ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ លោក អូន​ ព័ន្ធមុនីរ័ត្ន លើកឡើងថា គោល​នយោបាយ​អភិវឌ្ឍ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា ឆ្នាំ​ ២០២៣-២០២៨ នឹង​ជួយ​ឱ្យ​កម្ពុជា​ទាញយក​អត្ថប្រយោជន៍​ជា​អតិ​បរ​​មា​ពី​បរិវត្ត​កម្ម​ឌីជីថល​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​ផ្តល់​កាលា​នុ​វត្ត​ភាព​ដល់​គ្រប់​តួអង្គ​សំដៅ​រួមចំណែក​ជំរុញ​សម្ទុះ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ឌី​ជី​ថ​ល​កម្ពុជា​ឱ្យ​កាន់​តែមាន ភាពរស់រវើក​។​

​នៅក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ «​គោ​លន​យោ​បាយ​អភិវឌ្ឍន៍​បច្ចេក​វិទ្យា​ហិរញ្ញ​វត្ថុ​កម្ពុជា ២០២៣-២០២៨» នៅ​សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ ក្នុង​ថ្ងៃទី ​៤ ខែតុលា លោក អូន ព័ន្ធមុនីរ័ត្ន ឧ​ប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​សេដ្ឋកិច្ច និង​ធុរកិច្ច​ឌីជីថល បាន​ថ្លែងថា នៅក្នុង​យុគសម័យ​បដិវត្តន៍​ឧស្សាហកម្ម​ថ្មី ៤.០ បច្ចេកវិទ្យា​ឌីជីថល​បាន​បោះជំហាន​ទៅមុខ​យ៉ាង​លឿន និង​បាន​ក្លាយជា​កត្តា​គន្លឹះ​ជំរុញ​ការ​គ្របដណ្តប់ និង​ការតភ្ជាប់​សង្គម និង​សេដ្ឋកិច្ច​នៅ​ទូទាំង​ពិភពលោក​ឱ្យ​កាន់តែ​ស្អិតល្មួត ខិតជិត​គ្នា និង​ពឹង​គ្នា​ទៅវិញទៅមក​។

​បច្ចុប្បន្ន​គ្រប់​វិស័យ​នៃ​សេដ្ឋកិច្ច និង​តំបន់​ភូមិសាស្ត្រ ទាំង​ទីប្រជុំ​ជន និង​ជនបទ ព្រមទាំង​បុគ្គល​គ្រប់រូប​សុទ្ធតែ​កំពុង​ទទួល​ឥទ្ធិពល​ពី​បច្ចេកវិទ្យា ជាពិសេស​បច្ចេកវិទ្យា​ឌីជីថល​ដែល​បាន និង​កំពុង​ប្រែក្លាយ​របៀប​ក្នុង​ការធ្វើ​ធុរកិច្ច ឬ​ម៉ូ​ដែល​ធុរកិច្ច​, ការផ្លាស់ប្តូរ​ទម្លាប់រ​ស់​នៅ រួមទាំង​ការប្រាស្រ័យ​ទាក់ទង និង​បំពេញការងារ​, និង​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការផ្តល់​សេវាសាធារណៈ និង​ប្រសិទ្ធភាព​ការងារ​។​

​លោក​បន្តថា មិន​ថា​មានការ​អភិវឌ្ឍ​ក្នុង​កម្រិតណា​នោះទេ ប្រទេស​ដែលមាន​សេដ្ឋ​​កិច្ច​កំពុង​លូតលាស់ ឬ​ប្រទេស​កំពុង​អភិ​វ​ឌ្ឍ​អាច​ចាប់យក​បច្ចេកវិទ្យា​ឌីជីថល​ថ្មីៗ​ដើម្បី​ផ្លាស់ប្តូរ​ពី​ឧស្សាហកម្ម​បែប​ប្រពៃណី ទៅជា​ឧស្សាហកម្ម​ទំនើប​បាន​ក្នុង​រយៈ​ពេល​ខ្លី​តាមរយៈ​ការប្រើប្រាស់​៖ ១-​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ជា​វិស័យ​ចន្ទល់​ក្នុង​ការជំរុញ​កំណើនសេដ្ឋកិច្ច​, ២-​ការ​ប្រែ​ក្លាយ​បច្ចេកវិទ្យា​ឌីជីថល​ជា​កាតាលីករ​ក្នុងការ​គាំទ្រ និង​ជំរុញ​វិស័យ​ផ្សេងៗ​នៃ​សេដ្ឋ​​កិច្ច​, និង ៣-​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ដើម្បី​ផ្ដល់​លទ្ធភាព​ឱ្យ​ធុរជន និង​វិ​និ​យោគិន​ក្នុងស្រុក​អាច​ភ្ជាប់​ខ្លួន​ទៅនឹង​ខ្សែ​ចង្វាក់​ផលិតកម្ម​តំបន់ និង​សកល ក៏​ដូច​​ជា ស្វែងរក​ភាព​ច្នៃប្រឌិត​ក្នុងការ​ផលិត​ទំនិញ និង​ការផ្តល់​សេវាកម្ម​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា ការអនុវត្ត​គោលនយោបាយ​នេះ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ នឹង​ជួយ​ឱ្យ​កម្ពុជា​អាច​ទាញយក​អត្ថប្រយោជន៍​ជា​អតិ​បរមា​ពី​បរិវត្ត​កម្ម​ឌីជីថល​ក្នុង​វិស័យ​ហិរញ្ញ​​វត្ថុ និង​ផ្តល់​កាលានុវត្តភាព​ដល់​គ្រប់​តួអង្គ សំដៅ​រួមចំណែក​ជំរុញ​សម្ទុះ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា​ឱ្យ​កាន់​តែមាន​ភាពរស់រវើក​»​។​

​យោងតាម​លោក អូន ព័ន្ធមុនីរ័ត្ន គោល​នយោបាយ​អភិវឌ្ឍន៍​ប​ច្ចេក​វិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា ​២០២៣-២០២៨ បានកំណត់​គោលដៅ​ចម្បង​ចំនួន​ ៤ ដោយ​ចាត់ទុក​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ជាដើម​ឈើ​ ១​ ដើម ឬ​ហៅថា ដើមឈើ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ (FinTech Tree) ដោយបាន​រួម​បញ្ចូល​៖ ១-​ការអភិវឌ្ឍ​បរិស្ថាន​គោល​នយោបាយ​អំណោយផល ដែល​តំណាង​ដោយ «​ដី​», ២-​ការអភិវឌ្ឍ​ថ្នាល​ឌីជីថល​គ្រឹះ​ដែល​តំណាង​ដោយ «​ឫស​», ៣-​ការ​ជំរុញ​ការប្រើប្រាស់ និង​ការអភិវឌ្ឍ​បច្ចេក​​វិទ្យា​គាំទ្រ ដែល​តំណាង​ដោយ «​ដើម​” និង ៤-​ការជំរុញ​ការអភិវឌ្ឍ និង​នវានុវត្តន៍​សកម្ម​ភាព​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ដែល​តំណាង​ដោយ «​មែក​»​។​

​ប្រធាន​សមាគម​បច្ចេកវិទ្យា​ឌីជីថល​នៃ​កម្ពុជា លោក ឈិន កេ​ន ធ្លាប់បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បច្ចេកវិទ្យា​បាននិងកំពុង​ដើរតួនាទី​កាន់តែ​សំខាន់​នៅ​ស្ទើ​គ្រប់​ប្រតិ​ប​ត្តិ​ការ​នៅ​កម្ពុជា ពិសេស​ការធ្វើ​ពាណិជ្ជ​កម្ម ខណៈ​ចំណេះដឹង​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ក៏មាន​ភាព​កាន់តែ​ប្រសើរ​ផងដែរ​។ បច្ចេកវិទ្យា​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ បាន​ជួយ​ឱ្យ​ការទិញ​-​លក់​មាន​កាន់តែច្រើន និង​ធ្វើឡើង​ដោយ​គ្មាន​ដែន​កំណត់ និង​មាន​លក្ខណៈ​ជា​សកល​ទៀតផង​។ លោក​បន្ថែមថា ការប្រើ​​ប្រាស់​បច្ចេកវិទ្យា គឺ​មិន​ត្រឹមតែ​ចំណេញ​ពេលវេលា និង​ថវិកា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជួយ​ធ្វើឱ្យ​សេដ្ឋកិច្ចជាតិ​មាន​ភាពរស់រវើក​ជាង​មុន​ផងដែរ​។​

​លោក​ថ្លែងថា​៖«​ក្នុងនាម​សមាគម​បច្ចេកវិទ្យា​ឌីជីថល​នៃ​កម្ពុជា ខ្ញុំ​សូម​លើក​ទឹកចិត្ត​ចំពោះ​សកម្មភាព​នៃ​ការបណ្តុះ​​បណ្តាលឱ្យ​ប្រជាជន​ខ្មែរ​ចេះ​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ ឱ្យបាន​ច្រើន ពិសេស​ការធ្វើ​ពាណិជ្ជកម្ម​»៕