​ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក សុខ សូកេន ដែល​ទើបត្រូវ​បានតែងតាំង​ថ្មី នឹង​អនុវត្ត​យុទ្ធសាស្ត្រ និង​ផែនការ​សកម្ម​ភាព​ទេសចរណ៍​ដែល​ផ្តួចផ្តើម​ថ្មី ឬ​ហៅថា «BUILD Plus 3Ds» ដើម្បី​ជំរុញ​ការ​អភិ​​វ​ឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា បន្ទាប់ពី​វិស័យនេះ​បាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយសារតែ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ និង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ​ដែល​កំពុង​បន្ត​ប៉ះពាល់​ដល់​ការចំណាយ​របស់​ប្រជាជន​ក្នុងការ​ធ្វើដំណើរ​កម្សាន្ត​។​

​នេះ​ជាការ​ថ្លែង​របស់ លោក​ សុខ សូកេន នៅក្នុង​ព្រឹត្តិការណ៍ AmCham ស្តីពី «​តើ​វិស័យ​ទេសចរណ៍​កម្ពុជា​កំពុង​ឆ្ពោះទៅ​កន្លែង​ណា​?» កាលពី​ថ្ងៃទី​ ២៦ ខែកញ្ញា ឆ្នាំ​ ២០២៣​។​

​រាជរដ្ឋាភិបាល​កម្ពុជា​បានអនុម័ត​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ការស្តារ​វិស័យ​ទេសចរ​ណ៍​កម្ពុជា​ក្នុងអំឡុង និង​ក្រោយ​ជំងឺ​កូ​វីដ​ ១៩ កាលពី​ថ្ងៃទី ​៣០ ខែមីនា ឆ្នាំ​ ២០២១​។ ផែនទី​បង្ហាញផ្លូវ​នេះ កំណត់​សសរស្តម្ភ​សំ​ខាន់ៗ​ចំនួន ៤ សម្រាប់​ឧស្សាហកម្ម​បេ​តិក​ភណ្ឌ​វប្បធម៌ ទេសចរណ៍​ឆ្នេរ​ទេសចរណ៍ធម្មជាតិ និង​កម្ពុជា​ស្អាត​។ ក្នុងចំណោម​សសរស្តម្ភ​ទាំងនេះ ទេសចរណ៍​ឆ្នេរ​មាន​សារៈសំខាន់​យ៉ាងខ្លាំង ដោយសារតែ​ឆ្នេរសមុទ្រ​ដ៏​អស្ចារ្យ​របស់​កម្ពុជា​។​

​គោលដៅ​នេះ​នឹង​សម្រេចបាន​នូវ​ចក្ខុ​វិស័យ​៖ «​ដើម្បី​រួមចំណែក​ដល់​កិត្យានុភាព និង​ភាព​ធន់​របស់​កម្ពុជា តាមរយៈ​ការដាក់​ប្រទេស​កម្ពុជា​ជា​គោលដៅ​ឈានមុខ​គេ​លើ​ពិភពលោក ដែល​ពោរពេញ​ដោយ​ភាព​សម្បូរបែប ឱកាស​គ្មាន​ព្រំដែន និង ក្តីមេត្តា​ពិតប្រាកដ​»​។​

​លោក​ថ្លែងថា​៖ «​ដើម្បី​សម្រេច​ចក្ខុ​វិស័យនេះ ក្រសួង​ទេសចរ​ណ៍​បានរៀបចំ​ផែនការ​កែសម្រួល និង​ធ្វើ​បច្ចុប្បន្នភាព​ឯកសារ​បទ​ប្បញ្ញត្តិ និង​រចនាសម្ព័ន្ធ​ស្ថាប័ន​របស់​យើង​។ កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ ស្របតាម​គោលដៅ​យុទ្ធសាស្ត្រ​ចំនួន ៣ របស់​យើង​គឺ​ទេស​​ចរណ៍​ប្រកួតប្រជែង ទេសចរណ៍​ប្រកប​ដោយ​និរន្តរភាព និង​ទេសចរណ៍​ប្រកប​ដោយ​បរិ​យា​ប័ន្ន​គាំទ្រ​ដោយ​ការអនុវត្ត​សកម្មភាព​យុទ្ធសាស្ត្រ​សំខាន់ៗ​»​។​

​លោក​បញ្ជាក់ថា ដើម្បី​សម្រេចបាន​នូវ​គោលដៅ​យុទ្ធសាស្ត្រ​ទាំង​ ៣ ក្រសួង​នឹងដាក់​ចេញ​នូវ​គំនិត​ផ្តួចផ្តើម​ថ្មី​មួយ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ទេសចរណ៍​នៅ​កម្ពុជា​។​ គំនិត​ផ្តួចផ្តើម​ទាំងនេះ​ត្រូវបាន​បង្កើតឡើង​ដោយ​ឈរលើ​សសរស្តម្ភ​យុទ្ធសាស្ត្រ ៥ ដែល​ហៅថា BUILD ទី​១ គឺ​ការគ្រប់គ្រង​យីហោ​(Branding), ទី​២ ការធ្វើ​ទីផ្សារ​ឱ្យក្លាយ​ទៅជា​ទិសដៅ​ដែលមាន​តែមួយ ​(USPs), ទី​៣ ការធ្វើ​ដំណើរ​ក្នុងស្រុក​ប្រកបដោយ​គុណភាព​, ទី​៤ ការធ្វើ​ពិពិធ​កម្ម​ទេសចរណ៏, និង ទី​៥ គឺ​ការអភិវឌ្ឍ​តំបន់​ទេសចរណ៍​ឱ្យមាន​ភាព​ប្រកួតប្រជែង​។​

​លោក​បន្តថា ដើម្បី​អនុវត្ត​សសរស្តម្ភ​យុទ្ធសាស្ត្រ​ទាំង ៥​ ខាងលើ នេះ​ឱ្យមាន​ប្រសិទ្ធភាព និង​សម្រេចបាន​គោលដៅ​ជា​យុទ្ធសាស្ត្រ​ចំនួន ៣ ក្នុងការ​អភិវឌ្ឍ​ទេសចរណ៍​កម្ពុជា ក្រសួង​នឹង​ផ្តល់​អាទិ​​ភាព​ដល់​វិស័យ​គាំទ្រ​ចំនួន ៣ ដែល​គេ​ស្គាល់​ថា​ជា 3Ds គឺ​ទី​១ ការរៀបចំ​រចនាសម្ព័ន្ធ​ស្ថាប័ន​បរិវត្ត​កម្ម​ឌីជីថល​, ទី​២ ការឈាន​ចាប់យក​ឌីជីថល និង ទី​៣ គឺ​ការអភិវឌ្ឍ​សមត្ថភាព​ធនធានមនុស្ស​។​

​លោក​ថ្លែងថា​៖ «​សរុបមក BUILD plus 3Ds នឹង​បម្រើ​ជា​គំនិត​ផ្តួចផ្តើម​ថ្មី​ក្នុងការ​ជំរុញ​ការអនុវត្ត​ការងារ​របស់​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​នៅក្នុង​ក្រសួង​ទេស​ចរណ៍ និង​បង្កើន​កិច្ចសហប្រតិបត្តិការ​រ​បស់​យើង​ជាមួយ​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​នៅ​ថ្នាក់ក្រោម​ជាតិ ថ្នាក់ជាតិ និង​អន្តរ​ជាតិ​»​។

លោក​បន្តថា​៖ «​ការណ៍​នេះ​នឹង​នាំទៅដល់​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រ​សិទ្ធ​ភាព និង​សុខដុម​កម្ម​នៃ​កិច្ច​សហ​ការ​របស់​យើង​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​តួអង្គ​ដទៃទៀត​ដែល​ចែករំលែក​ការទទួលខុសត្រូវ​ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​»​។​

​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា បាន​ស្វាគមន៍​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​ក្រសួង​ក្នុង​គោលបំណង​ទាក់ទាញ​ភ្ញៀវទេសចរ ខណៈ​ឧស្សាហ​កម្មនេះ​នៅតែមាន​ការវិវឌ្ឍ​យឺត​បើ​ធៀប​នឹង​លំហូរ ភ្ញៀវទេសចរ​ទៅ​ប្រទេសជិតខាង​។​

​លោក​និយាយថា​៖ «​យើង​ចង់ឃើញ​គោលនយោបាយ​ផ្តួចផ្តើម​នេះ​នឹង​កើតឡើង​ស្របតាម​ផែនការ​សកម្មភាព និង​ការអនុវត្ត​។ មកដល់ពេលនេះ យើង​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​មិនបាន​ច្រើន​ទេ​។ ខ្ញុំ​សង្ឃឹមថា​ភាគី​ពាក់ព័ន្ធ​ទាំង​សាធារណៈ និង​ឯកជន នឹង​រួមដៃគ្នា​លើកកម្ពស់​ឧស្សាហ​កម្មនេះ​»​។​

​យោងតាម​ក្រសួងទេសចរណ៍ ក្នុង​រយៈពេល ៨ ​ខែ​ដំបូង​ឆ្នាំ ​២០២៣ កម្ពុជា​បានទទួល​ភ្ញៀវ​អន្តរជាតិ​ប្រមាណ ៣,៥​ លាន​នាក់ កើន​ប្រហែល ២៥០ ​ភាគរយ​ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។ ចំនួន​ភ្ញៀវទេសចរ​ក្នុងស្រុក​កើនឡើង​ប្រមាណ ១២,៣៨ ​លាន​នាក់​ដែលមាន​អត្រាកំណើន ៦២,៥ ភាគរយ​៕