​ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាស​នៅ​ថ្ងៃទី ​១៦ ខែតុលា ឆ្នាំ​ ២០២៣ បើក​ឱ្យ​ដំណើរការ អាកាសយានដ្ឋាន អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី ដែល​ចំណាយ​ទុនវិនិយោគ ​១ ១០០ ​លាន​ដុល្លារ ផ្តើមចេញពី​គោល​​នយោបាយ​នៃ​ចំណងមិត្តភាព​ដែកថែប និង​កិច្ច​សហប្រតិបត្តិ​ការ​ត្បូង​ពេជ្រ​កម្ពុជា​-​ចិន ក្រោម​គំនិត​ផ្តួចផ្តើម​ពី​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ក​ម្ពុ​ជា និង​ចិន​។

​លោក វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណៈ​រដ្ឋ​​មន្ត្រីថ្លែងថា​៖ «​ការបើក​ឱ្យប្រើ​ប្រាស់ និង​ទទួល​ជើង​ហោះ​​ហើរ​ពាណិជ្ជកម្ម​ដំបូង មកកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ គឺជា​ការបើក​ទំព័រ​ថ្មី​មួយ​កម្ពុជា ក្នុង​ការលើក​ស្ទួយ ការអភិវឌ្ឍ​វិស័យ​ទេស​ចរណ៍​នៅលើ​ទឹកដី​ជា​ប្រវត្តិ​សាស្ត្រ​របស់ខ្លួន ដែលមាន​ព្រលានយន្តហោះ​ស្ដង់ដា​អន្តរ​ជាតិ​ធំជាងគេ​នៅ​កម្ពុជា នៅលើ​ទឹកដី​សៀមរាប​អង្គរ​»​។​

​លោក វិស្សុត បានបញ្ជាក់​ទៀតថា​៖ «​ក្នុង​ថ្ងៃជា​ប្រវត្តិ​សាស្ត្រ​នេះ ក្នុងនាម​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី ខ្ញុំ​សូម​ជូនពរ​ឱ្យ​មិត្តភាព​នៃ​ប្រទេស​យើង​ទាំង​ ២ កម្ពុជា​-​ចិន កាន់​តែ​រឹងមាំ​ខ្លាំងក្លា និង​ស្ថិតស្ថេរ​ជា​ដរាប​»​។​

​លោក វ​ង្សី វិស្សុត បាន​អះអាងថា នេះ​គឺជា​ការបើក​ទំព័រ​ថ្មី​មួយ ក្រោយ​វិបត្តិ​កូ​វីដ​ ១៩ ​របស់​កម្ពុជា ក្នុង​ការលើក​ស្ទួយ​ការអភិវឌ្ឍ​វិស័យ​ទេស​ចរណ៍​។ ក្នុង​ពិធី​ស្វាគមន៍​ទទួល​ជើងហោះហើរ​ពាណិជ្ជ​កម្ម​ដំបូង មកកាន់​អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ (SAI)​ នេះដែរ ក៏មាន​ការ​ចូលរួម​ពី​លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល​, លោក សុខ សូកេន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​, មន្ត្រី​រាជ​​រដ្ឋាភិបាល​ជាន់ខ្ពស់​ដទៃទៀត រួមទាំង​តំណាង​វិស័យ​ឯកជន​ផ្នែក​ទេសចរណ៍ បាន​ចូលរួម​ស្វាគមន៍​អ្នកដំណើរ​ដំបូង​គេ ដែល​បាន​ហោះហើរ​ចេញពី​ទីក្រុង​បាងកក ប្រទេស​ថៃ តាមរយៈ​ក្រម​ហ៊ុន​អាកាស​ចរណ៍​បាងកក​អ៊ែ​រវ៉េ​។​

​លោក វ​ង្សី វិស្សុត បាន​ថ្លែងថា អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ បាន​សាងសង់​រួចរាល់​ទាន់ពេលវេលា និង​ចំណាយ​ទុនវិនិយោគ​ដល់​ទៅ ១ ១០០ ​លាន​ដុល្លារ ផ្តើមចេញពី​គោលនយោបាយ​នៃ​ចំណងមិត្តភាព​ដែកថែប និង​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ​កម្ពុជា​-​ចិន ក្រោម​គំនិត​ផ្តួច​​ផ្តើម​ពី​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា និង​ចិន​។ ការ​​វិនិយោគ លើ​អាកាសយាន​​ដ្ឋា​ន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី​នេះ គឺជា​មរតក​មនុស្សជាតិ ដែល​ជំរុញ​សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និង​សង្គម​សម្រាប់​ប្រជាជាតិ​កម្ពុជា និង​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ ដែល​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​ដែកថែប​រវាង​ប្រទេស​ទាំង ​២​។​

​លោក វ​ង្សី វិស្សុត បាន​ថ្លែងថា ទោះបីជា​មានការ​ពន្យារ​ពេល​នៃ​ដំណើរ​ការសាងសង់​នា​អំឡុងពេល​វិបត្តិ​ជំងឺ​កូ​វីដ ​១៩ ក្តី តែ​ការសាងសង់ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​នេះ​ឡើង នៅតែ​ប្រព្រឹត្តទៅ​ប្រកបដោយ​ជោគជ័យ​។​

​លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​​អាកាសចរណ៍​ស៊ីវិល បាន​ថ្លែង​ឱ្យដឹង​ដែរ​ថា ការសាងសង់​អាកាសយា​ន​ដ្ឋា​ន​​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី មិន​ត្រឹមតែ​គិត​លើ​តម្រូវការ​បច្ចុប្បន្ន​នោះទេ គឺមាន​ចក្ខុវិស័យ​វែងឆ្ងាយ ដោយបាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​លក្ខ​ខណ្ឌ តាម​ស្តង់ដា​អន្តរជាតិ លំដាប់​ប្រភេទ ៤​ អ៊ី (4E) និង​តម្រូវការ ដើម្បី​បម្រើការ​ហោះហើរ​គ្រប់​ប្រភេទ ចាប់តាំងពី​អាកាសយាន​ប្រភេទ​តូច ដល់​ប្រភេទ​ធំៗ ដូចជា Airbus 350 ឬ Boeing 787 ជាដើម និង​សម្រាប់​ទទួល​ជើងហោះហើរ​ក្នុង​តំបន់ និង​ជើងហោះហើរ​ឆ្ងាយៗ (Long Haul Flights)​។​

​លោក ​ម៉ៅ ហាវ​ណ្ណា​ល់ បាន​បញ្ជាក់ថា​៖ «​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ ​(​ថ្មី​)​ នេះ មាន​សមត្ថ​ភាព ទទួល​អាកាសយាន​ចំនួន​ ៣៨ ចំណត​, ទទួល​អ្នកដំណើរ​តាមផ្លូវ​អាកា​សបាន ៧ ​លាន​នាក់​ក្នុង​ឆ្នាំ ​២០២៤ និង​ ១២​ លាន​នាក់​ក្នុង​ឆ្នាំ​ ២០៤០ ខាងមុខ​»​។​

​លោក ហាវ​ណ្ណា​ល់ បាន​ថ្លែង​បន្តទៀតថា​៖ «​អាច​ផ្ទុកទំនិញ​តាមផ្លូវ​អាកាស​បាន​ចំនួន ១០ ០០០​ តោន​ក្នុង​ឆ្នាំ​ ២០២៤ និង ​២៦ ០០០​ តោន ​ក្នុង​ឆ្នាំ ២០៤០​ ខាងមុខ ហើយ​គ្រោង​ទទួល​ជើងហោះហើរ​បាន​ចំនួន ៦៥ ០០០ ​ជើង ក្នុង​ឆ្នាំ​ ២០២៤ និង​ ១១២ ០០០​ ជើង នៅក្នុង​ឆ្នាំ​ ២០៤០ តាម​ការ​ព្យាករ​ទុក​»​។​

​សូមជម្រាបថា អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ក្រៀល​ពង ឃុំ​ពពេល និង​ភូមិ​ប្រ​វ៉ាល ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រ​និគម ខេត្តសៀមរាប ចម្ងាយ​ពី​ប្រា​សាទ​អង្គរវត្ត ៤០​ គី​ទ្បូ​ម៉ែត្រ និង​ ៥១ ​គី​ទ្បូ​ម៉ែត្រ​ពី​ក្រុង​សៀមរាប​។

​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៃ​អាកាស​​យានដ្ឋាន​អន្តរជាតិ​ថ្មី​នេះដែរ នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​ ១៦ ខែវិច្ឆិកា ឆ្នាំ​ ២០២៣​ ខាងមុខនេះ ក្រោម​អធិបតី​ភាព​លោក ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​​មួយ​នឹង​ថ្នាក់ដឹកនាំ​ចិន​ផងដែរ​៕