ភ្នំពេញៈ ភាពងាយស្រួល​ក្នុងការ​ធ្វើ​ធុរកិច្ច​របស់​កម្ពុជា​នៅតែមាន​ភាព​វិជ្ជមាន​ទោះ​វិបត្តិ​ខាង​​ក្រៅ​ដែល​បណ្តាលមកពី​បញ្ហា​ប្រឈម​ជា​សកល​បង្ក​ផល​ប៉ះ​ពាល់​ដល់​កម្ពុជា​ ខណៈដែល​អ្នក​ឆ្លើយ​សំណួរ ៦២ ​ភាគរយ​បាន​ព្យាករ​អំពី​កំណើន​អាជីវកម្ម​របស់​ពួកគេ​ក្នុង​រយៈពេល ​១២ ខែ​ខាងមុខ​ ធៀប​នឹង ៥៦ ​ភាគ​​រយ​កាលពី​ឆ្នាំ ២០២១​។ ទំនុក​​ចិត្ត​កាន់តែ​វិជ្ជមាន​បន្ទាប់ពី​ការ​​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​ ១៩​ បើ​ទោះ​វា​មិនអាច​ត្រឡប់​ទៅរក​កម្រិត​មុន​កូ​វីដ (៧២​ ភាគរយ​) នោះ​នៅឡើយ​ទេ​។​

​យោងតាម​ការស្ទង់មតិ​ទំនុក​ចិត្ត​អាជីវកម្ម​ឆ្នាំ ​២០២៣ ដោយ EuroCham Cambodia គឺ​ទំនុកចិត្ត​ធុរកិច្ច​នៅ​កម្ពុជា​ជា​ទូទៅ​មាន​ភាព​វិជ្ជមាន ដោយ​អាជីវកម្ម​ភាគច្រើន​បានសម្រេច​តាម​ទិសដៅ​កំណត់​រកប្រាក់​ចំណេញ ហើយ​ភាគច្រើន​មាន​សុទិដ្ឋិនិយម​អំពី​អនាគត​របស់​ពួកគេ​។ ទោះយ៉ាងណា​ក៏ដោយ អាជីវកម្ម​កំពុង​ប្រឈម​នឹង​បញ្ហា​ខាងក្នុង​ដូចជា​ការ​ធ្លាក់ចុះ​លទ្ធភាព​ទទួលបាន​ហិរញ្ញវត្ថុ និង​លទ្ធភាព​ទទួល​បាន​កម្មករ​ជំនាញ​។ ក្រៅពីនេះ បញ្ហា​ប្រឈម​ជា​សកល​ដូចជា​អតិផរណា និង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន កម្ពុជា​មិនបាន​គេចផុត​ឡើយ​។​

«​ធុរកិច្ច​នៅ​កម្ពុ​ជាមាន​ភាព​ធន់ និង​បានបង្ហាញ​ពី​សមត្ថ​ភាព​របស់​ពួកគេ​ក្នុងការ​សម្រប​ខ្លួន​ទៅនឹង​ការផ្លាស់ប្តូរ​។ ដោយមាន​ការគាំទ្រ​ត្រឹមត្រូវ​ពី​រដ្ឋា​ភិ​បាល​ធុរកិច្ច​ក្នុងប្រទេស​កម្ពុ​ជាមាន​ស្ថាន​ភាពល្អ​ក្នុងការ​ទប់​ទល់នឹង​បញ្ហា​ប្រឈម​ទាំងនេះ ហើយ​បន្ត​រីកចម្រើន និង​វិបុល​ភាព​»​។ នេះ​បើ​យោងតាម​ EuroCham Cambodia​។​

​ភាពងាយស្រួល​ក្នុងការ​ធ្វើ​អាជីវកម្ម​នាពេល​អនាគត ភាគ​រយ​នៃ​អ្នកឆ្លើយ​សំណួរ​ដែល​ព្យាករ​ថា ការធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​នឹង​កាន់តែ​លំបាក​បាន​កើនឡើង​បន្តិច (៣១​ ភាគរយ ធៀប​នឹង ២៩ ​ភាគរយ​កាលពី​ឆ្នាំ​ ២០២១)​ ខណៈ​អ្នក​ដែល​ព្យាករ​ថា វា​នឹងមាន​ភាព​កាន់តែ​ងាយស្រួល​បាន​ធ្លាក់ចុះ (២៧ ភាគរយ ពី​ ៣១​ ភាគរយ​កាល​ពី​ឆ្នាំ​ ២០២១)​។ នេះ​បង្ហាញថា​ មាន​ភាពមិនច្បាស់លាស់​កា​ន់​តែ​ខ្លាំង​ឡើង​ពី​ភាពងាយស្រួល​នៃ​ការធ្វើ​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា​។ នេះ​បើតាម EuroCham Cambodia​។​

​យោងតាម​របាយការណ៍ ការ​យល់ឃើញ​អំពី​ការប្រកួតប្រជែង​ក្នុង​តំបន់​របស់​កម្ពុជា មានការ​យល់ឃើញ​ផ្សេងៗ​គ្នា​។ ខណៈពេល​ទទួលបាន​អត្ថប្រយោជន៍​ប្រកួតប្រជែង​នៃ​តម្លៃ​ពលកម្ម​ទាប អាជីវកម្ម​ជួប​ការលំបាក​ក្នុងការ​ទទួលបាន​កម្លាំង​ពល​​កម្ម​ជំនាញ​។​

​ទន្ទឹមនឹងនោះ លទ្ធភាព​ក្នុងការ​ទទួលបាន​ហិរញ្ញវត្ថុ​គឺជា​អត្ថ​​ប្រយោជន៍​ដ៏​សំខាន់​ក្នុង​ការធ្វើ​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំមុនៗ នៅពេលនេះ​មាន​តម្រូវការ​ពី​សហគមន៍​ធុ​រ​កិច្ច​ដើម្បី​ទទួលបាន​ការគាំទ្រ​កាន់តែច្រើន​នៅក្នុង​តំបន់​។​

​លោក ជា វុទ្ធី អគ្គលេខា​ធិ​ការរង​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) បាន​ថ្លែង​ក្នុង​វេទិកា​ធុរកិច្ច កាលពី​ថ្ងៃទី​ ១១ ខែសីហាថា កម្ពុ​ជាមាន​សក្តា​នុព​ល​សេដ្ឋកិច្ច សន្តិភាព សន្តិ​សុខ ស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ច ហើយ​វិស័យ​ឯកជន​គឺជា​កម្លាំងចលករ​សំខាន់​ដើម្បី​ចូលរួម​ក្នុងការ​អនុវត្ត​សេដ្ឋកិច្ច​ជាតិ​។ លំហូរ​ទុនវិនិយោគ​នៅ​កម្ពុជា​ស្ថិតនៅក្នុង​ស្ថាន​ភាពល្អ​ខ្លាំង​ធៀប​នឹង​ប្រទេស​សមាជិក​អាស៊ាន​ដទៃទៀត​។​

​លោក​ថ្លែងថា​៖ «​យើង​មើលឃើញថា ទោះបី​មាន​វិបត្តិ​កូ​វីដ​ ១៩ ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ និង​ភាព​តានតឹង​ពាណិជ្ជកម្ម​ចិន​-​អាមេរិក ក៏​យើង​នៅតែ​ទទួលបាន​លំហូរ​វិនិយោគ​បរទេស​។ តាមពិត​យើង​ឃើញថា តួលេខ​ដែល​យើង​បង្ហាញ​គឺ​យើង​ទទួលបាន​ជិត ៤​ ពាន់​លាន​ដុល្លារ​ក្នុង ១ ​ឆ្នាំ ផ្នែក​លំហូរ​វិនិយោគ​ពី​បរទេស​។ កាលពី​ឆ្នាំ​ ២០២០ ក្នុង​តំបន់​អាស៊ាន មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង​ប្រ​​ហែល ៤០ ​ភាគរយ ប៉ុន្តែ​យើង​នៅតែមាន​ស្ថិរភាព​ក្នុង​រង្វង់ ៣,៦​ ពាន់​លាន​ដុល្លារ​»​។​

​លោក​បន្តថា នៅ​ឆមាស​ទី​១ វិនិយោគិន​កម្ពុជា​ជាប់​ចំណាត់​​ថ្នាក់​លេខ​ ១ ដោយសារ​ពួកគេ​មាន​ទំនុកចិត្ត​លើ​ស្ថានភាព​វិ​និ​យោគ​នៅ​កម្ពុជា​។ សម្រាប់ FDI ការវិនិយោគ​ពី​ប្រទេស​ចិន​មាន ៤២,១​ ភាគរយ បន្ទាប់មក​ប្រទេស​ថៃ មាន​អត្រា ១,០៩ ភាគរយ​, ជប៉ុន ០,៩៨​ ភាគរយ​កោះ​កៃ​ម៉ាន ០,៥២ ​ភាគរយ​, សា​ម័​រ ០,៥ ​ភាគរយ​, កូរ៉េ​ខាង​​ត្បូង ០,៤៥​ ភាគរយ​, អង់គ្លេស (​កោះ British Virgin) ០,៣២​ ភាគរយ​, សិង្ហ​បុរី ០,៣១ ​ភាគ​​រយ និង​ប្រទេស​ម៉ាឡេស៊ី ០,១៩​ ភាគរយ​។​

​សម្រាប់​ទុនវិនិយោគ​គិត​នៅត្រឹម ៦ ​ខែ​ដំបូង​ឆ្នាំ​ ២០២៣ មាន ១២៨​ គម្រោង ​(១,២៥៤​ពាន់​លាន​ដុល្លារ​) ធៀប​នឹង ១១១ គម្រោង​(៣,១៣៥ ពាន់​លាន​ដុល្លារ​)​ ក្នុង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២២​។ នេះ​បើ​យោងតាម​តួលេខ​របស់ CDC៕