ភ្នំពេញៈ ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​កូរ៉េ​ខាងត្បូង នៅក្នុង​រយៈពេល ​៨ ​ខែ ​ដើមឆ្នាំ​ ២០២៣ មាន​ទឹកប្រាក់​សរុប​ជិត ៥០៤ ​លាន​ដុល្លារ​ ធ្លាក់ចុះ​ជាង ៨ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ប៉ុន្តែ​សម្រាប់​ការនាំចេញ​ទំនិញ​របស់​កម្ពុជា​គឺ​ហក់​ឡើង​ជិត ២១ ​ភាគរយ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ (GDCE)​។​

​តារាង​ស្ថិតិ​ពាណិជ្ជកម្ម​អន្តរ​​ជាតិ​រយៈពេល ៨​ ខែ​របស់ GDCE ឱ្យដឹងថា ទឹកប្រាក់​នៃ​ការនាំចេញ​-​នាំចូល​ទំនិញ​រវាង​ប្រទេស​ទាំង ​២ មាន​សរុប ៥០៣,៧៥ ​លាន​ដុល្លារ ធ្លាក់ចុះ ៨,៤ ​ភាគរយ​។ កូរ៉េ គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​១២ របស់​កម្ពុជា ដែល​នាំមុខ​ដោយ​ចិន អាមេរិក វៀតណាម និង​ថៃ​ជាដើម​។​

​យោងតាម GDCE ក្នុង​ចំនួន​ទឹកប្រាក់​ខាងលើ គឺ​ទំនិញ​កម្ពុជា​នាំទៅ​ប្រទេស​កូរ៉េ ចំនួន ១៨៩,៣៨ ​លាន​ដុល្លារ កើន ២០,៩​ ភាគរយ ចំណែក​ទំនិញ​កូរ៉េ​នាំមក​កម្ពុជា ៣១៤,៣៧ ​លាន​ដុល្លារ ធ្លាក់ចុះ ២០,១ ​ភាគរយ​។ ផ្អែក​តាម​ទិន្ន​ន័យ​ខាងលើ​គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា បន្ត​មាន​ឱនភាព ១២៤,៩៩​លាន​ដុ​​ល្លារ ខណៈ​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ឱនភាព​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា មាន​ចំនួន ២៣៦,៦៩​ លាន​ដុល្លារ​។​

​សម្រាប់​ខែសីហា ឆ្នាំ​ ២០២៣ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ មាន​ទឹកប្រាក់​សរុប ៥៦,៦៩ ​លាន​ដុល្លារ​ធ្លាក់ចុះ ៩,២៣ ​ភាគរយ​បើ​ធៀប​ខែសីហា ឆ្នាំ ​២០២២ ក្នុងនោះ​កម្ពុជា​នាំទៅ​កូរ៉េ ២៤,៦៩​ លាន​ដុល្លារ កើន ១៦,៦ ​ភាគ​​រយ និង​កូរ៉េ​នាំមក​កម្ពុជា ៣២,០៥​ លាន​ដុល្លារ ថយចុះ​ ២២,៤​ ភាគរយ​។​

​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បានឱ្យ​ ភ្នំពេញ ​ប៉ុស្តិ៍​ ដឹង​នៅ​ថ្ងៃទី​ ៨ ខែតុលា​ថា ការកែសម្រួល​ប្រព័ន្ធ​ច្បាប់​វិនិយោគ ការ​ចូល​ជាធរ​មាននៃ​កិច្ចព្រមព្រៀង​ពា​ណិ​​ជ្ជ​កម្ម​សេរី​ទ្វេភាគី និង​ពហុភាគី បាន​ជួយ​ឱ្យ​កម្ពុជា​ក្លាយជា​មេដែក​ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ​មក​បណ្តាក់​ទុន​ផ្ទាល់ និង​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា​កាន់​តែ​ច្រើន​។ លោក​បន្តថា បច្ចុប្បន្ន​ក្រៅពី​ផលិតផល​វាយ​ន​ភណ្ឌ កម្ពុជា​ក៏បាន​នាំ​ចេញ​ផលិតផល​កសិកម្ម​កាន់​តែ​ច្រើន​ទៅ​ប្រទេស​នានា​លើ​ពិភពលោក​។

​ភាគ​ច្រើន​នៃ​ទំនិញ​កម្ពុជា​នាំទៅ​កូរ៉េ គឺជា​សម្លៀកបំពាក់ ស្បែកជើង ផលិតផល​ធ្វើដំណើរ និង​កសិផល​ជាដើម ចំណែក​កូរ៉េ​នាំមក​កម្ពុជា មានដូចជា រថយន្ត គ្រឿងយន្ត​កសិកម្ម ផលិតផល​អេ​ឡិច​​ត្រូ​និក ឱសថ ភេសជ្ជៈ ជាដើម​។​

​លោក​ថ្លែងថា​៖ «​ចំនួន​ទឹកប្រាក់​ដែល​កម្ពុជា​ទទួលបាន​ពី​ការនាំចេញ​ទំនិញ​ទៅ​ប្រទេស​កូរ៉េ​នា​រយៈពេល​ចុងក្រោយ​នេះ​បាន​កើន​ឡើងជា​បន្តបន្ទាប់ ប៉ុន្តែ​វា​នៅតែ​ទាប​ជាង​ការ​នាំចូល​របស់​កូរ៉េ​។ នេះ​ជា​បញ្ហា​ដែល​កម្ពុជា​ត្រូវខិតខំ​ធ្វើ​ពិ​ពិធ​កម្ម​ទំនិញ​នាំចេញ​របស់ខ្លួន​ឱ្យមាន​កាន់តែច្រើន​មុខ​ថែមទៀត ដើម្បី​អាចឆ្លើយតប​គ្រប់​ស្ថានភាព​ទីផ្សារ​នាំចេញ រួមទាំង​ប្រទេស​កូរ៉េ​ផងដែរ​»​។​

​ទាក់ទង​នឹង​ចំណូល​កម្ពុជា​ទាប​ជាង​លោក វណ្ណៈ ប្រាប់ថា បើ​មើលទៅ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា​-​កូរ៉េ គឺ​កម្ពុ​ជាមាន​ឱនភាព ប៉ុន្តែ​ចំនួន​នេះ​អាច​ត្រូវបាន​ប៉ះ​ប៉ូវ​វិញ​ពី​ការផ្ញើ​ប្រាក់​ត្រឡប់​របស់​ពលករ​ដែ​ល​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​កូរ៉េ​។​

​ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែចង្វាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា លោក ជា ចាន់​ដា​រ៉ា បាន​និយាយថា មូលហេតុ​ដែល​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​ធ្លាក់ចុះ​នៅ​ស្ទើរ​គ្រប់​ប្រទេស​នៅក្នុង​ពេលនេះ គឺ​ដោយសារ​ឥទ្ធិពល​នៃ​វិបត្តិ​នយោបាយ និង​សេដ្ឋកិច្ច​សកល​នានា​ដែល​បាន​កើន​ឡើងជា​បន្តបន្ទាប់​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​។ លោក​បន្តថា ទោះ​​យ៉ាងណា​សម្រាប់​សកម្មភាព​ផលិតកម្ម និង​ការដឹកជញ្ជូន​នៅ​កម្ពុជា គឺ​មិនមាន​អ្វី​ជា​បញ្ហា​ទេ អ្វី​ដែលជា​បញ្ហា​នោះ​គឺ​ការបញ្ជាទិញ​ពី​ក្រៅប្រទេស​។​

​លោក​និយាយថា​៖ «​ក្នុងអំឡុងពេល​សេដ្ឋកិច្ចពិភពលោក​មិនល្អ កម្ពុជា​បាននិងកំពុង​សម្រេចកា​រក​សាង​ហេ​ដ្ឋា​​រចនាសម្ព័ន្ធ​ធ្វើដំណើរ និង​ដឹកជញ្ជូន​ជា​​ច្រើន​រាប់ទាំង​ផ្លូវថ្នល់ ព្រលានយន្តហោះ និង​កំពង់ផែ ជាដើម ដែល​សមិទ្ធផល​ទាំងនេះ​នឹងចូលរួម​ចំណែក​យ៉ាងច្រើន​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​ជាតិ​បន្ទាប់​​ពី​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ចពិភពលោក​ប្រែ​ល្អ​ឡើងវិញ​»៕