ភ្នំពេញៈ Woori Bank ដែលជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​របស់​កូរ៉េខាងត្បូង គ្រោង​នឹង​ចាក់​បញ្ចូល​ប្រាក់​ចំនួន ១០០ ​លាន​ដុល្លារ​ថែមទៀត​ សម្រាប់​ពង្រីក​អាជីវកម្ម​នៅ​កម្ពុ​ជានា​ឆ្នាំក្រោយ ដើម្បី​ផ្តល់ទុន​ដល់​ការ​កើនឡើង​យ៉ាងខ្លាំង​នៃ​តម្រូវការ​ប្រាក់កម្ចី និង​ដើម្បី​ជំរុញ​សកម្ម​ភាព​អាជីវកម្ម បន្ទាប់ពី​ការ​ធ្លាក់ចុះ​ក្នុងអំឡុងពេល​ការ​​រីក​រាលដាល​ជំងឺ​កូ​វីដ ​១៩​។​

​ប្រធាន​ផ្នែក​ធុរកិច្ច​សកល​នៃ​ធនាគារ Woori លោក Yun Seogmo ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ដែល​ធ្វើ​នៅ​ការិយាល័យ​កណ្តាល​របស់​ធនាគារ​នេះ នៅ​ទីក្រុង​សេ​អ៊ូ​ល កាលពី​ថ្ងៃទី​ ២៥ ខែតុលា​ថា ធនាគារ​បានប្រកាស​ពី​ផែនការ​របស់ខ្លួន​ក្នុងការ​សម្រេចបាន​រហូត​ដល់ ២៥​ ភាគរយ​នៃ​ប្រាក់ចំណេញ​សុទ្ធ​របស់ខ្លួន​បាន​ពី​ការលក់​ទូទាំង​ពិភពលោក​ត្រឹម​ឆ្នាំ​ ២០៣០​។​

​លោក Yun ថ្លែងថា​៖ «​ផ្នែក​ធុរកិច្ច​សកល​របស់​ធនាគារ Woori បាន​រាយការណ៍​អំពី​ប្រាក់ចំណេញ​សុទ្ធ​ចំនួន ៣៤០​ លាន​ដុល្លារ​កាលពី​ឆ្នាំមុន ហើយ​ធនាគារ​សម្រេចបាន​កំណើន​ទ្រព្យសកម្ម​ប្រចាំឆ្នាំ​ជា​មធ្យម​ចំនួន ៩​ ភាគរយ​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ​»​។​

​កាលពី​ឆ្នាំមុន ប្រាក់ចំណេញ​សុទ្ធ​របស់ Woori Bank នៅក្រៅ​ប្រទេស​មាន​ចំនួន​ ១៥,៤ ​ភាគរយ​នៃ​ប្រាក់ចំណេញ​សុទ្ធ​សរុប​របស់ខ្លួន​។​

​លោក​បន្តថា ធនាគារ​របស់លោក​នឹង​បន្ត​គាំទ្រ​ដល់​សាខា​ធនាគារ​ទាំង​ ៣ នៅ​តំបន់​អាស៊ី​​អាគ្នេយ៍ គឺ​ប្រទេស​ឥណ្ឌូនេស៊ី វៀតណាម និង​កម្ពុជា ដោយ​ការ​វិនិយោគ​ប្រាក់​បន្ថែម​លើ​សាខា​ធនាគារ​ទាំងនេះ​។ សាខា​ទាំង ​៣ នៅ​អាស៊ីអាគ្នេយ៍​មាន​ចំនួន ៤៣​ ភាគរយ​នៃ​ប្រាក់ចំណេញ​សុទ្ធ​នៅក្រៅ​ប្រទេស​កាលពី​ឆ្នាំ​ ២០២២​។​

​នៅ​ឆមាស​ទី​១ ឆ្នាំ​ ២០២៤ ធនាគារ​មួយ​នេះ​គ្រោង​នឹង​វិ​និ​យោគ​សរុប​ចំនួន ៥០០ ​លាន​ដុល្លារ​នៅ​សាខា​អាស៊ីអាគ្នេយ៍​របស់ខ្លួន គឺ ២០០ ​លាន​ដុល្លារ​សម្រាប់​ឥណ្ឌូនេស៊ី និង​វៀត​ណា​ម និង ១០០ ​លាន​ដុល្លារ​សម្រាប់​ប្រទេស​កម្ពុជា​។​

​យោងតាម​របាយការណ៍​ប្រ​ចាំ​ឆ្នាំ​ ២០២២ របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ប្រព័ន្ធ​ធនាគារ នៅ​កម្ពុជា​រួមមាន ធនាគារ​ពា​ណិ​ជ្ជ​ចំនួន​ ៥៩ ធនាគារ​ឯក​ទេស​ ៥ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ ៥ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​ទទួល​ប្រាក់​បញ្ញើ ៨២ គ្រឹះស្ថាន​ភតិសន្យា​ហិរញ្ញវត្ថុ ១៦ គ្រឹះស្ថាន​ឥណ​ទាន​ជនបទ ២២៣ ប្រតិបត្តិ​ករ​ដំណើរការ​ត​តី​យ​ភាគី ៦ គ្រឹះ​ស្ថាន​ផ្តល់​សេវា​ទូទាត់ ​៣៥ ប្រ​តិ​ប​ត្តិ​ករ​ផ្តល់​សេវា​រាយការណ៍​ឥណទាន ១ ការិយាល័យ​តំ​ណា​ង ៦ និង​ប្រតិបត្តិ​ករ​ប្តូរប្រាក់​ចំនួន ២ ៨៦៦​។​

​បើតាម NBC គិត​ត្រឹម​ចុង​​ខែធ្នូ ឆ្នាំ​ ២០២២ នៅក្នុង​វិស័យ​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ចំនួន​គណនី​បញ្ញើ​មាន ១៥,៥​ លាន និង​គណនី​អ្នក​ខ្ចីប្រាក់​ចំនួន ៣,៧​ លាន​។​

​ធនាគារ Woori (Cambodia) Plc មាន​សមិទ្ធផល​សំ​ខាន់ៗ​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល ៣០ ​ឆ្នាំ​។ ជាមួយនឹង​ការចាប់ផ្តើម​កម្មវិធី​ផ្តល់​មូលនិធិ​នៅក្នុង​ឆ្នាំ​ ១៩៩០ និង​ទទួលបាន​អាជ្ញាប័ណ្ណ​ផ្លូវ​ការ​ ដើម្បី​ធ្វើ​ប្រតិបត្តិការ​ជា​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅក្នុង​ឆ្នាំ ២០០៤​។ បន្ទាប់មក បានធ្វើ​បច្ចុប្បន្នភាព​អាជ្ញាប័ណ្ណ​ក្នុង​ឆ្នាំ​ ២០១១ ដើម្បី​ក្លាយជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ ក៏ដូចជា​ការច្របាច់បញ្ចូល​គ្នា​ជាមួយនឹង​ធនាគារ Woori Finance Cambodia Plc កាលពី​ឆ្នាំ​ ២០២០​។​

​ធនាគារជាតិ​នៃ​កម្ពុជា បានអនុម័ត​អាជ្ញាប័ណ្ណ​ជា​ធនាគារ​ពាណិជ្ជ​ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ ​២០២១ និង​បាន​បើក​ដំណើរ​​ការ​ជា​ផ្លូវការ​ក្នុង​ខែមករា ឆ្នាំ ២០២២ ដោយ​បើក​ដំណើរការ​ធនាគារ Woori Bank (Cambodia) Plc ដើម្បី​ផ្តល់នូវ​ទីផ្សារ​ជាមួយនឹង​ផលិតផល និង​សេវាកម្ម​របស់​ធនាគារ​ពា​ណិ​ជ្ជ​ពេញលេញ​៕