កំពង់ស្ពឺៈ ទំពាំងបាយជូរជាដំណាំដែលនាំពូជចូលមកពីបរទេស ហើយបច្ចុប្បន្នដំណាំប្រភេទនេះកំពុងដាំសាកល្បងនៅតាមខេត្ដខ្លះរបស់កម្ពុជា ដោយបច្ចុប្បន្នឃើញមានដាំតែនៅខេត្តបាត់ដំបង និងកំពង់ស្ពឺប៉ុណ្ណោះ ខណៈមន្ត្រីជំនាញកសិកម្មអះអាងថា ការនាំចូលផ្លែទំពាំងបាយជូរពីបរទេសនៅតែជាតម្រូវការនៅឡើយ។ «ថ្វីដ្បិតតែខ្ញុំដាំទទួលផលបានមែនតែស្ថិតក្នុងគម្រោងសាកល្បងនៅឡើយទេ តែដំណាំទំពាំងបាយជូរវាខ្លាចទឹក ហើយវាក៏មិនរើសដីដែរ»។
នេះជាការលើកឡើងរបស់លោក ជួន ថាបូរ៉ា ជាម្ចាស់ចម្ការទំពាំងបាយជូរស្ថិតនៅភូមិទឹកល្អក់ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ លោក ជួន ថាបូរ៉ា បានប្រាប់ថា លោកមានស្រុកកំណើតនៅខេត្តតាកែវ ហើយមករស់នៅរាជធានីភ្នំពេញជាមួយភរិយា តែលោកធ្លាប់បានសិក្សាពីជំនាញផលិតស្រាទំពាំងបាយជូរពីពូរបស់លោកនៅប្រទេសបារាំង។ នៅមុនពេលដាំលោកបានគិតថា បើលោកចេះជំនាញផលិតស្រាទំពាំងបាយជូរស្រាប់ហើយនោះក៏សម្រេចចិត្ដរកទិញដីសម្រាប់ដាំដំណាំនេះតែម្តងទៅ។ ស្របគ្នានឹងការស្វែងរកដីនេះលោកក៏បានទៅមើលចម្ការដំណាំហូបផ្លែរបស់បងប្រុសរបស់លោកម្នាក់នៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោកបានបន្តថា លោកបានទិញដីចំនួន ១៦ ហិកតា ហើយក៏ចាប់ផ្តើមដាំកូនទំពាំងបាយជូរសាកល្បង ក្នុងអំឡុងឆ្នាំ ២០១៦ ដែលជាពូជនាំចូលពីបរទេស។ ក្នុងចំណោមដី ១៦ ហិកតានោះ គឺលោកដាំតែជាង ៣ ហិកតាប៉ុណ្ណោះ រីឯបច្ចេកទេសផ្នែកកសិកម្មក៏លោកចេះមិនទាន់ដល់កម្រិតដែរ។
រហូតមកទល់ពេលនេះលោកបានដាំដើមទំពាំងបាយជូរបានជាង ១ ម៉ឺនដើមដោយប្រើពេលអស់ ៧ ឆ្នាំមកហើយ ហើយក៏កំពុងផ្តល់ផលផងដែរ។ រីឯដីនៅសល់ គឺលោកដាំដំណាំហូបផ្លែផ្សេងៗទៀត។
បើតាមលោក ថាបូរ៉ា តាមពិតពូជទំពាំងបាយជូរមានរហូតជាង ២០ ប្រភេទឯណោះ តែបច្ចុប្បន្នលោកដាំតែពូជមួយចំនួនប៉ុណ្ណោះ គឺពូជសម្រាប់ផលិតស្រាឈ្មោះហ្សេរ៉ាសហាឌីណាមួវែ និងពូជម៉ាសាន។ រីឯពូជហូបផ្លែឈ្មោះរ៉េតកាឌីណាល់ ហើយក្នុង ១ ឆ្នាំៗលោកប្រមូលផលបាន ៣ ដង។ជាធម្មតាម្ចាស់កសិដ្ឋានទំពាំងបាយជូរនៅបរទេសគេមិនសូវប្រាប់ឈ្មោះពូជដំណាំនេះទេ សូម្បីតែនៅប្រទេសអូស្ត្រាលីក៏គេមិនបញ្ចេញឈ្មោះពូជទៅកាន់មជ្ឈដ្ឋានខាងក្រៅដែរ។
លោកបានបញ្ជាក់ថា «ខ្ញុំដាំដើមទំពាំងបាយជូរសាកមើលទេហើយណាមួយយើងចេះផលិតស្រាពីផ្លែទំពាំងបាយជូរស្រាប់ បើយើងមិនដាំខ្លួនយើងទេទោះជាទិញគេក៏ចំណាយលុយច្រើនដែរ។ ជំនាញផលិតស្រាទំពាំងបាយជូរនេះខ្ញុំចេះពីពូខ្ញុំដែលរស់នៅបារាំងទេ»។
លោកបានបន្ថែមថា បើតាមការដាំសាកល្បងរបស់លោកឃើញថា ដំណាំនេះជាប្រភេទដំណាំមិនត្រូវការទឹកជោកជាំទេ ហើយវាមានផ្លែច្រើននៅរដូវប្រាំង។ រីឯរសជាតិរបស់វាក៏ខុសគ្នាទៅតាមរដូវដែរ ពោលគឺផ្លែនៅរដូវប្រាំងមានរសជាតិឆ្ងាញ់ជាង។ ពូជទំពាំងបាយជូរមានមកពីប្រទេសចិន ប្រទេសវៀតណាម អាមេរិក បារាំង អូស្ត្រាលី ហើយអាស្រ័យលើអ្នកដាំ ពិសេសការជ្រើសរើសពូជ។
ចំពោះផលទំពាំងបាយជូរដែលលោកដាំនេះលោកមិនអាចប៉ាន់ប្រមាណបានថា ក្នុង ១ ខែ ឬ ១ ឆ្នាំ ទទួលផលបានប៉ុន្មានតោនទេ ព្រោះវាផ្តល់ផ្លែមិនទៀង ប៉ុន្តែលោកក៏បានបេះលក់ជូនភ្ញៀវរាល់ថ្ងៃដែរ។ បច្ចុប្បន្នលោកក៏មានកែច្នៃជាស្រាពីផ្លែទំពាំងបាយជូរបានខ្លះដែរ តែគ្រាន់តែសម្រាប់លក់ឱ្យអ្នកភូមិប៉ុណ្ណោះ ព្រោះលោកនៅមិនទាន់ផលិតបានច្រើនទេ។ លោកបានប្រាប់ថា ក្នុងផ្លែទំពាំងបាយជូរ ១ តោន អាចផលិតជាស្រាបានចន្លោះពី ៣០០ ទៅ ៥០០ លីត្រប៉ុណ្ណោះ។
លោកបានបញ្ជាក់បន្ថែមថា៖ «ខ្ញុំមានមិត្តភក្តិនៅប្រទេសអូស្ត្រាលីឱ្យគាត់ជួយរកពូជណាដែលផ្ដល់ផលផ្លែច្រើន តែពិបាករកដែរ ព្រោះម្ចាស់កសិដ្ឋាននៅទីនោះគេមិនឱ្យចេញពូជគេមកក្រៅប្រទេសទេ តែពេលខ្លះអ្នកធ្វើការក្នុងកសិដ្ឋាននោះគេលួចចេញពូជមក តែគេមិនប្រាប់ថាពូជឈ្មោះអីទេ»។
លោកបានបន្ថែមថា បច្ចុប្បន្នក៏មានភ្ញៀវក្នុងស្រុកចូលទៅកម្សាន្តមើលក្នុងចម្ការទំពាំងបាយជូររបស់លោកដែរ។ ជាមួយគ្នានេះពួកគាត់ក៏ទិញផ្លែទំពាំងបាយជូររបស់លោកដែរ។ តាមពិតទំពាំងបាយជូរដាំនៅតំបន់ណាក៏បានដែរ តែបើតំបន់ណាមានទឹកសន្សើមច្រើនសម្បូរទឹកភ្លៀងគឺវាអាចមានបញ្ហាព្រោះទឹកសន្សើមវាមានជាតិប្រៃ។
ពាក់ព័ន្ធនឹងដំណាំទំពាំងបាយជូរនេះដែរ លោក ជា ហុកលី ប្រធានការិយាល័យក្សេត្រសាស្ត្រនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ខេត្ត កំពង់ស្ពឺប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា នៅក្នុងខេត្តកំពង់ស្ពឺមានតែលោក ជួន ថាបូរ៉ា ទេ ដែលដាំដំណាំនេះ ។
សម្រាប់ដីនៅតំបន់ស្រុកភ្នំស្រួចជាដីជម្រាលភ្នំដែលមានសារធាតុរ៉ែច្រើន ហេតុដូច្នេះវាតម្រូវនឹងឈើហូបផ្លែគ្រប់ប្រភេទតែម្តង។ «បើតាមលោកចុះទៅដល់ចម្ការនោះផ្ទាល់ឃើញថា ដើមទំពាំងបាយជូរជាប្រភេទវល្លិវារឡើងទ្រើង និងមានការលូតលាស់ល្អ»។
ពាក់ព័ន្ធដំណាំទំពាំងបាយជូរនេះក៏មានដាំនៅខេត្តបាត់ដំបងផងដែរ។ បើតាមលោក ខាត់ បូរិន ប្រធានការិយាល័យក្សេត្រសាស្ត្រនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងឱ្យភ្នំពេញប៉ុស្តិ៍ដឹងថា ទំពាំងបាយជូរជាដំណាំមួយដែលអាចបង្កើនប្រាក់ចំណូលខ្ពស់ តែភាគច្រើនកសិករដាំមិនបានជោគជ័យឡើយជាហេតុធ្វើឱ្យមិនសូវមានអ្នកដាំប៉ុន្មានទេ។
លោកបានបន្ដថា លក្ខខណ្ឌអាកាសធាតុនៅក្នុងប្រទេសយើងវាពិបាកនឹងដាំណាស់ តែមានពូជទំពាំងបាយជូរមួយចំនួនអាចត្រូវនឹងលក្ខខណ្ឌអាកាសធាតុក្នុងស្រុក តែមានពូជមួយចំនួនក៏មិនអាចហូបផ្លែស្រស់បានដែរ។
លោកថា៖ «ប៉ុន្តែបើយើងអាចដាំបានក៏យើងជួបនឹងបញ្ហាច្រើនដែរទាក់ទងនឹងបរិស្ថាន ទាក់ទងនឹងជំងឺ និងកម្ដៅអ៊ីចឹងទៅ។ ដំណាំនេះត្រូវការសីតុណ្ហភាពល្មម តែរាល់ថ្ងៃនេះយើងអាចដាំបានដោយសារការប្រើបច្ចេកទេសទាក់ទងនឹងការបង្កាត់ពូជដែលធន់បាននឹងបរិស្ថាន»។
លោកបញ្ជាក់ថា បច្ចុប្បន្នមានកសិករតែម្នាក់ប៉ុណ្ណោះដែលដាំបាននៅស្រុកបាណន់ ហើយគាត់ទៅដាំនៅស្រុករតនមណ្ឌលទៀត។ ទាំង ២ ទីតាំងមិនលើសពី ៤ ទៅ ៥ ហិកតាទេ ហើយអាជីវកម្មរបស់គាត់បើតាមលោកដឹងគឺផលិតជាស្រាទំពាំងបាយជូរផង និងធ្វើជារបៀបកសិទេសចរណ៍ផង។ បើទោះជាមានការដាំ និងទទួលបានផលក្តី តែបើគិតពីបរិមាណតម្រូវការរបស់ប្រជាពលរដ្ឋទូទៅគឺមានច្រើនណាស់ ខណៈនៅខេត្តប៉ៃលិន ក៏មិនទាន់មានអ្នកដាំដែរ។
ពាក់ព័ន្ធនឹងដំណាំទំពាំងបាយជូរនេះ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ដំណាំនេះមែនទែនទៅ វាស្ថិតក្នុងគម្រោងដាំសាកល្បងតែប៉ុណ្ណោះ និងមានតែនៅខេត្តកំពង់ស្ពឺ និងខេត្តបាត់ដំបងទេ។ លោកថា៖ «មានផ្ទៃដីដាំដុះប្រមាណ ៩-១០ ហិកតា ដែលទទួលបានបរិមាណផលប្រមាណពី ៦០-៧០ តោន ក្នុង ១ ឆ្នាំ»៕