​ភ្នំពេញៈ ចរាចរណ៍​នៃ​ការនាំ​ចេញ​-​នាំចូល​ទំនិញ​រវាង​កម្ពុជា និង​កាណាដា នៅក្នុង​រយៈពេល ៩​ ខែ​ដើមឆ្នាំ​ ២០២៣ មានទឹក​​ប្រាក់​សរុប​ជិត ៧០០​ លាន​ដុ​​ល្លារ ធ្លាក់ចុះ​ជាង ២២ ​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ខណៈ​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិ​​ការ​អន្តរជាតិ លោក សុខ ចិន្តា​សោភា អះអាងថា កម្ពុជា​ត្រៀមខ្លួន​រួចរាល់​នៅក្នុង​ការពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ជាមួយ​កាណាដា ដើម្បី​ផល​​ប្រយោជន៍​រួម​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី​។​

​តារាង​ស្ថិតិ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE) ឱ្យដឹងថា ចន្លោះ​ពី​ខែមករា​-​ខែកញ្ញា ឆ្នាំ​ ២០២៣ ទំហំ​ពាណិជ្ជកម្ម​រួម​នៃ​ប្រទេស​ទាំង ២ មាន​សរុប ៦៩៨,៨៧​ លាន​ដុល្លារ ធ្លាក់ចុះ ២២,៤ ​ភាគរយ ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ដែលមាន ៩០០,៩១​ លាន​ដុល្លារ​។ ក្នុងនោះ​ទំនិញ​កម្ពុជា​នាំទៅ​ប្រទេស​កាណាដា ៦៤៨,៧៧​ លាន​ដុល្លារ ​(៩២,៨៣​ ភាគ​​រយ​នៃ​ទំហំ​ពាណិជ្ជកម្ម​សរុប​) ធ្លាក់ចុះ ២៥,៨ ​ភាគរយ ចំណែក​ទំនិញ​កាណាដា​នាំមក​កម្ពុជា ៥០,១​ លាន​ដុល្លារ កើន​ ៩២,៤ ​ភាគរយ​។ តាមរយៈ​ទិន្នន័យ​នេះ គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា មាន​ឧ​ត្ត​ម​ភាព ៥៩៨,៦៦​ លាន​ដុល្លារ​។​

​ផ្អែក​តាម​ទិន្នន័យ​ខាងលើ គឺ​ទំហំ​ទឹក​ប្រាក់​នៃ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​កាណាដា រយៈពេល ៩​ ខែ ឆ្នាំ​ ២០២៣ គឺ​ស្មើនឹង ១,៩៩​ ភាគរយ ​នៃ​ទំហំ​ពា​ណិ​​ជ្ជ​កម្ម​អន្តរជាតិ​កម្ពុជា​ដែលមាន​ចំនួន​ ៣៥,១៦​ ពាន់​លាន​ដុល្លារ​។ កាណាដា គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី ៩ របស់​កម្ពុជា បន្ទាប់ពី​ប្រទេស​ចិន អាមេរិក វៀតណាម ថៃ ជប៉ុន ឥណ្ឌូនេស៊ី អាល្លឺម៉ង់ និង​សិង្ហ​បុរី​។ នេះ​បើតាម GDCE​។​

​ក្នុងជំនួប​ជាមួយ​លោកស្រី Ping M. Kitnikone ដែល​ទើបត្រូវ​បានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ប្រទេស​កាណាដា ប្រ​​ចាំ​កម្ពុជា កាលពី​ថ្ងៃទី​ ២៥ ខែតុលា នៅ​ទីស្តីការក្រសួង លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហ​ប្រ​តិ​ប​ត្តិ​ការ​អន្តរជាតិ បាន​លើកឡើងថា កម្ពុជា​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ជា​​មួយ​កាណាដា ដើម្បី​ផលប្រយោជន៍​រួម​នៅក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី​។

លោក​បន្ថែមថា ជាមួយគ្នានេះ កម្ពុជា​ក៏​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ក្រុមហ៊ុន​កាណាដា និង​សូម​លើកទឹកចិត្ត​ឱ្យ​វិ​និ​​យោគិន​កាណាដា​បង្កើន​ការវិនិយោគ​នៅ​កម្ពុជា ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​២៦ ខែតុលាថា ការធ្លាក់ចុះ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​កាណាដា ជាពិសេស​ការនាំចេញរ​បស់​កម្ពុជា គឺ​ដោយសារតែ​កំណើនសេដ្ឋកិច្ច​សកល​មាន​ភាពមិនច្បាស់លាស់ ដែល​ជំរុញ​ឱ្យ​ក្រុមហ៊ុន​បញ្ជា​ទិញ​ជាច្រើន​កាត់បន្ថយ​ការបញ្ជាទិញ​។ ស្ថានភាព​នេះ​បាន​កើតឡើង​តាំងពីដើម​ឆមាស​ទី​ ២ ឆ្នាំ​ ២០២២​។ លោក​បន្តថា ទោះ​ការនាំចេញ​របស់​កម្ពុជា​ធ្លាក់ចុះ ប៉ុន្តែ​សម្រាប់​សមត្ថភាព​ផលិត គឺ​នៅតែ​រក្សាបាន​នូវ​ភាពខ្លាំង​ដដែល​។​

​លោក​បញ្ជាក់ថា​៖ «​ការធ្លាក់ចុះ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​កាណាដា ក្នុងអំឡុង​នេះ​គឺ​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​សកល​។ ដូច្នេះ​នៅពេល​កំណើនសេដ្ឋកិច្ច​ស​កល​ល្អ​ឡើងវិញ ការនាំចេញ​របស់​កម្ពុ​ជា​នឹង​ហក់​ឡើងវិញ​ជាមិនខាន​»​។​

​បើតាម​លោក លឹម ហេង ក្នុង​គោល​បំណង​ចាប់យក​ចំណែក​ទីផ្សារ​នៅ​ប្រ​ទេស​កាណាដា​ឱ្យបាន​កាន់តែច្រើន និង​ទាក់ទាញ​វិនិយោគិន​កាណាដា​ឱ្យមក​បណ្តាក់ទុន​កាន់តែច្រើន កាលពី​អំឡុង​ពាក់កណ្តាល​ឆ្នាំ ​២០២២ សភា​ពាណិជ្ជ​កម្ ម​(CCC) ក៏បាន​បើក​ការិយាល័យ​តំណាង​របស់ខ្លួន​នៅក្នុង​ទីក្រុង​តូ​រ៉ុ​ន​តូ ​(​ប្រទេស​កាណាដា​)​។ ការិយាល័យ​តំណាង​មាន​តួនាទី​ផ្សព្វផ្សាយ​ពី​ផលិត​ផល​កម្ពុជា និង​ផ្តល់ព័ត៌មាន​ដើម្បី​ទាក់​ទាញ​វិនិយោគិន​កាណាដា​ឱ្យ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែច្រើន​។​

​ភាគច្រើន​នៃ​ទំនិញ​ដែល​កម្ពុជា​នាំទៅ​កាណាដា គឺជា​ផលិតផល​សម្លៀកបំពាក់ ផលិតផល​ធ្វើដំណើរ ស្បែកជើង កង់ និង​គ្រឿង​បង្គុំ​អេឡិចត្រូនិក និង​អគ្គិសនី ចំណែក​ទំនិញ​កាណាដា នាំមក​កម្ពុជា​រួមមាន គ្រឿង​អេឡិចត្រូនិក រថយន្ត ជាដើម​។ នេះ​បើតាម​លោក លឹម ហេង​។​

​តារាង​ស្ថានភាព​វិនិយោគ​ផ្ទាប់​បរទេស​នៅ​កម្ពុជា​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) បានឱ្យដឹងថា គិត​ត្រឹម​ចុងឆ្នាំ​ ២០២១ ប្រទេស​កាណាដា ស្ថិតនៅ​លេខ​រៀង​ទី​៩ ជា​ប្រទេស​មក​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​ច្រើនជាងគេ ដោយមាន​ទឹកប្រាក់ ១,១​ ពាន់​លាន​ដុល្លារ ​(​ស្មើនឹង ២,៨​ ភាគរយ​)​ ក្នុងចំណោម​ទុនវិនិយោគ​សរុប ៤១​ ពាន់​លាន​ដុល្លារ ដោយ​តាម​ពីក្រោយ​ប្រទេស​ចិន​, កូរ៉េ​, សិង្ហ​បុរី​, វៀតណាម​, ជប៉ុន​, ម៉ាឡេស៊ី​, ថៃ​, ចក្រ​ភព​អង់គ្លេស​។​

​នៅក្នុង​ឆ្នាំ​ ២០២២ ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​កាណាដា មាន​ទឹកប្រាក់​សរុប ១,១៥ ​ពាន់​លាន​ដុល្លារ កើន​ ១៦,១​ ភាគរយ​ធៀប​ឆ្នាំ​ ២០២១​។ ក្នុងនោះ​កម្ពុជា​នាំទៅ​កាណាដា ១,១២​ ពាន់​លាន​ដុល្លារ កើន ១៧,៤​ ភាគរយ ចំណែក​កាណាដា​នាំមក​វិញ ៣៣,៨៨​ លាន​ដុល្លារ ធ្លាក់ ១៥,១ ​ភាគរយ​៕