​ភ្នំពេញៈ កម្ពុជា​នឹង​ពង្រីក​ការ​​ប្រើប្រាស់​ថាមពល​សូ​ឡា និង​ផលិត​ថាមពល​ពី​ខ្យល់​ឱ្យបាន​កាន់តែច្រើន​បន្ថែម​ទៀត ខណៈ​ក្រសួង​ក៏មាន​គម្រោង​នាំចូល​ថាមពល​បន្ថែមទៀត​ពី​ប្រទេសជិតខាង ដើម្បី​ឆ្លើយតប​នឹង​ការ​កើនឡើង​តម្រូវការ​ថាមពល​។ នេះ​បើតាម លោក កែវ រតនៈ រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​។​

​ថ្លែងប្រាប់​ទីភ្នាក់ងារ​សារព័ត៌​​មាន Reuters នៅក្រៅ​ជំនួប​នៃ​សប្តាហ៍​ថាមពល​អន្តរជាតិ​សិង្ហ​បុរី កាលពី​ថ្ងៃទី ​២៣ តុលា លោក កែវ រតនៈ បាន​ពន្យល់ថា ដើម្បី​ផ្តល់​ថាមពល​បន្ថែមទៀត​ស្របតាម​តម្រូវការ ក្រសួង​គ្រោង​នឹង​បង្កើន​ការប្រើប្រាស់​ថាមពល​សូ​ឡា ថាមពលខ្យល់ និង​នាំចូល​បន្ថែមទៀត​ពី​ប្រទេស​វៀតណាម និង​ឡាវ​។​

​លោក​ត្រូវបាន​ដកស្រង់​សម្ដី​ថា​៖ «​យើង​នឹង​ប្រើប្រាស់​ថា​ម​ពល​សូ​ឡា​កាន់តែច្រើន និង​ថាមពលខ្យល់​មួយចំនួន ដើម្បី​បំពេញ​នូវ​អ្វីដែល​វា​រី​អគ្គិសនី​អាច​ផ្តល់​។ យើង​ចង់​បង្កើន​ថា​ម​ពល​ដោយ​ការភ្ជាប់​ពី​វៀតណាម និង​ឡាវ​»​។​

​លោក​ថ្លែងថា​៖ «​ចំពោះ​ថាមពល​វា​រី​អគ្គិសនី​មាន​តួនាទី​ក្នុងការ​​ផ្ដល់​ថាមពល ប៉ុន្តែ​វា​រី​អគ្គិសនី​អាច​រង​នឹង​ការ​ប្រឈម​ដោយសារ​ការប្រែប្រួល​អាកាសធាតុ ឬ​ការឡើង​កម្តៅ​ផែនដី​។ គោលការណ៍​យើង គឺ​នឹងដាក់​ថាមពល​កកើតឡើង​វិញ ជាទូទៅ​ថាមពល​សូ​ឡា​ភាគច្រើន​ដល់​កម្រិត​អតិបរមា​ដែល​តទៅ​បណ្តាញ​អគ្គិសនី​អាច​ទ្រទ្រង់បាន​»​។​

​យោងតាម Reuters ប្រទេស​កម្ពុជា ​បាន​បញ្ជូន​ថាមពល​វា​រី​អគ្គិសនី​ដើម្បី​ជំនួស​ឥន្ធនៈ​ហ្វូ​ស៊ី​ល​ក្នុង​រយៈពេល ២ ​ទសវត្សរ៍​ចុងក្រោយ​នេះ មិន​ដូច​ប្រទេសមួយ​ចំនួន​ដូចជា​ម៉ាឡេស៊ី និង​វៀតណាម បាន​ងាក​ទៅរក​ធ្យូងថ្ម ឬ​ឧស្ម័ន​ធម្មជាតិ​ ដើម្បី​ដោះស្រាយ​តម្រូវការ​ថាមពល​។​

​លោក​រដ្ឋមន្ត្រី​ឱ្យដឹងទៀតថា កម្ពុជា​នឹង​ប្រកាស​គម្រោង​វា​រី​អគ្គិសនី​ដែល​ប្រើ​ដោយ​ទឹក ក្នុង​កម្លាំង ១ ០០០​ មេ​ហ្គា​វ៉ា​ត់​ក្នុង​រយៈពេល ២​ សប្តាហ៍​ខាងមុខ​។ លោក​បន្ថែមថា កិច្ចព្រមព្រៀង​ផ្លាស់ប្តូរ​ថាមពល​ពហុភាគី​នឹង​ជា​ថា​ម​​ពល​ស្អាត គឺ​ដើម្បី​ព​ន្លឿ​ន​ការផ្លាស់ប្តូរ​ថាមពល​នៅក្នុង​តំបន់​។​

​លោក​បន្តថា​៖ «​វា​ដល់ពេល​ហើយ​ដើម្បី​អំពាវនាវ​ឱ្យ​បញ្ចប់​ការរៀបចំ​ទ្វេ​ភាគី​។ វា​ដល់ពេល​ហើយ​ដើម្បី​ចាប់ផ្តើម​ការតភ្ជាប់​អន្តរ​អនុតំបន់ និង​តំបន់​»​។ កម្ពុជា​នឹង​ដើរតួនាទី​កាន់តែ​ទូលំទូលាយ ដើម្បី​ធ្វើឱ្យ​ប្រាកដថា បណ្តា​មេដឹកនាំ​ក្នុង​តំបន់​ពិនិត្យមើល​ឡើងវិញ​នូវ​គោល​គំនិត​នៃ​បណ្តាញ​ថាមពល​អាស៊ាន​»​។​

​លោក រតនៈ បាន​ថ្លែងថា​៖ «​យើង​អាចដាក់​ខ្សែកាប​អ៊ីន​ធឺ​ណិ​ត​ក្រោម​សមុទ្រ​បាន ដូច្នេះ​យើង​ក៏​អាចដាក់​ខ្សែកាប​អគ្គិសនី​ក្រោម​សមុទ្រ​បាន​ផងដែរ​»​។​

​យោងតាម​មន្ត្រី​នៅ​មជ្ឈមណ្ឌល​ថា​ម​ពល​អាស៊ាន ​(ACE) ដែល​បាន​សរសេរ​មកកាន់​កា​សែត ​ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ចុង​ខែកក្កដា ឆ្នាំ ២០២៣ ថា សន្តិសុខ​ថា​ម​ពល​ គឺជា​អាទិភាព​មួយ​ក្នុង​វិស័យ​ថា​ម​​ពល​សម្រាប់​ប្រទេស​កម្ពុជា​ក្នុងការ​ផ្តល់​ការផ្គត់ផ្គង់​ឱ្យបាន​គ្រប់គ្រាន់​ដើម្បី​បំ​ពេញ​តម្រូវការ​ថាមពល​ដែល​កំពុង​កើន​ឡើង​ក្នុងប្រទេស​។ ការប្រើប្រាស់​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​នៅ​ប្រទេស​កម្ពុជា​បាន​កើនឡើង​គួរឱ្យកត់សម្គាល់​ចាប់ពី​ឆ្នាំ ​២០១០ ជាមួយនឹង​អត្រា ៣៤​ ភាគរយ​ដល់ ៩៨ ​ភាគរយ​នៅ​ឆ្នាំ ​២០២២​។​

​មន្ដ្រី​ខាងលើ​បន្តថា​៖ «​ការពឹងផ្អែក​របស់​ក​ម្ពុ​ជា​លើ​ការ​នាំចូល​អគ្គិសនី​នៅ​​តែ​ត្រូវបាន​គេ​ចាត់ទុកថា​មាន​កម្រិត​ខ្ពស់ ក្នុងនោះ ២៥ ​ភាគរយ​នៃ​ប្រភព​ថាមពល​ជាតិ​ក្នុង​ឆ្នាំ​ ២០១៩ ត្រូវបាន​នាំចូល​ពី​ប្រទេសជិតខាង​ដូចជា​ឡាវ វៀតណាម និង​ថៃ​។ ទន្ទឹមនឹងនោះ តម្រូវការ​អគ្គិ​ស​នី​សរុប​គឺ​ស្ថិតនៅ​កម្រិត​ខ្ពស់​កាលពី​ឆ្នាំ​ ២០២២ ជាមួយនឹង​អត្រាកំណើន​ប្រចាំឆ្នាំ​ប្រមាណ ១៦​ ភាគរយ​»​។​

​លើសពីនេះ​ការ​ដាច់​ចរន្តអគ្គិសនី​នៅ​កម្ពុជា​កាលពី​ឆ្នាំ ​២០១៣ និង​ ២០១៥ បានបង្ហាញ​ពី​របៀប​ដែល​ប្រទេសមួយ​នេះ​ពឹងផ្អែក​ខ្លាំង​លើ​អគ្គិសនី​នាំចូល​។ ការរំខាន​នេះ​បាន​ជំ​រុញឱ្យ​រដ្ឋាភិបាល​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ធានា​សន្តិសុខ​ថាមពល​ក្នុងប្រទេស​។ ក្រោយមក​កម្ពុជា​បាន​ផ្តួចផ្តើម​គំនិត​បង្កើត​ផែន​ការអភិវឌ្ឍន៍​ថាមពល ​(PDP) សម្រាប់​ឆ្នាំ​ ២០២២-២០៤០ ដើម្បី​បញ្ចៀស​ការ​ដាច់​ចរន្តអគ្គិសនី​នៅពេល​ក្រោយ​។​

​មន្ដ្រី​នោះ​បញ្ជាក់ថា​៖ «​តាមរយៈ​ផែន​ការ​នេះ កម្ពុ​ជាមាន​គោលដៅ​ពង្រឹង​សន្តិសុខ​ថាមពល​ដោយ​បង្កើន​ធនធាន​ថាមពល​ក្នុងស្រុក​ជាង​ការពឹង​ផ្អែកលើ​ការនាំ​ចូល​។ ផែនការអភិវឌ្ឍន៍​ថាមពល ក៏​ផ្តល់ជូន​កម្ពុជា​នូវ​ផែនការ​ដ៏​ល្អ​បំផុត​សម្រាប់​ការផ្លាស់ប្តូរ​ទៅកាន់​បណ្តាញ​ថាមពល​ស្អាត ដោយ​ផ្តោតលើ​វា​រី​អគ្គិ​ស​នី​ជា​ប្រភព​ចម្បង​នៃ​សមត្ថភាព​ផលិត និង​កាត់បន្ថយ​ការនាំ​ចូល​។ ដើម្បី​អនុ​វត្ត​ផែនការ​នេះ រដ្ឋាភិបាល​បានផ្តល់​បញ្ជី និង​ផែនទី​សម្រាប់​ការអភិវឌ្ឍ​ថាមពល ​(​រួមទាំង​ការវិនិយោគ​ដែល​ត្រូវការ​) ​ចន្លោះ​ឆ្នាំ​ ២០២២-២០៤០៕