​ភ្នំពេញៈ កម្ពុជា​បាន​ចំណាយ​ប្រា​ក់ជាង ១,១​ពាន់​លាន​ដុ​ល្លារ ទៅលើ​ការ​នាំចូល​ម៉ាស៊ីន ឧបករណ៍​អគ្គិសនី និង​បំណែក​របស់​វា ពី​ទីផ្សារ​អន្តរជាតិ​នៅក្នុង​រយៈពេល ៩​ ខែ ឆ្នាំ​ ២០២៣ កើន​ជាង ១១​ ភាគរយ ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​​កម្ពុជា (GDCE)​។​

​យោងតាម GDCE ចាប់ពី​ខែ​មករា​-​ខែកញ្ញា ឆ្នាំ ​២០២៣ ការ​នាំចូល​ទំនិញ​ក្នុង​ជំពូក ​(HS ២​ ខ្ពង់​)​ លេខ​កូដ​ ៨៥ ដែល​រួម​មាន​ម៉ាស៊ីន ឧបករណ៍​អគ្គិសនី និង​បំណែក​របស់​វា មានតម្លៃ​សរុប ១,១៤​ ពាន់​លាន​ដុល្លារ កើន ១១,១​ ភាគរយ​ធៀប​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ដែលមាន ១,០៣ ​ពាន់​លាន​ដុល្លារ​។ ទឹកប្រាក់​នាំចូល​ទំនិញ​ក្នុង​ជំពូក​លេខ​កូដ​ ៨៥ គឺ​ស្មើនឹង ៦,៣ ​ភាគរយ​នៃ​ការនាំ​ចូល​សរុប​របស់​កម្ពុជា​រយៈពេល ៩​ ខែ ឆ្នាំ​ ២០២៣ ដែលមាន ១៨,២២ ពាន់​លាន​ដុល្លារ​។ កាលពី​រយៈ​​ពេល ៩ ​ខែ ឆ្នាំ​ ២០២២ ចំណែក​ទឹកប្រាក់​នាំចូល​របស់​ទំនិញ​ក្នុង​លេខ​កូដ​ ៨៥ គឺ​ស្មើនឹង ៥,៣ ​ភាគរយ​នៃ​ការនាំ​ចូល​សរុប ១៩,៣៦​ ពាន់​លាន​ដុល្លារ​។​

GDCE ឱ្យដឹងទៀតថា សម្រាប់​ខែកញ្ញា ឆ្នាំ​ ២០២៣ ការនាំ​ចូល​ម៉ាស៊ីន ឧបករណ៍​អគ្គិសនី និង​បំណែក​របស់​វា មានទឹក​ប្រាក់ ១១៦,៣៣​ លាន​ដុល្លារ ធ្លាក់ចុះ ៧ ​ភាគរយ​ធៀប​នឹង​ខែកញ្ញា ឆ្នាំ ​២០២២ ដែលមាន ​១២៥,០៨​ លាន​ដុល្លារ​។​

​លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ការបោះ​​ជំហាន​ទៅមុខ​យ៉ាង​លឿន​ផ្នែក​បច្ចេកវិទ្យា និង​តម្រូវការ​ម៉ាស៊ីន​សម្រាប់​បម្រើឱ្យ​ការផលិត និង​ការងារ​ប្រចាំថ្ងៃ បាន​តម្រូវឱ្យ​កម្ពុជា​បញ្ចេញ​ប្រាក់​ជាច្រើន​រយ​លាន​ដុល្លារ​ក្នុង ១ ​ឆ្នាំៗ​ដើម្បី​នាំ​​ចូល​ម៉ាស៊ីន ឧបករណ៍​អគ្គិសនី និង​បំណែក​របស់​វា​។ លោក​បន្តថា ផលិតផល​ម៉ាស៊ីន និង​ឧ​ប​​ករ​ណ៍​ខាងលើ​ក៏​ជា​ផ្នែក​សំខាន់​ក្នុង​ការជួយ​លើកកម្ពស់​សមត្ថ​​ភាព​ផលិត ឬ​កែច្នៃ​ទំនិញ​នាំ​ចេញពី​ប្រទេស​កម្ពុជា ​ទៅ​ទីផ្សារ​អន្តរជាតិ​ឱ្យមាន​បរិមាណ​កាន់​តែ​ច្រើន​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​កំណើន​ការ​នាំចូល​ផលិតផល​ទាំងអស់នេះ គឺជា​ផ្នែក​មួយ​ដែល​នឹង​ជួយ​ឱ្យ​សមត្ថភាព​ផលិតកម្ម​នៅ​កម្ពុ​ជាមាន​កំណើន​កាន់តែ​ខ្ពស់​»​។​

​លោក​បន្តថា ទន្ទឹមនឹង​ការនាំ​​ចូល កម្ពុជា​ក៏បាន​នាំចេញ​ផលិត​ផល​ទាំងអស់​ខាងលើ​ទៅ​ទីផ្សារ​អន្តរជាតិ​ជាច្រើន​លាន​ដុល្លារ​ផងដែរ​នាពេល​កន្លងមក​។​

​យោងតាម GDCE រយៈពេល ៩ ​ខែ ឆ្នាំ​ ២០២៣ កម្ពុជា​បាន​នាំចេញ​ទំនិញ​ក្នុង​ជំពូក ​(HS ២ ​ខ្ពង់​)​ លេខ​កូដ ​៨៥ ដោយមាន​ទឹកប្រាក់​សរុប ២,៤៨ ​ពាន់​លាន​ដុល្លារ កើនឡើង ៩៣,៥​ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២២ ដែលមាន​ចំនួន ១,២៨​ ពាន់​លាន​ដុល្លារ​។ ទឹក​ប្រាក់​នាំចេញ​ទំនិញ​ជំពូក​លេខ​កូដ​ ៨៥ គឺ​ស្មើ ១៤,៦​ ភាគរយ​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា ដែលមាន​ចំនួន ១៦,៩៤​ ពាន់​លាន​ដុល្លារ​។​

​ប្រធាន​សមាគម​បច្ចេកវិទ្យា​ឌីជីថល​នៃ​កម្ពុជា លោក ឈិន កេ​ន បាន​និយាយថា បច្ចេកវិទ្យា គ្រឿង​ម៉ាស៊ីន និង​ឧបករណ៍​អគ្គិសនី កំពុងមាន​តម្រូវការ​កាន់តែច្រើន​នៅ​កម្ពុជា ព្រោះ​វា​បាននិងកំពុង​ចូលរួម​នៅ​គ្រប់​ប្រតិបត្តិការ​អាជីវកម្ម ខណៈ​ចំណេះដឹង​ការប្រើប្រាស់​បច្ចេក​វិទ្យា និង​គ្រឿង​ម៉ាស៊ីន នៅ​កម្ពុជា​ក៏មាន​កាន់តែច្រើន​។​

​លោក​និយាយថា​៖ «​ម៉ាស៊ីន និង​ឧបករណ៍​អគ្គិសនី​កំពុងមាន​តម្រូវការ​កាន់តែច្រើន​នៅ​គ្រប់​វិស័យ​។ ការប្រើប្រាស់​ម៉ា​ស៊ីន​ជួយ​ឱ្យ​សមត្ថភាព​ផលិត​កម្ម​នៅ​កម្ពុ​ជាមាន​កាន់តែ​ខ្ពស់ ខណៈ​ការនាំចេញ​ផលិតផល​​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ក៏​នឹង​កើនឡើង​ទៅតាម​នោះដែរ​»​។​

​ទិន្នន័យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ប​ង្ហា​ញ​ថា ក្នុង​ឆ្នាំ​ ២០២២ កម្ពុជា​ប្រមូលបាន​ប្រាក់ ២​ ពាន់​លាន​ដុល្លារ​ពី​ការ​​នាំចេញ​ផលិតផល​ដែលមាន​លេខ​កូដ​ ៨៥ កើន ៨៤,៨ ​ភាគ​​រយ​បើ​ធៀប​ឆ្នាំ ​២០២១ ដែលមាន​ចំនួន ១,០៨ ​ពាន់​ដុល្លារ​។ ទឹកប្រាក់​នាំចេញ​ម៉ាស៊ីន និង​ឧបករណ៍​អគ្គិសនី និង​បំណែក​របស់​វា ស្មើនឹង ៨,៩​ ភាគរយ​នៃ​ចំនួន​ទឹកប្រាក់​នាំចូល​សរុប​របស់​កម្ពុ​ជា​ដែលមាន ២២,៤៨​ ពាន់​លាន​ដុល្លារ​៕