ភ្នំពេញៈ Angkor Resources Corp ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ថាមពល​របស់​ក្រុមហ៊ុន​ EnerCam Exploration Ltd (EnerCam) ដែល​គ្រប់គ្រង​ដោយ​វិនិយោគិន​កាណាដា​បានប្រកាស​ពី​ការបញ្ចប់​បេសកកម្ម​របស់ខ្លួន​លើ​ការវាយតម្លៃ​សហ​គម​ន៍​សម្រាប់​បរិស្ថាន សង្គម អភិបាលកិច្ច ​(ESG) និង​ការទទួល​ខុសត្រូវ​សង្គម​សាជីវកម្ម (CSR)​ លើ​អាជ្ញាប័ណ្ណ​ប្រេង និង​ឧស្ម័ន Block VIII នៅ​កម្ពុជា​។​

​យោងតាម​សេចក្តីប្រកាស​របស់​ក្រុមហ៊ុន​កាលពី​ថ្ងៃទី​ ៣ ខែតុលា ក្រុមហ៊ុន​មួយ​នេះ​បាន​ចំណាយពេល ២ ​ឆ្នាំ ដើម្បី​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន កែលម្អ និង​បង្កើន​ការបង្កើត​ថាមពល​ទាំង​នៅក្នុង​ប្រទេស​កាណាដា និង​កម្ពុជា​។​

​ក្រុមហ៊ុន​ឱ្យដឹងថា ជា​ផ្នែក​នៃ​សកម្មភាព​ដំបូង គឺ​បុគ្គលិក​ក្រុមហ៊ុន EnerCam បាន​អនុ​វត្ត​បេសកកម្ម ESG/CSR នៅ​ទូទាំង​ឃុំ​អូរ​បាក់រទេះ ដោយបាន​ជួប​ជាមួយ​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ៥​ នាក់ ថ្នាក់ដឹកនាំ​សហគមន៍ រួមទាំង​មេភូមិ មេឃុំ ៣​ នាក់ និង​តំណាង​សហគមន៍ ៤​ នាក់​។ ស្រដៀង​គ្នា​ទៅនឹង​វិធី​សាស្ត្រ​នៃប្រតិបត្តិ​ការ​របស់​ពួក​​គេ​នៅក្នុង​សកម្មភាព​រ៉ែ ក្រុមហ៊ុន​បាន​អនុវត្ត​ការវាយតម្លៃ​តម្រូវ​ការ​សហគមន៍​ដើម្បី​កំណត់​អាទិភាព​សង្គម បរិស្ថាន ការ​​អប់រំ និង​សុខភាព​នៅក្នុង​តំបន់​ដែល EnerCam ចង់​ធ្វើការ​។​

​លោក Mike Weeks ប្រធាន​ក្រុមហ៊ុន EnerCam បានឱ្យដឹងថា ជនជាតិ​កាណាដា​ខាង​​លិច គឺជា​អ្នកជំនាញ​ឧស្សាហ​កម្ម​ថាមពល និង​ពួកគេ​ល្បី​ខាង​ជួយ​ប្រទេស​ផ្សេងទៀត​ក្នុងការ​អនុវត្ត​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត និង​ការរីកចម្រើន​ប្រកប​ដោយ​នវានុវត្តន៍​។​

​លោក​ថ្លែងថា​៖ «​យើង​ជឿថា ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​ឈរលើ​ធនធាន​ថាមពល​ផ្ទាល់ខ្លួន​របស់​ពួកគេ ហើយ​ប្រទេស​នេះ​ត្រូវការ​ក្រុមហ៊ុន​ធំៗ​មួយចំនួន​ក្នុង​វិស័យ​ប្រេង និង​ឧស្ម័ន ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​ទាំង​មូល​។ លទ្ធផល​នេះ​គឺជា​ឱកាស​ដ៏​ធំធេង​ក្នុងការ​ផលិត​ថា​ម​ពល ហើយ​ក្នុងពេល​ដំណាលគ្នា​នេះ​ក៏​ផ្ទេរ​ការបណ្តុះបណ្តាល ជំនាញ និង​ដំណោះស្រាយ​បរិ​ស្ថាន​ពី​ប្រទេស​ ១ ទៅ​ប្រទេស ​១​ ទៀតផង​ដែរ​»​។​

​យោងតាម​ទិន្នន័យ​ក្រសួង​រ៉ែ និង​ថាមពល កម្ពុជា​បាន​ចំណាយ​ជាង ៣,៨ ​ពាន់​លាន​ដុល្លារ​ក្នុងការ​នាំចូល​ផលិតផល​ប្រេង និង​ឧស្ម័ន​ក្នុង​ឆ្នាំ​ ២០២២ ដោយ​សារ​កម្ពុជា​មិនមាន​ផលិតកម្ម​ប្រេង និង​ឧស្ម័ន ហើយ​ជា​ប្រ​​ទេស​ទិញ ឥន្ធនៈ​ឧស្ម័ន ​(LPG) និង LNG ក៏ដូចជា​ផលិតផល​ថាមពល​ផ្សេងទៀត​៕