​ភ្នំពេញៈ ការនាំចេញ​-​នាំចូល​ទំនិញ​រវាង​កម្ពុជា និង​អាមេរិក នៅក្នុង​រយៈពេល ៩​ ខែ​ដំបូង​ឆ្នាំ​ ២០២៣ មាន​ទឹកប្រាក់​សរុប​ជាង ៧ ពាន់​លាន​ដុល្លារ ធ្លាក់​​ចុះ​តិចតួច​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

​តារាង​ស្ថិតិ​របស់ GDCE ឱ្យដឹងថា ចាប់ពី​ខែមករា​-​ខែកញ្ញា ឆ្នាំ​ ២០២៣ ​ការធ្វើ​ពាណិជ្ជ​កម្ម​នៃ​ប្រទេស​ទាំង ២ មានទឹក​ប្រាក់​សរុប ៧,០៨​ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៣​ ភាគរយ​ធៀប​នឹង​រយៈពេល ៩​ ខែ​ឆ្នាំ ​២០២២ ដែលមាន ៧,៣ ​ពាន់​លាន​ដុ​ល្លារ ដែល​នៅ​ក្នុងនោះ​ទំនិញ​កម្ពុជា​នាំទៅ​អាមេរិក មានតម្លៃ ៦,៩​ ពាន់​លាន​ដុល្លារ ថយចុះ ២,១ ​ភាគរយ និង​ទំនិញ​អាមេរិក​នាំមក​កម្ពុជា ១៨១,០២ ​លាន​ដុល្លារ ថយចុះ​ ២៧,៨ ​ភាគរយ​។

​បើ​ផ្អែក​តាម​តួលេខ​ខាងលើ គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា​មាន​ឧត្តមភាព ៦,៧២ ​ពាន់​លាន​ដុ​ល្លារ ខណៈ​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ មាន​ចំនួន ៦,៨​ ពាន់​លាន​ដុល្លារ​។ ប្រទេស​អាមេរិក​គឺជា​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​ធំ​ទី​ ២ របស់​កម្ពុជា ដោយមាន​ចំណែក ២០,១៣ ​ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​សរុប​របស់​កម្ពុជា ក្នុង​រយៈពេល ៩ ​ខែ ឆ្នាំ​ ២០២៣ ដែលមាន​ចំនួន ៣៥,១៦ ​ពាន់​លាន​ដុល្លារ​។​

​ដោយឡែក​ក្នុង​ខែកញ្ញា ឆ្នាំ​ ២០២៣ ការផ្លាស់ប្តូរ​ទំនិញ​នៃ​ប្រទេស​ទាំង ២ មាន​ទឹកប្រាក់​សរុប ៨០៦,៧៥ ​លាន​ដុល្លារ កើន ២៣,៦ ៨​ភាគរយ​ធៀប​ខែកញ្ញា ឆ្នាំ​ ២០២២ ដែលមាន​ ៦៥២,២៥ ​លាន​ដុល្លារ ដោយ​ក្នុងនោះ​កម្ពុជា​នាំទៅ​អាមេរិក ៧៨៦,១៧​ លាន​ដុល្លារ កើន​ ២៥,៦​ ភាគរយ និង​អាមេរិក​នាំមក​កម្ពុជា ២០,៥៨​ លាន​ដុល្លារ ធ្លាក់ចុះ ២២,៥​ ភាគរយ​។​

​លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ប្រាប់​ ​ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី​ ១១ ខែតុលា​ថា បន្ទាប់ពី​ធ្លាក់ចុះ​ការបញ្ជាទិញ​ពី​ទីផ្សារ​អាមេរិក​កាលពី​ឆមាស​ទី​ ២ ឆ្នាំ ​២០២២ មក​នៅពេលនេះ​អ្វីៗ​ហាក់​ចាប់ផ្តើម​ល្អប្រសើរ​ឡើងវិញ​ជា​បណ្តើរៗ​ហើយ​។ ការធ្លាក់ចុះ​ទំហំ​ពា​ណិ​ជ្ជ​កម្ម​រវាង​ប្រទេស​ទាំង ២ ​គឺ​មកពី​វិបត្តិ​សេដ្ឋកិច្ច​សកល​ដែល​បង្ខំ​ឱ្យ​ប្រជាជន​កាត់បន្ថយ​ការចំណាយ​ប្រចាំថ្ងៃ​។

​លោក​បន្តទៀតថា ដោយសារ​ក្នុង​ចំនួន​ទឹកប្រាក់​នៃ​ទំហំ​ពាណិជ្ជកម្ម​សរុប គឺមាន​ជាង ៩០ ​ភាគរយ​ជាការ​នាំ​ចេញពី​កម្ពុជា ដូច្នេះ​កម្ពុជា​ត្រូវតែ​ខិតខំ​បន្ថែមទៀត​ក្នុងការ​ជំរុញ​ការនាំចេញ​របស់ខ្លួន​ឱ្យបាន​កាន់តែច្រើន តាមរយៈ​ការធ្វើ​ពិពិធ​កម្ម​លើ​គុណ​ភាព តម្លៃ និង​ប្រភេទ​មុខទំនិញ​ឱ្យមាន​លក្ខណៈ​ចម្រុះ​កាន់តែច្រើន ខណៈ​បច្ចុប្បន្ន​ទំនិញ​នាំទៅ​ទីផ្សារ​អាមេរិក​ភាគច្រើន​ជា​ផលិតផល​វាយ​ន​ភណ្ឌ​។​

​លោក​ថ្លែងថា​៖«​ការធ្លាក់ចុះ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ​២ គឺ​ដោយសារតែ​ផល​ប៉ះ​ពាល់​សេដ្ឋកិច្ច​សកល គឺ​មិនមែន​ដោយសារតែ​សមត្ថភាព​ផលិត និង​ការនាំចេញ​របស់​កម្ពុជា​ធ្លាក់ចុះ​នោះឡើយ​»​។​

​លោក​បាន​បន្តថា ម្យ៉ាងទៀត​ដោយសារ​ផលិតផល​នាំចេញ​របស់​កម្ពុជា​ទៅ​អាមេរិក​មាន​ទំនាក់ទំនង​ទៅនឹង​ការធ្វើដំណើរ​កម្សាន្ត​ដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប និង​កង់ ជា​​ដើម​នោះ ដូច្នេះ​នៅពេល​វិស័យ​ទេសចរណ៍​ពិភពលោក​មាន​ដំ​ណើ​រ​ការល្អ​ឡើងវិញ ការនាំចេញ​របស់​កម្ពុ​ជា​ទៅ​អាមេរិក​ក៏​អាច​នឹង​កើន​ឡើងវិញ​ដែរ​។​

​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ា​ណែ​ត នៅក្នុង​ពិធី​បើក​វេទិកា​ធុរកិច្ច​អាមេរិក​-​កម្ពុជា កាលពី​ថ្ងៃទី​ ២២ ខែកញ្ញា ឆ្នាំ ​២០២៣ នៅក្នុង​ទីក្រុង​ញូវយ៉ក បាន​លើកឡើងថា កិច្ច​សហ​ប្រ​តិ​ប​ត្តិ​ការល្អ​រវាង​ប្រទេស​ទាំង​ ២ ​គឺ​ពិត​បានផ្តល់​ប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក​និង​ទទួលបាន​អត្ថប្រយោជន៍​ពី​ទីតាំង​យុទ្ធ​សាស្ត្រ និង​កម្លាំង​ពលកម្ម​វ័យ​ក្មេង​ដែលមាន​ថ្លៃឈ្នួល​ទាប​ព្រមទាំង​មាន​ជំនាញ​សម្រាប់​វិស័យ​កម្មន្តសាល​។ ការណ៍​នេះ​បានធ្វើឱ្យ​ថ្លៃទំនិញ​ផលិត​កម្ពុជា​មានតម្លៃ​ទាប​សម្រាប់​អ្នក​ប្រើ​ប្រាស់ ខណៈ​កម្ពុជា​ទទួលបាន​អត្ថប្រយោជន៍​ពី​ការនាំ​ចេញទៅ​ទីផ្សារ​សហរដ្ឋអាមេរិក​។​

​លោក​បាន​បន្ថែមថា នេះ​ជា​ឱកាស​នោះ​ល្អ​សម្រាប់​វិ​និ​យោ​​គិ​ន និង​ធុរជន​សហរដ្ឋអាមេរិក​មក​សិក្សា​ស្វែងយល់​ពីស​ក្ដា​នុ​​ពល​របស់​កម្ពុជា​។​

​លោក​លើកឡើងថា​៖ «​បានឃើញ​ម្ដង ប្រសើរ​ជាង​បានឮ ​១ ​ពាន់​ដង​» ​ដូច្នេះ​សូម​វិនិយោគិន​មក​ស្វែងយល់​អំពី​កម្ពុជា រាជ​​រដ្ឋាភិបាល​នឹង​បន្ត​ការគាំទ្រ​មុត​មាំ​ដល់​កាលានុវត្តភាព​សម្រាប់​ប​ង្កើ​ត​កិច្ចសហប្រតិបត្តិការ និង​ការពង្រីក​ធុរកិច្ច​ព្រមទាំង​ដោះ​ស្រាយ​រាល់​បញ្ហា​ប្រឈម​ទាំងចាស់ និង​ថ្មី​ដើម្បី​ជំរុញ​សន្ទុះ​នៃ​ការអភិវឌ្ឍ​វិស័យ​ឯកជន​ឱ្យបាន​ពេញលេញ និង​ក្លាយជា​ដៃគូ​គន្លឹះ​របស់​រាជរដ្ឋាភិបាល​»​។​

​ធនាគារពិភពលោក (WB) កាលពីពេល​ថ្មីៗ​នេះ​បាន​រក្សា​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​រប​ស់​កម្ពុជា​នៅ​ឆ្នាំ​ ២០២៣ នេះ​នៅ​កម្រិត ៥,៥ ​ភាគរយ បើទោះបី​ជាមាន​ឧបសគ្គ​ពី​ខាងក្រៅ ក៏​កំណើន​សេដ្ឋកិច្ចកម្ពុជា​នៅតែ​ទទួលបាន​នូវ​សម្ទុះ​ដែល​គាំទ្រ​ទៅដោយ​ការ​ស្ទុះ​ងើបឡើង​វិញ​ក្រោយ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​នៃ​វិស័យ​សេវាកម្ម និង​វិស័យ​ទេសចរណ៍​ជាដើម​។​

​ក្នុង​ឆ្នាំ​ ២០២២ ការធ្វើ​ពា​ណិ​ជ្ជ​កម្ម​ទ្វេភាគី​កម្ពុជា​-​អាមេរិក មាន​ទឹកប្រាក់​សរុប ៩,២៨​ ពាន់​លាន​ដុល្លារ កើនឡើង ១៨,៦ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០២១ ដែលមាន ៧ ៨២៦,៤៩ លាន​ដុល្លារ​។ ក្នុងនោះ​ទំនិញ​កម្ពុជា​នាំចេញ​មាន ៨,៩៧​ ពាន់​លាន​ដុល្លារ កើន ១៩,៧​ ភាគរយ និង​នាំចូល ៣១២,៤៨​ លាន​ដុ​ល្លារ ធ្លាក់ចុះ ៧,១ ​ភាគរយ​។ ជញ្ជីងពាណិជ្ជកម្ម​កម្ពុ​ជាមាន​ឧត្តមភាព ៨,៦៥ ​ពាន់​លាន​ដុ​ល្លារ​។ នេះ​បើតាម GDCE៕