ភ្នំពេញៈ កម្ពុជា​-​ថៃ ប្តេជ្ញា​នឹង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ហិរញ្ញវត្ថុ​រវាង​ប្រទេសជិតខាង​អាស៊ាន​ទាំង ​២ ពិសេស​ជំរុញ​ការទូទាត់​ឆ្លងដែន សំដៅ​លើក​កម្ពស់​ពាណិជ្ជកម្ម ទេសចរណ៍ និង​វិនិយោគ​។​

​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) លោកស្រី ជា សិរី បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ លោក Cherdkiat Atthakor ឯកអគ្គរាជទូត​ព្រះ​រាជាណាចក្រ​ថៃ​ប្រចាំ​កម្ពុជា ក្នុង​ថ្ងៃទី​ ៤ ខែតុលា ឆ្នាំ​ ២០២៣ នៅ​ធនាគារជាតិ​នៃ​កម្ពុជា​។​

«​កិច្ចពិភាក្សា​ក្នុងជំនួប​នេះ​បាន​ផ្តោត​សំខាន់​ទៅលើ​កិច្ចការ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិ​​ការ​របស់​ប្រទេស​ទាំង ​២ ​នាពេល​កន្លងមក និង​ការផ្លាស់ប្តូរ​ទស្សនៈ​អំពី​គំនិត​ផ្តួចផ្តើម​ថ្មីៗ​ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត សំដៅ​រួមចំណែក​ដល់​ការរីក​​ចម្រើន​វិស័យ​ធនាគារ និង​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ ២»​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ NBC ចេញផ្សាយ​ក្រោយ​កិច្ចប្រជុំ​។​

​លោក Cherdkiat Atthakor បាន​រំលេច​ពី​ភាពលេច​ធ្លោ​របស់​លោកស្រី​ទេសាភិបាល​ដែល​តែង​ផ្តួចផ្តើម​បង្កើត​គម្រោង​ថ្មីៗ​ប្រកបដោយ​នវានុវត្តន៍​ដើម្បី​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា​។ លោក​ក៏បាន​ថ្លែង​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ​ធនាគារជាតិ​នៃ​កម្ពុជា​ដែល​បាន​ខិតខំ​យ៉ាងខ្លាំង​ក្នុងការ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់រៀល តាមរយៈ​ការដាក់ចេញ​បទ​ប្បញ្ញត្តិ​នានា និង​យុទ្ធនាការ​ផ្សព្វផ្សាយ​ជាច្រើន រួមទាំង​ការបង្កើត​សារមន្ទីរ​ព្រះ​ស្រី​ឦសាន​វរ្ម័ន​ដែល​បាន​លើក​​កម្ពស់​ការយល់ដឹងរ​បស់​សា​ធារ​ណ​ជន​ពី​អត្ថប្រយោជន៍​នៃ​ការប្រើ​ប្រាក់រៀល និង​ប្រវត្តិ​សេដ្ឋកិច្ច និង​រូបិយវត្ថុ​កម្ពុជា​។​

​លោកស្រី ជា សិរី បាន​បញ្ជាក់ថា ធនាគារជាតិ​នៃ​កម្ពុជា និង​ធនាគារកណ្តាល​ថៃ​បាន​ពង្រឹង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​លើ​ផ្នែក​ជាច្រើន​ដូចជា ការ​ផ្លាស់ប្តូរ​ទស្សនកិច្ច ការចែក​​រំលែក​បទពិសោធន៍​លើ​ការងារ​ជំនាញ ការទទួល​អាហា​រូប​ករ​​ណ៍​សម្រាប់​មន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា​ទៅ​សិក្សា​ថ្នាក់​ឧ​ត្ត​ម​សិក្សា​នៅ​ប្រទេស​ថៃ ពិសេស​កិច្ចសហការ​លើ​ការតភ្ជាប់​ប្រ​​ព័ន្ធ​ទូទាត់​ឆ្លងដែន​។​

​លោកស្រី​ថ្លែងថា​៖ «​ជាក់ស្តែង ប្រទេស​ថៃ គឺជា​ប្រទេស​ដំបូង​គេ​ដែល​កម្ពុជា​បាន​ត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់ និង​ផ្ទេរប្រាក់​ឆ្លងដែន ដែល​កិច្ចសហការ​នេះ​បានរួម​ចំណែក​យ៉ាងសំខាន់​ដល់​ការគាំទ្រ​ពាណិជ្ជកម្ម​វិ​និ​យោគ និង​ទេសចរណ៍​នៅក្នុង​ប្រទេស​ទាំង ​២ ព្រមទាំង​លើក​កម្ពស់​ការប្រើប្រាស់​រូបិយវត្ថុ​ជាតិ​ក្នុង​ទីផ្សារ ស្របតាម​គោល​ដៅ​របស់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​»​។​

​កម្ពុជា និង​ថៃ កាលពី​ថ្ងៃទី​ ៦ ខែមិថុនា បានដាក់​ឱ្យ​ដំណើរ​ ​ការ​ជា​ផ្លូវការ​ដំណាក់កាល​ទី២ នៃ​ប្រព័ន្ធ​ទូទាត់​លេខ​កូដ QR (​ការឆ្លើយតប​រហ័ស​)​ ឆ្លងដែន​។ តាមរយៈ​គំនិត​ផ្តួចផ្តើម​នេះ ប្រទេស​ដែលជា​សមាជិក​អា​​ស៊ាន​ទាំង​ ២ ​ក្នុង​គោលបំណង​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង​ការប្រើប្រាស់​រូបិយប័ណ្ណ​ក្នុងស្រុក ក៏ដូចជា​លំហូរ​ពា​ណិ​ជ្ជ​កម្ម​ឆ្លង​ព្រំដែន និង​ទេសចរ​​ណ៍​ផងដែរ​។​

​បច្ចុប្បន្ន​ប្រព័ន្ធ​នេះ​អាចធ្វើ​ការទូទាត់​តាម KHQR ដល់​ពា​ណិ​ជ្ជ​ករ​ចំនួន ៧,៦​ លាន​នាក់​នៅ​ប្រទេស​ថៃ និង​ការទូទាត់​ប្រាក់​តាម ThaiQR ដល់​ពាណិជ្ជករ ១,៥​ លាន​នាក់​នៅ​កម្ពុជា​។ បើ តាម NBC ប្រព័ន្ធ KHQR និង ThaiQR គឺជា​ស្តង់ដា​កូដ QR ជា​សកល​សម្រាប់​ការទូទាត់​លក់រាយ​នៅក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ​។​

​កាលពី​ថ្ងៃទី ​៣ ខែកក្កដា ឆ្នាំ ២០២២ ធនាគារជាតិ​នៃ​កម្ពុជា​បានដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ប្រព័ន្ធ KHQR បន្ទាប់ពី​បាន​ដំណើរការ​សាកល្បង​។​

​លោក Sanzhar Abdullayev ប្រធាន​ផ្នែក​កាត និង​ការ​​ទូទាត់​តាម​អេឡិចត្រូនិក​របស់​ធនាគារ ABA បានឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​កាលពី​ថ្ងៃទី​ ៨ សីហា​ថា បាគង​បាន​ជះឥទ្ធិពល​ជា​វិជ្ជមាន​យ៉ាងខ្លាំង​ដល់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ដោយបាន​ផ្តល់​មូលដ្ឋានគ្រឹះ​ដ៏​ងាយស្រួល និង​សុវត្ថិភាព​សម្រាប់​ប្រតិបត្តិ​ការ និង​ការទូទាត់​ក្នុងប្រទេស​កម្ពុជា និង​ក្រៅប្រទេស​។​

​លោក​ថ្លែងថា​៖ «​យើង​មាន​សុទិដ្ឋិនិយម​ចំពោះ​ការអភិវឌ្ឍ​នេះ​»​។ លោក​បាន​បន្ថែមថា​៖ «​ធនាគារ ABA បាន​ក្លាយជា​សមាជិក​នៃ​គម្រោង​បាគង​កាល​ពី​ខែសីហា ឆ្នាំ ​២០២០​។ ក្នុង​រយៈពេល ៦ ​ខែ ដើមឆ្នាំ​ ២០២៣ ចំនួន​នៃប្រតិបត្តិ​ការចូល និង​ចេញ​តាមរយៈ​បាគង​មាន​ចំនួន ៥០ ​លាន​នាក់ ខណៈ​ចំនួន​សរុប​នៃ​ប្រតិបត្តិការ​ទាំងនេះ​លើសពី ១០​ ពាន់​លាន​ដុល្លារ​៕