ភ្នំពេញៈ ប្រធានសភាពាណិជ្ជកម្មកម្ពុជា (CCC) លោក គិត ម៉េង បានអំពាវនាវឱ្យសហគមន៍ធុរកិច្ច នៅក្នុងតំបន់មេគង្គចាប់យកឱកាសអាជីវកម្ម និងវិនិយោគលើសក្តានុពលដែលមិនទាន់ប្រើប្រាស់ ខណៈតំបន់នេះកំពុងទាញយកផលប្រយោជន៍ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគី។
ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញ លោកប្រាប់ថា តំបន់មេគង្គជាកន្លែងដែលមានប្រជាជនជាង ២០០ លាននាក់ ដែលមានសក្តានុពលពេញលេញ និងកំណើនខ្ពស់។ បណ្តាប្រទេសក្នុងតំបន់ចែករំលែកភាពស្រដៀងគ្នានៃផ្នែកវប្បធម៌ មានមិត្តភាពដ៏រឹងមាំ និងមានសក្ដានុពលខ្លាំងលើកិច្ចសហប្រតិបត្តិការជាមួយគុណសម្បត្តិបំពេញបន្ថែមលើធនធាន និងរចនាសម្ព័ន្ធឧស្សាហកម្ម។
លោកថ្លែងថា៖ «ក្នុងតួនាទីជាប្រធានសភាពាណិជ្ជកម្មកម្ពុជា ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការធ្វើការជាមួយសហគមន៍ធុរកិច្ចទាំងអស់ ដើម្បីបរិយាកាសធុរកិច្ចកាន់តែប្រសើរឡើង។ ខ្ញុំឆ្លៀតយកឱកាសនេះដើម្បីចែករំលែកជាមួយពាណិជ្ជករទាំងអស់មកពីសហភាពអឺរ៉ុប អាស៊ាន និងបណ្តាប្រទេសទន្លេមេគង្គថា រដ្ឋាភិបាលកម្ពុជាគាំទ្រអាជីវកម្ម ហើយតែងតែស្តាប់កង្វល់ដែលលើកឡើងដោយវិស័យឯកជន។
នៅកម្ពុជា មានវេទិការវាងរដ្ឋាភិបាល និងវិស័យឯកជន (G-PSF) ដែលជាប់ចំណាត់ថ្នាក់លេខ ១ លើពិភពលោកជាវេទិកាដ៏មានប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍវិស័យឯកជនតាមរយៈការពិគ្រោះយោបល់។
យោងតាមលោក គិត ម៉េង វេទិកានេះដឹកនាំដោយនាយករដ្ឋមន្ត្រីធ្វើឡើងជារៀងរាល់ឆ្នាំ។ ការសម្រេចនៃវេទិកានេះ ត្រូវចងភ្ជាប់កាតព្វកិច្ចហើយស្មើនឹងការសម្រេចពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។ ក្នុងឆ្នាំនេះ លោក ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាប្រធានកិច្ចប្រជុំនេះនាថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣។
ស្ថិតក្រោមយន្តការ G-PSF គេនឹងបានមើលឃើញកំណែទម្រង់ និងបទប្បញ្ញត្តិផ្លាស់ប្តូរដើម្បីគាំទ្របរិយាកាសអាជីវកម្ម និងការវិនិយោគកាន់តែល្អ។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានបញ្ជាក់ពីបញ្ហាចម្បងពីការធ្លាក់ចុះទំហំពាណិជ្ជកម្មកម្ពុជា-អាស៊ាន ដោយសារតែការប្រែប្រួលតម្រូវការក្នុងតំបន់ និងពិភពលោក ដែលជំរុញដោយជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។ សង្គ្រាមដែលអូសបន្លាយពេលរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន គឺជាកត្តាចម្បងដែលកម្រិតការប្រើប្រាស់របស់មនុស្ស។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ កាលពីថ្ងៃទី ២៣ ខែកក្កដា ថា រាល់ការធ្លាក់ចុះនៃតម្រូវការសកលមានផលប៉ះពាល់ដល់ពាណិជ្ជកម្មក្នុងតំបន់ផងដែរ។
បរិមាណការផ្លាស់ប្តូរទំនិញរវាងប្រទេសកម្ពុជា និងប្រទេសសមាជិកអាស៊ានចំនួន ៩ ផ្សេងទៀតនៅឆមាសទី១ ឆ្នាំ ២០២៣ សម្រេចបាន ៧,១៤ ពាន់លានដុល្លារ ធ្លាក់ចុះ ១៧,២ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងធ្លាក់ចុះ ៣,៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆមាសមុន។ នេះបើយោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)៕