ភ្នំពេញៈ Qatar Airways ជា​ក្រុមហ៊ុន​អាកាសចរណ៍​នៅ​មជ្ឈិមបូព៌ា បាន​ចុះចត​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃទី​២៩ ខែតុលា បន្ទាប់ពី​ការផ្អាក​របស់ខ្លួន​ក្នុងអំឡុងពេល​ការរីក​រាលដាល​ជំងឺ ដើម្បី​ចាប់យក​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​ការមកដល់​របស់​ភ្ញៀវទេសចរ​មកកាន់​កម្ពុ​ជា​។​

​យោងតាម​ក្រុមហ៊ុន​ Cambodia Airports ក្រុមហ៊ុន​អាកាសចរណ៍ Qatar Airways បាន​ដំណើរការ​ឡើងវិញ​នូវ​សេវា​ប្រចាំថ្ងៃ​មកកាន់​ទីក្រុង​ភ្នំពេញ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២៣​។ ជើងហោះហើរ​ប្រចាំថ្ងៃ ត​ភ្ជាប់​អ្នកដំណើរ​ទៅកាន់​គោលដៅ​ដ៏​ស្រស់ស្អាត​មួយ​នេះ តាមរយៈ​ទីក្រុង​ហូជីមិញ ជា​មជ្ឈមណ្ឌល​ទីក្រុង​ឈានមុខ​គេ​របស់​ប្រទេស​វៀតណាម​។​

​ក្រុមហ៊ុន​អាកាសចរណ៍ Qatar Airways បាន​បញ្ជាក់ថា ការចាប់ផ្ដើម​សេវាកម្ម​ប្រចាំថ្ងៃ​ឡើងវិញ​មកកាន់​ទីក្រុង​ភ្នំពេញ ឆ្លុះបញ្ចាំង និង​ពង្រឹង​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​ Qatar Airways ក្នុងការ​ផ្តល់ជូន​អ្នកដំណើរ និង​ជម្រើស​ជាច្រើន​ទៀត​សម្រាប់​ការធ្វើដំណើរ​ទៅកាន់​គោលដៅ​ជាង ១៦០ ជុំវិញ​ពិភពលោក​។​

​លោក Vu ThiThanhHuong​ នាយក​គ្រប់គ្រង​ប្រចាំ​ប្រទេស​នៅ​ក្រុមហ៊ុន ​Qatar Airways ប្រចាំ​ប្រទេស​វៀតណាម និង​កម្ពុជា បានឱ្យដឹងថា ការចាប់ផ្ដើម​ការហោះហើ​រ​ឡើងវិញ ដើម្បី​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ ក្នុង​ការផ្តល់​សេវាកម្ម​លំដាប់​ពិភពលោក និង​នាំ​ភ្ញៀវទេសចរ​កាន់តែច្រើន​ពី​មជ្ឈិមបូព៌ា​មក​កម្ពុជា​។​

​លោក​ Vu ថ្លែងថា​៖ «​យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុងការ​ចាប់ផ្ដើម​សេវាកម្ម​ប្រចាំថ្ងៃ​ឡើងវិញ​មកកាន់​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា​។ ផ្លូវ​ហោះហើរ​នេះ​មិន​ត្រឹមតែ​ពង្រឹង​ការប្តេជ្ញាចិត្ត​របស់​យើង​ចំពោះ​ទីផ្សារ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បើក​លទ្ធភាព​ធ្វើដំណើរ​ថ្មីៗ សម្រាប់​អ្នកដំណើរ​របស់​យើង​ផងដែរ​។​យើង​មាន​មោទនភាព​ក្នុងការ​ផ្តល់ជូន​អ្នកដំណើរ​នូវ​សេវាកម្ម និង​ការតភ្ជាប់​លំដាប់​ពិភពលោក ដែល​ក្រុមហ៊ុន​អាកាសចរណ៍ Qatar Airways ត្រូវបាន​គេ​ស្គាល់​ថា ជា​ក្រុមហ៊ុន​ធានាបាន​នូវ​ការធ្វើដំណើរ​ប្រកបដោយ​ផាសុកភាព និង​គួរឱ្យ​ចងចាំ​។ យើង​ទន្ទឹងរង់ចាំ​ស្វាគមន៍​អ្នកដំណើរ​មកកាន់​ទីក្រុង​គជ់​អាស៊ី (Pearl of Asia)»​។​

​លោក Cyril Girot​ អគ្គនាយក​ក្រុមហ៊ុន Cambodia Airports ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ VINCI Airports ដែលជា​ប្រតិបត្តិ​ករ​ព្រលានយន្តហោះ​បានឱ្យដឹងថា ការចាប់ផ្ដើម​ជាថ្មី​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​បង្ហាញ​ពី​កា​ស្ទុះរ​ងើប​ឡើងវិញ​បន្តិច​ម្តងៗ​នៃ​ឧស្សាហកម្ម​ទេសចរណ៍​។​

​លោក​ថ្លែងថា​៖ «​ព្រលានយន្តហោះ​នៅ​រាជធានី​ភ្នំពេញ​របស់​យើង​បន្ត​កសាង​បណ្តាញ​គោលដៅ​របស់ខ្លួន​ឡើងវិញ​ជា​លំដាប់​ដោយ​ភ្ជាប់​សេវា​ឡើងវិញ​។ ការចាប់ផ្ដើម​ជើងហោះហើរ​ប្រចាំថ្ងៃ​ឡើងវិញ​រវាង​ទីក្រុង​ដូ​ហា និង​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍ និង​រដ្ឋធានី​ភ្នំពេញ​គឺជា​សក្ខីភាព​មួយ​របស់​ក្រុមហ៊ុន​មួយ​នេះ​។ វា​ជាស​ញ្ញា​វិជ្ជមាន​មួយ សម្រាប់​ឧស្សាហកម្ម​ទេ​ចរណ៍​រប​ស់​ប្រទេស​កម្ពុជា និង​សហគមន៍​អាជីវកម្ម​»​។​

​បច្ចុប្បន្ន​ក្រុមហ៊ុន​អាកាសចរណ៍ ​Qatar Airways ហោះហើរ​ទៅកាន់​គោលដៅ​ជាង ១៦០ នៅ​ទូទាំង​ពិភពលោក ដោយ​ត​ភ្ជាប់​តាមរយៈ​មជ្ឈមណ្ឌល​ដូ​ហា​របស់ខ្លួន គឺ​ព្រលានយន្តហោះ​អន្តរជាតិ Hamad​។​

​គិត​ត្រឹម​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២៣ ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ចំនួន ២៦ បាន​ដំណើរការ​ជើងហោះហើរ​ទៅកាន់ ឬ​មកពី​ប្រទេស​កម្ពុជា​ចំនួន ៨៤៤ ជើងហោះហើរ​ក្នុង ​១​ សប្តាហ៍ ដោយ​ភាគច្រើន​ជា​គោលដៅ​ក្នុង​តំបន់​អាស៊ាន​។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល​។​

​ក្រសួងទេសចរណ៍​បាន​បង្ហាញថា ចាប់ពី​ខែមករា ដល់​ខែកក្កដា ឆ្នាំ​២០២៣ កម្ពុជា​ទទួលបាន​ភ្ញៀវ​បរទេស​ជាង​ ៣​ លាន​នាក់ កើនឡើង ​៣០៨.៥ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២២ ដែលមាន​ចំនួន​៧៤៣៤៥៩​ នាក់​៕

មុត ខ្លឹម​ខ្មៅ និង រិទ្ធ ប៊ុនម៉ៅ ពេល​ឡើងទទួល​ប្រាក់រង្វាន់​​។ រូប សហ​ការី