្នុងការ​ធ្វើជា​ដៃគូ​ជាមួយ​ប្រទេស​កម្ពុជា​ ក្នុង​ការជំរុញ​ការអភិវឌ្ឍ​ជំនាញ​ដែល​នាំមុខ​ដោយ​ឧស្សាហកម្ម​ដើម្បី​ត្រៀមកម្លាំង​ពលកម្ម​របស់​ប្រទេស ជាពិសេស​ស្ត្រី​សម្រាប់​បញ្ហា​ប្រឈម និង​ឱកាស​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ព្រមទាំង​ក្នុងការ​បន្ស៊ី​ផែនការ​របស់​រដ្ឋបាល​មូលដ្ឋាន​ជាមួយ​ថវិកាជាតិ និង​ខេត្ត ឈានទៅ​សម្រេចបាន​ការផ្តល់សេវា​សាធារណៈ​កាន់តែ​មាន​ប្រសិទ្ធភាព សមធម៌​»​។

លោកស្រី​បន្តថា​៖ «​កម្មវិធី​ទាំង​ ២​ ដែល​គាំទ្រ​ដោយ​កម្ចី​ទាំងនេះ​នឹង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ក្នុងការ​ជំរុញ​កំណើន​ការងារ​សមធម៌ ប្រសិទ្ធភាព​និង​ចីរភាព​នៅ​ទូទាំងប្រទេស​»​។​

​កម្មវិធី​អភិវឌ្ឍន៍​សម្រាប់​វិមជ្ឈការ​សេវាសាធារណៈ និង​ការគ្រប់គ្រង​ហិ​រញ្ញ​វត្ថុ​ទី២ ដែល​ក្នុងនោះ ADB ផ្តល់ប្រាក់​កម្ចី​ដល់​កម្ពុជា ៤០ ​លាន​ដុល្លារ​ជា​ហិរញ្ញប្បទាន​ដើម្បី​ជំរុញ​កំណែ​ទម្រង់​វិមជ្ឈការ​ក្នុងប្រទេស​។​

ADB បញ្ជាក់ថា ប្រាក់កម្ចី​នេះ​នឹង​ជួយ​ពង្រឹង​តួនាទី និង​សមត្ថភាព​របស់​រដ្ឋបាល​មូលដ្ឋាន​ក្នុង​ការផ្តល់​សេវាសាធារណៈ​ប្រកបដោយ​ប្រសិទ្ធភាព​ដោយ​ផ្តោតលើ​ការកែលម្អ ការ​សម្រប​សម្រួល​សម្រាប់​ការផ្តល់សេវា​ដែល ឆ្លើយតប​នឹង​តម្រូវការ​ហើយ​ប្រកប​​ដោយ​ការទទួលខុសត្រូវ​។​

ADB បន្ថែមថា​៖ «​រដ្ឋាភិបាល​បានបញ្ចប់​កំណែទម្រង់​ក្រោម​កម្មវិធី​ដើម្បី​ពង្រឹង​ការរៀបចំ​ផែនការ និង​ថវិកា ការ​គ្រប់គ្រង​ចំណូល និង​ចំណាយ និង​សមត្ថភាព​បុគ្គលិក​នៅ​ថ្នាក់រដ្ឋបាល​មូលដ្ឋាន​ចាំបាច់​ដើម្បី​ធានា​ដល់​ការ​ផ្តល់​សេវា​។​កំណែទម្រង់​ទាំងនេះ​ក៏​ស្របតាម​គោលដៅ​នៃ​ការងារ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​ផងដែរ ដោយហេតុថា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​តែងតែ​ជា​អ្នកផ្តល់​សេវា​ជួរមុខ​សម្រាប់​ការឆ្លើយតប​នឹង​គ្រោះមហន្តរាយ ប្រកបដោយ​ប្រសិទ្ធភាព​នៅ​ថ្នាក់មូលដ្ឋាន​»​។​

​យោងតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពិធី​ចុះហត្ថលេខា​នេះ​ឆ្លុះ​បញ្ចាំង​ឱ្យឃើញ​កាន់តែច្បាស់​អំពី​ការ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ ការគាំទ្រ និង​ការជឿទុកចិត្ត​ចំពោះ​រាជ​រដ្ឋាភិបាល​កម្ពុជា ពី​សំណាក់ ADB​។ ជារួម​គោលបំណង​នៃ​កម្មវិធី​ទាំង​ ២ ដែល​ទើបនឹង​ត្រូវបាន​ចុះហត្ថលេខា​នេះ នឹងចូលរួម​ឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព​ទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ជាពិសេស​យុទ្ធសាស្ដ្រ​បញ្ច​កោណ​ដំណាក់កាល​ទី១​។​

​លោក អូន ព័ន្ធមុនីរ័ត្ន ក៏បាន​រំឭក​ឡើងវិញ​អំពី​កិច្ចសហប្រតិបត្តិការ​ដែល ADB បានផ្ដល់​ហិរញ្ញប្បទាន សហប្រតិបត្តិ​ការសរុប​ចំនួន ៤,៩ ​ពាន់​លាន​ដុល្លារ​អាមេរិក ​ក្នុងនោះ​ឥណទាន​សម្បទាន​មាន​ទឹកប្រាក់​សរុប ៤,៤​ ពាន់​លាន​ដុល្លារ​ សម្រាប់​អនុវត្ត​គម្រោង​/​កម្មវិធី​ចំនួន ១៣៧ និង​ហិរញ្ញប្បទាន​ឥត​សំណង​មាន​ទឹកប្រាក់​សរុប​ចំនួន​ ៥៦៨ ​លាន​ដុល្លារ សម្រាប់​អនុវត្ត​គម្រោង​/​កម្មវិធី​ចំនួន​ ៧០៕