ភ្នំពេញៈ វិនិយោគិន​ហុងកុង បានបង្ហាញ​ការចាប់អារម្មណ៍​ចំពោះ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា និង​បាន​សន្យា​ជួយ​ផ្សព្វ​ផ្សាយ​ឱ្យបាន​ទូលំទូលាយ​អំពី​ច្បាប់​ស្តីពី​ការវិនិយោគ និង​កា​លា​នុ​វត្ត​ភាព​វិនិយោគ​កម្ពុជា​ទៅដល់​វិនិយោគិន​ហុងកុង ក៏ដូចជា​រៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ហុងកុង​មកកាន់​ប្រទេស​កម្ពុជា​ផងដែរ​។​

​នេះ​ជាការ​លើកឡើង​របស់លោក ផា​សុន ឡា​ម ប្រធាន​កា​​រិ​យា​ល័យ​សេដ្ឋកិច្ច និង​ពា​ណិ​ជ្ជ​កម្ម​ហុងកុង ​(HKETO)​ ប្រ​​ចាំទី​ក្រុង​បាងកក នា​អំឡុង​ជួបពិភាក្សា​ការងារ​ជាមួយ​លោក នុត អ៊ុន​វ័​ណ​រាំ អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការវិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) នៅ​ទីស្តីការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពី​ថ្ងៃទី​ ២៥ ខែកញ្ញា ឆ្នាំ​ ២០២៣​។ ក្នុងជំនួប​នោះ​ក៏មាន​ការចូល​រួម​ពី​សំណាក់​សមាគម​ធុរកិច្ច​ហុងកុង​ប្រចាំ​កម្ពុជា​ផងដែរ​។​

​ជា​កិច្ច​ចាប់ផ្តើម លោក ផា​សុន ឡា​ម ប្រធាន​គណៈប្រតិភូ HKETO បាន​អបអរសាទរ​ចំពោះ​ភាពជោគជ័យ​នៃ​ការបង្កើត​រាជ​​រដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ថ្មី និង​បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​តែង​តែ​យកចិត្តទុកដាក់​លើ​សុខទុក្ខ​វិនិយោគិន​ដែល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា ពិសេស​វិ​និ​យោ​គិ​ន​ហុងកុង​។

លោក​ក៏​សន្យា​នឹង​សហការ​ជាមួយ​គណៈ​ក​ម្មា​​ធិ​ការវិនិយោគ​កម្ពុជា តាមរយៈ​ការរៀបចំ​សកម្មភាព​មួយចំនួន ដូចជា សិក្ខាសាលា​ផ្សព្វផ្សាយ និង​ជំរុញ​វិនិយោគ វេទិកា​ធុរកិច្ច ពិព័រណ៍​វិនិយោគ និង​ពាណិជ្ជ​កម្ម ដំណើរ​ទស្សនកិច្ច​រប​ស់​គណៈប្រតិភូ​ហុងកុង​មក​កម្ពុជា និង​ដំណើរ​ទស្សនកិច្ច​គណៈ​ប្រ​តិ​ភូ​កម្ពុជា​ទៅ​ទីក្រុង​ហុងកុង​។​

​លោក​ប្រាប់ថា​៖ «HKETO នឹង​ជួយ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំ​ទូលាយ​អំពី​ច្បាប់​ស្តីពី​វិនិយោគ​ថ្មី​របស់​កម្ពុជា និង​អនុក្រឹត្យ​ស្តីពី​ការអនុវត្ត​ច្បាប់​ស្តីពី​វិ​និ​យោគ​ជូន​វិនិយោគិន​ហុងកុង​»​។​

​ជាការ​ឆ្លើយតប​លោក នុត​ អ៊ុន​វ័​ណ​រាំ បាន​សម្តែង​ការ​ស្វា​គម​ន៍​គណៈប្រតិភូ HKETO ប្រចាំ​ទីក្រុង​បាងកក ដែល​បានធ្វើ​ដំណើរ​មក​កម្ពុជា​ក្នុង​គោល​បំណង​ស្វែងយល់​បន្ថែម​អំពី​បរិ​យា​កាស​វិនិយោគ សក្តានុពល និង​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា ព្រមទាំង​ស្វែងរក​ចំណុច​សហប្រតិបត្តិការ​ជាមួយ CDC​។

លោក​បន្តថា ច្បាប់​វិ​និ​យោគ​ថ្មី​របស់​កម្ពុជា ដែល​ដាក់ឱ្យ​ប្រើប្រាស់​កាលពីពេល​ថ្មីៗ​នេះ គឺជា​ឧបករណ៍​គតិយុត្ត​ថ្មី​មួយ​ដែល​បើកចំហ មាន​តម្លា​ភាព និង​អាច​ប៉ាន់ប្រមាណ​ទុកជាមុន​បាន ពិសេស​ច្បាប់​នេះ​បានផ្តល់​នូវ​របប​លើកទឹកចិត្ត​ឆ្លាត​វៃ​ប្រកបដោយ​ភាព​អំណោយផល​សម្រាប់​ការវិនិយោគ​។​

​លោក​ថ្លែងថា​៖«​រដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី ​៧ នេះ​នឹង​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់​ទៅលើ​ការកែលម្អ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ ជាពិសេស​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី​នឹង​ដឹកនាំ​វេទិកា​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន លើក​ទី ​១៩ ដែលជា​វេទិកា​សន្ទនា​កំពូល​រវាង​ភាគី​រាជរដ្ឋាភិបាល និង​ផ្នែក​ឯកជន​កម្ពុជា នៅ​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ខាងមុខ ដើម្បី​ស្ដាប់​ផ្ទាល់ និង​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​នានា​ដែល​វិនិយោគិន​បាននិងកំពុង​ជួបប្រទះ​»​។

​បើតាម​លោក នុត អ៊ុន​វ័​ណ​រាំ រដ្ឋាភិបាល​កម្ពុជា បានកំណត់​យក​វិស័យ និង​សកម្មភាព​វិ​និ​យោគ​ចំនួន​ ១៨ ​ដែលមាន​ដូច​ជា ឧស្សាហកម្ម​មាន​បច្ចេក​វិទ្យា​ខ្ពស់​, ឧស្សាហកម្ម ឬ​កម្ម​ន្ត​សាល​ថ្មីៗ​ដែល​ផ្តល់​តម្លៃបន្ថែម​ខ្ពស់​, ឧស្សាហកម្ម​ក្នុង​វិស័យ យានយន្ត និង​អេឡិចត្រូនិក​, ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិ​សេស​, វិស័យ​ថាមពលបៃតង​, និង​វិស័យ​ឡូ​ជី​ស្ទិ​ក ដើម្បី​ទាក់​ទាញ​ការវិនិយោគ​ដែលមាន​តម្លៃបន្ថែម និង​គុណភាព​សំដៅ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ចកម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​។​

​ទិន្នន័យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២២ ការនាំចេញ​-​ចូល​ទំនិញ​រវាង​កម្ពុជា និង​ហុងកុង មាន​ទឹកប្រាក់​សរុប ៩៤៦,៣៣ ​លាន​ដុល្លារ ធ្លាក់ចុះ ១,៣ ​ភាគ​​រយ​បើ​ធៀប​ឆ្នាំ​ ២០២១ ដោយ​កម្ពុជា​នាំទៅ​ហុងកុង ១៨២​ លាន​ដុល្លារ ធ្លាក់ចុះ ២២,២​ ភាគរយ និង​ទំនិញ​ហុងកុង​នាំមក​កម្ពុជា ៧៦៤,៣៣ ​លាន​ដុ​ល្លារ កើនឡើង ៥,៥​ ភាគរយ​។

ដោយឡែក​រយៈពេល ៨ ​ខែ​ឆ្នាំ​២ ០២៣ ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ទឹកប្រាក់ ២៧០,១៥​ លាន​ដុល្លារ ធ្លាក់ចុះ ៦៥,២ ​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ក្នុងនោះ​កម្ពុជា​នាំចេញ ១០៥,៧ ​លាន​ដុល្លារ ធ្លាក់ចុះ ១៥,៦​ភាគរយ និង​ហុងកុង​នាំចូល ១៦៤,៤៥​ លាន​ដុល្លារ ធ្លាក់ចុះ ៧៤,៨​ ភាគរយ​៕