ភ្នំពេញៈ លោក​ យ៉ង សាំង​កុមារ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានឱ្យដឹងថា ពោតក្រហម​ជា​ដំណាំ​សំខាន់​មួយ​របស់​កម្ពុជា និង​ពិភពលោក ដោយ​វា​បាននិងកំពុង​ក្លាយជា​កសិផល​កាន់តែ​សំខាន់​សម្រាប់​ការកែច្នៃ​ផលិត​ជា​ចំណី​សត្វ​និង​ការប្រើប្រាស់​នៅក្នុង​ឧស្សាហ​កម្ម​កែច្នៃ​ចំណីអាហារ​ផ្សេងទៀត​ទាំង​ក្នុងស្រុក ក្នុង​តំបន់​និង​ពិភពលោក​។​

​លោក យ៉ង សាំង​កុមារ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ២២ ខែតុលា ឆ្នាំ ​២០២៣​ថា កាលពី​ឆ្នាំ ​២០២២ ផ្ទៃដី​ដាំពោត​ក្រហម​នៅ​កម្ពុ​ជាមាន​ប្រមាណ​ ២០ ​ម៉ឺន​ហិកតា ដែល​បានផ្តល់​ផល​សរុប​ប្រមាណ​ជាង ១,១ លាន​តោន ហើយ​នៅក្នុង​ឆ្នាំ​ ២០២២ ការនាំចេញ​ពោតក្រហម​ទៅកាន់​ប្រទេស​ថៃ និង​វៀតណាម សម្រេចបាន​ ១៧២ ៨៩០ ​តោន​។ ខេត្ត​ដែលមាន​ដាំពោត​ក្រហម​ច្រើនជាងគេ រួមមាន បាត់ដំបង​, ​កណ្តាល​,​ បន្ទាយ​មាន​ជ័យ​,​ កំពង់ចាម​,​ ត្បូងឃ្មុំ​,​ ប៉ៃលិន​,​ ក្រចេះ​,​ ពោធិ៍សាត់​,​ ព្រៃវែង​ និង​ខេត្តព្រះវិហារ​។​

​លោក​បញ្ជាក់ថា​៖ «​នៅពេល​មាន​ទីផ្សារ​និង​តម្លៃ​ល្អ​ផ្ទៃដី​ដាំពោត​ក្រហម​អាច​នៅ​ពង្រីក​បាន​ច្រើន​ទៀត​បាន ព្រោះថា បច្ចុប្បន្ននេះ​ពោតក្រហម​កំពុង​ក្លាយជា​កសិផល​កាន់តែ​សំខាន់​សម្រាប់​ពិភពលោក​ជាពិសេស​ការយកមក​ធ្វើជា​ចំណី​សត្វ និង​ការប្រើប្រាស់​ច្រើន​ផ្សេងទៀត​»​។​

​លោក​បានឱ្យដឹងថា តាមរយ​:​យុទ្ធ​សាស្ត្រ​មន្ត្រី​កសិកម្ម​ឃុំ និង​សមាគម​កសិករ​អ្នក​ផលិត ក្រសួងកសិកម្ម​នឹង​គាំទ្រ​ដល់​កសិករ​ក្នុង​ការកសាង​ច្រវាក់​ផលិតកម្ម​ និង​ទីផ្សារ​ពោតក្រហម​ ដើម្បី​បង្កើន​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ជូន​កសិករ​ និង​សង្គមជាតិ​ទាំងមូល​។ ការងារ​ស្រាវ​ជ្រាវ​និង​អភិវឌ្ឍ​ពូជ​ក៏​ជា​ការងារ​សំខាន់​មួយទៀត​របស់​ក្រសួង​ផងដែរ​។

​របាយការណ៍​ពី​មន្ទីរ​កសិកម្ម រុក្ខា​​ប្រមាញ់ និង​នេសាទ​ខេត្តបាត់ដំបង បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​ ២២ ខែតុលា ឆ្នាំ​ ២០២៣ ការដាំដុះ ពោតក្រហម មាន​កំណើន​ដល់​ជាង​ ១៣ ​ម៉ឺន​ហិកតា សម្រាប់​ការដាំដុះ​ ២​ ដង នៅ​ឆ្នាំនេះ​ដោយ​ការប្រមូល​ផល​លើក​ទី១​ បានបញ្ចប់​ហើយ​ខណៈដែល​បច្ចុប្បន្ន​ក​សិ​ករ​កំពុង​មមាញឹក​ក្នុងការ​ប្រមូល​ផល​លើក​ទី​២​។​

​លោក ​ហេង សិទ្ធិ មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ២២ ខែតុលា​ថា ពោតក្រហម​កំពុង​ប្រមូល​ផល​ដល់​ខែធ្នូ​បាន​អស់​ព្រោះ​ដាំ​ពីរដង ដោយ​លើក​ទី​១​ ចន្លោះ​ពាក់​កណ្ដាល​ខែមីនា ដល់​ដើមខែ​ឧសភា ហើយ​បន្ទាប់ពី​ប្រមូល​ផល​លើក​ទី ១ ​រួច កសិករ​អាច​ដាំ​លើក​ទី២ ឬ​ប្ដូរ​ដាំ​ដំណាំ​ផ្សេងៗ​ខ្លះ​បាន​។

លោក​បញ្ជាក់ថា​៖ «​ឆ្នាំនេះ​បាត់ដំបង​ដាំពោត​ច្រើនជាង ដំឡូង​មី ដោយសារតែ​ពោត​មាន​ទីផ្សារ​ជាង ជាពិសេស​ឈ្មួញ​ក្នុងស្រុក​ប្រមូល​ទិញ​ច្រើន​។ ចំពោះ​តម្លៃ​វិញ​ល្អ​គួរសម កសិករ​អាច​ទទួលយក​បាន ក្នុងតម្លៃ ​៦៥០ ​រៀល​ ទៅ​ ៧០០​ រៀល​ក្នុង​មួយ​គីឡូក្រាម សម្រាប់​ពោត​ស្នូល​»​។​

​ចំណែក អ្នកស្រី អេ​ម សោ​ភ័​ណ្ឌ ម្ចាស់​សៃ​ឡូ ហ៊ីង សោ​ភ័​ណ្ឌ នៅ​ខេត្តបាត់ដំបង ក៏បាន​ប្រាប់ឱ្យដឹង​ដែរ​ថា សៃ​ឡូ​របស់​អ្នកស្រី​បានបញ្ចប់​ការប្រមូលទិញ​វគ្គ​ទី​១ ដោយបាន​ប្រមាណ​ជាង​ ១ ​ម៉ឺន​តោន​តែប៉ុណ្ណោះ ​ខណៈដែល​ជាទូទៅការប្រមូលទិញ​ពោត​ពី​កសិករ រៀងរាល់ឆ្នាំ​បាន​ប្រហែល​ ២​ ទៅ ​៣​ ម៉ឺន​តោន​។​

​ការប្រមូលទិញ​របស់​អ្នកស្រី​ថយចុះ​នេះ មិនមែន​ដោយសារ​កសិករ​ប្រមូល​ផល​ធ្លាក់ចុះ​នោះទេ តែ​ដោយសារតែ​អ្នកស្រី​មិនសូវ​ហ៊ាន​ទិញ​ច្រើន​ដោយ​សារ​តែ​ថៃ​បាន​កាត់បន្ថយ​ការនាំ​ចូល​ពោត​ពី​ខ្មែរ ដោយសារ​កសិករ​រប​ស់​ថៃ​ដាំ​ដុះ​ច្រើន ដូចនេះ​គេ​ត្រូវ​ជួយ​ដល់​កសិករ​របស់​ប្រទេស​គេ​សិន​។​

​បែបនេះ​ក្តី អ្នកស្រី សោ​ភ័​ណ្ឌ អះអាងថា តម្លៃ​ពោត​នៅតែ​ល្អ ខណៈ​ទីផ្សារ​ក៏​ល្អ​ដែរ​ដោយសារតែ​ក្រុមហ៊ុន​ក្នុងស្រុក​បាន​បញ្ជា​ទិញ​ពី​កសិករ​ច្រើន​ឆ្នាំនេះ ដូចជា​ក្រុមហ៊ុន​ម៉ុង ឫទ្ធី​ជាដើម​។​ អ្នកស្រី​បញ្ជាក់ថា​៖ «​សៃ​ឡូ​ខ្ញុំ​កាត់​បន្ថយ​ការទិញ​ពោតក្រហម​ពី​កសិករ​មែន តែ​ឆ្នាំនេះ មាន​ក្រុមហ៊ុន​ក្នុងស្រុក​យើង​ទិញ​ច្រើន ដោយសារ​គេ​យកទៅ​ផលិត​ចំណី​សត្វ​។ ម្យ៉ាងវិញទៀត​សៃ​ឡូ​ខាង​ប៉ៃលិន ក៏​ទិញ​ពី​ខេត្តបាត់ដំបង​ច្រើន​ដែរ ដោយសារតែ​ខាង​ប៉ៃលិន ដាំ​ដុះ​មិនបាន​ផល​នៅ​ឆ្នាំនេះ​»​។

​បើតាម អ្នកស្រី សោ​ភ័​ណ្ឌ កសិករ​នៅ​តំបន់​អ្នកស្រី​រស់នៅ​មាន​ដាំ​ដុះ​ពោត​ច្រើនជាង​ឆ្នាំមុន ដោយ​ខ្លះ​លែង​ដាំដំឡូង​មី ដោយសារតែ​ឃើញថា ពោត​មាន​ទីផ្សារ​ល្អ​ជាង​។ របាយការណ៍​ពី​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹងថា ក្នុង​រយៈពេល ​៩ ​ខែ ឆ្នាំ​ ២០២៣​ នេះ កម្ពុជា បាន​នាំចេញ​ពោតក្រហម សម្រេចបាន​ក្នុង​ទំហំ​ទឹកប្រាក់​ជាង ​៤២​ លាន​ដុល្លារ កើនឡើង​ជាង ​២០​ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២២៕