​ភ្នំពេញៈ អគ្គនាយក​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា ​(CSX) បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​នឹង​ស្វាគមន៍​ក្រុមហ៊ុន​មកពី​វិស័យ​អប់រំ​មួយទៀត​ដែល​គ្រោង​នឹងធ្វើ​ការបោះ​​ផ្សាយ​សញ្ញា​បណ្ណ​បៃតង​នៅក្នុងពេល​ដ៏​ខ្លី​ខាងមុខ​។​

​វត្តមាន​របស់​ក្រុមហ៊ុន​ថ្មី​នេះ​នឹង​ក្លាយជា​ក្រុមហ៊ុន​ទី២ បន្ទាប់ពី​ក្រុមហ៊ុន Mengly J Quach Education Plc (MJQE)​ ដែល​បានធ្វើការ​កៀរគរ​ទុន​តាមរយៈ​ការបោះ​ផ្សាយ​មូល​ប​ត្រ​។​

​លោក ហុង សុ​ហួរ អគ្គ​នា​យក CSX បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ២៣ ខែតុលា​ថា ស្របពេល​ក្រុមហ៊ុន Cellcard កំពុង​រៀបចំខ្លួន​ដើម្បី​បោះ​ផ្សាយ​សញ្ញា​បណ្ណ​បៃតង​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ បច្ចុប្បន្ន​ក្រុមការងារ​របស់លោក​កំពុងធ្វើការ​ពិនិត្យ​លើ​ពាក្យស្នើសុំ​របស់​ក្រុម​​ហ៊ុន​ថ្មី​មួយទៀត​មកពី​វិស័យ​អប់រំ​ដែល​បានដាក់​ពាក្យស្នើសុំ​បោះផ្សាយ​សញ្ញា​បណ្ណ​បៃតង​។​

​លោក​បាន​ថ្លែងថា​៖ «​ក្រុមហ៊ុន​ដែល​រំពឹងថា​នឹង​បោះ​ឆាប់​នេះ​គឺ​ក្រុមហ៊ុន Cellcard ដែល​គ្រោង​បោះផ្សាយ​សញ្ញា​បណ្ណ​បៃតង ខាង CSX យើង​បានចេញ​ការអនុម័ត​ជា​គោល​ការ​​ណ៍​រួចហើយ ឥឡូវនេះ​ក្រុមហ៊ុន​កំពុងធ្វើការ​ជាមួយនឹង​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​។ បន្ថែម​លើ​នេះ​យើង​កំពុង​ពិនិត្យ​ក្រុមហ៊ុន​មួយទៀត​ដែល​គ្រោង​នឹង​បោះផ្សាយ​សញ្ញា​បណ្ណ​បៃតង​ដែរ ដែល​មកពី​វិស័យ​អប់រំ​។ គាត់​បានដាក់​ពាក្យស្នើសុំ​លទ្ធភាព​ចុះបញ្ជី និង​យើង​បាន​ចំណាយពេល​ពិនិត្យ​អស់​រយៈពេល​ជិត​ ២​ ខែ​មកហើយ​។ យើង​រំពឹងថា ​នឹង​សម្រេច​ឆាប់ៗ​នេះ​»​។​

​ទោះយ៉ាងណា​លោក​ពុំបាន​ប្រាប់​ឈ្មោះ​ក្រុមហ៊ុន​ឡើយ​។​ លោក ស៊ូ សុជាតិ អគ្គនាយក​អគ្គនាយក​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ​(SERC)​ កាលពី​ថ្ងៃទី​ ៩ ខែតុលា បាន​និយាយថា បន្ទាប់ពី​ក្រុមហ៊ុន CamGSM​ ទទួលបាន​ការយល់ព្រម​ពី CSX បច្ចុប្បន្ន​ក្រុមការងារ​បច្ចេកទេសរ​បស់​លោក​កំពុង​ពិនិត្យ​លើ​ពាក្យស្នើសុំ​របស់​ក្រុមហ៊ុន​មួយ​នេះ សម្រាប់​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​បំណុល​ពួកគេ​។​

​លោក​ប្រាប់ថា​៖ «​យើង​នឹង​ព្យាយាម​បញ្ចប់​លើ​ពាក្យស្នើសុំ​របស់​ពួកគេ​ជា​អ្វីដែល​ក្រុមហ៊ុន​រំពឹងទុក​សម្រាប់​ការចុះបញ្ជី​។ ទោះយ៉ាងណា​ក៏ដោយ អ្វីៗ​ត្រូវតែ​ត្រួតពិនិត្យ និង​អនុម័ត​ដោយ​ស្ថាប័ន​របស់​យើង​។ បច្ចុប្បន្ន​យើង​កំពុងធ្វើការ​លើ​ពាក្យ​ស្នើ​សុំ​របស់​ពួកគេ​»​។​

​លោក​បន្តថា ក្នុង​រយៈពេល​ ២​ សប្តាហ៍​ខាងមុខ SERC នឹង​លើកឡើង​សម្រាប់​ការត្រួត​ពិ​​និត្យ​ហិរញ្ញវត្ថុ និង​ការយល់ព្រម​ពី​អាជ្ញាធរ​សេវា​មិនមែន​ហិរញ្ញ​វត្ថុ​។ លោក​អះអាងថា​៖ «​នៅពេលដែល​យើង​ទទួល​បានការ​យល់ព្រម​ពី​អាជ្ញាធរ​សេវា​មិន​មែន​ហិរញ្ញវត្ថុ យើង​នឹង​បន្ត​សម្រាប់​រយៈពេល​បរិ​វិសកម្ម​មុនពេល​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​។ ជា​ការពិត​ក្រុមហ៊ុន​បានធ្វើ​ការងារ​ជាច្រើន​ហើយ ប៉ុន្តែ​យើង​មិនអាច​ចេញ​សេចក្ដីជូនដំណឹង​ណាមួយ​បានទេ​នៅពេលនេះ ព្រោះ​យើង​មិនទាន់​បានអនុម័ត​»​។​

​កាលពី​ខែមីនា ឆ្នាំ​២០២៣ គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច​អង្គការ​សហ​ប្រជា​ជាតិ​សម្រាប់​តំបន់​អាស៊ី និង​ប៉ា​​ស៊ី​ហ្វិ​ក ​(ESCAP) វិទ្យាស្ថាន​កំណើន​បៃតង​សកល ​(GGGI) និង​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា (SERC) ដោយ​សហការ​ជា​មួយ​ការធានា​ឥណទាន និង​មធ្យោបាយ​វិនិយោគ (CGIF) និង​ក្រុមហ៊ុន GuarantCo ​ដែលជា​ផ្នែក​មួយ​នៃ​ក្រុម​អភិ​វឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ឯកជន បាន​ដាក់ឱ្យ​ដំណើរការ​នូវ​ក្រុម​ហ៊ុន Cambodia Sustainable Bond Accelerator​។​

​ក្រុមហ៊ុន​បោះផ្សាយ​ដែល​ត្រូវបាន​ជ្រើសរើស​ក្នុង​ការបោះ​ផ្សាយ​សញ្ញា​បណ្ណ​បៃតង​នៃ​គម្រោង​នេះ​មានដូចជា Amret PLC ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ដែល​ទទួល​ប្រាក់​បញ្ញើ ដោយ​នឹង​រៀបចំ​ចេញ​សញ្ញា​បណ្ណ​និរន្តរភាព​តម្លៃ ៥០ ​លាន​ដុល្លារ​។

Golden Tree Co. Ltd ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដែល​បាន​គាំទ្រ​ក្នុង​ការចេញ​សញ្ញា​បណ្ណ​បៃតង​លើក​ទី២ ក្នុង​ទឹកប្រាក់ ២៥​ លាន​ដុល្លារ​ សម្រាប់​ការអភិវឌ្ឍ​អគារ​បៃតង និង​ក្រុមហ៊ុន Royal Group Phnom Penh SEZ ដែលជា​ក្រុមហ៊ុន​ចុះបញ្ជី​ជា​សាធារណៈ​ដែល​គ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ហើយនឹង​ត្រូវបាន​គាំទ្រ​សញ្ញា​បណ្ណ​និរន្តរភាព​តម្លៃ ២០​ លាន​ដុល្លារ​៕