​ភ្នំពេញៈ​ កម្ពុជា ​បានស្នើ​ភាគី​ជប៉ុន ​ចូលរួម​សហការ​ក្នុងការ​រៀបចំ​បង្កើត​ក​ម្ម​វិធី​នានា​ ដើម្បី​ទាក់ទាញ​វិនិយោគិន និង​ផ្សព្វផ្សាយ​ឱ្យបាន​កាន់តែ​ទូលំទូលាយ​អំពី​ភាព​វិជ្ជមាន​លើ​កិច្ចការងារ​វិនិយោគ និង​ការលើកទឹកចិត្ត​ផ្សេងៗ​របស់​កម្ពុជា​ ទៅកាន់​អ្នកវិនិយោគ​ជប៉ុន ខណៈ​ការផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ២ ក្នុង​រយៈពេល ៣​ ត្រីមាស ​ដើមឆ្នាំ​ ២០២៣ សម្រេចបាន​ជាង ១,៣​ ពាន់​លាន​ដុល្លារ​។​

​សំណើ​នេះ​ត្រូវបាន​លើកឡើង​ដោយ​លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២៣ នៅ​ទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុ​ជានា​អំឡុង​កិច្ចប្រជុំ​លើក​ទី​២៦ ​នៃ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា​-​ជប៉ុន ដោយមាន​ការចូលរួម​ពី​លោក UENO Atsushi​ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន ​(JICA) អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន ​(JETRO) សមាគម​ធុរកិច្ច​ជប៉ុន​នៅ​កម្ពុជា ​(JBAC) និង​តំណាង​ក្រុមហ៊ុន​ជប៉ុន ​ដែលមាន​ប្រតិបត្តិ​ការវិនិយោគ​នៅ​កម្ពុជា សរុប​ប្រមាណ ២០០​ រូប​។​

​លោក ស៊ុន ចាន់ថុល បាន​សម្តែង​ការស្វាគមន៍ និង​អរគុណ​វិនិយោគិន​ជប៉ុន ​ដែល​បាន​ពង្រឹង និង​ពង្រីក​ប្រតិបត្តិការ​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា ដែល​ទាំងនេះ​គឺជា​ការឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ការផ្តល់​សេចក្តីទុកចិត្ត​ពី​សំណាក់​វិនិយោគិន​ជប៉ុន​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ការចាប់យក​ឱកាស​ដ៏​អំណោយផល​ពី​ច្បាប់​វិនិយោគ​ថ្មី​របស់​កម្ពុជា និង​លក្ខខណ្ឌ​ទីផ្សារ​នាំចេញ​ដ៏​ល្អ​ដែល​កម្ពុជា​កំពុងមាន​ពី​សំណាក់​ប្រទេស​ធំៗ​ជាច្រើន​លើ​ពិភពលោក​។​

​លោក​បាន​ថ្លែងថា​៖«​នេះ​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ការផ្តល់​នូវ​សេចក្តីទុកចិត្ត​ពី​សំណាក់​វិនិយោគិន​បរទេស​និយាយ​ជារួម និយាយ​ដោយឡែក​វិនិយោគិន​ជប៉ុន ​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ការ​ច្បាម​យក​កាលានុវត្តភាព​ជា​អតិបរមា​ពី​កត្តា​សុខសន្តិភាព ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច បរិស្ថាន​វិនិយោគ​ដែលមាន​ភាពអនុគ្រោះ និង​របប​វិនិយោគ​ដែល​បើកចំហ​អំណោយផល​សម្រាប់​ការវិនិយោគ និង​ធានាបាន​នូវ​ភាព​ប្រកួតប្រជែង​»​។​

​ឯកអគ្គរាជទូត​ជប៉ុន លោក UENO Atsushi​ ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​របស់​កម្ពុជា ​ដែល​តែង​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​សម្របសម្រួល និង​ផ្តល់នូវ​ការឆ្លើយតប​ប្រកបដោយ​ភាពទន់ភ្លន់​ចំពោះ​ក្ដីកង្វល់ និង​សំណូមពរ​នានា​របស់​វិនិយោគិន​ជប៉ុន​នាពេល​កន្លងមក​។​

​កិច្ចប្រជុំ​ទ្វេភាគី​នេះ គឺជា​ផ្នែក​មួយ​នៃ​យន្ត​ការថែទាំ​វិនិយោគ​ដែល​ត្រូវបាន​រៀបចំឡើង​ចាប់តាំងពី​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០០៩ ក្រោម​ក្របខ័ណ្ឌ​នៃ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ជប៉ុន ស្តីពី​សេរីភាវូបនីយកម្ម ការជំរុញ និង​ការការពារ​វិនិយោគ ដែល​ត្រូវបាន​ចុះហត្ថលេខា​ដោយ អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន និង​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ឯកឧត្តម ស៊ីន​ហ្សូ អា​បេ កាលពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០០៧​។​

សម្រាប់​ប្រធានបទ​សំខាន់ៗ​ ដែល​បាន​លើក​មក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​លើក​ទី​២៦ នេះ​មាន​វិសាលភាព​គ្របដណ្តប់​លើ​វិស័យ​សំខាន់ៗ​មួយចំនួន​ដូចជា ពន្ធដារ ភ័ស្ដុភារ​កម្ម ថាមពល និង​ពាណិជ្ជកម្ម ជាដើម​។​

​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE) ឱ្យដឹងថា ការនាំចេញ​-​នាំចូល​ទំនិញ​រវាង​កម្ពុជា​-​ជប៉ុន ក្នុង​រយៈពេល ៩ ​ខែ ​ដើមឆ្នាំ​២០២៣ សម្រេចបាន​ជាង ១,៣៧​ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៨,៣​ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២២ ក្នុងនោះ​កម្ពុជា​នាំទៅ​ជប៉ុន ៨៨៥,៧៤ ​លាន​ដុល្លារ ធ្លាក់ចុះ ១,៣ ​ភាគរយ និង​ជប៉ុន​ នាំ​ចូលមក​កម្ពុជា ៤៨១,១ ​លាន​ដុល្លារ ធ្លាក់ចុះ ១៨,៨​ ភាគរយ​។ ផ្អែក​តាម​តួលេខ​ខាងលើ គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា មាន​ឧត្តមភាព ៤០៤,៦៤ ​លាន​ដុល្លារ​។ ជប៉ុន គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​ទី​៥ របស់​កម្ពុជា បន្ទាប់ពី​ប្រទេស​ចិន អាមេរិក វៀតណាម និង​ថៃ​។​

​ធនាគារជាតិ​នៃ​កម្ពុជា ​(NBC) បានឱ្យដឹងថា គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​២០២៣ ជប៉ុន គឺជា​ប្រទេស​ដែលមាន​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា ​ច្រើនជាងគេ​ទី ៤ ដោយមាន​ទឹកប្រាក់​សរុប ១១,៣ ​ទ្រី​លាន​រៀល ​(​កើនឡើង​ ១១,៦​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២២) គឺ​បន្ទាប់ពី​ប្រទេស​ចិន កូរ៉េ និង​សិង្ហ​បុរី​។ វិនិយោគិន​ជប៉ុន ​ភាគច្រើន​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ សំណង់ សណ្ឋាគារ និង​អចលនទ្រព្យ ជាដើម​។​

​ក្នុង​ឆ្នាំ​២០២២​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា ជប៉ុន មាន​ទឹកប្រាក់​សរុប ​១៩៤៨,០១៩​ លាន​ដុល្លារ ​កើនឡើង ១២,៣ ​ភាគរយ​ ធៀប​ឆ្នាំ​២០២១ ​ក្នុងនោះ​ការនាំ​ទំនិញ​ពី​កម្ពុជា​ ទៅ​ជប៉ុន មាន​ទឹកប្រាក់​ ១ ១៧៣,០៣ ​លាន​ដុល្លារ​កើនឡើង ៧,៣ ​ភាគរយ និង​នាំចូល​មាន​ទឹកប្រាក់​ ៧៧៤,៩៨៩​ លាន​ដុល្លារ​កើនឡើង ២១​ ភាគរយ​។ នេះ​បើតាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕