កម្ពុជា និង​សាធារណរដ្ឋ​ហ្វីលីពីន បាន​បង្ហាញ​ពី​បំណង​ក្នុង​ការ​ជំរុញ​វិស័យ​ទេសចរណ៍​សាជាថ្មី តាម​រយៈការ​ពិនិត្យ​លទ្ធភាព​តភ្ជាប់​ជើងហោះហើរ​ត្រង់​ទៅ​កាន់​តំបន់​ទេសចរណ៍​ដទៃទៀត​ដែល​មាន​សក្ដានុពល​នៅ​កម្ពុជា និង​ហ្វីលីពីន ស្របពេល​ដែល​វិស័យ​ទេសចរណ៍​របស់​ប្រទេស​ទាំងពីរ​ធ្លាក់ចុះ ក្រោយពី​វិបត្តិ​ជំងឺ​កូវីដ១៩។

ការ​បង្ហាញ​ពី​គោលបំណង​របស់​ភាគី​ទាំងពីរ ត្រូវ​បាន​លើក​ឡើង​ក្នុង​ពេល​លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ ទទួល​ជំនួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ប្រកប​ដោយ​ផ្លែផ្កា​ជាមួយ​លោកស្រី Maria Amelita C. Aquino ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ហ្វីលីពីន ប្រចាំ​កម្ពុជា កាល​ពី​ថ្ងៃទី​៥ ខែ​តុលា ឆ្នាំ​២០២៣។ នេះ​បើ​តាម​ខ្លឹមសារ​នៃ​ជំនួប​ដែល​ក្រសួង​ការបរទេស​បាន​បង្ហោះ​នៅ​តាម​បណ្តាញ​តេឡេក្រាម។

នៅក្នុង​ជំនួប​នេះ ភាគី​ទាំងពីរ​បាន​ផ្តោត​ការ​ពិភាក្សា​លើ​ការ​ទូត​សេដ្ឋកិច្ច និង​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ ពាណិជ្ជកម្ម និង​វិនិយោគ កសិកម្ម ការពារជាតិ និង​ទំនាក់​ទំនង​រវាង​ប្រជាជន និង ប្រជាជន ខណៈភាគី​ទាំងពីរ បាន​សង្កត់​ធ្ងន់​អំពី​សារៈសំខាន់​ក្នុង​ការ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ ដើម្បី​រៀបចំ​កិច្ច​ប្រជុំ​លើកទី ៤ នៃ​គណៈកម្មការ​ចម្រុះ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា និង​ហ្វីលីពីន ឱ្យ​បាន​ឆាប់​តាម​ពេល​វេលា​សមស្រប។

ក្នុង​ឱកាស​នោះដែរ លោក សុខ ចិន្តាសោភា បាន​ថ្លែង​អំណរ​គុណ ហ្វីលីពីន ដែល​បាន​នាំចូល​អង្ករ​ពី​កម្ពុជា។

គួរជម្រាបថា កម្ពុជា​ធ្លាប់​បាន​រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​ដំណើរ​ទេសចរណ៍​កម្ពុជា ក្រោម​យុទ្ធនាការ ទស្សនា​កម្ពុជា​បន្ទាប់ ដែល​ជា​គោលដៅទេសចរណ៍​ប្រកប​ដោយ​ភាព​កក់ក្តៅ សុវត្ថិភាព ស្អាត និង​បៃតង នៅទី​ក្រុងម៉ានីល ប្រទេសហ្វីលីពីន កាល​ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី៧ ខែ​ឧសភា ឆ្នាំ​២០២២។

កម្មវិធីនេះ​សំដៅ​ផ្សព្វផ្សាយ អំពី​សក្តានុពល​វិស័យ​ទេសចរណ៍​កម្ពុជា ពង្រឹង​ទំនាក់ទំនង និង​កិច្ច​សហការ​ល្អ​រវាង​ផ្នែក​ឯកជន កម្ពុជា-ហ្វីលីពីន ឱ្យ​បង្កើន​ការ​លក់​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍​កម្ពុជា​លើ​ទីផ្សារ​ហ្វីលីពីន រួម​ជាមួយ​ការ​ផ្សព្វផ្សាយ​អំពី​ការ​បើក​ដំណើរការ​សេវា​ទិដ្ឋាការពេល​មក​ដល់ (Visa On Arrival) សម្រាប់​អ្នក​ដំណើរ​ពី​បរទេស​ចូល​មក​កម្ពុជា​តាម​ផ្លូវ​អាកាស ផ្លូវគោក និងផ្លូវទឹក។

តាម​រយៈកម្ម​វិធី​ផ្សព្វផ្សាយ​ខាងលើ​នេះ គឺ​ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​បណ្តា​ក្រុមហ៊ុន​ភ្នាក់ងារ​ទេសចរណ៍​នៃ​ប្រទេស ហ្វីលីពីន ហើយ​ភ្នាក់ងារ​ទេសចរណ៍ ហ្វីលីពីន និងក្រុមហ៊ុន Philippines Airlines បាន​ឯកភាព​គ្នា​ជំរុញ​ជើង​ហោះហើរ​ត្រង់​មក​កាន់​កម្ពុជា​នាពេលឆាប់ៗ​ខាងមុខនេះ។

ជុំវិញ​វិស័យ​ទេសចរណ៍​នេះ ក្រសួង​ទេសចរណ៍​កម្ពុជា និង ផ្នែក​ឯកជន​ដែល​កំពុង​ធ្វើ​ការងារ​លើ​វិស័យ​នេះ បាន​និង​កំពុង​ពិភាក្សា​គ្នា និងលើក​ពី​បញ្ហា​ប្រឈម​ដែល​ពួកគេ​កំពុង​ជួប​ប្រទះ ដើម្បី​រិះរក​មធ្យោបាយ​ថ្មីៗ​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា៕