​ភ្នំពេញៈ ផ្នែក​ឯកជន​នៃ​ក្រុមការងារ​ «​គ​» «​ផ្នែក​កម្មន្តសាល សហគ្រាស​ធុន​តូច និង​មធ្យម និង​សេវា​» កំពុងធ្វើការ​ប្រមូល​បញ្ហា​ប្រឈម​នានា​ដែល​កំពុង​កើតមាន​នៅក្នុង​ប្រទេស​ដើម្បី​រៀបចំ​ជា​សំណើ​រួមមួយ​បញ្ជូនទៅឱ្យ​អាជ្ញាធរ​ពិនិត្យ និង​អាច​ឈានទៅ​ដោះស្រាយ​នៅក្នុង​វេទិកា​រាជរដ្ឋាភិបាល​​ផ្នែក​ឯក​ជន នា​ពាក់កណ្តាល​ខែវិច្ឆិកា​ខាងមុខ​ផងដែរ​។​

​ការប្រកាស​ប្រមូល​ធាតុ​ចូល និង​បញ្ហា​ប្រឈម​របស់​ «​ផ្នែក​កម្មន្តសាល សហគ្រាស​ធុន​តូច​និង​មធ្យម និង​សេវា​»​ នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ក្រុម​ការងារ ​«​គ​» «​ផ្នែក​កម្មន្តសាល សហគ្រាស​ធុន​តូច និង​មធ្យម និង​សេវា​» ផ្នែក​ឯកជន​នៃ​វេទិកា​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន នា​ថ្ងៃទី​ ៤ ខែតុលា ឆ្នាំ​ ២០២៣ នៅ​ទីស្នាក់ការ​នៃ​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​។

កិច្ចប្រជុំ​ដែល​ធ្វើឡើង​តាមរយៈ​ការចូលរួម​ផ្ទាល់ និង​តាម​ប្រព័ន្ធ ZOOM នេះ គឺមាន លោក តែ តាំង​ប៉ សហ​ប្រធាន​ក្រុមការងារ ​«​គ​» ព្រម​ជាមួយនឹង​ការចូលរួម​ផងដែរ​ពី​សំណាក់ អនុ​សហប្រធាន​ក្រុមការងារ​, តំណាង​សមាគម​សហ​ព័ន្ធ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា និង​ក្រុមហ៊ុន​ផ្នែក​ឯកជន​ពាក់ព័ន្ធ​នឹង​វិស័យ​កម្ម​ន្ត​សាល សហគ្រាស​ធុន​តូច​និង​មធ្យម និង​សេវា និង​សមាជិក សមាជិកា​នៃ​ក្រុមការងារ​ផ្នែក​ឯកជន​ជាច្រើន​ទៀតផង​ដែរ​។​

​លោក តែ តាំង​ប៉ សហប្រធាន​ក្រុមការងារ ​«​គ​»​ ផ្នែក​ឯកជន និង​ជា​ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា ​(FASMEC) បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៥ ខែតុលា​ថា រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​បានកំណត់​យក​ផ្នែក​ឯកជន ពិសេស​ផ្នែក​កម្មន្តសាល និង​សហគ្រាស​ធុន​តូច និង​មធ្យម ​(SME)​ ជា​អាទិភាព​ដើម្បី​ជំរុញ​ជួយ​កំណើនសេដ្ឋកិច្ច​ជាតិ​ឱ្យ​រីកលូតលាស់​ទៅមុខ​កាន់តែ​លឿន និង​ឈានទៅ​សម្រេច​នូវ​ចក្ខុវិស័យ​ការ​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ ២០៣០ និង​ចំណូល​ខ្ពស់​ឆ្នាំ​ ២០៥០​។ លោក​បាន​បន្ថែមថា នៅ​កម្ពុជា SME បាន​គ្របដណ្តប់​ប្រមាណ​ជាង ៩០ ​ភាគរយ​នៃ​អាជីវកម្ម​សរុប​នៅ​ទូទាំងប្រទេស ដូច្នេះ​វា​គឺជា​ផ្នែក​ដ៏​សំខាន់​ដែល​រាជ​រដ្ឋាភិបាល​កំពុង​ខិតខំ​ជួយ​ដោះស្រាយ​។​

​លោក​បញ្ជាក់ថា​៖ «​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​ ៤ គឺ​ដើម្បី​ប្រមូល​បញ្ហា​ប្រឈម និង​ធាតុ​ចូល​ថ្មីៗ​សម្រាប់​ដាក់ជូន​ក្រសួង​ជំនាញ​នៅ​ដើម​សប្តាហ៍​ក្រោយ នឹង​ឈានទៅ​កិច្ចប្រជុំ​នៃ​វេទិកា​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន ដែល​គ្រោង​រៀបចំ​នៅ​ខែវិច្ឆិកា​ខាងមុខ​ផងដែរ​»​។​

​លោក​ប្រាប់ទៀតថា ដើម្បី​រួម​​ចំណែក​ក្នុងការ​អភិវឌ្ឍ​វិស័យ SME នៅ​កម្ពុជា​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា ​(FASMEC)​ តែងតែ​ចុះ​ធ្វើការ​ផ្សព្វផ្សាយ និង​បង្រៀន​បច្ចេកទេស និង​ចំណេះដឹង​ថ្មី​ជាច្រើន​ទៅដល់​ប្រជាកសិករ​នៅតាម​រាជធានី​-​ខេត្ត​ទាំង ២៥ ដោយ​មិន​គិត​ប្រាក់​។ វគ្គប​ណ្តុះ​បណ្តាល​ទាំងនោះ​មានដូចជា ការកែច្នៃ​, ដឹកជញ្ជូន​, នីតិវិធី​នាំចេញ​, ការរៀបចំ​របាយការណ៍ និង​បញ្ជី​ពន្ធដារ ជាដើម​។​

​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន ក្នុង​ពិធី​សំណេះ​សំ​ណា​ល និង​ពិសា​អាហារ​សាមគ្គី​មហា​គ្រួសារ​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម​កម្ពុជា ក្នុងឱកាស​អបអរ​ស្វាគមន៍​ឆ្នាំ​ថ្មី ឆ្នាំថោះ កាលពី​ខែមេសា​បាន​លើកឡើងថា សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច ពិសេស​ប្រទេស​កំពុង​អភិវឌ្ឍ​ដូច​កម្ពុជា ពីព្រោះ​សហ​គ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម​មាន​ចំនួន​ច្រើន​នៅក្នុង​ខឿនសេដ្ឋកិច្ច​ជាតិ ជាពិសេស​ប្រទេស​តូចៗ ជា​ក្បាលម៉ាស៊ីន​នៃ​កំណើនសេដ្ឋកិច្ច ជា​ប្រភព​ចម្បង​នៃ​ការបង្កើត​ការងារ ជា​ថ្នាល​បង្កើត​ទ្រព្យសម្បត្តិ​ជាតិ និង​ជា​តួអង្គ​ដ៏​សំខាន់​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ និង​ការ​បង្រួម​វិសមភាព​សេដ្ឋកិច្ច​ជូន​ប្រជាជន​កម្ពុជា​ទូទៅ​។ ជាល​ទ្ធ​ផល​រដ្ឋាភិបាល​តែងតែ​ចាត់ទុក​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម គឺជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចជាតិ និង​ជា​ដៃគូ មិនអាច​ខ្វះ​បាន​នៅក្នុង​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ចកម្ពុជា​៕