
ភ្ញៀវកំពុងរង់ចាំធ្វើដំណើរតាមជើងហោះហើរ។ ហេង ជីវ័ន
ភ្នំពេញៈ ខណៈថ្មីៗនេះមានសារព័ត៌មានមួយចំនួនលើកឡើងថា រដ្ឋាភិបាលកម្ពុជាបានយល់ព្រមតាមសំណើក្រុមហ៊ុនសម្បទានព្រលានយន្តហោះ (SCA) ក្នុងការដំឡើងថ្លៃសេវាកម្មអ្នកដំណើរ និងសេវាកម្មអាកាសចរណ៍ពាក់ព័ន្ធផ្សេងៗនោះ អគ្គនាយកដ្ឋានពន្ធដារបានអះអាងថា នៅក្នុងច្បាប់ស្តីសារពើពន្ធ គឺគ្មានប្រភេទពន្ធនេះឡើយ។
លិខិតបំភ្លឺរបស់អគ្គនាយកដ្ឋានពន្ធដារ (GDT) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ២៦ ខែកញ្ញា បានឱ្យដឹងថា នាពេលថ្មីៗនេះអគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញមានការលើកឡើងតាមបណ្តាញសង្គមមួយចំនួនដោយការភាន់ច្រឡំ ឬក្នុងចេតនាបំភាន់ មួលបង្កាច់ និងចោទប្រកាន់ដែលពុំបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួមចំណែកយ៉ាងសស្រោកសស្រាំរបស់អគ្គនាយកដ្ឋានពន្ធដារក្នុងការអនុវត្តតួនាទីភារកិច្ច ក្នុងការងារគ្រប់គ្រងប្រមូលចំណូលពន្ធស្របតាមច្បាប់ស្តីពីសារពើពន្ធ ក៏ដូចជាមកលើរាជរដ្ឋាភិបាលនីតិកាលថ្មី។
ទាក់ទងព័ត៌មានថា នឹងមានដំឡើងពន្ធព្រលានយន្តហោះ ចំពោះអ្នកដំណើរ និងភ្ញៀវទេសចរ លិខិតរបស់ GDT បានសរសេរថា៖«ការលើកឡើងថា មានការប្រមូលពន្ធ ឬដំឡើងពន្ធព្រលានយន្តហោះទៅក្រៅប្រទេស ឬពន្ធសំបុត្រយន្តហោះ ដែលករណីនេះ គឺជាការលើកឡើងពុំឆ្លុះបញ្ចាំងពីការពិតទេ ហើយច្បាប់ស្តីពីសារពើពន្ធជាធរមានក៏ពុំមានចែងអំពីប្រភេទពន្ធលើព្រលានយន្តហោះនោះឡើយ»។
លិខិតបន្តថា៖«ការលើកឡើងនេះអាចជាការលើកឡើងសំដៅដល់ការស្នើដំឡើងកម្រៃសេវាកម្មអ្នកដំណើររបស់ក្រុមហ៊ុនឯកជនដែលអភិវឌ្ឍន៍គ្រប់គ្រងអាកាសយានដ្ឋាន»។
GDT បានបញ្ជាក់ទៀតថា៖ «ចំពោះការលើកឡើងនៅតាមបណ្តាញសង្គមមួយចំនួន គឺពុំបានឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវនោះទេ ពោលគឺមានចេតនាបំភាន់ មួលបង្កាច់ និងចោទប្រកាន់មកលើអគ្គនាយកដ្ឋានពន្ធដារ ដែលជាស្ថាប័នរាជរដ្ឋាភិបាល កន្លងមកបានខិតខំប្រឹងប្រែងចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តតួនាទីភារកិច្ច ក៏ដូចជាមកលើរាជរដ្ឋាភិបាលនីតិកាលថ្មីដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ដែលបាននិងកំពុងខិតខំយ៉ាងសស្រោកសស្រាំក្នុងការដឹកនាំនាវាកម្ពុជាបន្តស្ថិតលើមាគ៌ាដ៏ត្រឹមត្រូវប្រកបដោយស្ថិរភាព និងសុខសន្តិភាព ជាពិសេសការខិតខំខ្នះខ្នែងទាក់ទាញវិនិយោគិនក្នុងស្រុក និងបរទេស ទន្ទឹមនឹងការពិចារណាគិតគូរជាបន្តបន្ទាប់លើសុខទុក្ខ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ»។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារក៏បានអំពាវនាវ និងលើកទឹកចិត្តដល់សាធារណជនទាំងអស់សូមធ្វើការឈ្វេងយល់ពីព័ត៌មាន ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈចៀសវាងទទួលបាន និងចែករំលែកបន្តនូវព័ត៌មានបំភាន់ ក្លែងបន្លំ និងនាំឱ្យសាធារណជនមានការយល់ច្រទ្បំ។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា លោក ធួន ស៊ីណាន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៧ ខែកញ្ញាថា នេះជាពេលដែលអ្នកពាក់ព័ន្ធទាំងអស់ត្រូវខិតខំធ្វើសកម្មភាព ឬរៀបចំយុទ្ធសាស្ត្រថ្មីៗបន្ថែមដើម្បីធ្វើយ៉ាងណាជួយជំរុញឱ្យវិស័យទេសចរណ៍កម្ពុជាងើបឡើងវិញ ខណៈទីផ្សារវិស័យទេសចរណ៍នៅប្រទេសជិតខាងកំពុងបង្ហាញភាពវិជ្ជមានជាបន្តបន្ទាប់។
លោកបានបញ្ជាក់ថា៖ «ក្នុងដំណាក់កាលនេះរដ្ឋាភិបាលគួរតែមានគោលនយោបាយគាំទ្រ និងទាក់ទាញបំផុតដើម្បីលើកទឹកចិត្តឱ្យភ្ញៀវទេសចរ និងអ្នកវិនិយោគចូលមកកម្ពុជាឱ្យបានច្រើន ដើម្បីពង្រឹងសេដ្ឋកិច្ចមូលដ្ឋានឱ្យរឹតតែរឹងមាំ។ បន្ទាប់ពីនោះរដ្ឋាភិបាលអាចគិតពីការដំឡើងពន្ធបានហើយ ព្រោះពេលនោះប្រជាជននឹងមានលទ្ធភាពច្រើនបង់ពន្ធ»។
លោកបន្តថា សម្រាប់ចំនួនភ្ញៀវបរទេសដែលធ្វើដំណើរមកកម្ពុជាក្នុងរយៈពេលជិត ៩ ខែឆ្នាំនេះ គឺនៅតែមានកម្រិតទាបនៅឡើយបើធៀបឆ្នាំ ២០១៩ ដែលពិភពលោកមិនទាន់ជួបនឹងបញ្ហាស្មុគស្មាញជាច្រើនដូចនៅពេលនេះ៕