​ភ្នំពេញៈ អ្នកជំនាញ​នៅក្នុង​វិស័យ​ទេសចរណ៍​មាន​សុ​ទិដ្ឋិ​​និយម​ថា ចំនួន​ភ្ញៀវទេសចរ​ចិន​មក​កម្ពុជា​នឹង​កើនឡើង​សន្សឹមៗ ជាពិសេស​ចាប់ពី​ឆ្នាំ​ ២០២៤ ទៅ ខណៈ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត កាលពី​សប្តាហ៍​មុន ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ចូលរួម​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ លើក​ទី​៣ នៅក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ក៏បាន​ជួបពិភាក្សា​ជាមួយ​ផ្នែក​ឯកជន​ចិន​ជាច្រើន ដើម្បី​ជំរុញ​ការវិនិយោគ រួមទាំង​វិស័យ​ទេសចរណ៍​។​

​ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា និង​ជា​ប្រ​ធាន​ក្រុមហ៊ុន​ទេសចរណ៍ វើ​លដ៍ អិ​ច​ប្រេ​ស លោក ហូ វណ្ឌី បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ២៤ ខែតុលា​ថា ដំណើរ​ទស្សន​កិច្ច​របស់​លោកនាយក​រដ្ឋមន្ត្រី​ទៅ​ប្រទេស​ចិន​កាលពី​សប្តាហ៍​មុន គឺ​ពិតជា​ផ្តល់​ក្តីសង្ឃឹម​ថ្មី​បន្ថែម​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុងការ​ទទួលបាន​ភ្ញៀវទេសចរ​ចិន​ដែល​មុនពេល​មាន​វត្តមាន​ជំងឺ​កូ​វីដ​ ១៩ គឺមាន​ចំនួន​ច្រើនជាងគេ​។

ក្នុងនាម​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន និង​មាន​អ្នកធ្វើ​ដំ​ណើ​រ​កម្សាន្ត​ក្រៅប្រទេស​ច្រើន គឺ​កម្ពុជា​ពិតជា​ចង់​ទទួលបាន​ភ្ញៀវទេសចរ​ចិន​ឱ្យ​ច្រើន​។ លោក​បន្តថា ចាប់តាំងពី​រដ្ឋា​​ភិ​បាល​ចិន​បើកទូលាយ​ឱ្យ​ជនជាតិ​ខ្លួន​ធ្វើដំណើរ​ចេញ​ក្រៅប្រទេស​ដោយ​សេរី គឺ​កម្ពុជា​នៅ​មិនទាន់បាន​ភ្ញៀវទេសចរ​ចិន​ច្រើន​ទេ ដោយ​ជនជាតិ​ចិន​ធ្វើដំណើរ​មក​កម្ពុជា​ពេលនេះ ភាគច្រើន​ជា​អ្នក​ជំនួញ និង​អ្នកបច្ចេកទេស​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា បន្តិច​ម្តងៗ​ពិសេស​ចាប់ពី​ឆ្នាំ ​២០២៤ ទៅ​កម្ពុជា​នឹង​អាច​ស្រូប​ទាញ​ភ្ញៀវ​ទេស​​ចរ​ចិន​ឱ្យមក​កម្សាន្ត​កាន់តែច្រើន ប្រសិនបើ​ស្ថានភាព​នៃ​ជម្លោះ​ន​យោ​បាយ និង​សង្គ្រាម​នៅ​ប្រទេស​មួយចំនួន​កាន់តែ​ធូរស្រាល ពិសេស​មិនមាន​ការ​​រីក​រាល​បន្ថែម​សង្គ្រាម​នៅតាម​បណ្តា​ប្រទេស​ក្នុង​តំបន់​មជ្ឈិមបូព៌ា​»​។​

​ទាក់ទង​នឹង​គម្រោង​សាងសង់​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​នៅ​កម្ពុជា ពិសេស​ព្រលានយន្តហោះ​សៀមរាប​អង្គរ ដែល​ទើប​បើក​ដំណើរការ​សាកល្បង​កាលពីពេល​ថ្មីៗ​នេះ លោក វណ្ឌី អះអាងថា ព្រលានយន្តហោះ​នេះ​នឹង​ក្លាយជា​ចំណែក​មួយ​ក្នុង​ការជួយ​ស្រូប​ទាញ​ភ្ញៀវទេសចរ​បរទេស ជាពិសេស​ជនជាតិ​ចិន​ឱ្យធ្វើ​ដំណើរ​មក​កម្ពុជា​កាន់​តែ​ច្រើន​។​

​លោក​បញ្ជាក់ថា​៖ «​ជាមួយនឹង​សមត្ថ​ភាព​ទទួលបាន​ជើងហោះហើរ​កាន់តែច្រើន និង​ធំ​ជាង​មុន គឺ​ប្រាកដ​ណាស់​នឹងមាន​ជើងហោះហើរ​កាន់តែច្រើនរ​វាង​ទីក្រុង​ធំៗ​នៅ​ប្រទេស​ចិន​ត​ភ្ជាប់​មក​កម្ពុជា​»​។​

​លោក ខៀវ ធី ប្រធាន​សមាគម​ម​គ្គុ​​ទ្ទេស​ក៍​ទេសចរ​អង្គរ (​ខេត្តសៀមរាប​) ថ្មីៗ​នេះ​បាន​និយាយថា បើទោះបី​ចំនួន​ភ្ញៀវទេសចរ​ចិន​មក​កម្ពុជា​នៅពេលនេះ​មាន​ចំនួន​តិចតួច​ធៀប​មុន​ឆ្នាំ​ ២០២០ ប៉ុន្តែ​វា​បាន​កើន​ឡើងវិញ​បណ្តើរៗ​ហើយ ខណៈ​ម​គ្គុ​ទេ្ទ​សក៍​ទេសចរណ៍​មួយចំនួន​ដែល​ងាក​ទៅ​ចាប់​មុខរបរ​ផ្សេង​កាលពី​អំឡុង​ឆ្នាំ ​២០២០-២០២២ ក៏បាន​ចូលមកក្នុង​វិស័យ​ទេសចរណ៍​វិញ​ខ្លះ​ហើយ​ដែរ​។

លោក​បន្ថែមថា ការបង្កើត​ទំនាក់​ទំនង​របស់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​គឺមាន​ភាពចាំបាច់ និង​ឥទ្ធិពល​សម្រាប់​វិស័យ​ទេសចរណ៍ ខណៈ​ផ្នែក​ឯកជន​នៅ​កម្ពុជា​គឺ​បាន​ត្រៀមខ្លួន​រួចហើយ​សម្រាប់​ការ​​ចាប់យក​ឱកាស​ទទួលភ្ញៀវ​ទេសច​រ​ពី​គ្រប់​ជាតិ​សាសន៍​។​

​លោក​បន្ថែមថា វិស័យ​ទេសចរណ៍​គឺជា​ចំណែក​ដ៏​សំខាន់​សម្រាប់​កំណើន​សេដ្ឋកិច្ចជាតិ​ក៏ដូចជា​ការបង្កើត​ការងារ និង​ប្រាក់ចំណូល​សម្រាប់​បុគ្គល និង​គ្រួសារ​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​ក្នុងនាម​ជាម​គ្គុ​ទេ្ទ​សក៍​ទេសចរណ៍ យើង​ពិតជា​ចង់ឱ្យ​ពួកគេ​ត្រឡប់មក​កម្សាន្ត​នៅ​កម្ពុជា​ឱ្យបាន​ច្រើន​ដូច​មុនពេល​មាន​វិបត្តិ​កូ​វីដ​ ១៩»​។​

​អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល លោក ស៊ីន ចាន់​សិរី​វុត្ថា កាលពី​ថ្ងៃទី ​២៤ ខែតុលា បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក Fresh News ថា ក្រោយពី​អាកាស​​យានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ បើកទទួល​ជើងហោះហើរ ​(​បណ្តោះអាសន្ន​) ចំនួន​អ្នកដំណើរ​តាម​យន្តហោះ​បាន​កើនឡើង​គួរឱ្យកត់សម្គាល់ ដល់ ២ ៦០០ នាក់ ​ក្នុង​ ១ ​ថ្ងៃ ខណៈ​កន្លងមក ១៧​ ជើង​ដូចគ្នា​ទទួលបាន​អ្នកដំណើរ​ប្រមាណ​ជាង ១​ ពាន់​នាក់​ប៉ុណ្ណោះ​។ លោក​បន្តថា ចំនួន​ភ្ញៀវ​កើនឡើង​នេះ​អាចមកពី​ចាប់ពី​ខែតុលា​នេះ​តទៅ គឺជា​រដូវ​ភ្ញៀវ​ច្រើន ដោយ​ចំនួន​អ្នក​ដែល​ធ្វើដំណើរ​មាន​ប្រមាណ ៨០ ​ភាគរយ​នៃ​ចំនួន​កៅអី​នៃ​យន្តហោះ​នីមួយៗ​។​

​គេហទំព័រ https://www.worldtravelawards.com/winners/2023/asia ថ្មីៗ​នេះ​ឱ្យដឹងថា ប្រទេស​កម្ពុជា ​បានទទួល​បាន​ជយលាភី ចំនួន ២ ក្នុង​ក្របខ័ណ្ឌ​នៃ​«​ពានរង្វាន់​នៃ​ការធ្វើដំណើរ​ពិភពលោក​»​ សម្រាប់​ឆ្នាំ ​២០២៣ (World Travel Awards 2023) ដែល​រួមមាន ទី​១. កម្ពុជា ជា​គោលដៅ​ទេសចរ​ណ៍​វប្បធម៌​ឈានមុខ​គេ​នៅ​តំបន់​អាស៊ី​(Asia''s Leading Cultural Destination) និង​ទី ២ កម្ពុជា ជា​គោលដៅ​ទេសចរណ៍​យុវជន​ឈានមុខ​គេ​នៅ​តំបន់​អាស៊ី ​(Asia''s Leading Youth Travel Destination)​។​

​ក្រសួងទេសចរណ៍​ឱ្យដឹងថា ចាប់ពី​ខែមករា​-​ខែសីហា ឆ្នាំ​ ២០២៣ កម្ពុជា​ទទួលបាន​ភ្ញៀវ​បរទេស​សរុប ៣,៥​ លាន​នាក់ កើនឡើង ២៥០,៨ ​ភាគរយ​ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ដែលមាន ៩៩៨ ២៧២​ នាក់​។ យ៉ាងណា​ចំនួន​នេះ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០១៩ (​កំណត់ត្រា​ភ្ញៀវ​បរទេស​ច្រើន​បំផុត​) គឺ​នៅ​ទាប​ជាង ១៩,៧​ ភាគរយ​។ ក្នុងចំណោម​ភ្ញៀវ​បរទេស​ទាំងនោះ​គឺ​មកពី​ប្រទេស​ថៃ ​ច្រើនជាងគេ គឺ ១ ១៨៦ ៩៩៩​នាក់​, វៀតណាម ៦៤១ ៧៥៨​នាក់​, ចិន ៣៦៤ ៨៤៤ ​នាក់​, ឡាវ ២១២ ៩៨៤ ​នាក់ និង​ប្រ​ទេស​មួយចំនួនទៀត​ដូចជា អាមេរិក​, កូរ៉េ និង​ឥណ្ឌូនេស៊ី ជាដើម​៕​