​ភ្នំពេញៈ ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេស​​ចរណ៍​ខេត្តសៀមរាប រំពឹងថា​វត្តមាន​ព្រ​លាន​យន្តហោះ​សៀមរាប​អង្គរ​ថ្មី​ដែល​គ្រោង​បើកសម្ពោធ​ជា​ផ្លូវការ​នៅ​ដើមខែ​ធ្នូ ខាងមុខ​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេស​​ចរ​អន្តរជាតិ​ឱ្យធ្វើ​ដំណើរ​មក​ទស្សនា​ប្រាសាទបុរាណ​ក្នុង​ខេត្តសៀមរាប​កាន់​តែ​ច្រើន​ឡើងវិញ ខណៈ​ភ្ញៀវ​បរទេស​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប នាពេល​នេះ​នៅមាន​ចំនួន​តិចតួច​នៅឡើយ បើ​ទោះ​វិបត្តិ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​ ១៩ លើ​ពិភពលោក​ត្រូវបាន​បិទ​បញ្ចប់​ស្ទើរ​ទាំងស្រុង​ហើយក៏​ដោយ​។​

​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី បានធ្វើ​តេស្ត​សាកល្បង​ជា​លើក​​ដំបូង​ដោយ​ជោគជ័យ​កាលពី​ថ្ងៃទី​ ៥ ខែតុលា កន្លងមក ហើយ​គ្រោង​បើកទទួល​ជើងហោះហើរ​ដំបូង​នៅ​ថ្ងៃទី​ ១៦ តុលា និង​ធ្វើ​ពិធី​បើកសម្ពោធ​ផ្លូវការ​នៅ​ថ្ងៃទី​ ១ ខែធ្នូ ឆ្នាំ ​២០២៣ ក្រោម​អធិបតី​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​។​

​ប្រធាន​សមាគម​ម​គ្គុ​ទេ្ទ​សក៍​ទេសចរ​ណ៍​ភាសា​ចិន​កម្ពុជា ​(​ខេត្តសៀមរាប​) លោក ធៀ​ម ធឿ​ង បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៩ ខែតុលា ថា រយៈពេល ២-៣ ​ខែ​ដំបូង​ឆ្នាំ ​២០២៣ (​រដូវ​ទេសចរ​ច្រើន​) គឺ​ចំនួន​ភ្ញៀវទេសចរ​បរទេស​ដែល​ធ្វើ​​ដំណើរ​មក​ខេត្តសៀមរាប​បាន​កើន​គួរឱ្យកត់សម្គាល់ ប៉ុន្តែ​ចាប់ពី​ខែមេសា​មកដល់ពេលនេះ​ចំនួន​ភ្ញៀវ​បរទេស គឺមាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​។ លោក​បន្តថា សម្រាប់​រយៈពេល ៩ ​ខែ​កន្លងមក​ លោក​សង្កេតឃើញ​ថា មគ្គុទេសក៍​​ទេសចរណ៍​ភាសា​អង់គ្លេស គឺមាន​ការងារ​ច្រើន​គួរសម ប៉ុន្តែ​សម្រាប់​ម​គ្គុ​ទេស​ក៍​ទេសចរណ៍​ភាសា​ចិន គឺ​មិនសូវមាន​ការងារ​ធ្វើ​ច្រើន​ទេ​។​

​ទាក់ទង​ព្រលានយន្តហោះ​ថ្មី លោក ធឿ​ង បាន​អះអាងថា ព្រលាន​ថ្មី​នេះ​គឺមាន​ភាព​ធំ​ទូលាយ និង​មានការ​រៀបចំ​ស្អាត ដែល​នេះ​ជា​ចំណែក​មួយ​ផ្តល់​ផាសុកភាព និង​ភាព​ទាក់ទាញ​បន្ថែមទៀត​សម្រាប់​ភ្ញៀវ​ដែល​ចង់​មក​ទស្សនា​ប្រាសាទបុរាណ​ក្នុង​ខេត្តសៀមរាប​។​

​លោក​បាន​ប្រាប់ថា​៖ «​បើតាម​ខ្ញុំ​ដឹង​គឺ​ថ្មីៗ​នេះ​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​មួយចំនួន​ជាមួយ​ក្រុមហ៊ុន​អាកាសចរ​​ណ៍​ចិន ដែល​នឹង​ជួយ​ធ្វើឱ្យមាន​លំហូរ​ភ្ញៀវ​កាន់តែច្រើន​ចូលមក​កម្ពុជា​ចាប់​ពី​ចុង​ឆ្នាំនេះ ឬ​ដើមឆ្នាំ​ ២០២៤ ខាងមុខ​។ ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា ប្រសិន​​បើ​មិនមាន​ប្រធាន​សក្តិ​ដូចជា​វិបត្តិ​ជំងឺ​កូ​វីដ ​១៩ ចំនួន​ភ្ញៀវ​មកពី​ប្រទេស​​ចិន​នឹង​ចាប់ផ្តើម​កើនឡើង​វិញ​»​។​

​បើតាម​លោក ធឿ​ង ជាទូទៅ​ទម្លាប់​ភ្ញៀវ​ម​ពី​តំបន់​អឺរ៉ុប គឺ​ភាគច្រើន​ពួកគេ​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា​ចន្លោះ​ពី ៤-៥​ ថ្ងៃ ខណៈ​ភ្ញៀវ​មកពី​ប្រទេស​ចិន ភាគច្រើន​ស្នាក់នៅ​ត្រឹម ៣ ​ថ្ងៃ​។​

មន្ត្រី​ឧទ្យានុរក្ស​ចាប់ខ្លួន​សកម្មជន​ ៥ ​នាក់​ បញ្ជូន​ទៅ​តុលាការខេត្តក្រចេះ ​​រឿង​លួច​ចូល​តំបន់​ដែនជម្រក​សត្វព្រៃ​ឡង់។ រូបថត ADHOC Cambodia

​ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ លោក ខៀវ ធី និយាយថា ទោះ​វិបត្តិ​ជំងឺ​កូ​វីដ ១៩ បាន​ស្ងប់ស្ងាត់ ប៉ុន្តែ​បញ្ហា​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ និង​វិបត្តិ​សេដ្ឋកិច្ច​សកល គឺ​បាន​ជំ​រុញឱ្យ​មនុស្ស​ជាច្រើន​សម្រេច​លុបចោល​គ​ម្រោ​ង​ចេញ​ដើរ​កម្សាន្ត​នៅក្រៅ​ប្រ​ទេស​។ នេះ​គឺជា​មូលហេតុ​ចម្បង​ធ្វើឱ្យ​ចំនួន​ភ្ញៀវ​បរទេស​មក​កម្ពុ​ជាមាន​ចំនួន​តិច​។ វិស័យ​ទេសចរណ៍ តែងតែ​ប្រែប្រួល​ទៅតាម​ស្ថានភាព​សេដ្ឋកិច្ច និង​នយោបាយ​។

​លោក​បន្តថា ទោះយ៉ាងណា ដោយសារ​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​មកជា​រដូវ​កាល​មិនសូវមាន​ភ្ញៀវ​ដូច្នេះ​គេ​គួរ​រង់​ចាំមើល​នៅ​ចុងឆ្នាំ​សិន ព្រោះ​ជា​ពេល​អ្នកទេសចរ​ចម្រុះ​ជាតិ​សាសន៍​ដើរ​កម្សាន្ត​ច្រើនជាង​ពេល​ធម្មតា​។ លោក​បន្តថា ដោយសារ​ក្នុងអំឡុងពេល​វិស័យ​ទេសចរណ៍​ធ្លាក់ចុះ​ជាង ៣​ ឆ្នាំ​មកនេះ កម្ពុជា​បាន​កសាង​សម្រេច​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​ព្រលានយន្តហោះ​ថ្មី ដូច្នេះ​អ្វីៗ​អាច​នឹងមាន​ការផ្លាស់​ប្តូរ​ច្រើន​ចាប់ពី​ចុងឆ្នាំ​ ២០២៣ នេះ​តទៅ​។​

​លោក​ថ្លែងថា​៖ «​រយៈពេល​ប៉ុន្មាន​ខែ​នេះ​ភ្ញៀវ​បរទេស​មក​កម្សាន្ត​នៅ​ខេត្ត​សៀមរាប​មាន​ចំនួន​តិច​នៅឡើយ​ធៀប​នឹង​អំឡុង​ឆ្នាំ​ ២០១៩ (​មិនទាន់មាន​វត្តមាន​កូ​វីដ ​១៩)​ ប៉ុន្តែ​អ្វីៗ​អាច​នឹងមាន​ការប្រែប្រួល​ខ្លាំង​នៅ​ចុងឆ្នាំ​នេះ​»​។​

​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក សុខ សូកេន អំឡុងពេល​ដឹកនាំ​គណៈ​ប្រតិភូ​ក្រសួងទេសចរណ៍ និង​អង្គភាព​ពាក់ព័ន្ធ​ទៅពិនិត្យ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី កាលពី​ថ្ងៃទី ​៧ ខែតុលា ឆ្នាំ​ ២០២៣ បាន​លើក​​ឡើង​ថា អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី​តំណាងឱ្យ​សេវា​ប​ដិ​ស​ណ្ឋា​រ​កិច្ច​ដ៏​សំខាន់​មួយ​នៅ​ក្នុងការ​ប្តេជ្ញាចិត្ត​របស់​កម្ពុជា​លើ​ការផ្តល់សេវា​កម្ម​ប្រកបដោយ​គុណភាព​ដល់​អ្នក​​ដំណើរ​ជាតិ និង​អន្តរជាតិ​។​

​លោក​ថ្លែងថា​៖ «​អាកាសយានដ្ឋាន​ថ្មី​នេះ​នឹង​តំណាងឱ្យ​សេវា​ប​ដិ​ស​ណ្ឋា​រ​កិច្ច​ដ៏​សំខាន់​មួយ​នៅក្នុង​ការប្តេជ្ញាចិត្ត​រប​ស់​យើង​ក្នុង​ការផ្តល់​សេវាកម្ម​ប្រកបដោយ​គុណភាព​ដល់​អ្នក​​ដំណើរ និង​ការបើកទ្វារ​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​បន្ថែមទៀត​»​។​

​លោក​បន្តថា​៖ «​ក្នុងន័យនេះ វិស័យ​ទេសចរណ៍​កម្ពុជា​ត្រូវតែ​ពិចារណា​ដល់​ការលើកកម្ពស់​សេវាកម្ម​នានា ជា​​ពិសេស​សេវាកម្ម​ទេសចរណ៍​ឱ្យមាន​កម្រិត​អន្តរជាតិ មានន័យថា ទាំង​ហេ​ដ្ឋា​​រចនាសម្ព័ន្ធ​រឹង និង​ទន់ ត្រូវតែ​ដើរទៅ​ទន្ទឹមគ្នា​ដោយ​មិនអាច​ខ្វះ​បាន​»​។​

​អាកាសយានដ្ឋាន​អន្តរជាតិ​សៀម​រាប​អង្គរ​ថ្មី​នេះ​មាន​ចំណត​សម្រាប់​ចត​អាកាសយាន​ចំនួន ៣៨ ​ចំណត និង​អាច​ទទួល​អ្នកដំណើរ​តាមផ្លូវ​អាកា​សបាន ៧ ​លាន​នាក់ ក្នុង​ ១ ​ឆ្នាំ​សម្រាប់​ឆ្នាំ​ ២០២៣ និង​ឈានទៅ​ទទួល​អ្នក​​ដំណើរ ១២​ លាន​នាក់​ក្នុង​ ១ ​ឆ្នាំ​ចាប់ពី​ឆ្នាំ ​២០៤០​។

ជាមួយគ្នានេះ​វា​អាច​ផ្ទុកទំនិញ​តាមផ្លូវ​អាកា​សបាន ១០ ០០០​ តោន ក្នុង​ ១ ​ឆ្នាំ​ចាប់ពី​ឆ្នាំ ​២០២៣ និង ២៦ ០០០​ តោន​ ក្នុង​ ១ ​ឆ្នាំ​ចាប់ពី​ឆ្នាំ​ ២០៤០ ព្រមទាំង​អាច​ទទួល​ជើង​ហោះហើរ​បាន ៦៥ ៨០០ ជើង​ក្នុង ​១ ​ឆ្នាំ​ចាប់ពី​ឆ្នាំ ​២០២៣ ទៅ ១១២ ៧០០ ​ជើង​ក្នុង​ ១​ ឆ្នាំ​ចាប់ពី​ឆ្នាំ​ ២០៤០​។​

​ទិន្នន័យ​ពី​គ្រឹះស្ថាន​អង្គរ​បានឱ្យដឹងថា ចាប់ពី​ខែមករា​-​កញ្ញា ឆ្នាំ​ ២០២៣ មាន​ភ្ញៀវ​បរទេស​ចំនួន ៥៣៩ ៥៦១ ​នាក់​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដោយ​ប្រា​ក់បាន​ពី​ការលក់​សំបុត្រ​មាន​ចំនួន ២៤,៩៥ ​លាន​ដុល្លារ កើន ៣០២,២ ​ភាគរយ និង ៣៦៥,៤២ ​ភាគរយ​ព្រម​គ្នា​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។​

​ចន្លោះ​ពី​ខែមករា ដល់​ខែសីហា ឆ្នាំ​ ២០២៣ កម្ពុជា​ទទួលបាន​ភ្ញៀវ​បរទេស​សរុប ៣ ៥០១ ៩៨១ ​នាក់ កើនឡើង ២៥០,៨ ​ភាគរយ​ធៀប​រយៈពេល ៨​ខែ​ឆ្នាំ​ ២០២២ ដែលមាន ៩៩៨ ២៧២​ នាក់​។ យ៉ាងណា​ចំនួន​នេះ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០១៩ (​កំណត់​​ត្រា​ភ្ញៀវ​បរទេស​ច្រើន​បំផុត​) គឺ​នៅ​ទាប​ជាង ១៩,៧​ ភាគរយ​។

ភ្ញៀវ​ទេសចរ​ថៃ មាន​ចំនួន​ច្រើនជាងគេ គឺ​ចំនួន ១ ១៨៦ ៩៩៩​ នាក់​, វៀតណាម ៦៤១ ៧៥៨​ នាក់​, ចិន ៣៦៤ ៨៤៤​ នាក់​, និង​ឡាវ ២១២ ៩៨៤ ​នាក់ និង​ប្រទេស​មួយចំនួនទៀត​ដូចជា អាមេរិក​, កូរ៉េខាងត្បូង​, ឥណ្ឌូនេស៊ី​, និង​បារាំង ជាដើម​។ នេះ​បើតាម​ក្រសួងទេសចរណ៍​៕