ភ្នំពេញៈ ធនាគារពិភពលោក ​(WB)​ បាន​រក្សា​ការ​ព្យាករ​កំ​​ណើ​ន​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​ឆ្នាំ​ ២០២៣ នេះ​នៅ​កម្រិត​ ៥,៥​ ភាគរយ បើទោះបី​មាន​ឧបសគ្គ​ពី​ខាងក្រៅ ក៏​កំណើន​សេដ្ឋកិច្ចកម្ពុជា​នៅតែ​ទទួលបាន​សម្ទុះ​ដែល​គាំទ្រ​ដោយ​ការ​ស្ទុះ​ងើបឡើង​វិញ​ក្រោយ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​នៃ​វិស័យ​សេវាកម្ម និង​វិស័យ​ទេសចរណ៍​ជាដើម​។​

​ការ​ព្យាករ​របស់ WB គឺមាន​អត្រា​ខ្ពស់ជាង​ធនាគារ​អភិវឌ្ឍន៍​​អាស៊ី ​(ADB) កាលពី​ថ្ងៃទី ​២០ ខែកញ្ញា ដែល​បន្ទាប​ការ​ព្យាករ​របស់ខ្លួន​ពី​ ៥,៥​ ភាគរយ ​មក​នៅត្រឹម ៥,៣​ ភាគរយ ដោយសារ​កំណើន​ឧស្សាហកម្ម​យឺត​ជាង​ការរំពឹងទុក​នៅ​ឆមាស​ទី១ និង​បាន​រក្សា​ការ​ព្យាករ​កំណើន​ឆ្នាំ​ ២០២៤ របស់​ប្រទេស​កម្ពុជា នៅត្រឹម ៦,០ ​ភាគរយ​។​

​បើតាម​ធនាគារពិភពលោក ដែល​បានចេញ​ផ្សាយ​ពី​ការធ្វើ​បច្ចុប្បន្នភាព​នៃ​សេដ្ឋកិច្ច​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក កាលពី​ថ្ងៃទី​ ២ ខែតុលា សេដ្ឋកិច្ច​របស់​កម្ពុជា​ត្រូវបាន​ព្យាករ​ថា នឹង​កើន​ដល់ ៥,៥ ​ភាគរយ​នៅ​ឆ្នាំ​ ២០២៣ ភាគច្រើន​ដោយសារតែ​ការ​ងើប​ឡើងវិញ​នៃ​វិស័យ​សេវាកម្ម និង​ការកើនឡើង​វិញ​ក្នុង​វិស័យ​កសិកម្ម​។

សម្រាប់​ឆ្នាំ​ ២០២៤ សេដ្ឋកិច្ចកម្ពុជា​ត្រូវគេ​រំពឹងថា នឹង​កើនឡើង​បន្ថែមទៀត​ដោយ​កើន​ក្នុង​អត្រា ៦,១ ​ភាគរយ ខណៈ​ការនាំចេញ​ត្រូវបាន​ព្យាករ​ថា នឹង​កើនឡើង និង​ការធ្វើ​ពិពិធ​កម្ម​បន្តិច​ម្តងៗ ស្របពេល​លំហូរ​ការវិនិយោគ​ផ្ទាល់​បរទេស ​(FDI)​ ទំនងជា​នឹងត្រូវ​បាន​ជំរុញ​ដោយ​ច្បាប់​ថ្មី​ស្តីពី​ការវិនិយោគ​។​

​ប្រធាន​សេដ្ឋវិទូ​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ខាងកើត របស់ WB លោក Aaditya Mattoo បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​តាម​វីដេអូ​នា​ព្រឹក​ថ្ងៃទី​ ២ ខែតុលា​ថា កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ ​(RCEP)​ បាន​ជួយ​បង្កើត​ការ​ព្យាករ​នេះ ដោយ​ផ្តល់​លទ្ធ​​ភាព​ចូល​ទីផ្សារ​កាន់តែច្រើន និង​ជួយ​ជំរុញ​កំណែទម្រង់​មួយចំនួន​ក្នុង​គោលនយោបាយ​ផ្ទាល់ខ្លួន​របស់​កម្ពុជា​ដែល​អាច​ត្រូវបាន​រំពឹងថា នឹង​ជួយ​បង្កើន​ពាណិជ្ជ​កម្ម​ថ្មី និង​លំហូរ​វិនិយោគ​ថ្មី​ក្នុង​គោលដៅ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​ការនាំចេញ​របស់ខ្លួន ដែល​ពឹងផ្អែក​ខ្លាំង​លើ​សម្លៀកបំពាក់​រហូតមក​ដល់ពេលនេះ​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​ឃើញ​កម្ពុជា​ចាប់ផ្តើម​ឈាន​ខ្លួន​ចូលទៅក្នុង​វិស័យ​អេឡិចត្រូនិក ប៉ុន្តែ​កម្ពុជា ជាថ្មី​ម្តងទៀត​គឺជា​ប្រទេសមួយ​ដែល​ចាំបាច់​ត្រូវ​កែលម្អ​មូល​ដ្ឋា​ន​គ្រឹះ​របស់ខ្លួន ពិសេស​ទាក់​ទង​នឹង​ជំនាញ និង​ការតភ្ជាប់​របស់ខ្លួន​។ ទាំងនោះ​គឺជា​កំណែ​ទម្រង់​ដែល​មិន​តម្រូវឱ្យមាន​កិច្ច​​ព្រមព្រៀង​ពាណិជ្ជកម្ម​ទេ​ក្រៅពី​ការកែទម្រង់​ក្នុងស្រុក​»​។​

​បើ​យោងតាម​របាយការណ៍រ​បស់​ធនាគារពិភពលោក ការ​​នាំចេញ​ទំនិញ​របស់​កម្ពុជា​បាន​ធ្លាក់ចុះ​ដោយសារតែ​តម្រូវការ​ខាងក្រៅ​ចុះខ្សោយ ខណៈ​ការ​នាំចេញ​សេវា​កម្មបាន​ស្ទុះ​ងើបឡើង​វិញ​។ ក្នុង​រយៈពេល ៧ ​ខែ​ដំបូង​ឆ្នាំ​ ២០២៣ ការមកដល់​របស់​ភ្ញៀវ​អន្តរជាតិ​បាន​កើន​ដល់ ៣ ​លាន​នាក់ កើនឡើង​ពី ០,៧ ​លាន​នាក់​ក្នុងអំឡុងពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២​។

ដោយ​បង្ហាញ​ពី​ការ​ស្ទុះ​ងើបឡើង​វិញ​យ៉ាង​ឆាប់រហ័ស​នៃ​វិស័យ​ទេស​ចរណ៍​ក្នុងអំឡុងពេល ៧​ ខែ​ដំ​​បូ​ង​ឆ្នាំ​ ២០២៣ ភ្ញៀវ​អន្តរជាតិ​របស់​កម្ពុជា សម្រេចបាន ៨០​ ភាគរយ​នៃ​ចំនួន​ភ្ញៀវ​មកដល់​ដែល​បាន​កត់ត្រា​ក្នុងអំឡុង​ពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩ ធៀប​នឹង​ប្រទេស​ថៃ ៦៦,៦ ភាគរយ និង​វៀតណាម ៥៨,៥ ​ភាគរយ​។​

​ទោះ​មាន​លក្ខខណ្ឌ​អាកាស​ធាតុ​មិនសូវ​អំណោយផល​ដោយសារតែ​ភ្លៀង​ធ្លាក់​ខុស​ប្រ​​ក្រ​តី​ក៏ដោយ គិត​ត្រឹម​ខែកក្កដា ឆ្នាំ​ ២០២៣ ការដាំដុះ​កសិកម្ម​មាន​ភាពប្រសើរ​ឡើង​គឺ​សម្រេចបាន ១,៥ ​លាន​ហិកតា ឬ​កើន​​ឡើង ២៤,៥​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​។ នៅក្នុង​អំឡុងពេល ៧ ​ខែ​ឆ្នាំ​ ២០២៣ ការនាំចេញ​ទំនិញ​បាន​ធ្លាក់ចុះ ៣,៧​ ភាគរយ និង​ការ​នាំចូល​ទំនិញ​ក៏បាន​ធ្លាក់ចុះ​ផងដែរ​៕