ភ្នំពេញៈ តម្លៃ​លក់រាយ​ប្រេង​សាំង​ធម្មតា​បាន​ធ្លាក់ចុះ​បន្តិច ខណៈ​ប្រេងម៉ាស៊ូត​នៅ​បន្ត​រក្សា​តម្លៃ​ដដែល​សម្រាប់​រយៈពេល ១០ ​ថ្ងៃនេះ​ទៅមុខ ស្របពេល​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរ​ជាតិ​បាន​ធ្លាក់ចុះ​បន្តិច​ផងដែរ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ពាណិជ្ជ​កម្ម នៅ​ថ្ងៃទី​ ១ ខែតុលា នេះ​តម្លៃ​លក់រាយ​ប្រេងសាំង​ធម្មតា គឺ ៤ ៥៥០ ​រៀល ​ក្នុង ​១ ​លីត្រ និង​ប្រេងម៉ាស៊ូត ៤ ៨៥០​ រៀល ​ក្នុង​ ១​ លីត្រ ខណៈ​តម្លៃ​លក់រាយ​កាលពី ​១០ ​ថ្ងៃ​កន្លងមក គឺ​ប្រេង​សាំង​ធម្មតា​លក់​ចេញ​ក្នុងតម្លៃ ៤ ៧៥០ ​រៀល ​ក្នុង​ ១ ​លីត្រ និង​ប្រេងម៉ាស៊ូត ៤ ៨៥០​ រៀល​។​

​ក្រសួង​បញ្ជាក់ថា​៖ «​នេះ​គឺជា​តម្លៃ​អតិបរមា​លក់រាយ​ប្រេង​ឥន្ធនៈ​នៅតាម​ស្ថានីយ​លក់រាយ​ប្រេងឥន្ធនៈ​ទាំងអស់ សម្រាប់​អនុវត្ត​ចាប់ពី​ថ្ងៃទី​ ១ ដល់​ថ្ងៃទី ​១០ ខែតុលា ឆ្នាំ ​២០២៣»​។​

​សារព័ត៌មាន CNBC បាន​រាយការណ៍​កាលពី​ថ្ងៃទី​ ២៨ ខែកញ្ញា​ថា តម្លៃ​ប្រេង​ឆៅ​មានការ​ធ្លាក់ចុះ​បន្តិច​មកវិញ​បន្ទាប់ពី​បាន​ឡើងថ្លៃ​ខ្ពស់​ក្នុង​រយៈ​ពេល​ជាង ​១ ​ឆ្នាំ​មកនេះ​។​

​សម្រាប់​តម្លៃ​ប្រេង​ឆៅ​នៅ​អា​មេ​រិ​ក ​(U.S. West Texas Intermediate futures) បាន​ធ្លាក់ចុះ​ប្រមាណ​ ២,០៩​ ភាគរយ គឺ​ក្នុងតម្លៃ ៩១,៧២​ ដុល្លារ​ ក្នុង​ ១​ បារ៉ែល ខណៈ​តម្លៃ​ពីមុន ៩៥​ ដុល្លារ​ ក្នុង ១​ បារ៉ែល ​ដែលជា​តម្លៃ​មួយ​ដ៏​ខ្ពស់បំផុត​គិត​ចាប់​ពី​ខែសីហា​មក​។​

CNBC បាន​ដកស្រង់​សម្ដី​របស់លោក Bart Melek អគ្គ​នាយក​របស់​ក្រុមហ៊ុន​មូល​ប​ត្រ TD ថា ទីផ្សារ​ប្រេង​ពិភពលោក​កំពុង​សម្លឹងមើល ​«​ឱនភាព​ដ៏​រឹងមាំ​»​ នៅលើ​ការខ្វះខាត​ដ៏​សំ​ខាន់​រួចទៅហើយ​ក្នុង​ត្រីមាស​នេះ ដោយ​លោក​លើកឡើង​ពី​ការកាត់បន្ថយ​ផលិតកម្ម​ប្រេង​ដែល​អនុវត្ត​ដោយ​អង្គការ OPEC និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​។​

​នៅក្នុង​ខែកញ្ញា OPEC+ រួមជាមួយ​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូឌី​ត​បាន​បន្ត​កាត់បន្ថយ​ការផលិត​ប្រេង​ឆៅ​ដោយ​ស្ម័គ្រចិត្ត​ចំនួន ១ លាន​បារ៉ែល ​ក្នុង​ ១ ​ថ្ងៃ​រហូតដល់​ដំណាច់​ឆ្នាំនេះ​។ ការណ៍​នេះ​នាំមក​នូវ​ទិន្នផល​ប្រេង​ឆៅ​រប​ស់អា​រ៉ា​ប៊ី​សា​អ៊ូឌី​តដល់​ជិត ៩​ លាន​បារ៉ែល​ក្នុង​ ១ ​ថ្ងៃ​។​

​លោក​ថ្លែងថា​៖ «​យើង​គិតថា​ តម្លៃ​ប្រេង​ឆៅ​នឹង​មកដល់​កម្រិត​នេះ​ក្នុងពេល​មួយរយៈ​។ ប៉ុន្តែ​ខ្ញុំ​គិតថា វា​មិន​ធ្លាក់​នៅ​ថេរ​នោះទេ​។ ដូច្នេះ​យើង​ប្រហែលជា​បានឃើញ​ចំពោះ​ការប្រែប្រួល​នៃ​ថ្លៃ​នេះ​បន្តទៀត​»​។​

​បើតាម​របាយការណ៍​អគ្គ​នា​យក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា គឺ​កម្ពុជា​បាន​ចំណាយ​ប្រា​ក់ជាង ២,២៨​ ពាន់​លាន​ដុល្លារ ​លើ​ការ​នាំចូល​ផលិតផល​ប្រេង និង​ឧស្ម័ន​ក្នុងអំឡុង​ខែមករា​ដល់​ខែសីហា​ឆ្នាំនេះ ធ្លាក់ចុះ ៩,៥​ ភាគរយ​ធៀប​នឹង​ឆ្នាំមុន​។​

​ក្រសួងពាណិជ្ជកម្ម​ព្យាករ​ថា តម្រូវការ​សម្រាប់​ផលិតផល​ប្រេង និង​ឧស្ម័ន​របស់​កម្ពុជា​ត្រូវ បាន​គេ​រំពឹងថា នឹង​កើន​ឡើងដល់ ៤,៨ ​លាន​តោន​នៅ​ឆ្នាំ ២០៣០​ កើនឡើង​ពី ២,៨ ​លាន​តោន​ក្នុង​ឆ្នាំ​ ២០២០៕