​ភ្នំពេញៈ ទោះបី​វិបត្តិ​សេដ្ឋកិច្ច​សកល និង​តំបន់​ដែល​កើតឡើង​ពី​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​កំពុង​បន្ត​ក៏ដោយ ក៏​កម្ពុជា​នៅតែ​ជា​កន្លែង​ទាក់ទាញ​សម្រាប់​ការវិនិយោគ​ដដែល ដោយ​ក្នុង​រយៈពេល ៩ ​ខែ​ឆ្នាំនេះ​ អាច​ទាក់ទាញ​ការវិនិយោគ​លើ​ទ្រព្យ​​សកម្ម​ថេរ​ចំនួន ៣,៧៦​ ពាន់​លាន​ដុល្លារ កើន ៨,៦ ​ភាគរយ​ពី​ចំនួន ៣,៤៦ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។​

​ទិន្នន័យ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) ចេញផ្សាយ​នា​ថ្ងៃទី​ ៧ ខែតុលា ឱ្យដឹងថា CDC បានអនុម័ត​គម្រោង​វិនិយោគ​ចំនួន ១៩១ ក្នុងអំឡុងពេល​ពី​ខែមករា​-​ខែកញ្ញា ឆ្នាំ​២០២៣ កើន ២៧​ភាគរយ​ពី​គម្រោង​ចំ​​នួន ១៥០​ ក្នុង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។ វិនិយោគិន​បរទេស​ឈានមុខ​គេ​ចំនួន​ ៥ មក​កម្ពុជា​ គឺ​ប្រទេស​ចិន​, ម៉ាឡេស៊ី​, កោះ British Virgin Islands, សិង្ហ​​បុរី និង​វៀតណាម​។​

​លោក ងួន ម៉េង​តិច អគ្គ​នា​យក​សភាពាណិជ្ជកម្ម​ក​ម្ពុ​ជា បាន​លើកឡើងថា កម្ពុជា​គឺជា​ប្រជាជាតិ​មួយ​ក្នុង​តំបន់​អាស៊ី​​អាគ្នេយ៍​ដែល​ទទួលបាន​គម្រោង​វិនិយោគ​បែប​សេរី និង​បើកចំហ ដែល​ជនបរទេស​អាច​កាន់កា​ប់​ភាគហ៊ុន ១០០​ ភាគរយ​លើ​ការ​​វិនិយោគ​របស់​ពួកគេ​ដោយ​មិនចាំបាច់​មាន​ដៃគូ​ក្នុងស្រុក​ដូច​ប្រទេស​ផ្សេងទៀត​ទេ​។​

​លោក​ពន្យល់ថា ក្នុងពេល​ជា​​មួយ​គ្នា​នេះ រដ្ឋាភិបាល​ទើបតែ​ដាក់ចេញ​ច្បាប់​វិនិយោគ​ថ្មី​កាល​ពី​ខែតុលា ឆ្នាំ​ ២០២១ ដែលជា​ឧបករណ៍​វិនិយោគ​ថ្មី​បើកចំហ​ជាង​មុន និង​ផ្តល់​របប​លើកទឹកចិត្ត​កាន់តែច្រើន​។​

​លោក​ប្រាប់ថា​៖ «​ជាការ​ពិត​យើង​មិន​បដិសេធ​ទេ​ថា បញ្ហា​ភូមិសាស្ត្រ​នយោបាយ​ដែល​កំ​​ពុង​កើតមាន​នៅពេល​បច្ចុប្បន្ន​មិន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច ប៉ុន្តែ​អ្វីដែល​យើង​សង្កេតឃើញ គឺ​ទោះបី​មាន​ឧបសគ្គ​ពី​បញ្ហា​ខាងក្រៅ ក៏​កម្ពុជា​នៅតែ​មានការ​ប្រុង​ប្រយ័ត្ន​ក្នុងការ​ទាក់ទាញ​កា​រវិ​និ​យោគ​បន្ថែមទៀត ជាពិសេស​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​»​។​

​លោក ជា វុទ្ធី អគ្គលេខាធិការ​​ក្រុមប្រឹក្សា​វិនិយោគ​កម្ពុជា​នៃ ​CDC បានលើកឡើង​ពីស​ក្តា​នុ​ពល​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ដោយ​លោក​បានចង្អុល បង្ហាញ​អំពី​កត្តា​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ច​របស់​ប្រទេស ហើយ​បាន​សង្កត់ធ្ងន់​លើ​តួនាទី​ដ៏​សំខាន់​របស់​វិស័យ​ឯកជន​ក្នុងការ​ធ្វើឱ្យ​សេដ្ឋកិច្ច​​ជាតិ​មាន​ភាព​រីកចម្រើន​។​

​លោក​ថ្លែងថា​៖«​ទោះបី​មាន​វិបត្តិ​ជំងឺ​កូ​វីដ ​១៩ និង​បញ្ហា​ភូមិ​​សាស្ត្រ​នយោបាយ រួមទាំង​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក ក៏​កម្ពុជា​នៅតែ​រក្សាបាន​ស្ថិរភាព លំហូ​រវិ​និ​​យោគ​បរទេស​»​។​

​ស​ន្ទ​ស្សន៍​ភាពងាយស្រួល​ក្នុង​ការធ្វើ​ធុរកិច្ច​ (EoDB) របស់​កម្ពុជា​នៅតែមាន​ភាព​វិជ្ជមាន ទោះបី​មាន​បញ្ហា​ប្រឈម​ខាងក្រៅ រួមទាំង​អតិផរណា​សកល និង​ជម្លោះ​រវាង​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​ក៏ដោយ​។ នេះ​បើតាម​ការ​ស្ទង់​មតិ​ទំនុកចិត្ត​ពាណិជ្ជកម្ម​ក្នុង​ឆ្នាំ ២០២៣ ដោយ​សភា​ពាណិជ្ជ​​កម្ម​អឺរ៉ុប (EuroCham)​។​

​ការអង្កេត​នេះ​បាន​បង្ហាញថា ខណៈពេលដែល​ក្រុមហ៊ុន​ភាគ​ច្រើន​បាន​បំពេញ​តាម​គោលដៅ​រកប្រាក់​ចំណេញរ​បស់​ពួកគេ ហើយ​នៅតែមាន​សុទិដ្ឋិនិយម​អំពី​អនាគត​នោះ បញ្ហា​ប្រឈម​ក្នុងស្រុក​នៅតែ​បន្ត​កើតមាន​។ បញ្ហា​ទាំងនេះ​រួមមាន​ការធ្លាក់ចុះ​លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន និង​លទ្ធភាព​ទទួល​បាន​កម្មករ​ជំនាញ​។​

​យោងតាម​ការស្ទង់មតិ ៦២ ភាគរយ​នៃ​អ្នកឆ្លើយ​សំណួរ រំពឹងថា អាជីវកម្ម​របស់​ពួកគេ​នឹង​កើនឡើង​នៅ​ឆ្នាំក្រោយ ដោយ​កើនឡើង​ពី ៥៦ ​ភាគរយ​នៅ​ឆ្នាំ ២០២១​។ ទោះជា​យ៉ាងណាក៏ដោយ សុទិដ្ឋិនិយម​នេះ​មិនទាន់​ត្រឡប់​ទៅ​កម្រិត​មុន​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ដែលមាន​ចំនួន ៧២ ​ភាគរយ​នៅឡើយ​ទេ​៕