ភ្នំពេញៈ កម្ពុជា​បាន​នាំចេញ​ម៉ាស៊ីន ឧបករណ៍​អគ្គិសនី និង​បំណែក​របស់​វា ក្នុង​ទឹកប្រាក់​ជាង ២,១ ​ពាន់​លាន​ដុល្លារ នា​រយៈពេល ៨ ​ខែ​ដើមឆ្នាំ ​២០២៣ កើន​ជិត ១០០ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ ​២០២២ ខណៈ​ទឹកប្រាក់​នាំចេញ​ក្នុង​ឆ្នាំ​ ២០២២ ទាំងមូល​មាន​ចំនួន​ជិត ២​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

​ស្ថិតិ​ទំនិញ​ពាណិជ្ជកម្ម​នាំ​​ចេញ​របស់ GDCE បង្ហាញថា ពី​ខែមករា​-​សីហា ឆ្នាំ​ ២០២៣ ការនាំចេញ​ទំនិញ​នៅក្នុង​ជំពូក ​(HS ២​ខ្ពង់​)​ លេខ​កូដ ៨៥ រួមមាន​ម៉ាស៊ីន ឧបករណ៍​អគ្គិសនី និង​បំណែក​របស់​វា មានទឹក​​ប្រាក់​សរុប ២ ១៦២,៣៩​ លាន​ដុល្លារ កើន ៩៨,៥​ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២២ ដែលមាន ១ ០៨៩,៥​ លាន​ដុ​​ល្លារ​។ ចំនួន​នេះ​ស្មើនឹង​ ១៣,៨​ ភាគរយ​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​ក្នុង​រយៈពេល ៨ ​ខែ ឆ្នាំ ​២០២៣ ដែលមាន​ចំនួន ១៥ ៦៩២,០៤​ លាន​ដុល្លារ​។​

GDCE បានឱ្យដឹង​ទៀតថា សម្រាប់​ខែសីហា ឆ្នាំ ​២០២៣ ការនាំចេញ​ផលិតផល​ខាងលើ​មាន​ទឹកប្រាក់ ៣០២,៨៨ លាន​ដុល្លារ​កើន ៨៦,៤​ ភាគរយ​ធៀប​ខែសីហា ឆ្នាំ​ ២០២២ ដែលមាន ១៦២,៤៦​ លាន​ដុល្លារ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បានឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា ការ​កើន​ឡើង​សមត្ថភាព​ផលិតកម្ម​ក្នុងស្រុក និង​តម្រូវការ​នៅ​ទីផ្សារ​អន្តរជាតិ បាន​ជួយ​ឱ្យ​ការនាំ​​ចេញ​គ្រឿង​ម៉ាស៊ីន ឧបករណ៍​អគ្គិសនី និង​បំណែក​របស់​វា កើន​ជា​បន្តបន្ទាប់​។ កម្ពុជា​កំ​ពុង​តែ​វិ​វ​ឌ្ឍ​ខ្លួន​ក្លាយជា​ប្រភព​ផ្គត់ផ្គង់​ផលិតផល​ពាក់កណ្តាល​ស​ម្រេច និង​សម្រេច​ទៅ​ទីផ្សារ​អន្តរជាតិ​។ លោក​បាន​បន្ថែមថា កំណើន​ការនាំចេញ​ផលិតផល​ទាំងអស់នេះ​បញ្ជាក់​ពី​ដំណើរ​វិវឌ្ឍន៍​នៃ​ចង្វាក់​ផលិតកម្ម​នៅ​កម្ពុជា​ដែល​ប្រើ​បច្ចេកវិទ្យា​កាន់​​តែ​ទំនើប និង​ជា​ឧស្សាហកម្ម​ធន់​មធ្យម និង​ធ្ងន់​។​

​លោក​និយាយថា​៖ «​កំណើន​ការនាំចេញ​ផលិតផល​គ្រឿង​បង្គុំ​ម៉ាស៊ីន និង​អគ្គិសនី​នេះ គឺ​មិន​ត្រឹមតែ​ជួយ​ឱ្យ​កម្ពុជា​រក​ចំ​ណូ​ល​បាន​កាន់តែច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ទីតាំង​ផលិត​គ្រឿង​ម៉ាស៊ីន​សំខាន់ៗ​សម្រាប់​ពិភពលោក​ផងដែរ​។ នៅពេល​មាន​រោងចក្រ​ផលិត​ផលិតផល​បែបនេះ​ច្រើន វា​ក៏​នឹង​ជួយ​ទាក់ទាញ​រោងចក្រ​ផលិត ឬ​ដំឡើង​គ្រឿងយន្ត​ធំៗ​ឱ្យមក​កម្ពុជា​ផងដែរ​»​។​

​លោក​បន្ថែមថា ក្រៅពី​មាន​ទំនាក់ទំនង​ផ្នែក​នយោបាយ​និង​ពាណិជ្ជកម្ម​ល្អ​ជាមួយ​ប្រទេស​ជាច្រើន​នោះ បច្ចុប្បន្ន​កម្ពុជា​ក៏មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​លក្ខណៈ​ទ្វេភាគី និង​ពហុ​ភាគី​ជាមួយ​ប្រទេស​ជាច្រើន​។ លោក​អះអាងថា​៖«​តាមរយៈ​ការខិតខំ​របស់​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​ខ្ញុំ​មានជំនឿថា ការ​​នាំចេញ​ទំនិញ​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​នឹង​ហក់​ឡើង​កាន់តែ​ខ្ពស់​នៅពេល​សេដ្ឋកិច្ច​សកល​វិល​មករក​ប្រក្រតីភាព​ដូច​មុន​អំឡុង​ឆ្នាំ ២០១៩»​។​

​ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា លោក ជា ចាន់​ដា​រ៉ា និយាយថា លក្ខណៈ​អំណោយ​ផល​នៃ​ទីតាំង​ភូមិសាស្ត្រ ច្បាប់​វិនិយោគ​ល្អ តម្លៃ​ថាមពល​និង​កម្លាំង​ពលកម្ម​សមរម្យ និង​ប្រ​​ព័ន្ធ​ដឹកជញ្ជូន​ល្អប្រសើរ បាន​ជួយ​ទាក់ទាញ​វិនិយោគិន​ជាតិ និង​អន្តរជាតិ​កាន់តែច្រើន​ឱ្យមក​បើក​រោងចក្រ​នៅ​កម្ពុជា​ដើម្បី​នាំទៅ​ទីផ្សារ​អន្តរជាតិ​។ កំណើន​ការនាំចេញ​ផលិតផល​ម៉ាស៊ីន និង​ក្លាយជា​ចំណែក​ដ៏​សំខាន់​ក្នុង​ការជួយ​ប៉ះប៉ូវ​ពី​ការ​ធ្លាក់ចុះ​ផលិតផល​វាយ​ន​ភណ្ឌ ដែល​បាន​កើតមាន​តាំងពី​ពាក់​កណ្តាល​ឆ្នាំ​ ២០២២​។​

​លោក​ថ្លែងថា​៖ «​ដោយសារ​ចំនួន​រោងចក្រ​ចូលមក​វិនិយោគ​នៅ​ប្រទេស​កម្ពុ​ជាមាន​កាន់តែច្រើន ហើយ​ការដឹកជញ្ជូន​កាន់​តែ​ងាយស្រួល​នោះ ដូច្នេះ​ការ​នាំចេញ​ផលិតផល​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​នឹងមាន​កាន់តែច្រើន​នាពេលខាងមុខ​»​។​

​ទិន្នន័យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២២ កម្ពុជា​ប្រមូលប្រាក់ បាន ១ ៩៩៨,១៩​ លាន​ដុល្លារ ពី​ការនាំចេញ​ផលិតផល​លេខ​កូដ ៨៥ កើន ៨៤,៨ ​ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០២១ ដែលមាន​ចំនួន ១ ០៨១,១ ​លាន​ដុល្លារ​។ ទឹកប្រាក់​នាំចេញ​ម៉ាស៊ីន និង​ឧបករណ៍​អគ្គិសនី និង​បំណែក​របស់​វា ស្មើនឹង ៨,៩ ​ភាគរយ​នៃ​ចំនួន​ទឹកប្រាក់​នាំចេញ​សរុប​ដែលមាន ២២ ៤៨២,៩៣៧​ លាន​ដុល្លារ​៕